ភ្នំពេញៈ «​ទឹកចិត្ត​គ្រូពេទ្យ​សន្ដោស​ប្រណី​ប្រឹង​ទាំង​យប់​ថ្ងៃ​ដើម្បី​រាស្ត្រ​ខ្មែរ​ចូលរួម​ស្ម័គ្រចិត្ត​ជា​ហូរហែ​ដើម្បី​រាស្ត្រ​ខ្មែរ​ឆ្លង​ផុត​មរណា​»​។ ​នេះ​ជា​ខ្លឹម​នៃ​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា ​«​ស្មារតី​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​តេ​ជោ​»​។​

​អ្វី​ជា​ការ​ងារ​ស្ម័គ្រ​ចិត្ត​? ការងារ​ស្ម័គ្រ​ចិត្ត គឺជា​វិធី​ដ៏​ល្អ​បំផុត ដើម្បី​នាំមក​នូវ​ការផ្លាស់​ប្តូរ​ក្នុង​សហ​គមន៍​របស់​អ្នក ​ហើយ​ក្នុង​ពេល​ជាមួយ​គ្នាធ្វើ​ឲ្យ​អ្នក​អាច​ទទួល​បាន​នូវ​បទ​ពិសោធ​សំខាន់ៗ និង​ជំនាញ​ទន់ ដូច​ជា​ជំនាញ​ប្រា​ស្រ័យ​ទាក់​ទង ជំនាញ​ចរចា និង​ស្វ័យ​ទំនុក​ចិត្ត​ជា​ដើម​។

​ទោះជា​យ៉ាងណា​ក៏ដោយ ជាការ​សំខាន់​ណាស់ ដែល​អ្នក​ត្រូវ​ធានា​ថា ការងារ​ស្ម័គ្រចិ​ត្ត​របស់​អ្នកនឹង​រួមចំណែក​នាំមក​នូវ​អ្វីដែល​ល្អប្រសើរ​ចំពោះ​សង្គមជាជាង​នាំមក​នូវ​ការឈឺ​ចាប់​ទាំង​អ​ចេតនា​ដល់​កុមារ និង​គ្រួសារ​ដែល​អ្នក​ព្យា​យាម​ជួយ​។​

​នា​ថ្ងៃទី​ ១៨ ​ខែ មីនា ឆ្នាំ​ ២០២០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យមាន​ការបង្កើត «​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិ​ត្ត​»​ ដែល​ហ៊ាន​ក្នុងការ​ប្រយុទ្ធ​ជាមួយ​នឹង​សត្រូវ​ឥត​ស្រមោល​នេះ ព្រោះ​មិនមែន​ជា​ការ​ងាយ​ស្រួល​ទេ​ក្នុង​ការ​ប្រមូលយ​ក​នូវ​យុវជន​ដែលជា​កូន ជា​ប្រពន្ធ ជា​ប្តី របស់​គ្រួសារ​មក​ប្រយុទ្ធ​ជា​មួយ​នឹង​សង្គ្រាម​មួយ​ដែល​យើង​មើល​មិន​ឃើញ​នោះ​ឡើយ​។​

​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃទី ​១៧ ខែឧសភា ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោថា ដោយ​សារ​តែ​ទឹកចិ​ត្ត​នៃ​ការស្រ​ឡាញ់​ប្រជា​ជន ក្រុមយុវជន​បាន​ស្ម័គ្រ​ចិត្ត​ចូលរួម​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​ ១៩ ​នេះ​។​

​លោក​មាន​ប្រសាសន៍​ថា៖ «​នៅ​អំ​ឡូង​ពេល​ដែល​ខ្ញុំ​ធ្វើការ​អំពា​វនាវ​នោះ ប្រទេស​យើង​មិន​មាន​អ្នក​កើត​កូ​វីដ​ ១៩ ​ប៉ុន្មាន​នោះទេ ប៉ុន្តែ​មក​ដល់​ពេល​អ្នក​ទាំង​អស់​គ្នា​អាច​ដឹង​ហើយ​ថា មិន​មែន​ជាការ​ចៃដន្យ​ទេ​នៃ​ជោគ​ជ័យ​ដែល​យើង​យក​ឈ្នះ​នៃ​កូ​វីដ​»​។​

​លោក​ស្រី​ ពេ​ជ ចន្ទ​មុនី អនុប្រ​ធាន​ក្រុម​ប្រឹក្សា​ពិ​បាល​សមា​គម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ​និង​ជា​ប្រធាន​ដឹកនាំ​ក្រុម​គ្រូ​ពេទ្យ​សម្តេច​តេ​ជោ​ប្រឆាំង​កូ​វីដ​ ១៩ ​បាន​ថ្លែង​ឱ្យដឹង​ថា ការ​ប្រកាស​ជ្រើស​រើស​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ត្រូវបាន​ចាប់​ផ្តើម​ប្រកាស​តាម​រយៈ​បណ្តាញ​សង្គម​ ដើម្បី​ជ្រើស​រើស​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​នៅ​ទូទាំង​ប្រទេស​ក្នុង​ការ​ត្រៀម​កម្លាំង​ជំរុញ​ចូលរួម​ជាមួយ​នឹង​ក្រសួង​សុខាភិ​បាល ​និង​រាជ​រដ្ឋា​ភិ​បាល​ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​នឹង​ជំងឺ​កូ​វីដ​ ១៩​។

​លោក​ស្រី​បាន​ថ្លែង​ថា៖ «​ដោយ​កម្លាំង​ចិត្ត​មនុស្ស​ធម៌​ត្រឹម​រយៈពេ​ល​តែ​ ៦​ ថ្ងៃ​ នៃ​ការជ្រើស​រើស​មាន​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ចំនួន​ ៤២២​ នាក់ បាន​ចុះ​ឈ្មោះ​ជាមួយ​នឹង​សមា​គម​។ បន្ទាប់​ពីអត្រា​នៃ​អ្នក​កើត​កូ​វីដ​ ១៩ ​បាន​កើន​ឡើងជា​លំដាប់​សមា​គម​បាន​ជ្រើស​រើស​គ្រូពេទ្យ​ប្រឆាំង​នឹង​កូ​វីដ​ ១៩​ ចំនួន​ ៣៥០ ​នាក់​បន្ថែម​ទៀត ​ដើម្បី​សហ​ការ​ជា​មួយ​នឹង​ក្រសួង​សុខាភិ​បាល​ក្នុងការ​ចូលរួម​ព្យា​បាល​អ្នក​ជំងឺ​កូវីដ​ ១៩​ តាម​មណ្ឌល​ព្យា​បាល​នៅ​រាជ​ធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​ផង​ដែរ​»​។​

​លោក​ស្រី​ ពេ​ជ ចន្ទ​មុនី បាន​បន្ថែម​ថា គិត​ត្រឹម​ខែឧសភា ឆ្នាំ​ ២០២២ សមា​គម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវ​ជន​សម្តេច​តេ​ជោមាន​សមាជិក​កើន​ឡើង​រហូត​ដល់​ ៨ ០៦០​ នាក់ ដែល​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ ៤ ០៣៦ ​នាក់​។ ក្រុម​គ្រូ​ពេទ្យ​ធីតា​ក៏បាន​ពិនិត្យ​និង​ព្យា​បាល​ជូន​គ្រួសារ​ក្រីក្រ​ទូទាំង​ប្រទេស​បាន​ចំនួន​ ៣ ០៣៩ ​៦៤៥ ​នាក់ ក្នុង​នោះ​ក៏មាន​អ្នក​ជំងឺ​ធ្ងន់​ចំនួន​ ៦ ២៥១ ​នាក់​ផង​ដែរ​។​

​អ្នកស្រី សៃ ឆេង​ឡាយ អតីត​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់​សាំង​កូ​វីដ ​១៩​ នៅ​មណ្ឌល​សុខភាព​ស្រងែ​រំ​រោង ក្នុង​ស្រុក​ព្រៃឈរ ខេត្ត​កំពង់​ចាម បាន​ប្រាប់​ឱ្យដឹង​ថា អ្នក​ស្រី​បាន​ស្ម័គ្រ​ចូល​រួម​ក្នុង​ការចាក់​វ៉ាក់​សាំង​កូ​វីដ ​១៩​ជូន​ប្រជា​ពលរដ្ឋ​ដើម្បីឱ្យ​​ពួកគេ​មាន​ប្រព័ន្ធ​ភាព​សុំា​ការពារ​ពី​ជំងឺ​នេះ ហើយ​ក៏​ចង់​ជួយ​ការពារ​សហ​គមន៍​មិនឱ្យ​រង​គ្រោះ​ធ្ងន់​ធ្ងរ​ពី​មេរោគ​នេះ​ផង​ដែរ​។​

​អ្នកស្រី​បាន​ប្រាប់ថា ការចុះ​ច៉ា​ក់​សាំង​នេះ​អ្នក​ស្រី​ក៏មាន​ការបារម្ភ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​ដែរ ប៉ុន្តែ​អ្នកស្រី​តែងតែ​ប្រកាន់​ខ្ជាប់​នូវ​វិធាន​ការ​សុខាភិ​បាល ៣ ​ការពារ និង​ ៣ ​កុំ រួម​នឹង​ការ​ប្រើ​ប្រាស់​សម្លៀក​បំពាក់​ការពារ​បន្ថែម​ទៀត​ដែរ​។​

​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​រូបនេះបាន​បញ្ជាក់​ថា៖ «​នៅក្នុង​អំឡុង​ពេល​នៃ​ការ​រាត​ត្បាត​ជំងឺ​កូ​វីដ​ ១៩​ នេះ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មានការ​រើសអើង​ចំពោះ​ពួក​ខ្ញុំ​ដែលជា​គ្រូពេទ្យ​ដែរ ដោយ​សារ​មុន​មាន​មេរោគ​កូ​វីដ​កើតឡើង​នៅពេល​ខ្ញុំ​ទៅ​ផ្សារ​ឬ​ទៅណា​ផ្សេង​មាន​គេ​ចូល​ចិត្ត​គេ​និយាយ​ជាមួយ ប៉ុន្តែ​នៅ​ពេល​មាន​កូ​វីដ​ហើយ​ដឹងថា​ យើង​ជា​គ្រូ​ពេទ្យ គេ​មិនសូវ​មើលមុខ​ហើយ​ច្រើន​តែ​ដើរចេញ​ឆ្ងាយ​ពី​យើង មិន​ហ៊ាន​និយាយ​រក​យើង​ដូច​មុន​ទេ​»​។​

​ទាក់​ទង​នឹង​ការងារ​ស្ម័គ្រចិត្ត​នេះ គឺ​មិនមាន​ការ​ទទួល​ប្រាក់​កម្រៃ​ឬ​ប្រាក់​ឧបត្ថម្ភ​នោះទេ ប៉ុន្តែ​ដោយ​សារតែ​ចិត្ត​ស្រឡាញ់​ជំនាញ​ជា​គ្រូ​ពេទ្យ​និង​ចង់​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ផង​នោះ ទើប​ធ្វើឱ្យ​អ្នកស្រី សៃ ឆេង​ឡាយ ដែល​បាន​បញ្ចប់​ជំនាញ​ផ្នែក​ឆ្មបនៅ​អំឡុង​ឆ្នាំ​ ២០១៨​ បាន​សម្រេច​ចូលរួម​ជា​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ដោយ​មិន​មាន​ការ​បារម្ភ​នោះ​ឡើយ​។

​អ្នកស្រី​បាន​ប្រាប់ថា៖ «​ខ្ញុំ​ក៏​ខ្លាច​ឆ្លង​ជំងឺ​នេះ​ដែរ ប៉ុន្តែ​ពាក្យ​ថា​គ្រូពេទ្យ បើ​យើង​ខ្លាច មិន​ពុះ​ពារ ក្លាហាន​ក្នុង​ការជួយ​ដល់​ប្រជា​ពលរដ្ឋ​នោះទេ ​តើ​ប្រជា​ពលរដ្ឋ​នឹង​ក្លាយ​ទៅជា​យ៉ាង​ណា?ហើ​យ​តើ​ពួកគាត់​នឹង​បារម្ភ ខ្លាច​យ៉ាង​ណា​? អ៊ីចឹ​ង​ហើយ​បាន​ជា​ខ្ញុំ​ស្ម័គ្រ​ចិត្ត និង​ពុះពារ​ក្នុង​ការងារ​ដែល​ខ្ញុំ​ស្រ​ឡាញ់​នេះ​»​។​

​ប៉ុន្តែ​ដោយ​សារ​ការ​ស្រ​ឡាញ់ ភាព​ក្លា​ហាន និង​ការ​ចូល​រួម​នេះ បាន​ធ្វើឱ្យ​ប្រមុខ​រាជរ​ដ្ឋាភិ​បាល​បាន​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ដោយ​បាន​ផ្តល់​ជា​ក្រប​ខ័ណ្ឌ​ដល់​ពួកគេ​ផង​ដែរ​។​

​និស្សិត​ពេទ្យ​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​ថៃ លោក ទាវ សុធា​រ័ត្ន បាន​លើក​ឡើង​ថា លោក​ចាប់អារម្មណ៍​និង​ចង់​ចូល​រួម​បម្រើ​ជាតិ​ ដែល​ធ្វើឱ្យ​លោក​បាន​សម្រេច​ចិត្ត​ស្ម័គ្រ​ចូល​ជា​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​នេះ​តែម្តង​ដោយ​សារ​ជំងឺ​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក៏ដូច​ជា​ពិភព​លោក​ទាំង​មូល​បាន​និង​កំពុង​ប្រឈម​មុខ​។​

​លោក​បាន​បញ្ជាក់​ថា៖ «​ឪពុក​ម្តាយ​បង​ប្អូន​ក៏មាន​ការព្រួយ​បារម្ភ​ដែរ​នៅ​ពេល​ខ្ញុំ​សម្រេច​ចិត្ត​ចូលធ្វើ​ជា​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រយុទ្ធ​នឹង​កូ​វីដ​ ១៩​ នេះ ប៉ុន្តែ​ពួក​គាត់​ក៏មាន​ជំនឿ​ជាក់​លើ​ខ្ញុំ ហើយ​ខ្ញុំ​ក៏បាន​ពន្យល់​ពួកគាត់​ពី​ការងារ​នេះ​ផង​ដែរ​ ដោយ​សារ​ក្រសួង​មាន​ការ​បង្រៀន​ពី​ការ​ការពារ​ពី​ជំងឺ​កូ​វីដ​ ១៩​ នេះ​»​។​

​ជា​មួយ​គ្នានេះ​ដែរ ប្រធាន​ការិ​យា​ល័យ​បញ្ជា​ការដ្ឋាន​អង្គរក្ស​លោក​នាយករ​ដ្ឋ​មន្ត្រី​លោក ទឹប សំអឿន ដែល​បាន​ចុះជួយ​ក្នុងការ​ធ្វើ​តេស្ត​រហ័សរ​ក​មេរោគ​កូ​វីដ​ ១៩ និង​ការចុះ​ចាក់​វ៉ាក់​សាំង​កូ​វីដ ​១៩ ទៅ​ដល់​ប្រជា​ពលរដ្ឋ ក៏បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា វា​ជា​តួនាទី​និង​ភារ​កិច្ច​ដែល​ត្រូវធ្វើ គ្រាន់តែ​ការ​ងារ​នេះ​ខុស​ពី​អ្វីដែល​លោក​ធ្លាប់​បាន​ធ្វើ​កន្លង​ទៅដោយ​លោក​មិន​សូវ​មាន​ពេល​សម្រាក​គ្រប់​គ្រាន់​ ព្រោះ​ត្រូវ​បំពេញការ​ងារ​ច្រើន​ទាំង​យប់​ទាំង​ថ្ងៃ​។​

​លោក​បាន​ប្រាប់​ថា៖ «​ទាក់​ទង​នឹង​ការ​បង្កើត​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ខ្ញុំ​យល់​ថា ​ជាការ​ល្អ​ណាស់​ដែល​សម្តេច​លោក​មាន​ការ​ត្រៀម​ទុកជា​មុន​ដោយ​ត្រៀម​កម្លាំង​គ្រូពេទ្យ​ ដូច​នេះទោះបីជា​យើង​មាន​ក្រុមគ្រូពេទ្យ​សម្រាប់​ព្យា​បាល​ស្រាប់​ហើយក៏​ដោយ ប៉ុន្តែ​ករណី​កូ​វីដ​នេះ​វា​មក​សន្ធឹក​ច្រើន​ភ្លាម​តែម្តង​។ ដូចនេះ បងប្អូន​ប្រជា​ពលរដ្ឋ​យើង​ស្ម័គ្រ​ចិត្ត​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​កូ​វីដ​នេះ​គឺជា​កា​រល្អ​បំផុត​»​។​

​លោក ​ទឹប សំអឿន បាន​បន្ថែម​ថា ការបង្កើត​ក្រុម​គ្រូពេ​ទ្យ​ស្ម័គ្រ​ចិត្ត​នេះ​គឺ​ត្រឹម​ត្រូវ​និង​ល្អ​បំផុត​ដែល​ធ្វើឱ្យ​កម្ពុជា​អាច​ទប់​ស្កាត់​នូវ​ឧប​សគ្គ​ដែល​កើត​ឡើង​នេះ​បាន​។ ប្រសិន​បើ​មិន​មាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​នេះ​ទេ គ្រូ​ពេទ្យ​ដែល​មាន​ស្រាប់​នឹង​មិន​អាច​ជួយ​ទាន់​ស្ថាន​ភាព​នៃ​ការ​រាត​ត្បាត​ជំងឺ​នេះ​ឡើយ​។​

​លោក​បាន​មាន​ប្រសាសន៍​ថា៖ «​ការបង្កើ​ត​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ បង្កើត​ទីតាំង​សម្រាប់​ព្យាបាល​អ្នក​ជំងឺ គឺ​ជា​ការ​ប្រសើរ​មែន​ទែនដែ​ល​ក្រុម​អ្នក​ស្ម័គ្រចិត្ត​នេះ​បាន​ចូលរួម​ជួយ​សហ​ការ​គ្នា​និង​ទប់​ស្កាត់​នូវ​ការឆ្ល​ង​រាលដាល​ខ្លាំង​ បាន​ទាន់​ពេល​វេលា​​»៕