
រូបភាពប្រើអំពើហិង្សាដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ក្មេងនៅក្នុងគ្រួសារ ។ រូបថត សហការី
ភ្នំពេញៈ ផឹម ស្រីដា (ជាឈ្មោះដាក់ឱ្យ) មិនដែលស្គាល់ក្តីសប្បាយ ឬមិនដែលមានអារម្មណ៍ល្អម្តងណាឡើយនៅក្នុងគ្រួសារ តែនាងមានអារម្មណ៍ធូរស្រាលនៅពេលឪពុកនាងមិននៅផ្ទះ ឬនៅពេលដែលនាងចេញពីផ្ទះទៅសាលារៀន។
មូលហេតុដែលស្រីដាមានអារម្មណ៍បែបនេះ ដោយសារតែឪពុករបស់នាងជាមនុស្សញៀនស្រាហើយគាត់តែងតែប្រើហិង្សា ទាំងពាក្យសម្តី ទាំងកាយវិកាដែលធ្វើឱ្យយុវតីវ័យ១៨ឆ្នាំរូបនេះត្រូវរងនូវការឈឺចាប់ផ្លូវចិត្តមិនស្រាកស្រាន្ដឡើយ។ប៉ុន្តែបើទោះជានាងត្រូវរងនូវវិបត្តិផ្លូវចិត្តយ៉ាងជោកជាំយ៉ាងណា ហើយសូម្បីតែនាងគ្មានម៉ូតូឬកង់ជិះទៅសាលារៀន ហើយតែងសុំជិះដោយសារមិត្តភក្ដិនិងមានពេលខ្លះដើរទៅសាលារៀនក្តី ក៏នាងនៅតែតស៊ូជម្នះនិងចិញ្ចឹមចិត្តខិតខំរៀនសូត្រមិនបោះបង់ឡើយ។
យុវតី ផឹម ស្រីដា បានឱ្យដឹងថា នាងរស់នៅភូមិចំរើនផល ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ បានរៀនសូត្រ និងទទួលបានការឧបត្ថម្ភពីអង្គការគ្រិស្ដសាសនាមួយនៃប្រទេសអូស្ត្រាលី តាំងពីនាងនៅមានអាយុប្រហែលពី ៦ឆ្នាំទៅ ៧ មកម្ល៉េះ។ ក្នុងឆ្នាំ ២០២២ នេះ នាងក៏កំពុងសិក្សានៅថ្នាក់ទី១២ នៃសាលាឯកជនមួយនៅម្តុំផ្សារស្ទឹងមានជ័យ ដែលថ្លៃការសិក្សាក៏ត្រូវខាងអង្គការជាអ្នករ៉ាប់រងដែរ។ ប៉ុន្តែនាងហាក់ដូចជាគ្មានសំណាង និងគ្មានភាពកក់ក្តៅដូចក្មេងៗដទៃ ដែលមានឪពុកថ្នាក់ថ្នម ដោយមិនប្រើអំពើហិង្សាក្នុងគ្រួសារឡើយ។
ផឹម ស្រីដា បានរៀបរាប់បន្តថា ឪពុកម្តាយរបស់នាងជាគ្រួសារក្រីក្រ ហើយសព្វថ្ងៃនាងគ្មានម៉ូតូ ឬកង់សម្រាប់ជាមធ្យោបាយជិះទៅសាលារៀននឹងគេទេ ពោលគឺតែងសុំមិត្តភក្តិរបស់នាងជិះទៅជាមួយហើយបើពេលខ្លះមិត្តនាងមិនមកយកក៏នាងមិនបានទៅសាលារៀនដែរ។ ក៏ប៉ុន្តែអ្វីដែលនាងអាចទ្រាំបាន គឺនាងចេះតែទ្រាំទៅព្រោះនាងស្រឡាញ់ចំណេះដឹងដែលត្រូវតែខិតខំពុះពាររៀនសូត្របន្តទៅទៀត។
ដោយសារតែធ្លាប់ទទួលរងនូវភាពល្វីងជូរចត់នៃអំពើហិង្សា យុវតី ផឹម ស្រីដា បានរំពឹងគិតថា នៅពេលបញ្ចប់ការសិក្សាទៅនាងចង់ក្លាយខ្លួនជាអ្នកអប់រំពីការប្រើអំពើហិង្សាដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឬធ្វើជាគ្រូនៅក្នុងអង្គការរបស់នាងពីព្រោះថា អំពើហិង្សាបានបង្កផលប៉ះពាល់ច្រើនទាំងផ្នែកស្មារតីនិងបង្កឱ្យខូចខាតទ្រព្យសម្បត្តិដែលកើតចេញពីអ្នកបង្កហិង្សានេះឯង។
ស្រីដា បានបញ្ជាក់ប្រាប់ថា៖ «ភាពក្រលំបាករបស់ឪពុកម្តាយខ្ញុំគឺវាលំបាកណាស់ទៅហើយ ក៏ប៉ុន្តែអ្វីដែលខ្ញុំពិបាកហួសនឹងថ្លែងទៅទៀតនោះគឺខ្ញុំមិនចង់ឮពាក្យសម្តីគ្រោតគ្រាតរបស់ឪពុកខ្ញុំនិយាយមកដាក់ម្តាយខ្ញុំនិងនៅក្នុងគ្រួសារទេ»។
អ្នកស្រី សំ ដានី អាយុ ៥០ ឆ្នាំ ត្រូវជាម្តាយយុវតី ផឹម ស្រីដា បាននិយាយប្រាប់ថា សព្វថ្ងៃគ្រួសារអ្នកស្រីជួលផ្ទះគេស្នាក់នៅក្នុងភូមិចំរើនផលទី១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ អ្នកស្រីមានកូនទាំងអស់ចំនួន ៦ នាក់ (ស្រី៥នាក់) ហើយ ស្រីដា ជាកូនទី២ បន្ទាប់ពីកូនប្រុសច្បង ប៉ុន្តែកូនប្រុសច្បងរបស់អ្នកស្រីបានឈប់រៀនទៅស៊ីឈ្នួលធ្វើការឱ្យគេគ្រាន់បានប្រាក់ខ្លះមកជួយដល់ឪពុកម្តាយ។
ចំណែកប្តីរបស់អ្នកស្រីជាអ្នករត់ម៉ូតូឌុប ខណៈអ្នកស្រីជាអ្នកធ្វើអនាម័យនៅក្នុងក្រុមហ៊ុនមួយ។ ប៉ុន្តែអ្នកស្រីហាក់គ្មានសេចក្តីសុខនៅក្នុងគ្រួសារទេដោយសារតែប្តីគាត់ជាមនុស្សហូបស្រា ហើយនៅពេលចូលដល់ផ្ទះពេលណាតែងតែរករឿងឈ្លោះប្រកែកជាមួយអ្នកស្រី ហើយពេលខ្លះក៏មានប្រើអំពើហិង្សាវាយដំអ្នកស្រីទៀតផង។
អ្នកស្រីបានឱ្យដឹងថា ករណីនេះប្តីរបស់អ្នកស្រីធ្លាប់ត្រូវបាននគរបាលប៉ុស្ដិ៍បឹងទំពុនទី១ ហៅចូលប៉ុស្តិ៍អប់រំម្តងមកហើយពាក់ព័ន្ធប្រើអំពើហិង្សា ហើយពេលនេះប្តីរបស់អ្នកស្រីហាក់បន្ទន់ឥរិយាបថបន្តិចបន្ទាប់ពីត្រូវសមត្ថកិច្ចអប់រំណែនាំមក។ ប៉ុន្តែចំពោះការផឹកស្រាមិនបានបញ្ឈប់ឡើយ។
អ្នកស្រីបន្តថា៖ «ឥឡូវនេះប្តីខ្ញុំហាក់បន្ថយកំហឹងជាងមុន តែគាត់មិនបានចេញលុយឱ្យកូនសម្រាប់បង់គួរទេ។ ប្រាក់ខែខ្ញុំបានបន្តិចបន្ទួចខ្ញុំរំលែកឱ្យស្រីដាបង់ថ្លៃរៀនគួរ លុយចាយខ្វះខាតអីនៅលើខ្ញុំ។ ខ្ញុំចង់រកម៉ូតូធុនល្មម ១ គ្រឿងសម្រាប់ឱ្យស្រីដាជិះទៅរៀន តែខ្ញុំគ្មានលទ្ធភាពទេនៅពេលនេះ»។
លោកគ្រូ ១ រូប ស្នើសុំមិនឱ្យបញ្ចេញឈ្មោះដែលកំពុងបង្ហាត់បង្រៀនដល់ក្មេងនៅក្នុងមណ្ឌលមួយនៃអង្គការគ្រិស្ដសាសនានោះបានប្រាប់ថា បច្ចុប្បន្ននៅក្នុងមណ្ឌលលោកមានក្មេងមកពីគ្រួសារដែលមានឪពុកប្រព្រឹត្តអំពើហិង្សា ៣ ទៅ ៤ គ្រួសារដែរ ប៉ុន្តែខាងមណ្ឌលមិនមានតួនាទីសម្របសម្រួលណាមួយក្រៅពីការជួយផ្គត់ផ្គង់ការសិក្សាដល់ក្មេងៗ និងផ្តល់ចំណេះដឹងតាមរយៈផ្តល់ស្បៀងអាហារ និងផ្តល់ប្រាក់សម្រាប់ជួលសាលាឱ្យក្មេងៗរៀននោះទេ។
ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាក្នុងគ្រួសារនេះលោកស្រី ប៊ុក បញ្ញាវិចិត្រ នាយិកាអង្គការដើម្បីជួយស្ត្រីមានវិបត្តិបានឱ្យដឹងថា អំពើហិង្សាក្នុងគ្រួសារនៅតែជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ដើម្បីឈានទៅលុបបំបាត់។ ជាទម្លាប់តាំងពីដើមមក សង្គមកម្ពុជាបានឱ្យតម្លៃទៅលើបុរសដែលក្រោយពេលរៀបការហើយ គឺគាត់ [ប្ដី] ហាក់ដូចជាមានសិទ្ធិអំណាចនៅក្នុងគ្រួសារ ហើយបើបុរសនោះមានការអប់រំល្អក៏គាត់មានការដឹកនាំសង្គមគ្រួសារបានល្អដែរ។ ក៏ប៉ុន្តែបើគាត់មានចំណុចខ្វះខាតជាពិសេសបានចំណាយពេលវេលាធ្វើអំពើអវិជ្ជមានផ្សេងៗដូចជាផឹកស្រាស្រវឹងអីទៅ គឺកាន់តែធ្វើឱ្យគ្រួសារនោះជួបប្រទះនឹងអំពើហិង្សាកាន់តែធ្ងន់ធ្ងរជាងគ្រួសារគេដទៃ។
លោកស្រីបន្តថា៖ «ស្ត្រីរងគ្រោះត្រូវហ៊ានរាយការណ៍ទៅតាមអ្វីដែលជាជម្រើសរបស់គាត់ ស្ត្រីខ្លះគាត់រងអំពើហិង្សាអ៊ីចឹងមែនតែគាត់គិតថា អំពើហិង្សាហ្នឹងទទួលយកបាន គាត់គិតថាមិនអីទេ គាត់អាចជជែកគ្នាបាន។
តែបើគាត់គិតថា គាត់ត្រាំត្រែងយូរហើយក៏អាចដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមូលដ្ឋាននៅពេលប្តីគាត់កំពុងប្រើអំពើហិង្សាគឺអាជ្ញាធរគេចុះជួយហើយ។ អ៊ីចឹងស្ត្រីត្រូវមានសេចក្តីក្លាហាន ដើម្បីការពារខ្លួនឯងគ្មាននរណាមកជួយគាត់ជាងជម្រើសខ្លួនគាត់ទេ»។
លោកស្រីថ្លែងថា បញ្ហានេះស្រ្តីដែលរងអំពើហិង្សាគាត់មិនត្រូវសំងំទេគាត់ត្រូវស្វែងរកជំនួយតែបើគាត់គិតថា ជារឿងរ៉ាវក្នុងគ្រួសារគាត់មិនចង់ឱ្យអ្នកដទៃដឹងគាត់ខ្មាសគេនោះដំណោះស្រាយប្រហែលជាមិនសូវបានល្អប្រសើរទេ។ដោយសារតែការផ្លាស់ប្តូរនៃការប្រព្រឹត្តរបស់មនុស្សម្នាក់ៗដែលគាត់ធ្លាប់ប្រើអំពើហិង្សាគឺត្រូវទាមទារពេលវេលា។ ពេលខ្លះត្រូវទាមទារការផ្តល់មតិយោបល់ពីអ្នកដទៃដែរមានន័យថា បើគាត់ប្រើអំពើហិង្សាលើប្រពន្ធហើយបើប្រពន្ធរបស់គាត់មិនសូវចេះប្រឹក្សាផ្តល់យោបល់ទេអាចតតាំងគ្នាហើយឈានទៅកើតមានអំពើហិង្សាកាន់តែរីកធំធាត់ថែមទៀត។
លោកស្រីបន្តទៀតថា គ្មានតួលេខផ្លូវការណាមួយដែលថាអំពើហិង្សាថយចុះឬកើនឡើងទេ កាលណាអំពើហិង្សាធ្វើនៅក្នុងរង្វង់ការងារយើងដឹង គឺដោយសារស្ត្រីរងគ្រោះរាយការណ៍ តែឧទាហរណ៍ថា បើគាត់រាយការណ៍បានតែ ១០ នាក់ គឺគេដឹងតែ ១០ នាក់ទេ។ ដូច្នេះការកើនឡើងឬថយចុះនោះវាទាល់តែមានមូលដ្ឋានច្បាស់លាស់សម្រាប់បង្កើតទៅជាទិន្នន័យទើបយើងអាចហ៊ានថាតួលេខឡើងឬចុះបាន។
លោកស្រី មាស សាអ៊ីម អនុប្រធានផ្នែកស្ត្រី និងកុមារនៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ចំពោះក្មេងដែលរស់នៅក្នុងសង្គមគ្រួសារដែលប្រព្រឹត្តតែអំពើហិង្សាបានធ្វើឱ្យប៉ះពាល់ដល់សតិស្មារតីរបស់ពួកគេយ៉ាងធ្ងន់ធ្ងរដែលធ្លាប់រង អំពើហិង្សាក្នុងគ្រួសារនោះ៕