សៀមរាបៈ​ ក្រសួង​បរិស្ថាន​សហកា​រ​ជា​មួយ​លេខា​ធិការ​ដ្ឋាន​អនុ​សញ្ញា​ក្រប​ខ័ណ្ឌស​ហ​ប្រជា​ជាតិ​ ស្ដីពី​ការ​ប្រែប្រួល​អា​កា​ស​ធាតុ (UNFCCC) បាន​រៀបចំ​សិក្ខា​សាលា​ក្រុម​អ្នក​ជំនាញ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ស្ដីពី​ផែន​ការ​ជាតិ​បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​រយៈ​ពេល​ ៤ ថ្ងៃ​ ចាប់​ពីថ្ងៃទី​ ១២-១៥​ ខែ កក្កដា​ ឆ្នាំ​ ២០២២​។ នេះ​បើ​តាម​ក្រសួង​បរិស្ថាន​។

សិក្ខា​សាលា​នេះបា​ន​ធ្វើឡើង​នៅខេត្តសៀមរាប​ ក្រោម​អធិបតី​ភាព​លោក ទិន ពន្លក ​រដ្ឋ​លេខា​ធិ​ការក្រសួង​បរិស្ថាន និង​មាន​ការ​ចូល​រួមពី​ថ្នាក់​ដឹក​នាំ​ក្រសួង​បរិស្ថាន​ ក្រសួង​ ស្ថា​ប័ន​ពាក់​ព័ន្ធ ​តំណាង ​UNFCCC តំណាង​មូល​និធិអាកាស​ធាតុ​បៃតង តំណាង​ដៃ​គូ​អភិ​វឌ្ឍន៍ ប្រធាន​និង​តំណាង​ក្រុម​ប្រទេស​អភិ​វឌ្ឍន៍​តិច​តួច​ចំនួន ​១៧ ​ប្រទេស​ និង​អ្នក​សង្កេត​ការណ៍​អន្តរ​ជាតិ​សរុប​ចំនួន ​៦០ ​រូប​។

លោក​ ទិន ពន្លក ​បាន​ថ្លែង​ពេល​បើក​​សិក្ខា​សាលា​នេះថា ប្រទេស​កម្ពុជា​ ងាយ​រង​គ្រោះ​ខ្លាំង​ពី​ការ​ប្រែប្រួ​ល​អា​កាស​ធាតុ​ដូច​ប្រទេស​​មួយ​ចំនួន​ក្នុង​តំបន់ ​ហើយ​សកម្ម​ភាព​បន្ស៊ាំ​ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ទៅ​​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ និង​ចូល​រួម​លើក​កម្ពស់​ជីវភាព​ប្រជា​ជន​។

លោក​បាន​ឱ្យដឹង​ថា កម្ពុជា​បាន​ដាក់​បញ្ចូល​នូវ​សកម្មភាព​បៃតង​ និងអាកាស​ធាតុ​ចំនួន ​១៣ ​ទៅ​ក្នុង​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍន៍​ និង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​កូវីដ​ ១៩។ លទ្ធ​ផល​សំខាន់ៗ​នៃកិច្ច​ប្រជុំ​កំពូល​លើក​ទី​២៦ នៃ​បណ្តា​ភាគី​អនុ​សញ្ញា​ក្រប​ខ័ណ្ឌ​សហ​ប្រ​ជា​តិស្តី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ (COP26) ក៏បាន​បង្ហាញ​ពីអា​ទិភាព​នៃ​​សកម្ម​ភាព​បន្ស៊ាំ ជា​ពិសេស​ការសន្យា​ និង​កៀរគររ​ករថវិកា​ពី​ប្រទេស​អភិ​វឌ្ឍន៍​សម្រាប់​អនុ​វត្ត​សកម្ម​ភាព​បន្ស៊ាំ​។

លោក​ថ្លែង​ថា៖ «ក្រុម​ប្រទេស​អភិ​វឌ្ឍន៍​តិច​តួច​ត្រូវ​ធ្វើ​សកម្ម​ភាព​បន្ថែម​ទៀត ​ដើម្បី​ប្រែក្លាយ​ការ​សន្យា​ផ្តល់​ថវិកា​​ទាំង​នោះ​ទៅ​ជា​ការ​អនុវត្ត​សកម្ម​ភាព​ជាក់​ស្តែង​តាម​រយៈ​ជំនួយ​បច្ចេក​ទេស​ និងថវិកា​តាម​រយៈកា​រ​អនុ​វត្ត​គម្រោង​បន្ស៊ាំ​នានា»​។

លោក​លើក​ឡើង​ថា​ សង្រ្គាម​ដែល​កំពុង​បន្ត​នៅ​ប្រទេស​អ៊ុយ​ក្រែន ​បាន​ធ្វើ​ឱ្យ​ភាព​ងាយ​រង​គ្រោះ​នៃ​បណ្តា​​ប្រទេសអ​ភិវឌ្ឍន៍​តិច​តួច​កាន់​តែធ្ងន់​ធ្ងរ​ឡើងៗ​។ ឥទ្ធិ​ពល​នៃការ​ប្រែប្រួល​អាកាស​ធាតុ ​ជំងឺ​កូវីដ​ ១៩ និង​សង្រ្គាម​នេះ​ រារាំង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​សម្រេច​បាន​គោល​ដៅអ​ភិវឌ្ឍន៍ដោយចី​រភាព។ លើស​ពីនេះស​កល​ភាវូប​នី​យ​កម្ម និង​ពហុ​​​ភាគី​និយម​កំពុង​ផ្លាស់​ប្តូរ​ ដែល​ទំនង​ជា​នឹង​ប៉ះ​ពាល់​ដល់​របៀប​ដែល​ប្រទេស​នានា​បាន​ធ្វើ​ការ​រួម​គ្នា​ ដើម្បី​​ដោះ​ស្រាយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ជា​ដើម​។

លោក​បញ្ជាក់​ថា៖ «នៅ​ក្នុង​បរិប​ទការ​វិវត្តថ្មីនេះ​វា​មាន​សារៈ​សំខាន់​សម្រាប់​យើង​ទាំង​អស់​គ្នា​ក្នុង​ការ​កែ​សម្រួល​​យុទ្ធ​សា​ស្រ្តអ​ភិវឌ្ឍន៍​របស់​យើង​ឆ្ពោះ​ទៅ​រក​មាគ៌ា​បៃតង និង​ធន់នឹង​ការ​ប៉ះទង្គិ​ចផ្នែក​សេដ្ឋកិច្ច​ឬ​ភូមិ​សាស្ត្រ​ន​យោ​បាយ​ខាង​ក្រៅ​ ជា​ពិសេស​ទាក់​ទង​នឹង​សន្តិ​សុខ​ស្បៀង​ និង​ថា​មពល»​។

លោក ​Paul Desanker តំណាង​លេខាធិ​ការ​អនុសញ្ញា​ក្រប​ខ័ណ្ឌ​សហ​ប្រជា​ជាតិ​ស្ដីពី​ការប្រែ​ប្រួល​អាកាស​ធាតុ (UNFCCC)​ បាន​ថ្លែង​អំណរ​គុណ​ដល់​រាជរដ្ឋាភិ​បាល​កម្ពុជា​ជាពិសេស​ក្រសួង​បរិស្ថាន​ចំពោះ​ការ​សហ​ការ​រៀប​ចំ​សិក្ខា​សាលា​​ដ៏មាន​សារៈ​សំខាន់​នេះ​ឱ្យ​លេចជា​រូបរាង​ឡើង​ ទោះ​បីស្ថិត​ក្នុង​កាលៈទេសៈ​ដ៏លំ​បាក​ពីការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​ ១៩​ ក៏​ដោយ​។

លោក​ថ្លែង​ថា៖​ «UNF​CCC ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ និង​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​ដទៃ​ទៀត​ក្នុង​រៀប​ចំផែន​ការ​សកម្ម​ភាព​បន្ស៊ាំ​ និង​បច្ចេក​ទេស​ពាក់ព័ន្ធ​ដើម្បី​ចូល​រួមលើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ និង​ឆ្លើយ​តប​ទៅ​នឹង​កា​រ​ប្រែ​ប្រួល​អា​កា​ស​ធាតុ។

បើតាម​ក្រសួង​បរិស្ថាន​ សិក្ខា​សាលា​នេះមា​ន​គោល​បំណង​គាំទ្រ​ក្រុម​ប្រទេស​អភិ​វឌ្ឍន៍​តិច​តួច (LDC) ក្នុងការរៀប​ចំ​និង​ធ្វើ​បច្ចុប្បន្ន​​ភាព​ផែន​ទីបង្ហាញ​ផ្លូវផែន​ការ​ជាតិ​បន្ស៊ាំ (NAP) ការ​ចែក​រំលែក​ឧត្ត​មានុ​វត្តន៍ ​និង​បទពិ​សោធ

ដើម្បី​កំណត់​​ជំនួយ​បច្ចេក​ទេស​នានា​ក្នុង​ការ​រៀប​ចំសំ​ណើ​គម្រោង​ ដើម្បី​ទទួល​បាន​ការ​គំា​ទ្រ​​ហិរញ្ញ​វត្ថុ​ពី​មូល​និធិ​អាកាស​ធាតុ​បៃ​តង ​និង​មូល​និធិ​អាកាស​ធាតុ​នានា​។

សិក្ខា​សាលា​នេះ​ក៏នឹង​ពិភាក្សា​អំពីការ​កំណត់​សកម្ម​ភាព​បន្ស៊ាំ​អាទិ​ភាព​ក្នុង​ការ​រៀប​ចំគម្រោ​ង​ ដើម្បី​ទទួល​ការ​គំា​ទ្រហិ​រញ្ញ​វត្ថុ​ពី​មូល​និធិ​អាកាស​ធាតុ​បៃ​តង ​ក៏ដូច​ជា ​មូល​និធិ​នានា និង​ការ​អនុវត្ត​ផែនការ​សកម្ម​ភាព​បន្ស៊ាំ ការ​លើក​កម្ពស់​ចំណេះ​ដឹង ​និង​បច្ចេក​វិទ្យា​សម​ស្រប​ សម្រាប់​កា​រអនុវត្ត​ក្នុង​បណ្តា​ប្រទេស​អភិ​វឌ្ឍន៍​តិច​តួច​ផង​ដែរ៕