ភ្នំពេញ: អង្គុយ​សំកុក​លើ​ស៊ីក្លូ​គ្រប​ថង់កៅស៊ូ​ពណ៌​ស​បាំង​ទឹកភ្លៀង​កំពុង​បង្អុរ​ស្រិចៗ លោក ឆឹង សំអុល មិន​រំពឹង​នឹង​ថា​មាន​ភ្ញៀវ​មក​ជិះ​ស៊ីក្លូ​របស់​លោក​ទៀតឡើយ ដូច្នេះ​មាន​ន័យថា ពេញ​ ១ ​ថ្ងៃ​អាទិត្យ​ទី​ ១០ ខែ​កក្កដា លោក​ទទួល​បាន​ចំណូល​​តែ ៦ ០០០ ​រៀល ជាមួយ​ការដឹក​ភ្ញៀវ​បាន​ ២​ នាក់​ប៉ុណ្ណោះ​។

លោក សំអុល អាយុ ៧០ ​ឆ្នាំ​បាន​និយាយ​ថា​៖ «​ថ្ងៃនេះ​បាន​លុយ​តែ ៦ ០០០ ​រៀល​ទេ​ក្មួយ ត្រឹម​ ២ ​ម៉ូយ​តាំងពី​ព្រឹក​រហូតដល់​ល្ងាច​។ រាល់ថ្ងៃនេះ សល់​ម៉ូយ​តែ​នៅតាម​ផ្សារ​ប៉ុណ្ណោះ តែ​រក​មិន​បានទេ​»​។

ធ្លាប់​តែមាន​ភ្ញៀវទេសចរ​ដឹក​ស្ទើរ​រាល់ថ្ងៃ​រហូត​ដល់​អស់​ភ្ញៀវ​រលីង​អំឡុងពេល​បិទ​ខ្ទប់ ចំណូល​ធ្លាក់​ដល់​សូន្យ ដែល​រស់​ដោយសារ​អំណោយ​សប្បុរសធម៌ បច្ចុប្បន្ន​នេះ អ៊ំ សំអុល អាច​បន្ដ​ដឹក​ភ្ញៀវ​បាន​តិចតួច និង​កំពុង​ទន្ទឹង​រង់ចាំ​វត្ដមាន​ភ្ញៀវទេសចរ​ត្រឡប់​វិញ​។

លោក​បានឱ្យ​ដឹងថា​៖ «​ខ្ញុំ​រត់​ស៊ីក្លូ​នេះ​ ២០​ ឆ្នាំ​ហើយ​។ ​តាំងពី​កូវីដ​មក​ខ្ញុំ​កាន់តែ​ជួប​ការលំបាក​ខ្លាំង​។ ​កាល​មុន​កូវីដ ឧស្សាហ៍​មាន​ភ្ញៀវទេសចរ​ខាង​បារាំង​មក​ជិះ​។ ​ដល់​កូវីដ​មក អត់​មាន​ភ្ញៀវ​ដឹក ហើយ​ឥឡូវ​មាន​តិចៗ ជួនណា ​១ ​ខែ បាន​ដឹក​ម្ដង ឬ​ ២ ​ដង​។ ម្ដង​ជួន​អី​បាន ១៥ ០០០ ​រៀល​ហើយ​ពេលខ្លះ​ភ្ញៀវ​ឱ្យ​ធីប​ក្រៅ​អ៊ីចឹងទៅ​»​។

បុរស​មកពី​ស្វាយរៀង​រូបនេះ​និយាយ​ថា ៦ ០០០ ​រៀល ហូប​បាយ​មិន​គ្រាន់​ទេ តែ​ជួនកាល​​មាន​គេ​ចែក​បាយ​ឱ្យ​ហូប​ដែល​បាន​មកពី​សប្បុរសជន​ផ្សេងៗ​។

លោក សំអុល ដែល​យក​ទី​ចំណតរថយន្ដ​មុខ​វត្ដ​ឧណ្ណាលោម​ជា​ផ្ទះ យក​ស៊ីក្លូ​ជា​គ្រែពូក និង​បង្គន់​សាធារណៈ​នៅ​វាល​ព្រះមេរុ​ជា​បន្ទប់ទឹក​ជម្រះ​កាយ​បាន​បន្ដថា​៖ «​ថ្ងៃ​ខ្លះ ជួន​បាន​ឡើងដល់​ ១ ​ម៉ឺន​រៀល​អ៊ីចឹង​ហើយ តែ​ថ្ងៃ​ខ្លះ​អត់ គឺ​អស់​សោះតែ​ម្ដង​។ ភាគតិច​ណាស់ គេ​មាន​​ម៉ូយ​ដឹក​ជាប្រចាំ​»​។

លោក សំអុល ដែល​គ្រួសារ​របស់​លោក​ធ្វើការ​នៅ​រោងចក្រ​ក្នុង​ក្រុង​បាវិត​បាន​បន្ដថា​៖ «​ខ្ញុំ​កម្រ​មាន​សល់​លុយ​ផ្ញើ​ទៅ​អ្នក​ផ្ទះ​ណាស់​។ ​ជួន​អី​ ១ ​ខែ​បាន​លុយ​ផ្ញើ​ប្រពន្ធ​ ៧ ​ម៉ឺន​-៨ ​ម៉ឺន​រៀល​»​។

ជាមួយនឹង​វិបត្ដិ​កូវីដ ដែល​ស៊ីក្លូ​ស្ទើរតែ​លែង​វិល​កង់ ប្រធាន​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ CCCA លោក អ៊ីម សម្បត្ដិ បាន​ឱ្យ​ដឹងថា ចំនួន​អ្នក​ធាក់ស៊ីក្លូ​ធ្លាក់ចុះ​តិចតួច ដោយ​អ្នកមាន​កម្លាំង​ប្ដូរ​របរ​ទៅ​ធ្វើ​កម្មករ​សំណង់​។

លោក​បាន​ថ្លែងថា ចំនួន​អ្នក​ប្រកបរបរ​ធាក់​ស៊ីក្លូ​នៅត្រឹម​រង្វង់ ២៨០ ​នាក់​។ ពួកគាត់​ប្រមាណ​ ៥ ​ភាគរយ​បាន​ផ្អាក និង​ចាប់​របរ​ជា​កម្មករ​សំណង់​អំឡុង​មាន​កូវីដ​។

លោក សម្បត្ដិ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​មុន​សម័យ​កូវីដ ពួកគាត់​មាន​ប្រហែល ៣០០ ​នាក់ ដែលមាន​ការធ្លាក់ចុះ​តិចតួច​។ ចំណោម​ ២៨០ ​នាក់ នាពេល​បច្ចុប្បន្ន​នេះ ពួកគាត់​មិន​ស្ថិតនៅ​ភ្នំពេញ​ទាំងអស់​នោះទេ ពួកគាត់​មាន​ចំនួន​ថេរ​នៅ​ភ្នំពេញ​ប្រហែល ២២០ ​នាក់ ខណៈ​អ្នក​ផ្សេងទៀត​ធ្វើការ​ផ្លាស់ប្ដូរ​រវាង​ស្រុក​កំណើត និង​ការងារ​នៅ​ភ្នំពេញ ដោយសារ​ពួកគាត់​ទៅធ្វើ​ស្រែ​»​។

លោក អុក ម៉ៅ អាយុ​ ៥៣​ ឆ្នាំ​ជា​អ្នកស្រុក​កំពង់ត្របែក ខេត្ដ​ព្រៃវែង​ដែល​ប្រកបរបរ​ធាក់​ស៊ីក្លូ​តាំងពី​ឆ្នាំ​ ១៩៨៧ បាន​អះអាង​ថា ជំនាន់​នោះ ចាយលុយ​ក្រដាស​ ១ ​រៀល ​២ ​រៀល និង​ ៥​ កាក់ លោក​រកលុយ​បាន​ច្រើន ព្រោះ​វា​មានការ​ពេញនិយម​ខ្លាំង​។

ដោយ​ទើប​ដក​ដៃ​ពី​ស្រែចម្ការ​ក្រោយ​លោក​បាន​ព្រោះ​សំណាប​​រួច និង​ទុក​សត្វ​ចិញ្ចឹម​ឱ្យ​យាយ​មើលថែ លោក ម៉ៅ ក៏​ឡើង​មក​ធាក់​ស៊ីក្លូ​នៅ​ភ្នំពេញ ហើយនឹង​វិល​ទៅ​ស្រុក​វិញ​ក្នុង​រដូវ​ច្រូតកាត់​ក្នុង​ខែតុលា ឬ​វិច្ឆិកា​។

លោក​ ម៉ៅ ដែល​មិន​ខុសពី​លោក សំអុល ដោយ​រក​ចំណូល​ ១​ ថ្ងៃ​ត្រឹម​ ៥ ០០០​ រៀល​បាន​ប្រាប់ថា​៖ «​ពេល​ច្រូតកាត់​រួចរាល់ ខ្ញុំ​ត្រឡប់មក​ភ្នំពេញ​វិញ​។ ប៉ុន្ដែ​ឥឡូវនេះ​រកលុយ​តែ​ ១០ ​ម៉ឺន​រៀល​ផ្ញើ​យាយ​មិនបាន​ផង​»​។

បុរស​សក់ស្កូវ​សក្បុស​ដែល​សម្រាក​នៅ​ខាង​ផ្សារ​អូរឫស្សី​ជាមួយ​ក្រុម​អ្នក​ធាក់ស៊ីក្លូ​ដទៃទៀត​បាន​អះអាង​ថា​៖ «​មែនទែន​ទៅ នៅ​មុន​កូវីដ ក៏​យើង​រកបាន​ដែរ ដោយសារ​យើង​បាន​ដឹក​ភ្ញៀវទេសចរ​រាល់ថ្ងៃ ជួន​អី ​១​ ថ្ងៃ​ ២-៣ ​ជើង​អី​។ ឥឡូវ​មាន​​ភ្ញៀវ​បន្ដិច​ឡើងវិញ​ ១ ​ខែ​ ២ ​ខែ​អី ទើប​មាន​ម្ដង​»​។

អំឡុងពេល​អ្នក​ធាក់ស៊ីក្លូ និង​អ្នករស់នៅ​តាម​ចិញ្ចឹម​ផ្លូវ​ជួប​ការលំបាក​បំផុត គម្រោង Local4Local បាន​ចាប់បដិសន្ធិ​ក្នុង​ខែមេសា ឆ្នាំ​ ២០២១ ជាមួយ​បេសកកម្ម​ផ្ដល់​ស្បៀង​ដល់​ជន​ក្រីក្រ​ក្នុងពេល​បិទខ្ទប់​។

អ្នកធាក់ស៊ីក្លូដឹកភ្ញៀវទេសចរកម្សាន្តនៅរាជធានីភ្នំពេញ​ កាលពីឆ្នាំ ២០១៩។ហេង ជីវ័ន

លោក សម្បត្ដិ បានឱ្យដឹងថា តាំងពី​មាន​ការបិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​មក​គម្រោង Local4Local បាន​ជួយ​ច្រើន មិន​ត្រឹមតែ​ក្រុម​អ្នក​ធាក់ស៊ីក្លូ​ទេ ប៉ុន្ដែ​អ្នក​រស់នៅ​តាម​ដងផ្លូវ ជាពិសេស អ្នក​រើស​អេតចាយ និង​អ្នកសុំទាន​។ គម្រោង​នេះ​បាន​ធ្វើ​អំណោយ​ជា​ឧបភោគ​បរិភោគ​ទៅដល់​អ្នក​នៅតាម​ដងផ្លូវ​។

លោក​ប្រាប់ថា​៖ «​នៅពេល​យើង​ចុះ​ចែក យើង​មិនមែន​ចែក​តែ​ក្រុម​អ្នកធាក់​ស៊ីក្លូ​ទេ យើង​ក៏​ចែក​អ្នកដើរ​តាមផ្លូវ អ្នករត់​ម៉ូតូឌុប អ្នក​សុំទាន ជនអនាថា​។ ...​យើង​ចែក​បាយ និង​ម្ហូប​រង្វង់ ៣០០ ​កញ្ចប់​រៀងរាល់​ថ្ងៃ​»​។

ការចែក​បាយ​កញ្ចប់​ត្រូវបាន​បន្ថយ​មក​ត្រឹម ១០០ ​កញ្ចប់ ពេល​លែង​មាន​ការបិទ​ខ្ទប់​រហូត​ដល់​ខែមិថុនា ឆ្នាំ​ ២០២២ ទើប Local4Local ប្ដូរ​ទិសដៅ​មកជា​ការដាក់​ធុង​សហគមន៍​ស៊ីក្លូ សម្ពោធ​ក្រោម​ពាក្យស្លោក​ «​អ្នកមាន​ដាក់ អ្នក​ខ្វះ​ដក​» ​ដោយសារ​ជំនួយ​ខ្សត់ខ្សោយ​។

ធុង​សហគមន៍​ស៊ីក្លូ​នៅ​បន្ដ​ចែកចាយ​តាម​គោលដៅ​ចំនួន ១០ ដូចជា បឹងកេងកង ផ្សារ​ទួលទំពូង ផ្សារ​ដេប៉ូ ផ្សារ​ថ្មី រង្វង់មូល​ក្ដាន់​ ២ និង​ជ្រោយចង្វារ​ជាដើម តែ​ត្រូវបាន​បន្ថយ​ពី​ការធ្វើ​ដំណើរ​ ២ ​ដង​ក្នុង​ ១ ​ថ្ងៃ​មក​ត្រឹម​ ១ ​ដង នៅពេល​ល្ងាច​ចន្លោះ​ម៉ោង​ ៤ និង​ ៥ ​ល្ងាច​។

លោក​ថា​៖ «​យើង​មិនសូវ​ទទួល​បាន​ការបរិច្ចាគ​ទេ​ឥឡូវនេះ​។ ជួនកាល ១ ​ខែ តាំងពី​ខែ​ ៥ ខែ ​៦ យើង​ទទួល​បាន​ការបរិច្ចាគ​ពី​​សប្បុរសជន​បន្ដិចបន្ដួច​ដែល​អាច​ចែក​បាន​ ២ ​ថ្ងៃ​។ នៅពេល​អស់​ស្បៀង​ចែក ខាង Local4Local របស់​ប្អូន ហាវ ជា​អ្នក​ទិញ​ដាក់​...​ហើយ​ខ្ញុំ​ជា​អ្នក​អនុវត្ដ​គម្រោង​នេះ​»​។

ប្រធាន​ CCCA ​បាន​លើកឡើង​​ថា បើ​វិស័យ​ទេសចរណ៍​ស្ទុះ​ងើបឡើង​វិញ លោក​គិតថា អ្នក​ប្រកបរបរ​ធាក់​ស៊ីក្លូ​អាច​រក្សា​ចំនួន​ថេរ ឬក៏​ថយ​តិចតួច​។

លោក​យល់ឃើញ​ថា ដាច់​ឆ្នាំ​ ២០២២ ​នេះ ពួកគាត់​អាច​មាន​ភ្ញៀវ​ដឹក​ច្រើន​ឡើងវិញ​។ ប៉ុន្ដែ​វា​អាស្រ័យ​លើ​ភាព​ជាក់ស្ដែង​របស់​កូវីដ​ផងដែរ​។

លោក​ សម្បត្ដិ បានឱ្យ​ដឹងថា​៖ «​សព្វថ្ងៃនេះ ជួនកាល ១ ​អាទិត្យ មាន​ភ្ញៀវទេសចរ​ជិះ ២-៣ ​នាក់​អី ដែល​ខុស​ឆ្ងាយ​ពី​សម័យមុន​កូវីដ ដោយ​តិច​ ឬ​ច្រើន ពួកគាត់​​បាន​ដឹក​ភ្ញៀវទេសចរ​រាល់ថ្ងៃ​»​។

លោក​បញ្ជាក់ថា ក្នុងចំណោម ២៨០ ​នាក់ ពួកគាត់​ពី​ ៧៥ ទៅ ៨០​ ភាគរយ ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​ជាជាង​ការដឹក​ភ្ញៀវ​ក្នុងស្រុក​។

លោក​បន្ដថា​៖ «​ពួកគាត់​ភាគច្រើន​អាយុ​ច្រើន​ចន្លោះ​ពី​ជាង ៥០ ​ទៅ​ ៧០​ ឆ្នាំ គ្មាន​របរ​អ្វី​ទីពឹង​ក្រៅពី​បន្ដ​ធាក់​ស៊ីក្លូ ខណៈ​អ្នក​មាន​កម្លាំង​អាច​ប្ដូរ​ទៅ​ធ្វើជា​កម្មករ​សំណង់​»​។

ពេល​ចំណូល​ធ្លាក់​ស្ទើរតែ​គ្មាន​​ប្រាក់​ទិញ​បាយ​ហូប ដោយ​រំពឹង​លើ​សប្បុរសជន លោក ឆឹង សំអុល នឹក​គិតថា តើ​ត្រូវ​រក​អ្វី បើ​គ្មាន​ធនធាន គ្មាន​ចំណេះវិជ្ជា ហើយ​បែរមក​ដីស្រែ មាន​តិចតួច​។

សញ្ញា​សួរ​មាន​ពេញ​លើ​ក្បាល​របស់​លោក​នៅពេល​បុរស​វ័យ ៧០ ​ឆ្នាំ​រូបនេះ ចេះតែ​អង្គុយ​លើ​កែបកង់​ខ្ពស់ ធាក់​ដឹក​ភ្ញៀវ​ដែល​អង្គុយ​កៅអី​ពូក​ខាង​មុខ​ជាច្រើន​ទសវត្សរ៍​។

អ្នកប្រកបរបរធាក់ស៊ីក្លូ អង្គុយរង់ចាំភ្ញៀវនៅផ្សារកណ្ដាល កាលពីឆ្នាំ ២០១៩។ហេង ជីវ័ន

បើទោះបី​ខ្លួន​ចាស់ជរា និង​មើលឃើញ​ប្រជាប្រិយភាព​រ៉ឺម៉ក​ឥណ្ឌា​ក្ដី ក៏​លោក​នៅតែ​បន្ដ​ខំ​ធាក់​ស៊ីក្លូ​ឱ្យតែ​មាន​ម៉ូយ​ជិះ ដោយសារ​លោក​ខ្វះ​លទ្ធភាព​ក្នុង​ការទិញ​រ៉ឺម៉ក​នឹង​គេ​។

លោក ​សំអុល ដែល​ធាក់​ស៊ីក្លូ​ក្នុង​ប្លុក​ផ្សារកណ្ដាល និង​ផ្សារ​ចាស់ រួចមក​សំចត​នៅមុខ​វត្ដ​ឧណ្ណាលោម រូបនេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​គ្មាន​លទ្ធភាព​​ទិញ​រ៉ឺម៉ក​ឥណ្ឌា​នោះទេ​ក្មួយ​។ អត់​មាន​លុយ​ទិញ​ទេ​»​។

លោក សំអុល ថា លោក​នឹង​នៅតែ​បន្ដ​ធាក់​ស៊ីក្លូ​ចិញ្ចឹម​ជីវិត​រហូតដល់​លោក​ធាក់​ឈ្នាន់​ស៊ីក្លូ​លែង​ទៅមុខ​។

ស្ថាបនិក​គម្រោង Local4Local ដែល​កំពុង​សិក្សា​នៅ​​បរទេស លោក តាំង ហួងហាវ បាន​ឱ្យដឹងថា គម្រោង​របស់​លោក​នៅតែ​បន្ដ​ជួយ​ដល់​អ្នក​ធាក់​ស៊ីក្លូ និង​ជនក្រីក្រ​រស់​នៅក្នុង​រាជធានី​ភ្នំពេញ​។

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ធុង​សហគមន៍​ស៊ីក្លូ នៅតែ​ដំណើរការ​ចែកចាយ​សម្ភារ​រាល់ថ្ងៃ​។

យើង​បាននិង​កំពុង​ជួយ​ដល់​​អ្នក​ប្រកបរបរ​ធាក់​ស៊ីក្លូ​ ដើម្បី​ឱ្យ​បាន​ទទួល​ភ្ញៀវទេសចរ​តាមរយៈ​ការគាំទ្រ​ពី​ក្រុម​ស្ម័គ្រចិត្ដ Local4Local»៕