ភ្នំពេញៈ ថ្នាក់​ដឹកនាំ​នៃ​ក្រសួង​ការងារ ​អំពាវនាវ​ឱ្យ​សហគ្រាស​ គ្រឹះស្ថាន ​និង​ក្រុមហ៊ុន​ស្ថិតក្រោម​ច្បាប់​ការងារ​ ដែល​មិនទាន់បាន​ចុះបញ្ជី​នៅ​បេឡាជាតិ​របប​សន្តិសុខ​សង្គម ​(បសស) ​ចូលរួម​ចុះបញ្ជី​ចាប់ពី​ពេលនេះ​តទៅ ​ខណៈ​សហគ្រាស ​គ្រឹះស្ថាន​ជាង ​១ ម៉ឺន​ស្ថាប័ន​ ដែលមាន​ស្រាប់ ​នឹង​ចូល​ជា​ស្វ័យប្រវត្តិ ​ក្នុង​ការបំពេញ​កាតព្វកិច្ច​បង់​ប្រាក់​សោធន​និវត្តន៍ ​សម្រាប់​អត្ថប្រយោជន៍​បុគ្គលិក ​និយោជក។

ការអំពាវនាវ​នេះ ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការដាក់ឱ្យ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទប្បញ្ញត្តិ​ នៃ​ច្បាប់​ស្តីពី​ការងារ ​នៅ​ថ្ងៃ​ទី ១១ កក្កដា។ កិច្ចប្រជុំ​នេះ​គឺជា​យុទ្ធនា​ការលើក​ទី១​ នៃ​យុទ្ធនាការ​ ៩០ ថ្ងៃ ​ក្នុង​ការផ្សព្វផ្សាយ​ពី​កាតព្វកិច្ច ​និង​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន ​ដល់​នាយក​រោងចក្រ ​ឬ​ម្ចាស់​សហគ្រាស ​គ្រឹះស្ថាន ​និង​កម្មករ​និយោជិត។

លោក ​អ៊ុក សមវិទ្យា ​អគ្គនាយក ​បសស ​បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា ​ដោយសារតែ​ការកាត់​ប្រាក់​ភាគទាន ​នឹង​ចូល​ជា​ធរមាន ​នៅ​ខែតុលា​ខាងមុខ ​គ្រប់​បណ្តា​សហគ្រាស ​គ្រឹះស្ថាន​ថ្មីៗ ​ដែល​មិនទាន់​ចុះ​បញ្ជី ​នៅ​បសស ​គួរតែ​ចូលរួម​ចុះ​បញ្ជី​ឱ្យ​បាន​ទាន់ពេល ​ដើម្បី​ចូលរួម​បំពេញ​កាតព្វកិច្ច​ឱ្យ​បាន​គ្រប់​គ្នា។ លោក​ជំរុញ​ឱ្យ​គ្រប់​បណ្តា​សហគ្រាស ​និង​គ្រឹះ​ស្ថាន​ទាំងចាស់​និង​ថ្មី ​ចូលរួម​បំពេញ​កាតព្វកិច្ច​ឱ្យបាន​គ្រប់ៗ​គ្នា ​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​បុគ្គលិក​ខ្លួន ​នៅពេល​ដល់​វ័យ​ចាស់​ជរា។

លោក​បញ្ជាក់ថា​៖ «អ្នក​ដែល​បាន​ចុះបញ្ជី​ហើយ ​យើង​មិនត្រូវ​ឱ្យ​គាត់​ចុះ​បញ្ជី​ថ្មី​ទេ។ សម្រាប់​សហគ្រាស​មិនទាន់​បាន​ចុះ​បញ្ជី​ យើង​សុំ​អញ្ជើញ​ឱ្យ​គាត់​មក​ចុះបញ្ជី​ចាប់ពី​ពេលនេះ​តទៅ​ដែល​អន្តរក្រសួង​បានប្រកាស​រួច​ហើយ។ ការចុះ​បញ្ជី​នេះ​ គឺ​ចុះបញ្ជី​ទាំង​ខ្លួនឯង​ផង ​ទាំង​កម្មករ​និយោជិត​ផង​ ព្រោះ​យើង​ថ្មី ​ត្រូវ​ចុះ​ចាប់ពី​ពេលនេះ​ទៅ។ យើង​មាន​ពេល ​៣ខែ​សម្រាប់​រៀបចំ»។

លោក ​អ៊ិត សំហេង ​រដ្ឋមន្ដ្រីក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​ថ្លែង​នា​ឱកាស​នោះ​ដែរ​ថា ​ការដាក់ឱ្យ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន ​សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិត​នៅក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​ គឺជា​ជំហាន​ថ្មី​មួយ​ទៀត ​ដែលជា​ជំហាន​ឆ្ពោះទៅ​កាន់​ការអភិវឌ្ឍ​ប្រព័ន្ធ​សន្តិសុខ​សង្គម​ពេញលេញ​នៅ​កម្ពុជា។

លោក​បន្តថា​ ការអនុវត្ត​របប​ថ្មី​នេះ ​ក៏​ជា​ចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​មួយ​ដ៏​រឹងមាំ​ប្រកប​ដោយ​ចីរភាព​និង​បរិយាប័ន្ន ​ដើម្បី​ជា​ប្រយោជន៍​ សម្រាប់​ប្រជាជន​គ្រប់​ក្រុម​គោលដៅ ​និង​ជាពិសេស​បង្ការ​ហានិភ័យ​ខ្ពស់​ នៃ​ការធ្លាក់​ចូល​ក្នុង​ភាពក្រីក្រ​នៅពេល​ចូល​ដល់​វ័យ​ចាស់​ជរា។

លោក​រដ្ឋមន្ត្រី ​និយាយថា ​ដោយសារតែ​របប​នេះ ​ទើបតែ​ដាក់​ឱ្យ​អនុវត្ត ​ដូច្នេះ​ការផ្សព្វផ្សាយ​ពី​គោល​នយោបាយ​នានា ​គឺ​ត្រូវតែ​លម្អិត ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​បណ្តា​សហគ្រាស ​និង​គ្រឹះស្ថាន​នានា ​បាន​យល់ដឹង ​និង​ត្រៀមខ្លួន ​ក្នុង​ការបំពេញ​កាតព្វកិច្ច​ថ្មី។

លោក​បញ្ជាក់ថា​៖ «ការងារ​រាជធានី​ខេត្ត ​គឺ​ត្រូវតែ​យល់ដឹង​ឱ្យបាន​ច្បាស់​ពី​កិច្ចការងារ​នេះ។ យើង​មិនមែន​ទម្លាក់​បន្ទុក​កិច្ចការ​នេះ​ទៅ​ឱ្យ ​បសស ​ផ្សព្វផ្សាយ​នោះ​ទេ ​នេះ ​គឺជា​ក្របខ័ណ្ឌ​របស់​ក្រសួង​ របស់​រដ្ឋាភិបាល។ ខ្ញុំ​សូម​ជម្រាប​ជូន​ពី​សារៈសំខាន់​នៃ​យុទ្ធនាការ​នេះ»។

ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គមបានកំណត់​ការគ្រប់គ្រង​របប​សន្តិសុខ​សង្គម​ក្នុង​ប្រទេស​ចំនួន ៤ ​ដែល​រួមមាន ​ផ្នែក​ហានិភ័យ​ការងារ ​ផ្នែក​ថែទាំ​សុខភាព​ ផ្នែក​ប្រាក់​សោធន ​និង​ផ្នែក​និកម្មភាព​ការងារ។ ​មក​ដល់​ពេលនេះ ​កម្ពុជា បាន​អនុវត្ត​របប​សន្តិសុខ​សង្គម​ចំនួន​៣​រួចមក​ហើយ ​គឺ​ទី១.​ ផ្នែក​ហានិភ័យ​ការងារ​អនុវត្ត​នៅ​ឆ្នាំ ២០០៨ ​ទី២. ​ផ្នែក​ថែទាំ​សុខភាព​អនុវត្ត​នៅ​ឆ្នាំ ២០១៦ ​និង​ទី៣.​ ផ្នែក​ប្រាក់​សោធន ​ដាក់ឱ្យ​អនុវត្ត​ចាប់ពី​ថ្ងៃទី ១ ​ខែ កក្កដា ​ឆ្នាំ ២០២២។ នេះ​បើតាម​លោក ​អ៊ិត សំហេង។

គិត​ត្រឹម​ខែមិថុនា ​បសស ​បានទទួល​ចុះបញ្ជី​សហគ្រាស ​គ្រឹះស្ថាន​ក្នុង​វិស័យ​ឯកជន​ប្រមាណ​ ១ ម៉ឺន​ស្ថាប័ន ​ដោយ​ក្នុង​នោះ ​មាន​បុគ្គលិក​ប្រមាណ ​២ លាន​នាក់​ បាន​និង​កំពុង​ស្ថិត​ក្នុង​បញ្ជី​របស់ ​បសស ​ដើម្បី​ទទួល​អត្ថប្រយោជន៍​ផ្នែក​ហានិ​ភ័យ​ការងារ ​និង​ផ្នែក​ថែទាំ​សុខភាព​នៅ​កម្ពុជា។

លោក​ កាំង ម៉ូនីកា ​អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ លើកឡើងថា ​គោល​ការណ៍​នេះ​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​មូលនិធិ​សន្តិសុខ​សង្គមជាតិ​ដែល​មាន​ស្រាប់ ​ហើយ​សមាជិក​របស់ ​GMAC ​ក៏​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ចូលរួម​ក្នុង​ការអនុវត្ត​ច្បាប់។

ទោះជា​យ៉ាងណា​ លោក ម៉ូ​នីកា ​ថ្លែងថា ​កិច្ចការងារ​នេះ ​នឹង​បន្ថែម​ការចំណាយ​បន្ថែមទៀត​ដល់​និយោជក ​នៅពេល​មាន​ការលំបាក​ខាង​សេដ្ឋកិច្ច ​និង​មុនពេល​នៃ​ការពិនិត្យ​ឡើងវិញ​អំពី​ប្រាក់​ឈ្នួល​អប្បបរមា ​សម្រាប់​ឆ្នាំ ២០២៣ ​ដែល​ វា​នឹង​ក្លាយជា​ឆ្នាំ​ដ៏​លំបាក​ សម្រាប់​ឧស្សាហកម្ម​ទាក់ទង​នឹង​ការកើនឡើង​នៃ​ថ្លៃ​ដើម។

លោក​បញ្ជាក់​ថា​៖ «យើង​អំពាវនាវ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ​បន្តធ្វើ​កំណែទម្រង់​រដ្ឋបាល​ចាំបាច់ ​ដើម្បី​សម្រួល​ដល់​បរិយាកាស​ធុរកិច្ច​នៅក្នុង​ប្រទេស។ យើង​ក៏​សូម​អំពាវនាវ​ដល់កម្មករ ​សហជីព ​សហការ​ដោយ​ស្មោះ​ត្រង់​ជាមួយ​និយោជក ​ដើម្បី​ជួយ​លើកកម្ពស់​ផលិតភាព​ ដើម្បី​ទូទាត់​ការកើនឡើង​ថ្លៃដើម ​ដែល​អាច​បំផ្លាញ​ដល់​ការប្រកួត​ប្រជែង​ក្នុង​វិស័យ​របស់​យើង»៕