ភ្នំពេញៈ​ ក្នុង​ ១ ឆ្នាំៗ​មាន​ផលិត​ផល​ក្លែង​ក្លាយ​ប្រមា​ណ​ជាង ​១​ ពាន់​តោន​ ត្រូវបាន​រក​ឃើញ​និង​អនុវត្ត​នីតិវិធី​ច្បាប់​ដោយ​មន្ត្រី​អគ្គ​នាយក​ដ្ឋាន​ការពារ​អ្នក​ប្រើ​ប្រាស់​កិច្ចការ​ប្រកួត​ប្រជែង​ និង​បង្ក្រាប​ការ​ក្លែង​បន្លំ (​ក​.ប​.ប​.)​។ ផលិត​ផល​ទាំង​នោះ​មាន​ដូចជា​ផលិតផល​ប្រើ​ប្រាស់ ម្ហូប​អាហារ​ និង​ភេសជ្ជៈ​ជា​ដើម ​ដែល​អាច​ប៉ះ​ពាល់​ដល់​រាងកា​យ និងសុខ​ភាព​អ្នក​ប្រើ​ប្រាស់​។

ដើម្បី​ទប់​ស្កាត់​និង​កាត់​បន្ថយ​ការ​ចរាចរ​ផលិត​ផល​ទាំង​នោះ​លើ​ទីផ្សារក្រៅពី​ការអ​នុវត្ត​ច្បាប់​ជាប្រចាំ​ មន្ត្រី​ជំនាញ​នៃ ក​.​ប​.​ប​. ក៏បាន​ធ្វើការ​ផ្សព្វ​ផ្សាយ​ជា​បន្ត​បន្ទា​ប់ពី​ផលប៉ះ​ពាល់​ដោយ​ការប្រើប្រា​ស់​ផលិ​តផល​ក្លែងក្លាយ​ ទៅដល់​អាជីវករ​ និង​អ្នកប្រើប្រា​ស់​ផង​ដែរ​។

​ការ​ផ្សព្វ​ផ្សាយ​ត្រូវបាន​ធ្វើឡើង​ជាច្រើន​រូប​ភាព​មាន​ដូចជា​៖ ការរៀបចំ​ជា​ខ្លឹមសារ​អត្ថបទឬ​វីដេអូ​ឃ្លីប​ខ្លីៗផ្សព្វ​ផ្សាយ​នៅក្នុង​ហ្វេ​ស​ប៊ុក និង​វេប​សាយ​ផ្លួ​វ​ការ​របស់​អគ្គ​នាយក​ដ្ឋាន ក​.ប​.ប​. ការរៀបចំ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​ដល់​អាជីវក​រផលិតក​រនិង​អ្នក​ប្រើប្រាស់​ ការផ្សព្វ​ផ្សាយ​ដោយ​ផ្ទាល់​ដោយ​មន្ត្រី ក​.​ប​.​ប​. នៅ​តាម​បណ្តា​សិប្បកម្ម​ផលិត ​អគារ​លក់​ទំនិញ​ ផ្សារ​ទំនើប​និង​ផ្សារ​មិន​រៀប​រយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ជា​ដើម​។​

​លោក​ ផាន​ អូន ​អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋាន​ការពារ​អ្នកប្រើ​ប្រាស់ កិច្ច​ការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ បាន​ឲ្យ​ដឹងថា ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ពលរដ្ឋ​យល់​ដឹង​និង​ការ​បង្ក្រាប​ផលិត​ផល​ក្លែង​ក្លាយ​ គឺជា​តួនាទី​និង​ភារកិច្ច​យ៉ាង​សំខាន់​ដែល​ត្រូវបាន​ប្រគល់​ឱ្យ​អគ្គ​នាយក​ដ្ឋាន​ ក​.​ប​.​ប​. ទទួល​អនុវត្ត​។

​លោក​បាន​បន្ត​ថា ការផលិត ស្តុក​ទុក និង​ចរាចរ​ផលិត​ផល​ក្លែង​ក្លាយ​លើ​ទីផ្សារ ​ត្រូវបាន​ហាម​ឃាត់​ដោយ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​គុណ​ភាព សុវត្ថិ​ភាព​លើ​ផលិត​ផល​ទំនិញ ​និង​សេវា ​ច្បាប់​ស្តីពី​កិច្ចកា​រពារ​អ្នកប្រើ​ប្រាស់ និង​ច្បាប់​ស្តីពី​សុវត្ថិ​ភាព​ម្ហូបអា​ហារ​ផង​ដែរ​។ ទន្ទឹម​នឹង​ការចុះ​បង្ក្រាប​នៅ​តាម​បណ្តា​គោល​ដៅ​នានា ​ក៏មាន​ការ​អប់រំ ផ្សព្វ​ផ្សាយ​អំពី​ច្បាប់ ​និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ ជូន​ដល់​ធុរកិច្ច​ដែល​កំពុង​ធ្វើ​សកម្ម​ភាព​ពាក់​ព័ន្ធ​នឹង​ផលិត​កម្មឬ​ពាណិជ្ជ​កម្មឱ្យ​យល់​ដឹង​អំពី​ខ្លឹមសារ​នៃ​ច្បាប់និង​ផល​ប៉ះពាល់​ផង​ដែរ​។​

​លោក​ថ្លែង​ថា​៖ «​ឆ្លង​កាត់​ការ​អប់រំ និង​ផ្សព្វ​ផ្សាយ​ទាំង​នេះ ​អគ្គនាយក​ដ្ឋាន​សង្កេត​ឃើញថា​ អាជីវករ ​ផលិត​ករ និង​អ្នកប្រើ​ប្រាស់​កាន់​តែ​មានកា​រ​យល់​ដឹង​អំពី​ច្បាប់ និង​ផល​ប៉ះ​ពាល់​នានា ពី​ការ​ផលិត​និង​ចែក​ចាយ​ផលិត​ផល​ក្លែង​ក្លាយ​» ។​

មន្ត្រី ក.ប.ប. សាខាខេត្តសៀមរាប ដុតបំផ្លាញទំនិញខូចគុណភាព នាពេលកន្លងទៅ។ រូបថត ក.ប.ប.

​ទោះបី​ជា​មាន​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​នេះក្តី ក៏ប្រជា​ពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា ការអប់រំ​ផ្សព្វ​ផ្សាយ ​ហាក់​នៅមាន​កម្រិត​នៅ​ឡើយ​។ លោក ​ស៊ុន ឆេ​កូ ប្រជា​ពលរដ្ឋ​នៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ ​ខណ្ឌ​កំបូល ​រាជធានី​ភ្នំពេញ លើក​ឡើង​ថា ការផ្សព្វ​ផ្សាយ​របស់​ម​ន្ត្រី​ជំនាញ​ធ្វើ​បានល្អ​ហើយ ​ប៉ុន្តែ​នៅ​មិន​ទាន់​ទូលំ​ទូលាយ​នៅ​ឡើយ​ទេ។ ចំណុច​នេះ​ លោក​ចង់​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​បន្ថែម​ទៀត​តាម​រយៈ​បណ្តាញ​ទូរទស្សន៍​ទាំង​រដ្ឋ ​និង​ឯក​ជន ទៅលើ​ម៉ោង​ណា​ដែល​មាន​អ្នក​មើល​ច្រើន ​ជាពិសេស​លើ​បណ្តាញ​សង្គម​ផ្សេងៗ ដែល​កំពុង​ពេញ​និយម​។ មួយ​វិញ​ទៀត នៅ​ប៉ាណូ​លើ​ដង​ផ្លូវ​ក៏​គួរតែ​មាន​ការ​បង្ហាញ​ឲ្យ​បាន​គ្រប់​ពេល​វេលា​តែម្តង ព្រោះ​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​អាច​នឹង​ចាប់​អារម្ម​ណ៍​មើល​ឃើញ​​។

​លោក​ថ្លែង​ថា​៖ «​ឥឡូវ​ហ្នឹង​ខាង​រដ្ឋអំ​ណាច​បាន​ផ្អាក​ការ​ផ្សព្វ​ផ្សាយ​ផលិត​ផល​ស្រា​បៀ​រហើយ ​អ៊ីចឹង​គួរតែ​បង្ហាញ​ទាក់​ទង​ពី​ការអប់រំ ក៏ដូចជា​ណែនាំ​ប្រជា​ពលរដ្ឋ​ឲ្យ​គាត់​យល់​ដឹង​អំពី​ផលិត​ផល​អីផ្សេងៗ​អ៊ីចឹង​ទៅ​វា​ល្អ​ម្យ៉ាង​ដែរ​ ដើម្បី​ពលរដ្ឋ​ដឹង​ថា ​ផលិត​ផល​នេះ​ក្លែង​ក្លាយ​ទេ មិន​មែន​របស់​ពិត​ទេ ហើយ​មិន​គួរ​ប្រើ​របស់​នោះទេ អ៊ីចឹង​ទៅ​»​។

​លោក ​ស៊ុន​ ឆេ​កូ​ បាន​សម្តែង​ក្ដីបារម្ភ​ចំពោះ​បញ្ហា​សុខភាព​ ប្រសិន​បើ​ប្រើប្រាស់​​ប៉ះចំ​លើផលិត​ផល​ក្លែង​ក្លាយ​ និង​គ្មាន​គុណ​ភាព ជា​ពិសេស​​ គឺ​ផលិត​ផល​ប្រើ​ប្រាស់​ប្រចាំថ្ងៃ​ទៅ​លើ​រូបរាង​កាយ​។ រីឯ​ផលិត​ផល​ខ្លះ​ទៀត​ទោះ​មិន​ប៉ះពាល់​ដល់​សុខ​ភាព​ក្នុង​រាង​កាយ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​ខាត​ថវិកា ប្រើ​សិន​បើ​ទិញ​មក​ប្រើ​មិន​បាន​យូរ​ដូចជា ​ម៉ូដ​សម្លៀក​បំពាក់​ ជាដើម​។

​លោក​ថ្លែង​ថា​៖ «​យើង​គិតថា​ អាច​នឹង​ប៉ះពាល់​ដល់​សុខ​ភាព ប្រសិន​បើ​របស់​ដែល​យើង​ប្រើ​ប្រាស់​សម្រាប់​ការ​ហូប​ចុកក៏​ដូចជា របស់​ប្រើ​ប្រាស់​ដូច​ជា ​សាប៊ូ ថ្នាំ​ដុស​ធ្មេញ​ អី​ជា​ដើម​ ដែល​យើង​យក​មក​ប្រើ​ប្រាស់​ទៅលើ​រូបរាង​កាយ​ផ្សេងៗ​ដែល​ប៉ះ​ពាល់​ដល់​ស្បែក ឬ​សព៌ាង្គ​កាយ​របស់​យើង​ផ្សេងៗ​»​។

​ក្នុង​នាម​ជា​អ្នកប្រើ​ប្រាស់​ម្នាក់​លោក ស៊ុន​ ឆេ​កូ ចង់​ឲ្យ​មន្ត្រី​មាន​សមត្ថ​កិច្ច​​ជូន​ដំណឹង​​ដល់​សហ​គមន៍​ឲ្យ​បាន​លឿន​នៅ​ពេល​មាន​ផលិត​ផល​អ្វី​ថ្មី​ណាមួយ​ត្រូវបាន​នាំចូល​ ឬ​ទើប​ផលិត​បាន​ សម្រាប់​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ស្រុក​។

លោ​បញ្ជាក់​ថា​៖ «​កុំ​ចាំ​បាច់​ទាល់​តែ​មាន​ប្រតិកម្ម​ណាមួ​យ​ទើប​បាន​ចេញ​ផ្សាយ​នោះ ​គួរតែ​មាន​ចេញ​មុនគេ​លក់​ អាហ្នឹង​បាន​ត្រូវ ​ព្រោះ​រាល់​ការលក់​ផលិត​ផល​អី​ផ្សេងៗ​ត្រូវ​ឆ្លង​កាត់​រដ្ឋ ឆ្លង​កាត់​អ្នក​មាន​សមត្ថ​កិច្ច​»។

​អ្នក​ស្រី អែម ស្រី​តូច មាន​វ័យ​ជាង ​៤០ ​ឆ្នាំ សម្បុរ​ខ្មៅ​ស​ក់រួញអង្គា​ដីលក់​ចាបហួយ​នៅតាម​បណ្តោយ​ផ្លូវលំ​ក្នុង​ឃុំ​កំពង់​សិលា​ ខេត្ត​ព្រះ​សីហនុ បាន​ឲ្យ​ដឹង​ថា អ្នកស្រី​ធ្លាប់​ទិញ​ប៉ះ​ផលិត​ផល​​ទឹកដោះ​គោឆៅ​ក្លែង​ក្លាយ​ និង​បាន​ខាត​ថវិកា​អស់​ចំនួន​ជាង​ ៤០​ ម៉ឺន​រៀល តាម​រយៈ​ការទិញ​ទឹក​ដោះ​គោឆៅ​តាម​រថយន្ត​ដែល​ដឹក​លក់​ចល័ត​ចូល​មក​ក្នុងភូមិ​។ តាម​រយៈ​ការខាត​បង់​ថវិកា​នេះ អ្ន​កស្រី​ទទូច​ចង់​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​កាន់តែ​ល្អ​បន្ថែម​ទៀត​ ដើម្បី​ទប់​ស្កាត់​ចរា​ចរណ៍​ផលិត​ផល​ក្លែង​ក្លាយ។

​អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​អត់​ចេះ​មើល​ថា​ផលិត​ផល​ណា​ពិត​ឬ​ក្លែង​ក្លាយ​នោះទេ ខ្ញុំ​ដឹង​តែ​ថា​ទិញ​មកហើយ ​គឺ​លក់​តែម្តង​ បើ​ខូច​យើង​បោះ​វា​ចោល​ទៅ​។ ដូច​ទឹក​ដោះគោ​ឆៅ​ដែល​ខ្ញុំ​ធ្លាប់​ទិញ​អ៊ី​ចឹ​ង បិទ​សុទ្ធតែ​អក្សរ​សាសន៍​គេខ្ញុំ​ម៉េចចេះ​អាន​ស្រាប់តែ​លក់​បាន​ពី​៣​ថ្ងៃ អ្នក​ភូមិ​ថា​ ទឹកដោះ​គោ​ផ្អូម ដល់​ខ្ញុំ​គាស់​មើល​ទៅ​ឃើញ​ទឹក​អន្លាយៗ ​ក្លិន​ជូរ​ផ្អូម​មែន ក៏​បោះ​ចោល​ទៅ​។​ ខ្ញុំ​ស្តាយ​លុយ​ដែល​ខំ​សន្សំ​ត្រូវ​ខាត​តែ​មួយ​ប៉ប្រិច​ភ្នែក​»​។

​អ្នក​ស្រី​បញ្ជាក់​ថា ​ចាប់​តាំងពី​ទិញ​ប៉ះ​របស់​ក្លែង​ក្លាយ​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា​មក ធ្វើ​ឲ្យ​អ្នកស្រី​មិន​ហ៊ាន​ទិញ​ទំនិញ​ដែល​ដឹក​លក់​ចល័ត​បន្ត​ទៀត ព្រោះ​ខ្លាច​ខាត​ដូច​លើក​មុន​ទៀត​។

​លោក​ សុខ ​ភាក់ ប្រជា​ពលរដ្ឋ​រស់នៅ​ខេត្ត​ត្បូងឃ្មុំ​បាន​ថ្លែង​ថា លោក​មិន​ចង់​ឲ្យ​មាន​ការ​នាំចូល​ផលិត​ផល​ក្លែង​ក្លាយ​ ឬ​មាន​ការ​កែច្នៃ​បន្លំ​ក្លែង​ក្លាយ​ចែក​ចាយ​លក់​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ ដោយ​សារ​តែ​មិន​មាន​ចំណេះ​ដឹង​ក្នុង​កា​រពិនិត្យ​គុណ​ភាពផលិត​ផល​ទាំង​នោះ​។

​លោក​បន្ត​ថា អ្វីដែល​ធ្លាប់​ដឹង​គឺ​ភាគ​ច្រើន​ផលិត​ផល ​ឬ​ទំនិញ​ដែល​មាន​តម្លៃ​ថ្លៃ គឺ​ត្រូវបាន​គេ​និយាយ​ត​គ្នា​ថា​ ជា​របស់​ល្អ​។ ក្នុង​នាម​ជា​អ្នក​ប្រើ​ប្រាស់​ម្នាក់​លោក​ភាក់ ​ចង់​ឲ្យ​ការ​ចរាចរ​ទំនិញ​នៅលើ​ទីផ្សារ​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​មិន​ថា​របស់​ថោក​ ឬ​ថ្លៃ​នោះ​ទេ ដើម្បី​ងាយ​ស្រួល​កត់​សម្គាល់ ​ឬទិញ​យក​ទៅប្រើ​ប្រាស់​។

​លោក​ថ្លែងថា​៖​«​បើ​យើង​ចំណាយ​លុយ​ទិញ​របស់​ហើយ​ របស់​ដែល​យើង​ប្រើប្រាស់​វា​អត់​ល្អ នៅ​ពេល​យើង​ប្រើ​ប្រាស់​ប៉ះ​ផលិត​ផល​ក្លែង​ក្លាយ​ អ៊ីចឹង​វា​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ ប្រសិន​បើ​ផលិត​ផល​នោះ​វា​ជា​ផលិត​ផល​សុខ​ភាព​ អ៊ីចឹង​ទៅ​» ។

​អ្នក​ខេត្ត​ត្បូង​ឃ្មុំ​រូបនេះ ប្រាប់​ថា ការ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយពី​ផលិត​ផល​ក្លែង​ក្លាយ ​គឺជា​រឿង​ចាំបាច់​មួយ​ ព្រោះ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​តែង​ភ្លេច​ភ្លាំង​មិនសូវ​ភ្ញាក់​រឭក​ចាប់​អារម្មណ៍​ឡើយ បើ​ការ​ផ្សព្វ​ផ្សាយនោះ​មាន​តិច និង​មិន​ផុល​ផុសនោះ​។

លោក​បញ្ជា​ក់ថា​៖ «​យើង​ក៏​ចង់​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ដែរ ដោយ​សារ​ប្រជា​ពលរដ្ឋ​យើង​ភាគ​ច្រើន​មើលទៅ​គឺ​គាត់​អត់​ដឹង​ទេ ​ផលិត​ផល​អី ទំនិញ​អី ​មក​ពីណា គុណ​ភាព​យ៉ាង​ម៉េច មាន​ផល​ប៉ះ​ពាល់​យ៉ាង​ណ សំខាន់​គឺ​គាត់​ដឹង​តែ​ទិញ​ប្រើ​ប៉ុណ្ណឹង​» ។​

មន្រ្តី ក.ប.ប. សាខាខេត្តបាត់ដំបង ធ្វើការដុតកម្ទេចចោលប្រហិតចម្រុះខូចគុណភាពជាង ២ តោន​ កាលពីខែមិថុនា​ ឆ្នាំ ២០២០។ រូបថត ក.ប.ប.

​លោក ​ផាន អូន អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ការ​ពារ​អ្នក​ប្រើប្រាស់​បញ្ជាក់​ថា ផលិតផល​ក្លែង​ក្លាយ​ពិតជា​អាច​បង្ក​ផលប៉ះ​ពាល់​ដល់​សុខ​ភាព​អ្នក​ប្រើ​ប្រាស់ ​ប្រសិន​បើ​ផលិត​ផល​ក្លែង​ក្លាយ​នោះ​ជា​ម្ហូប​អាហា​រឬ​ថ្នាំពេទ្យ​។ ប្រសិន​បើជា​ផលិត​ផល​ប្រើប្រាស់ ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុវត្ថិ​ភាព​ និង​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ​របស់​ប្រជា​ពលរដ្ឋ​ដែល​ជាវ​ផលិត​ផល​ទាំងនោះ​​យក​មកប្រើ​។ ម្យ៉ាង​វិញ​ទៀត​ការ​ផលិត​ និង​ចរាចរ​ផលិត​ផល​ក្លែង​ក្លាយ​ក៏​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​ការ​ប្រកួត​ប្រជែង​ដោយ​ស្មោះ​ត្រង់​ក្នុង​ពាណិជ្ជ​កម្ម​ផង​ដែរ​​។​

​លោក​បន្តថា​ ដើម្បី​ទប់​ស្កាត់​ការ​ចរាចរ​ទំនិញ​ក្លែងក្លាយ​ អគ្គនាយក​ដ្ឋាន​ ក​.​ប​.​ប​. នឹង​បង្កើន​សកម្ម​ភាពចុះ​ត្រួត​ពិនិត្យ​ និង​បង្ក្រាប​រាល់​សកម្ម​ភាព​ផលិត ​ស្តុក​ទុក និង​ចរាចរ​នៅលើ​ទីផ្សារ​ឱ្យបាន​សកម្ម​ថែមទៀ​ត​។ ជាមួយ​គ្នា​នោះ​បង្កើន​សកម្មភាព​អប់រំ ​ផ្សព្វផ្សា​យ​ឱ្យ​កាន់​តែ​ទូលំទូ​លាយ​ថែម​ទៀត​ដល់​ផលិតក​រ អាជីវ​ករ និង​អ្នក​ប្រើប្រា​ស់​។

​លោក​បញ្ជាក់​ថា ជាទូទៅអ្នក​ផលិត​ទំនិញ​ក្លែង​ក្លាយ​ តែង​ខិតខំ​រក​គ្រប់​វិធី​ដើម្បី​ផលិត​ទំនិញឱ្យ​ដូច​របស់​ពិត ​ដែល​ធ្វើឱ្យ​អ្នក​ទិញ​ជួប​ការ​លំបាក​ក្នុង​ការ​បែង​ចែក​រវាង​ផលិត​ផល​ក្លែង​ក្លាយ ​និង​ផលិត​ផល​ពិត​។ ទោះ​យ៉ាង​ណា នៅមាន​ចំណុច​ពិសេស​មួយ​ចំនួន ដែល​មាន​តែ​ក្រុម​ហ៊ុន​​ ឬ​ម្ចាស់​ម៉ាក​​ផលិត​ទំនិញ​នោះ​ផ្ទាល់ ​និង​សមត្ថ​កិច្ច​ជំនាញ​ទើប​អាច​បែងចែ​ក​ផលិត​ផល​ក្លែង​ក្លាយ ​និង​ផលិត​ផល​ពិត​បាន​។

​លោក​ថ្លែង​ថា​៖ «​នៅ​ពេល​ដែល​សេដ្ឋកិច្ច​ជាតិ​កំពុង​មាន​ការ​រីក​ចម្រើន ​ធ្វើឱ្យ​ការ​ផលិត​ទំនិញ​កាន់តែ​សម្បូរ​បែប​ ការ​ប្រកួត​ប្រជែង​អំពី​គុណ​ភាព​និង​តម្លៃ គឺជា​កត្តា​ដ៏​សំខាន់​ដើម្បី​ដណ្តើម​ឧត្តម​ភាព​នៅក្នុង​ទីផ្សារ​។ ក្នុង​កាលៈ​ទេសៈ​បែប​នេះ​អាជីវករ​មួយ​ចំនួន​ដោយ​សារតែ​ផល​ចំណេញ បាន​រិះរក​គ្រប់​មធ្យោ​បាយ​ផលិត​ទំនិញ​ក្លែង​ក្លាយ ដើម្បី​បង្កើន​ការ​ចរាចរ​លើ​ទីផ្សារ​»។​

​លោក​បញ្ជាក​បន្ថែម​ថា ការ​ដោះ​ស្រាយ​ចំពោះ​បញ្ហា​ផលិត​ផល​ក្លែង​ក្លាយ​នេះ នៅ​មាន​បញ្ហា​ប្រឈម​ខ្លះ​គឺ ច្បាប់ ​និង​លិខិត​បទដ្ឋាន​ សម្រាប់​គាំទ្រ​ដល់​ដំណើរ​ការ​អនុវត្ត​ការងារ​នៅ​មិន​ទាន់​មាន​គ្រប់​គ្រាន់ ការ​យល់​ដឹង​អំពី​ច្បាប់ និង​លិខិត​បទដ្ឋាន​របស់​អ្នក​ប្រើប្រាស់ អាជី​វករ​ផលិតករ​នៅ​មានកម្រិត​នៅ​ឡើយ​។ ហេតុ​នេះ​ ក​.​ប​.​ប​. បាន​និង​កំពុង​បន្ត​ផ្សព្វ​ផ្សាយ​ច្បាប់​ជា​បន្ត​បន្ទាប់​ថែម​ទៀត​។ ជាក់​ស្តែង​កាល​ថ្ងៃទី ៧​ ខែកក្កដា​ មាន​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ ​ច្បាប់​ស្តីពី​ការ​ប្រកួត​ប្រជែង ​ច្បាប់​ស្តីពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ ​និង​ច្បាប់​ស្ដីពី​សុវត្ថិ​ភាព​ម្ហូប​អា​ហារ នៅ​សណ្ឋា​គារ​ស្ទឹង​សង្កែ​ខេត្ត​បាត់​ដំបង​។

​លោក ​ផាន អូន បាន​ញ្ជា​ក់ថា ​សិក្ខា​សាលា​នេះ បាន​ផ្តល់​ឱកាស​ក្នុង​ការ​បង្កើត​សមា​គម​អ្នកប្រើ​ប្រាស់ ការ​លើក​កម្ពស់​សិទ្ធិរ​បស់​អ្នក​ប្រើ​ប្រាស់ ​ជា​ពិសេស​អ្នក​ប្រើ​ប្រាស់​អាច​វិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយ​ទៅ​ជា​អ្នកប្រើ​ប្រាស់​ដែល​វៃឆ្លាត (SMART CONSUMERS) ហើយ​ច្បាប់​ស្តីពី​ការ​ប្រកួត​ប្រជែង​នឹង​បញ្ជ្រាប​វប្ប​ធម៌​នៃ​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព​ ជា​ពិសេស​ច្បាប់​ស្ដីពី​សុវត្ថិភាព​ម្ហូប​អាហារ​ គឺជា​ការ​ទទួល​ខុស​ត្រូវ​រួម និង​មាន​លក្ខណៈ​ពហុ​វិស័យ ដែល​ចាំ​បាច់​តម្រូ​វឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ក្នុងការ​ទទួល​បន្ទុក​អនុវត្ត​ការ​គ្រប់​គ្រង និង​ត្រួត​ពិនិត្យ​គុណ​ភាព សុវត្ថិ​ភាព​ម្ហូប​អាហារ នៅ​គ្រប់​ដំណាក់​កាល​នៃ​ខ្សែច​ង្វាក់​ផលិត​កម្ម​។

​លោក​អគ្គ​នាយ​នៃ​អគ្គ​នាយក​ដ្ឋាន ក​.​ប​.​ប​. អំពាវ​នាវ​ដល់​ធុរជន​ដែល​ប្រកប​របរ​រក​ទទួលទាន​ទាំង​អស់​នៅកម្ពុជា សូម​ប្រកប​អាជីវ​កម្ម​ដោយ​សុចរិត​ដើម្បី​បង្កើន​ទំនុក​ចិត្ត​ដល់​អតិថិ​ជន​របស់​ខ្លួន​ការពារ​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ទាំង​ប្រយោជន៍​សុខ​ភាព និង​ផល​ប្រ​យោជន៍​សេដ្ឋ​កិច្ច​ ពិសេស​ដើម្បី​ចៀស​វាង​ការ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​។​

លោក​បញ្ជាក់ថា​៖ «​សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ​រាយ​ការ​ណ៍មក​អគ្គ​នាយក​ដ្ឋាន​ ក​.​ប​.​ប​. ប្រសិនបើ​បងប្អូន​បានដឹង​អំពី​ព័ត៌មា​ន​អំពី​ការ​ផលិត ស្តុក​ទុក ឬ​លក់​ផលិត​ផល​ក្លែង​ក្លាយ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​បាន​ទាន់​ពេលវេ​លា​»​៕