
ស្ថានភាពទឹកជំនន់ជន់លិចផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីថ្ងៃម្សិលមិញ។ រូបថត ក្រសួងព័ត៌មាន
ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុប្រកាសផ្អាកចរាចរណ៍បណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ដោយមិនអាចអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ទីតាំងនោះបានទៀតទេ ចាប់ពីម៉ោង ១៧ ល្ងាចថ្ងៃទី ១២ ខែកក្កដា តទៅរហូតដល់មានការជូនដំណឹងជាថ្មី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុនៅល្ងាចថ្ងៃទី ១២ ខែកក្កដា បានឱ្យដឹងថា នៅម៉ោង ១៦:១៥ នាទីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ កម្រិតជំនន់ទឹកភ្លៀងបានកើនឡើងជាលំដាប់ ហើយបានជន់លិចទាំងស្រុងកំណាត់ផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ស្ថានភាពបែបនេះមិនអាចអនុញ្ញាឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ទីតាំងនោះបានទៀតទេ។
ក្នុងលិខិតបញ្ជាក់ថា៖ «សូមធ្វើការផ្អាកចរាចរណ៍បណ្តោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទត្រង់ចំណុចគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរ បាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចាប់ពីម៉ោង ១៧:០០ នាទីល្ងាចថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ នេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី» ។
រដ្ឋបាលខេត្តនេះបញ្ជាក់ទៀតថា ការផ្អាកនេះដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងដើម្បីថែរក្សាគុណភាពផ្លូវ ស្ពាន កុំឱ្យមានការបាក់ស្រុតធានាប្រើប្រាស់បានយូរអង្វែង។
ក្នុងករណីពលរដ្ឋម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជន មានបំណងធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ទៅមកខេត្តព្រះសីហនុសូមធ្វើដំណើរវាងតាមផ្លូវជាតិលេខ ៣ វិញ។
នៅមុនពេលប្រកាសបិទចរាចរណ៍ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុប្រាប់ថា សមត្ថកិច្ចបានចុះទៅសម្រួលចរាចរណ៍នៅលើកំណាត់ផ្លូវដែលលិចទឹកដោយគិតត្រឹមម៉ោង ១៤ និង ៣០ នាទី ថ្ងៃទី ១២ ខែកក្កដា ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោងបានហក់ឡើងដល់កម្ពស់ ៥,៦០ ម៉ែត្រពីបាតស្ទឹង។ លោកថា បើភ្លៀងនៅតែបន្តធ្លាក់នៅរសៀលថ្ងៃនេះ កម្ពស់ទឹកអាចនឹងហក់ឡើងដល់កម្រិតប្រកាសអាសន្ន កម្ពស់ ៦,២ ម៉ែត្រនឹងលិចលើផ្លូវជាតិលេខ ៤ តែម្ដង។
លោក ភារម្យ បានឱ្យដឹងទៀតថា នៅរសៀលថ្ងៃដដែលនោះ គណៈបញ្ជាការឯកភាពស្រុកកំពង់សីលាបានដឹកនាំកម្លាំងចុះពិនិត្យនឹងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះ ដោយសារស្ថានភាពគ្រោះទឹកជំនន់បង្កឱ្យមានផលប៉ះពាល់ដល់ការរស់នៅ និងដំណាំរបស់ប្រជាពលរដ្ឋសរុបចំនួន ៤២ គ្រួសារនៅក្នុងភូមិក្រាំងអាត់ (ចំណុចក្រាំងអាត់ចាស់) ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
តាមរយៈហ្វេសប៊ុករបស់លោកលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី ១២ ខែកក្កដា ក៏បានជូនដំណឹងដល់ពលរដ្ឋក៏ដូចសាធារណជនទាំងអស់ឱ្យជ្រាបថា នៅម៉ោង ៤ រសៀល ថ្ងៃទី ១២ ខែ កក្កដា ទឹកបានហូរកាត់ផ្លូវជាតិ លេខ ៤ ត្រង់ចំណុចគីឡូម៉ែត្រ លេខ ១១៦-១១៧ ប្រសិនបើមានបំណងប្រើប្រាស់ផ្លូវជាតិលេខ ៤ សូមបង្វែរទិសទៅតាមផ្លូវជាតិលេខ ៣ វិញផងដែរ។
លោក ហេង សុភណ្ឌរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ ថ្លែងនៅថ្ងៃទី ១២ កក្កដាថា គិតត្រឹមម៉ោង ១៥ និង ៣០ នាទីរសៀលថ្ងៃទី ១២ ខែកក្កដា កម្ពស់ទឹកនៅស្ពានស្ទឹងសំរោងឡើងដល់ ៥,៧០ ម៉ែត្រ ដែលមានទឹកហូរកាត់ផ្លូវជាតិលេខ ៤ ត្រង់ទំនាបខណៈស្ថានភាពទឹកនៅតែបន្តកើនឡើង។ លោកថា៖ «យើងកំពុងតាមដានមើលស្ថានភាពទឹករហូត បើដល់ ៦,២ ម៉ែត្រ យើងនឹងសុំគោលការណ៍ទៅឯកឧត្តម អភិបាលខេត្ត ដើម្បីបិទផ្លូវបណ្តោះអាសន្ន» ។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី ១២ កក្កដាបានឱ្យដឹងថា ១ សប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់គឺចាប់ពីថ្ងៃទី ១៣-១៤ កក្កដា ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មនៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅខ្លាំង ហើយចាប់ពីថ្ងៃទី ១៥-១៩ កក្កដា ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងក្នុងកម្រិតពីខ្សោយទៅមធ្យម ដែលនឹងធ្វើឱ្យតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាបអាចនឹងមានភ្លៀងពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ចំណែកតំបន់មាត់សមុទ្រអាចមានភ្លៀងពីមធ្យមទៅច្រើនដែលអាចបង្កជាជំនន់ទឹកភ្លៀងនៅផ្នែកខ្លះក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ។ រីឯនៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ហើយនៅថ្ងៃទី ១៥-១៩ កក្កដានឹងអាចមានភ្លៀងពីតិចទៅមធ្យម ។
ដោយឡែកមន្ទីរធនធានទឹក និងឧតុនិយម ខេត្តមណ្ឌលគិរី សរសេរលើហ្វេសប៊ុកនៅថ្ងៃទី ១១ កក្កដាថា ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នា ៣ ថ្ងៃកន្លងមកបានធ្វើឱ្យទឹកតាមអូរធម្មជាតិក្នុងភូមិអូររណារ ឃុំស្រែក្ទម្ព ស្រុកកែវសីមា មានជំនន់ទឹកភ្លៀងលិចចូលផ្ទះពលរដ្ឋ ១៧ ខ្នងផ្ទះ លិចហូរលើផ្លូវលំប្រវែង ១៥០ ម៉ែត្រ ប៉ុន្តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងសត្វឡើយ ។
យ៉ាងណា លោក ជាក់ ម៉េងហ៊ាង អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១២ កក្កដាថា ជំនន់ទឹកភ្លៀងនៅទីនោះបានស្រកអស់ហើយ ព្រោះទឹកឡើងតែរយៈពេលខ្លីដោយកម្សួលទឹកប៉ុណ្ណោះ៕