ភ្នំពេញៈ​ គណ​បក្ស​នយោ​បាយ​ក្រៅ​រដ្ឋាភិ​បាល​ចំនួន​ ៥ ​គ្រោង​ដាក់​សំណើ​ចំនួន ៨ ​ចំណុច​ ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​ឱ្យមាន​ការ​កែល​ម្អ​ប្រព័ន្ធ​បោះ​ឆ្នោត​ និង​លើក​ស្ទួយ​សេរីភាព​ខាង​ផ្នែក​នយោ​បាយ​នៅ​កម្ពុជា​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិ​កាល​ទី​៧​ នៅ​ឆ្នាំ​ ២០២៣ ​ខាង​មុខ​នេះ​។​

ការ​ស្នើសុំ​ឱ្យមាន​ការកែ​លម្អ​របស់​គណ​បក្ស​ទាំង ​៥ រួម​មាន ​គណ​បក្ស​ភ្លើង​ទៀន ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន​ គណ​បក្ស​ឆន្ទៈ​ខ្មែរ គណ​បក្ស​កែ​ទម្រង់​កម្ពុជា និង​គណ​បក្ស​កម្ពុជា​និយម ​បន្ទាប់​ពី​គណ​បក្ស​ទាំងនេះ​មើល​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ចំណុចនៅ​ក្នុង​ដំណើកា​រ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៥ ​កាល​ពី​ថ្ងៃទី ​៥ ​ខែ មិថុនា ឆ្នាំ​ ២០២២ ។

​ក្នុង​សំណើ​ដែល​បាន​ចែក​ជូន​ដល់​អ្នក​សារព័ត៌​មាន​ក្នុង​ពិធី​ស​ន្នី​សីទ​សារ​ព័ត៌​មាន​នៅ​ថ្ងៃទី ​១១ ​ខែកក្កដា​ មាន៨ចំណុច​សំខាន់ ​គឺត្រូវ​មាន​ការកែ​ទម្រង់​សមាស​ភាព(គជប)ដោយមា​ន​ប្រធាន​ជា​បុគ្គល​មកពី​ប្រភព​ឯក​រាជ្យនិង​មាន​សមា​ជិក​៤រូប​មកពី​ប្រភព​ឯករាជ្យ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​គណ​បក្សនយោ​បាយ​។ ធានា​មិន​លម្អៀង​របស់​មន្ត្រីគឃ​/​សប​និង​គ​ធ​/​ខ​បទៅរក​គណ​បក្សកាន់​អំណាច ។

មន្ត្រី​នៃ​ស្ថា​ប័ន​ជាតិ មាន​តុលា​ការ ​យោធា​ នគរបាល​ជាតិ មន្ត្រីរាជការ​ស៊ិ​វិលគ្រប់​លំដាប់​ថ្នាក់និង​មេភូមិ អនុ​ភូមិ និង​សមា​ជិក​ភូមិ ត្រូវ​បំពេញ​តួនាទី​ដោយ​អ​ព្យា​ក្រឹត។​ ត្រូវ​មាន​យន្ត​ការដែល​មាន​ប្រសិទ្ធ​ភាពដើម្បី​ទប់​ស្កាត់​រាល់​សកម្មភា​ពបំភិត​បំភ័យ គំរាម​កំហែង​ ដែល​ប៉ះ​ពាល់​ដល់​សេរីភាពនៃ​ការ​ចូល​រួម​នយោ​បាយរ​បស់​ប្រជា​ពលរដ្ឋ​។ ការរាប់​សន្លឹក​ឆ្នោតដោយ​បើក​ចំហ​និង​ផ្តល់​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត ​ទ​-១១០២ ​ទៅ​ឱ្យ​គណ​បក្ស​នយោ​បាយ​ចូលរួម​ភ្លាមៗ​។ បែបបទ​ប្តឹង​ពី​ភាព​មិន​ប្រក្រតីត្រូវមាន​ភាព​ងាយ​ស្រួល ​ហើយ​ត្រូវ​មាន​យន្ត​ការ​ច្បាស់​លាស់​ដោះ​ស្រាយ​ត្រឹម​ត្រូវជា​មួយ​ការ​រាប់​សន្លឹក​ឆ្នោត​ឡើ​ងវិញពេល​មាន​បណ្តឹង​។ ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​ច្បាប់​បោះ​ឆ្នោតនិង​ច្បាប់​ស្តីពី​គណ​បក្ស​នយោ​បាយនិង​កែ​លម្អ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ ចុះ​ឈ្មោះ​ បញ្ជី​បេក្ខ​ជន និង​ការ​ចុះ​ឈ្មោះ​ភ្នាក់​ងារ​សង្កេត​ការណ៍​គណ​បក្ស​នយោ​បាយ​។

​លោក ​ស៊ុន ឆ័យ អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​ថ្លែង​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​នៅ​ថ្ងៃទី​ ១១ ​ខែកក្កដា​ថា ជា​ជំ​ហាន​ដំបូង គណ​បក្ស​ទាំង ៥ ​នេះ នឹង​ជួប​ពិភាក្សា​លើ​បញ្ហា​ទាំង​ ៨​ នេះ ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​កិច្ច​ការ​បោះ​ឆ្នោត​ និង​ជំហាន​បន្ទាប់​នឹង​បន្ត​ពិភាក្សា​ទៅ​លើ​ចំណុច​ដែល​ពាក់​ព័ន្ធ​ជា​មួយ ​(គជប) រដ្ឋ​សភា ​ក្រសួង​មហា​ផ្ទៃនិង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ ដើម្បី​ឱ្យជួយ​ធ្វើ​ការ​កែ​លម្អ​។​

​លោក​បាន​ថ្លែង​ថា​៖ «ការ​តស៊ូ​មតិ​នេះ ទោះបី​មិន​បានយើង​ត្រូវតែ​ធ្វើ បើ​យើង​រស់នៅ​ក្នុង​សង្គម​មាន​ការ​លំបាក ​បើ​ធ្វើ​ម្នាក់​ឯង​មិន​កើត​យើង​ត្រូវ​តែ​រក​គ្នា​តស៊ូ​មតិ ប៉ុន្តែ​យើង​ធ្វើ​ដោយ​សន្តិ​វិធី និង​មាន​ហេតុ​ផល​ត្រឹម​ត្រូវ»។

​លោក ​យ៉ង​ សាំង​កុមារ ប្រធាន​គណៈ​កម្មការ​នា​យក​គណ​បក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន​ថ្លែង​ថា ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​មាន​ភាព​មិន​ប្រក្រ​តី​ច្រើន ដូច្នេះបានជា​គណបក្ស​ទាំង​ ៥ ​ដែល​មាន​និន្នា​ការ​ស្រដៀង​គ្នា ​បាន​ជួប​ពិភាក្សា​គ្នា ដើម្បី​ស្នើ​ឱ្យ​មាន​ការ​កែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត​ដើម្បី​ផល​ប្រយោ​ជន៍​ប្រទេស​ជាតិ ​។

​លោក​បាន​ថ្លែង​ថា​៖ «វា​មាន​រឿង​ជា​ច្រើន​ដែល​យើង​សំណូម​ពរឱ្យ​មាន​ការ​អនុវត្តឱ្យបាន​ត្រឹម​ត្រូវ និង​ស្មើ​ភាព​»​។​

​លោក ​អ៊ូ ច័ន្ទ​រ័ត្ន សហ​ស្ថាប​និក​គណ​បក្ស​កែទ​ម្រ​ង់​កម្ពុជា​ថ្លែង​ថា ការ​ស្នើ​សុំឱ្យ​មាន​ការកែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត​នេះ ​មិនមែន​ ដើម្បី​ផល​ប្រយោ​ជន៍​ក្រុម​ណា​មួយ​នោះទេ គឺ​ដើម្បី​បម្រើ​ផល​ប្រយោ​ជន៍​ជាតិ​ទាំង​មូល​ និង​ការកែ​លម្អ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត​។

​លោក​បាន​បន្ត​ថា បើ​ស្ថា​ប័ន​ពាក់​ព័ន្ធមិន​ព្រមធ្វើ​តាម​សំណើ​ទាំង​នេះ​នឹង​ធ្វើឱ្យមាន​ផល​វិបាក​នៅ​ក្រោយ​ការបោះ​​ឆ្នោត ​ព្រោះ​កន្លង​មកនេះ​ នៅ​ពេល​​បោះ​ឆ្នោត​រួចហើយ​ តែង​តែ​ជួប​ញ្ហា​ប្រឈម​ជា​ច្រើន។ បើទោះ​បី​គេ​មិន​មាត់ តែ​ចិត្ត​គេ​ក៏​អត់​ស្ងប់ ​និង​សប្បាយ​ចិត្ត​ដែរ ​។

​លោក​បាន​បញ្ជាក់​ថា​៖ «​យើង​ដាក់​សំណើនេះ​​ទៅ​ដើម្បី​ឱ្យអ​ស់​លោក​ដែល​ពាក់​ព័ន្ធ​ ស្ថា​ប័ន​ដែល​ពាក់​ព័ន្ធពិ​ចារណា ​ប្រមើលមើល ផល​វិបាក​នៅ​ចុង​ក្រោយ​លទ្ធ​ផល​វា​យ៉ាង​ម៉េច។ បើ​លោកគិត​ថា លទ្ធ​ផល​ហ្នឹង​អា​ក្រក់ លោកគួរតែ​ពិចារណាកែ​បានដើម្បី​ផលប្រ​យោ​ជន៍​រួម​ទាំង​អស់​គ្នានិង​កូន​ចៅ​ជំនាន់​ក្រោយ​ទៀត»​។

​លោក គង់ មូ​នី​កា ប្រធាន​គណ​បក្ស​ឆន្ទៈ​ខ្មែរ​បាន​ថ្លែងដែរ​ថា ការចូលរួម​របស់​គ​ណ​បក្ស​ឆន្ទៈ​ខ្មែរ​ជា​មួយ​គណ​បក្ស​នយោ​បាយ​ទាំង ៤​នេះ ​គឺ​ដើម្បី​តស៊ូ​មតិ​ក្នុង​ការ​កែលម្អ​ប្រព័ន្ធ​បោះ​ឆ្នោត ដើម្បី​ចង់​បាន​សង្គម​មួយ​ដែល​មាន​សេរី​ពហុបក្ស​ពិត​ប្រាកដដែល​មិន​អាច​មាន​នៅលើ​ក្រដាស​ឬ​នៅ​តែ​ក្នុង​រដ្ឋ​ធម្ម​ន​ញ្ញ​ទេ គឺ​ចង់​ឱ្យ​មានសង្គម​លទ្ធិ​ប្រជាធិប​តេយ្យ​សេរី​ពហុ​បក្ស​ពិត​ប្រា​កដ ។​

​បើតា​មលោក គង់ មូ​នី​កា ឆ្លង​កាត់​ជាច្រើន​ឆ្នាំ​មក​ហើយ ​ពីមួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ អ្នក​នយោ​បាយ​នៅក​ម្ពុជា​ពិបាក​ស្វែងរក​ចំណុច​រួម​មួយ។ មាន​មួយ​ពេល​ដែល​អ្នក​នយោ​បាយ​អាច​ជជែក​គ្នា​បាន ប៉ុន្តែ​ត្រូវ​បាន​បំផ្លាញ​ទៅវិញ។

​លោក​ថ្លែង​ថា​៖ «ខ្ញុំ​ជា​អ្នក​នយោ​បាយ​បន្តវេន ខ្ញុំ​ចង់ឱ្យ​សង្គម​របស់​យើង​មាន​ការ​កែ​ប្រែដែល​ទាំងអ​ស់នេះ ​កើតឡើង​ពី​ការរួម​កម្លាំង​គ្នាដើម្បី​ឈាន​ទៅ​ជជែក​គ្នា មិន​មែន​ជជែក​គ្នា​ក្នុង​ចំណោម​អ្នក​នយោ​បាយ​ដែល​មាន​ទស្សនៈ​ប្រហាក់​ប្រហែល​គ្នា​ទេគឺ​ជជែក​ជា​មួយ​អ្នក​នយោ​បាយ​ផ្ទុយ ​ដើម្បី​ស្វែង​រក​ចំណុច​រួម ហើយ​បម្រើ​ផល​ប្រយោ​ជន៍​ដល់​ប្រជា​ពលរដ្ឋ​ និងសង្គម​ទាំង​អស់​»​។​

​លោក ​សោម​ សូរី​ដា អ្នកនាំ​ពាក្យ (គជប) ប្រាប់​ ភ្នំពេញ​ ប៉ុស្ តិ៍​នៅ​ថ្ងៃទី​ ១១​ ខែកក្កដា​ថា ចំពោះ​បំណង​របស់​គណ​បក្ស​នយោ​បាយ ក្នុង​ការ​កែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត​នេះ លោក​សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​លើ​បញ្ហា​នេះ​ទេ ​ពីព្រោះ​សមា​សភាព​(គជប) ត្រូវ​បាន​ជ្រើស​រើស​ដោយ​រដ្ឋ​សភា។​ ប៉ុន្តែ បើ​ចង់​ធ្វើ​បាន ​លុះត្រា​តែ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​។

​លោក​បន្ត​ថា ចំពោះ​ការ​ស្នើសុំ​ធានា​មិន​ឱ្យ​លម្អៀង​របស់​មន្ត្រី ​គឃ​/​សប ​និង គ​ធ​/​ខ​ប នេះ (គជប​)បាន​រៀបចំ​ធានា​រួច​ហើយ​តាម​រយៈ​ការ​ជំរុញ​ឱ្យ​មាន​ការ​គោរព​ឱ្យបាន​នូវ​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត និង​បទ​បញ្ជា និង​នីតិ​វិធី​បោះ​ឆ្នោត ​រួម​ទាំង​ក្រមសីល​ធម៌​ស្តីពី​ការ​បោះ​ឆ្នោត។ដោយ​ឡែក ​ចំពោះ​ការ​ស្នើ​សុំ​ផ្សេង​ទៀត​ដូច​ជា ការ​បំភិត​បំ​ភ័យជា​សមត្ថ​កិច្ច​របស់​អា​ជ្ញា​ធរ​របស់​រាជរដ្ឋា​ភិបាល​ ប៉ុន្តែ ក៏ត្រូវ​បាន​ប្រកាស​ធានា​រួច​ហើយ​ដែរ​ លើ​បញ្ហា​នេះ​។​

​លោក​ថ្លែងថា​៖ «ចំពោះ​ការរាប់​សន្លឹក​ឆ្នោត​ដោយ​បើក​ចំហ និង​ផ្តល់​សន្លឹក កំ​ណត់​ហេតុ នៃ​ការរាប់​សន្លឹក​ឆ្នោត​ភ្លាម ៗ​ដែល​ករណី​នេះ (គជប) អនុវត្ត​ទៅ​តាម​ច្បាប់ ​ប៉ុន្តែបើ​ចង់​ធ្វើ​កិច្ច​ការ​នេះ គឺ​ត្រូវតែ​ធ្វើសោធន​កម្ម​ច្បាប់ ។​

យ៉ាងណា​ក៏ដោយ ​ការរាប់​សន្លឹក​ឆ្នោត​កន្លង​មក​នេះ ប្រកប​ដោយតម្លា​ភាព និង​អនុវត្ត​ទៅ​តាម​គោល​ការ​ណ៍ច្បាប់ ​បទ​បញ្ជា និង​នីតិ​វិធី​របស់​(គជប) ដែរ​»​។

​លោកសុខ​ ឥសាន ​អ្នកនាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជាប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១១ ​ខែកក្កដាថា ការស្នើ​សុំ​ឱ្យ​មាន​ការកែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត​និង​លើក​ស្ទួយ​សេរីភាព​ខាង​ផ្នែក​នយោ​បាយ​នៅ​កម្ពុជា ជាសិទ្ធិសេ​រីភាពរ​បស់​គណ​បក្សន​យោបាយ​ទាំង ៥ ​នេះ ប៉ុន្តែ​ការ​សម្រេច​ណា​មួយ​មិន​មែន​ជា​សិទ្ធិ​របស់​គណ​បក្ស​ទាំង​នេះ​ទេ​។​

​លោក​បន្ត​ថា មួយទៀ​ត បើ​គណ​បក្ស​ទាំងនេះ​ចង់​ជួបពិ​ភាក្សា​ជាមួយ​ស្ថា​ប័ន​ណា​មួយ​នោះ ​គឺអាច​ស្នើ​សុំ​ជួប​បាន​ ប៉ុន្តែសម្រាប់​គណ​បក្ស​ប្រជា​ជន​កម្ពុជា គឺ​មិន​ជួប​ពិភាក្សា​នោះ​ទេ ព្រោះ​គណបក្ស​បាន​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការងារ​របស់​(គជប​)ដែល​បាន​អនុ​វត្ត​តាម​គោល​ការណ៍​ច្បាប់ និង​លទ្ធិ​ប្រជាធិប​តេយ្យ៕