ភ្នំពេញៈ ដោយសារ​តែ​មេរោគ​កូវីដ​ ១៩ អូមីក្រុង​បំប្លែង​ថ្មី​ប្រភេទ BA.4 និង​ BA.5 មាន​សមត្ថភាព​ឆ្លង​លឿន​ជាង​ពពួក​អូមីក្រុង​មុនៗ ដែល​វីរុស​ប្រភេទ​ថ្មី​នេះ​ក៏​ត្រូវបាន​រកឃើញ​មាន​ក្នុង​ប្រទេស​កម្ពុជា​ដែរនោះ ក្រសួង​សុខាភិបាល​បាន​អំពាវនាវ និង​ក្រើនរំឭក​ជាថ្មី​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការការពារ​ខ្លួន​ពី​ការឆ្លង​មេរោគ​នេះ​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ ​១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ (​គ.វ.ក​-១៩) បាន​បញ្ជាក់​នៅ​ថ្ងៃទី​ ១២ កក្កដា​ថា ប្រជាពលរដ្ឋ​មិន​ត្រូវ​មើលស្រាល​លើ​លទ្ធភាព​នៃ​ការវាយលុក​ក្នុង​សរីរាង្គកាយ​របស់​បុគ្គល​ឡើយ​។

ប្រទេស​កម្ពុជា​ក៏បាន​រកឃើញ​វីរុស​កូវីដ​ ១៩​ អូមីក្រុង​បំប្លែង​ថ្មី​ប្រភេទ​ BA.4 និង BA.5 នេះដែរ ហើយ​ការរកឃើញ​នេះ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី​ ២៨ ខែ​មិថុនា រហូត​មក​ដល់​បច្ចុប្បន្ន​។

លោកស្រី ឱ វណ្ណឌីន ថ្លែងថា​៖ «​តាម​ការបញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក យើង​មិន​ត្រូវ​មើលស្រាល​លើ​លទ្ធភាព​នៃ​ការវាយលុក​ចូលក្នុង​សរីរាង្គកាយ​របស់​បុគ្គល ជាពិសេស​ទោះបី​ជា​ស្ថានភាព​នៃ​ការកើតឡើង ឬ​ឆ្លង​ក្នុងពេល​ថ្មីៗ​នេះ​ហាក់​មាន​ស្ថានភាព​ស្រាល​ក៏ដោយ តែ​ដាច់ខាត​មិនត្រូវ​មើលរំលង​ពពួក​ប្រភេទ​ថ្មី BA.4 និង BA.5 នេះឡើយ​»​។

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី ​១២ កក្កដា ក៏​បានចេញ​សេចក្តី​ណែនាំ​ក្រើនរំឭក​ពី​ការការពារ​ការចម្លង​វីរុស​កូវីដ​ ១៩​ នេះ​ផងដែរ ដោយ​ក្រសួង​បាន​លើកឡើង​ថា ករណី​អ្នកជំងឺ​កូវីដ​ ១៩ ត្រូវបាន​រកឃើញ ជា​រៀងរាល់​ថ្ងៃ ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា ស្ថានភាព​ឆ្លង​នៃ​វីរុស​កូវីដ​ ១៩​ នៅ​ប្រទេស​កម្ពុជា​មាន​ការកើត​សា​ឡើងវិញ​។

ក្រសួង​បញ្ជាក់​ថា ការ​ចរាចរ​នៃ​ពពួក​អូមីក្រុង​បំប្លែង​ថ្មី​ BA.4 និង​ BA.5 មាន​សមត្ថភាព​ឆ្លង​លឿន​ជាង​ពពួក​អូមីក្រុង​មុនៗ ដូចជា​ប្រភេទ BA.1 និង BA.2 ជាដើម នាំឱ្យ​មាន​កំណើន​ឡើង​នូវ​ចំនួន​ករណី​ឆ្លង​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​តំបន់ និង​លើ​សកលលោក​។

លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ដោយ​ទទូច និង​ក្រើនរំឭក​ដល់​សាធារណជន បុគ្គល គ្រួសារ និង សហគមន៍ ស្ថាប័ន​ពាក់ព័ន្ធ អង្គភាព​នានា អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ និង​សេវា​ឯកជន​ទាំងអស់​ត្រូវ​រួម​សាមគ្គី​គ្នា​ជំរុញ​បង្កើន​ការប្រុងប្រយ័ត្ន​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​។

លោក​បញ្ជាក់ថា​៖ «​ត្រូវ​ប្រុងប្រយ័ត្ន ដោយ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​គ្រប់ៗ​គ្នា ដើម្បី​ការពារ​ពី​ការចម្លង​វីរុស​កូវីដ​ ១៩ ​សំដៅ​ការពារ​សុខភាព ផ្ទាល់ខ្លួន ក្រុមគ្រួសារ​ខ្លួន និង​នៅ​ទីកន្លែង​ធ្វើការ​របស់ខ្លួន​ផងដែរ​»​។

ដើម្បី​បញ្ចៀស​នូវ​ការរីករាលដាល ការឆ្លង​វីរុស​កូវីដ​ ១៩ ​ដ៏​ធ្ងន់ធ្ងរ​ទៅក្នុង​សហគមន៍ គ្រួសារ និង​ស្ថាប័ន​នានា​ដែល​អាច​កើតមាន​ជាយ​ថាហេតុ ប្រជាជន​ទាំងអស់​ត្រូវ​នាំគ្នា​បន្ត​អនុវត្ត​វិធានការ​ «៣ ​ការពារ និង​ ៣ ​កុំ​» ​ព្រមទាំង​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ទាំង​ដូស​មូលដ្ឋាន និង​ដូស​ជំរុញ​ (​ដូស​ទី ​៣ ទី​ ៤ និង​ទី​ ៥) ​ជា​ចាំបាច់​។

ចំពោះ​អ្នក​ជំងឺឆ្លង​អូមីក្រុង​បំប្លែង ថ្មី BA.4 និង ​BA.5 មាន​រោគសញ្ញា​មិន​ខុស​ប្លែក​គ្នា​ពី​ប្រភេទ​វីរុស​កូវីដ ​១៩ ជំនាន់​មុនៗ​នោះទេ ដែល​រោគសញ្ញា មានដូចជា ក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរ​សំបោរ មាន​ភាព​ស្រដៀង​ទៅនឹង​ជំងឺ​ផ្តាសាយ ធម្មតា​។ នេះ​បើតាម​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា​៖ «​អ្នកជំងឺ​ដែល​បាន​ឆ្លង​ជំងឺ​នេះហើយ​បានជា​សះស្បើយ​រួចហើយ ក៏មាន​បន្ត​នៅ​សេសសល់​ផលប៉ះពាល់​សុខភាព​មួយចំនួន​ទៀត​ក្នុង​រយៈពេល​យូរអង្វែង​ដែល​គេ​មិនអាច​កំណត់​បាន ដូចជា​អស់​កម្លាំង​ខ្លាំង ឈឺក្បាល សម្រាន្ត​មិន​លក់ មាន​ផលប៉ះពាល់​ទៅលើ​សាច់ដុំ ឬ​ប៉ះពាល់​លើ​សរីរាង្គ​ផ្សេងៗ​ទៀត​»​។

វិធានការ​ការពារ​របស់​រដ្ឋាភិបាល «៣ ​ការពារ និង​ ៣ ​កុំ​» រួមមាន ពាក់​ម៉ាស់ លាងដៃ​ឱ្យ​ញឹកញាប់​ជាមួយ​សាប៊ូ​ ឬ​អាល់កុល និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពី​ ១​ ម៉ែត្រ​កន្លះ​ឡើង​។ ចំណែក​វិធានការ ៣ ​កុំ មាន កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ​។ កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល​ប្រើ​ម៉ាស៊ីន​ត្រជាក់​ច្រើនពេក និង​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់​ដៃ​គ្នា កុំ​កៀក​ស្មា​គ្នា​ជាដើម​៕