លោក សោម សូរីដា បច្ចុប្បន្ន​ជា អគ្គលេខា​ធិការ​រង និង​ជាអ្នក​នាំពាក្យ​គណៈ​កម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កើត​នៅ​ថ្ងៃទី ១ ខែ​ កុម្ភៈ ឆ្នាំ ១៩៥៩ ​ក្នុង​ត្រកូល​ដែល​មាន​ឪពុក​ធ្វើជា​ទាហាន កាលពី​សម័យ​សង្គម​រាស្ត្រ​និយម។ លោក​ សូរីដា មាន​ទីកំណើត​នៅ​ក្នុង​ស្រុក​ឈូក​ ខេត្ត​កំពត​ ដោយ​មាន​បងប្អូន​ចំនួន​ ៩ នាក់​ ហើយ ​លោកគឺ​ជាកូន​ទី៣ នៅក្នុង​គ្រួសារ ​​ប្រុស ៥ នាក់ និង ស្រី ៤ នាក់។

ក្នុ​ងឆ្នាំ ១៩៧០ ប្រទេស​កម្ពុជា​ បាន​ធ្លាក់​ចូលទៅ​ក្នុង​សង្គ្រាម​ស៊ីវិល បាន​ធ្វើឱ្យឪពុ​ក​របស់​លោក​ រស់នៅ​ក្នុង​បន្ទាយទា​ហាន រីឯម្តាយ​មក​រស់​នៅ​ តំបន់​សន្តិសុខ​ល្អ។

ក្នុង​ស្ថាន​ភាព​ប្រទេស​ដែល​មាន​សង្គ្រាម​នេះ ក្រុម​គ្រួសារ​របស់​លោក​ សោម​ សូរី​ដា មាន​ការ​លំបាក​ចាប់​តាំង​ពីការ​ជួប​ជុំគ្រួសារ​ និង​ការរៀន​សូត្រ​។

និយាយ​ដល់​ចំណុច​នេះ លោក​ សោម​ សូរីដា បាន​ស្រក់​ទឹក​ភ្នែក និង​អួល​ដើម​ក ព្រោះ​លោក​ និង​ក្រុម​គ្រួសារ​នៅពេល​នោះ ស្ថិត​នៅក្នុង​ស្ថាន​ភាព​លំបាកមែនទែន​ ព្រោះម្តាយ​ របស់​លោក​ ត្រូវគិត​អំពី ​ឪពុក​របស់​លោក​ នៅឯ​សមរភូមិ ​និងលំបាក​ក្នុង​ការ​មើលថែ​កូន ។

មក​ទល់ពេល​នេះ ​លោក​ពិត​ជា​មានមោ​ទន​ភាពចំពោះ​ជាតិ​មាតុភូមិ ​ដែល​មាន​សុខសន្តិ​ភាព ហើយ​លោក​តែង​តែ​ប្រាប់​កូន​ចៅ​របស់​លោក​ថា ស្ថានភាព​បែប​នេះ មិន​ដែល​កើត​មាន​នោះ​ទេកន្លង​មក​​។ រ​ស់​នៅ​ក្នុង​ប្រទេស​ដែល​មាន​សន្តិភាព​នេះ គឺរស់​នៅ​ដោយ​ស្រួល​ អាច​រក​ស៊ី និ​ងរៀន​សូត្រ​បាន លែង​មាន​កាបែក​បាក់​ និង​លែងឮសូរ​គ្រាប់ផ្លោងទៀ​ត។ លោក​ សោម សូរីដា បច្ចុប្បន្ន​មាន​មាន​កូន​ប្រុស​ស្រី ៤ នាក់​និង​ចៅ ៥ នាក់​។

នៅក្នុង​ឆ្នាំ ១៩៧៥ បន្ទាប់ពី​ខ្មែរ​ក្រហម​ចូល​កាន់​អំណាច​ បាន​ជម្លៀស​ប្រជាព​លរដ្ឋ និង​រូប​លោក ឱ្យទៅ​រស់​នៅក្នុង​ខេត្ត​កំពង់​ធំ ដែល​ពេល​នោះ ​លោក​បាន​បែកពី​ឪពុកម្តាយ​ ដោយ​មានតែបងប្អូន​ ៣ នាក់​ប៉ុណ្ណោះ ​ទៅជា​មួយ​លោក និង នៅ​សល់​ ​៦ នាក់​ទៀត​ទៅជាមួយ​ឪពុកម្តាយ​​ ហើយ​ត្រូវ​បាន​ប៉ុលពត​សម្លាប់​អស់។

ការ​សិក្សា​រៀន​សូត្រ​

នៅឆ្នាំ ​១៩៧៩​ បន្ទាប់​ពី​ប្រទេសជាតិ​បាន​រួច​ផុត​ពីរបប​ប្រល័យ​ពូជសាសន៍ ​ប៉ុល ព​ត ​លោក​បានវិលត្រ​ឡប់ម​កភ្នំពេញ​វិញ ហើយក៏​បាន​ចូល​ធ្វើការ​នៅគណៈឃោស​នា​អប់រំ​មជ្ឈិម ពេល​នោះ លទ្ធភាព​ដែល​អាច​ទៅរៀន​ គឺតិច​តួច​បំផុត ព្រោះត្រូវ​ធ្វើការ​ផង និង​រៀន​ផង។ ក្នុង​ស្ថាន​ភាព​កំព្រាឪ​ពុកម្តា​យ លោក​បានខិ​តខំប្រឹង​ប្រែងរៀន​រស់ដោយ​ខ្លួន​ឯង និង​ចិញ្ចឹម​បងប្អូ​ន៣​នាក់​ថែម​ទៀត។

ជា​មួយ​គ្នានេះ​ ប្រទេស​ជាតិ​នៅពេ​លនោះ​ក៏ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​សេដ្ឋកិច្ច​ ដោយប្រ​ទេស​មហាអំណាច​ និង​មិន​ទាន់​ទទួល​ស្គាល់រ​ដ្ឋ​កម្ពុជា ជារដ្ឋ​មួយ​ឯក​រាជ្យ​នោះ​ទេ។ កាល​នោះ ​លោករៀន​រស់​ដោយ​ខ្លួន​ឯង ទាំង​រាជរ​ដ្ឋាភិបាល​ក៏ប្រឹង​រស់ និង​ទាំងប្រជាព​លរដ្ឋក៏​ខំប្រឹងប្រែ​ងរ​ស់។

លោក​បាន​ចូលរៀន​ដំបូង​បំផុត​ នៅ​សាលា​នយោ​បាយ​មជ្ឈិមវគ្គ ៤ នៅរាជ​ធានី​ភ្នំពេញ​។ បន្ទាប់​ពីប​ញ្ចប់ លោក​ក៏បាន​ក្លាយ​ទៅ​ជាគណៈ​កម្មាភិបាល​មជ្ឈិម​ ចុះទៅ​អប់រំ​នៅខេត្ត​ព្រៃវែ​ង។

ដោ​យសារ​ការខិត​ខំប្រឹង​ប្រែង និង​បង្កើន​ចំណេះដឹង​ខ្លួន​ឯង គណ​បក្ស​ប្រជា​ជន​កម្ពុជា មើល​ឃើញ​ពីការ​ខិតខំ​នេះ ក៏បញ្ជូន​រូប​លោក​ ឱ្យទៅរៀន​បន្តនៅ​សហភាព​សូវៀត នៅ​កាសាស្តង់​ រយៈ​ពេល ៤ ឆ្នាំ នៅក្នុង​សាលា​បក្សជាន់​ខ្ពស់​ អាម៉ា​តា ដែល​ក្រោយ​មក សាលា​នោះបាន​ក្លាយ​ទៅជា​វិទ្យាស្ថាន​វិទ្យា​សាស្ត្រ​នយោបាយ​។

លោក​បាន​បញ្ចប់​ថ្នា​ក់អនុ​បណ្ឌិតនៅ​ទីនោះ​ ហើ​យ​បន្តរៀន​យក​បណ្ឌិត​ នៅ​បណ្ឌិត្យ​សភា​វិទ្យា​សាស្ត្រ​សង្គម​សហភាព​សូវៀត​នៅក្នុង​ទីក្រុង​ម៉ូស្កូ។

ប៉ុន្តែ​ស្ថាន​ភាព​នៅពេល​នោះ​ មិន​ល្អ ដោយ​សហ​ភាព​សូវៀត​ធ្វើកំ​ណែ​ទម្រង់ ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច និង​នយោ​បាយ លោក​ក៏អត់​មាន​លទ្ធភាព​បន្តការ​សិក្សា គ្រាន់​តែ​បញ្ចប់​កម្ម​សិក្សាថ្នាក់​បណ្ឌិតខា​ង​វិទ្យាសាស្ត្រ​សេដ្ឋ​កិច្ច បាន​ត្រឡប់​មក​កម្ពុជា ។

លោក​ចង់ត្រឡប់​ទៅម៉ូស្គូ​វិញទៅ​ការពារ​និក្ខេប​បទ​ដើម្បី​បញ្ចប់​ការ​សិក្សា​ ប៉ុន្តែស្ថាន​ភាព​សេដ្ឋកិច្ច​គ្រួសារ​មាន​ការ​លំបាក​ក៏មិន​បាន​ធ្វើដំណើរ​ទៅ​ទីក្រុង​ម៉ូស្កូ​​វិញ​ឡើយ។

បម្រើការ​ងារ​ជា​គ្រូប​ង្រៀន

ទោះមិន​បាន​ប្រឡប់​ទៅ​ការ​ពារ​និក្ខេបបទ​វិញ​ក៏ដោយ​ ក៏លោក​បាន​ធ្វើជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកល​វិទ្យាល័យភូមិ​ន្ទភ្នំពេ​ញ ផ្នែក​ខាង​សង្គម​វិទ្យា បន្ទាប់​មក​ទៀត​បាន​ប្តូរ​មក​បង្រៀន​នៅសាក​ល​វិទ្យាល័យនីតិសាស្ត្រ ​និងវិទ្យា​សាស្ត្រ សេដ្ឋ​កិច្ច ផ្នែក​វិទ្យា​សាស្ត្រាសេ​ដ្ឋកិច្ច។

ក្រោយ​មក​ទៀត​ក៏មក​ធ្វើការ​នៅ​ក្រសួង​មហា​ផ្ទៃ ប៉ុន្តែនៅពេល​ដែល​បោះ​ឆ្នោត ឆ្នាំ ១៩៩៨ លោក​បាន​ធ្វើ​ជា​គ្រូ​បណ្តុះបណ្តាល​នៅ​គណៈកម្មធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោ​ត​។

ក្រោយ​ចប់ការ​បោះ​ឆ្នោត លោកបាន​ទៅធ្វើ​ជាមន្ត្រី នៅ​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម​និង​សំណង់​វិញ ប៉ុន្តែដោយ​សា​មាន​និស្ស័យ​លើការ​ងារ​បោះ​ឆ្នោត​ ក៏សម្រេច​ចិត្ត​សុំ​ធ្វើការ​ក្រៅ​ម៉ោង​នៅ​គណៈ​កម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះឆ្នោត​វិញ ​។

លោក​បាន​ចូល​បម្រើការ​ងារ​ស៊ប់​ នៅ​ក្នុង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅក្នុង​ឆ្នាំ ​២០០១ ជា​មន្ត្រី​ពេញ​ម៉ោង ប៉ុន្តែលោក​មាន​ការងារ​មួយ​ទៀត នៅ​ក្រសួង​មហាផ្ទៃ ជា​សមាជិក​ក្រុម​ប្រឹក្សានីតិ​កម្ម នៅ​ពេល​ត្រឡប់​មក​ពី​ក្រសួង​រៀប​ចំដែន​ដីវិញ​។

ការ​ងារ​បោះបោះ​ឆ្នោត

​នៅពេល​ដែល​មាន​ការ​ធ្វើ​​កំណែ​ទម្រង់​ការ​បោះឆ្នោត​ និង​ការ​កែ​លម្អ​ច្បាប់​បោះ​ឆ្នោត គជប បាន​ធ្វើ​សមាហ​រណ​កម្ម​មន្ត្រី​កិច្ច​សន្យា​រយៈពេល​​វែង ឱ្យមក​ចូល​ក្របខ័ណ្ឌ​មន្ត្រីរាជ​ការ នៃ​លក្ខ​ខណ្ឌដោយ​ឡែក​ នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​ឆ្នាំ ​២០១៦។​

លោក​ក៏ត្រូវ​បាន​ធ្វើជា​មន្ត្រី​ពេញ​ក្រប​ខណ្ឌ​ចាប់​ពីពេល​នោះ​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​។ បើ​និយាយ​ពីបទ​ពិសោធ​ធ្វើការ​នៅ​ក្នុង​​ការ​បោះឆ្នោត​ របស់​លោក​ សោម សូរីដា មាន​រយៈ​ពេលជាង ២០ ឆ្នាំ​​។

សម្រាប់​ការងារ​បោះ​ឆ្នោត​ លោក​គឺជា​អ្នក​រៀបចំ ​សរសរ​នីតិវិធី ​និង​បទបញ្ជា​នៃការ​បោះឆ្នោត ជាពិសេសគោ​លការណ៍ទូ​ទៅនៃ​ ដំណើការ​រៀបចំ​ការ​បោះឆ្នោត​ ដោយ​ផ្អែក​ទៅ​លើ ច្បាប់​ស្តីពីការ​បោះ​ឆ្នោត​ដែល​មាន​ជាធរ​មាន។ ការ​រៀបចំ​នេះ ដើម្បី​ធ្វើ​យ៉ាង​ណា ​ឱ្យ​ការ​បោះឆ្នោត​នីមួយៗ ប្រព្រឹត្ត​ទៅដោយ​លូន និង​អនុលោម​តាម​ច្បាប់​ជាធរ​មាន​។

ក្នុង​ការ​ធ្វើកិច្ច​ការងារ​បោះ​ឆ្នោត​នេះ លោក​មិន​មាន​ការ​លំបាក​ទេ បើទោះ​ជា​ស្ថាប័ន​នេះ​ ជាអាជ្ញា​កណ្តាល របស់​គណ​បក្ស​នយោ​បាយ អង្គការ​សង្គ​មស៊ីវិល និង​សាធា​រណមតិ​ក៏ដោយ​ ព្រោះកិច្ចកា​រ​របស់​ គជប គឺកំណត់​ដោយ​ច្បាប់ ​និងធ្វើ​ទៅតា​មដំណាក់​កាល​នីមួយៗ។ អ្វីដែល​សំខាន់​បំផុត​ គឺមន្ត្រី​បោះ​ឆ្នោត ត្រូវ​តែគោរ​ព និង​អនុវត្ត​ទៅតាម​អ្វីដែល​មាន​កំណត់នៅ​ក្នុង​ច្បាប់។

ជាការ​ពិត ទោះបីមាន​ការ​ចោទ​ប្រកាន់​ថា​ ស្ថាប័ន​ គជប លម្អៀង​ ប៉ុន្តែ​លោក​សប្បាយ​ចិត្ត និង​មាន​ភាព​កក់ក្តៅក្នុង​ការអនុវត្ត​ស្រប​តាម ក្រប​ខណ្ឌ​ច្បាប់ និង​ត្រូវ​តែគោរ​ព និង​អនុវត្ត​ឱ្យ​បានចំពោះ​អ្វី​ដែល​មាន​ចែង និង​កំណត់ក្នុង​ច្បាប់​។​ ដូច្នេះ​ លោក​គ្មាន​អល់​អែកក្នុង​ការ​ធ្វើកិច្ចកា​រងារក្នុង​ស្ថាប័ន​ឯក​រាជ​នោះទេ​។

ទោះស​មាសភា​ព គជប មក​ពីគណ​បក្ស​នេះ ឬគណ​បក្សនោះ សម្រាប់​លោក​ គឺ​មិន​អាច​សម្លឹង​មើល​លើបុគ្គល​ម្នាក់​នោះទេ​ សំខាន់​ត្រូវ​មើល​ការ​អនុវត្ត​របស់ខ្លួន​ដោយ​យោង​ទៅលើ​ច្បាប់ ដែល​មាន​នៅក្នុងរដ្ឋ​ធម្មនុញ្ញចែ​ងអំពីតួនាទី​ និងភារ​កិច្ច​​របស់​ គជប​។

គជប​ មិនធ្វើទៅ​តាម​ការ​បង្គាប់​បញ្ជា​ពីបុគ្គល​ ឬស្ថាប័ន​ណាមួយ​នោះទេ។​ ម្យ៉ាង​រាល់​ការ​អនុម័ត​កិច្ច​ការងារ​ទូទៅ ដែល​អគ្គលេខា​ធិការ​ដ្ឋាន​ធ្វើ គឺផ្អែក​ទៅ​លើច្បាប់​ទាំង​អស់ និងការ​អនុវត្ត​ជាក់​ស្តែង​។

ជាអ្នក​នាំពាក្យ​ គជប

នៅ​ក្នុង​ឆ្នាំ ២០២២ នេះ គជប ​មានជំនឿទុ​កចិត្ត​ដល់​លោក​ ក៏បាន​ប្រគល់​តួនាទីមួ​យ​ទៀត​ ជាអ្នកនាំពាក្យ​ ដើម្បីផ្តល់ព័​ត៌មា​ន​ជូន​ដល់​សាធារណ​មតិ​តាម​រយៈ​បណ្តាញ​ព័ត៌នា​នាពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត។ ក្នុង​នាម​ជាអ្នក​នាំពាក្យ​ លោក ឆ្លើយ​ទៅអ្នកសារ​ព័ត៌មាន​ដោយ​មិន​ប្រកាន់​និន្នការ​ ឬ​ក៏រើស​អើង​ស្ថាប័ន​នោះទេ​។

ក្នុង​ការឆ្លើយ​តប​ទៅនឹង​សំណួរ​របស់​អ្នក​សារព័ត៌​មាន ទោះសំណួរ​នោះ​ចាក់​ដោត ឬមិន​ចាក់​ដោត​ ក៏ដោយ ​គឺលោក​តែ​ង​ឆ្លើយ​ក្នុង​ភាព​ទន់​ភ្លន់ និង​រួសរាយ​រាក់ទាក់​ ព្រោះលោក​ចាត់​ទុក​ថា ស្ថាប័ន​ព័ត៌មាន​ បាន​ជួយ​ច្រើន​ដល់​ដំណើការ​បោះឆ្នោត​​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជូន​ប្រជា​ពលរ​ដ្ឋ​ទូទៅ និ​ងមាន​តម្លៃ​សម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅ​។

ការ​ឆ្លើយ​តប​ដោយ​ភាព​ទន់​ភ្លន់​ទៅដល់​អ្នក​សារព័ត៌​មាននេះ លោកក៏ទទួ​ល​បាន​ការ​គោរព​ពីអ្នក​សារព័ត៌​មាន​មកវិ​ញ​ ដែល​នេះ គឺជា​ចំណុច​សំខាន់​ដែល​លោក​បាន​តាំង​ចិត្ត​ខ្ពស់ ទោះជា​សំណួរ​នោះ ពេញ​ចិត្តឆ្លើយ​ ឬមិន​ពេញចិត្ត​ក៏ដោយ គឺលោក​ត្រូវយក​គោល​ការណ៍​មកឆ្លើយ​ជាមួយ​អ្នក​សារព័ត៌​មាន ដោយ​មិន​យក​អារម្មណ៍​មក​ឆ្លើយ​នោះ​ទេ ដែល​ទាំង​អស់​នេះ បាន​ធ្វើឱ្យ​លោក​មាន​ទំនាក់​ទំនង​ល្អជា​មួយ​អ្នក​សារព័ត៌​មាន​​។

ភាព​ជោគ​ជ័យ​របស់​លោក សោម សូរីដា ដែល​បាន​មក​នេះ គឺការ​អនុវត្ត​ភាព​ជាក់​ស្តែង​ក្នុង​ការ​បម្រើការងារ​បោះ​ឆ្នោត ព្រោះ​គ្មាន​សាលា​ណាមួយ​បណ្តុះ​បណ្តាល​ពីការ​បោះ​ឆ្នោត​នោះទេ។

លោក​បានណែនាំ​ដល់ក្មេងៗ​ជំនាន់​​ក្រោយ​ មុននឹង​ឈាន​ដល់​កម្រិត​មួយ​ខ្ពស់​កំពូល ​វាគួរតែ​ចាប់​ផ្តើម​ពីខាងក្រោម​ ឱ្យវា​រឹង​មាំង​។

លោកនិយាយ​ថា៖​ «ភាព​ជោគ​ជ័យ​ក្នុង​ការ​ងារ មិន​មែនមាន​តែសញ្ញាបត្រ​មក​ពីសាលា​រៀន​ទេ​ ប៉ុន្តែ​ការ​អនុវត្តជាក់​ស្តែង នៅលើសម​រភូមិ​ការងារ​ គឺ​ជាកិច្ច​ការសំខាន់​បំផុត​ ដែល​កំណត់​ពី​ជោគជ័​យ ឬមិន​ជោគ​ជ័យ​»៕

វីដេអូ៖