
ពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពីថ្ងៃទី ៥ កក្កដា។ រូបថត រដ្ឋបាលខេត្តបន្ទាយមានជ័យ
ភ្នំពេញៈ ក្រសួងមហាផ្ទៃ ក្រើនរំឭកដល់អភិបាលរាជធានី-ខេត្តទាំងអស់ត្រូវសម្រួលដល់ការស្នើសុំរបស់មន្ត្រី ដែលសុំស្ថិតនៅក្រៅក្របខ័ណ្ឌដើម របស់មន្ត្រីរាជការ ដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២២ ដើម្បីឱ្យពួកគេចូលទៅបម្រើការងារក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់។
លិខិតរបស់លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផ្ញើជូនអភិបាលរាជធានី-ខេត្ត កាលពីថ្ងៃទី ៧ ខែកក្កដា ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ១៣ ខែកក្កដា ឱ្យដឹងថា ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា មានមន្ត្រីរាជការមួយចំនួន ដែលបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ -សង្កាត់ ក្នុងអាណត្តិទី៥នេះ។
ផ្អែកតាមបទប្បញ្ញត្តិ មាត្រា ៣៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានតម្រូវឱ្យមន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ នគរបាលជាតិដែលជាប់ឆ្នោត ជាសមាជិកក្រុមប្រឹក្សារួចហើយ ប្រសិនបើមានបំណងចង់បម្រើការងារជាសមាជិកក្រុមប្រឹក្សានោះ សាមីខ្លួនត្រូវធ្វើពាក្យតាមឋានានុក្រមទៅសាមីក្រសួង ឬសាមីអង្គភាព ដើម្បីទៅបម្រើការងារក្រៅក្របខ័ណ្ឌដើម ក្នុងរយៈពេលនៃអាណត្តិរបស់ក្រុមប្រឹក្សា។ នេះបើតាមលិខិតដដែល។
លោក សក់ សេដ្ឋា បញ្ជាក់ថា ក្នុងរយៈពេលនៃអាណត្តិនេះ សាមីខ្លួនមានសិទ្ធិឡើងថ្នាក់ ឋានន្តរស័ក្តិ និងរក្សាអតីតភាពការងារសម្រាប់ទទួលសោធននិវត្តន៍។ នៅពេលចប់អាណត្តិ ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សាមីខ្លួនត្រូវធ្វើពាក្យស្នើសុំត្រឡប់មកបម្រើការងារ នៅក្រសួង ឬអង្គភាពដើមវិញ ប៉ុន្តែមុខងារ និងមុខតំណែង អាស្រ័យសាមីក្រសួង ឬសាមីអង្គភាពជាអ្នកសម្រេច។
លោក សក់ សេដ្ឋា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែកក្កដាថា មន្ត្រីរាជការដែលនៅក្នុងក្របខ័ណ្ឌ តាមច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ តម្រូវឱ្យដាក់នៅក្រៅក្របខ័ណ្ឌដើម បន្ទាប់ពីជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ តាមរយៈការដាក់ពាក្យស្នើសុំច្បាប់ឈប់បណ្តោះអាសន្ន។ នៅពេលពួកគាត់នៅក្រៅក្របខ័ណ្ឌ ពួកគាត់មិនទទួលបានប្រាក់បៀវត្សរ៍ទេ គឺពួកគាត់មកទទួលយកប្រាក់នៅក្រុមប្រឹក្សា។
លោកថ្លែងថា៖ «ប្រាក់មន្ត្រីរាជការ អត់មានទេ នៅពេលដែលគាត់នៅក្រៅក្របខ័ណ្ឌដើម ប៉ុន្តែយើងទុកក្របខ័ណ្ឌឱ្យ និងមានសិទ្ធិឡើងឋានន្តរស័ក្តិ ដើម្បីទទួលបានផលប្រយោជន៍នៅពេលចូលនិវត្តន៍។ ឧបមាថា ២ ឆ្នាំឡើងម្តង គាត់មានសិទ្ធិទទួលបានអាហ្នឹង។ រីឯប្រាក់ខែគាត់អាចយកតែ ១ ទេ គឺប្រាក់ឧបត្ថម្ភសមាជិកក្រុមប្រឹក្សាហ្នឹង»។
លោក ឃន ប្រុស នាយករដ្ឋបាលខេត្តកំពង់ចាម ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែកក្កដាថា រដ្ឋបាលខេត្តបានណែនាំទៅដល់សមាជិកក្រុមប្រឹក្សាណាដែលជាប់ឆ្នោត ដែលមានក្របខ័ណ្ឌជាមន្ត្រីរាជការ ឱ្យដាក់ពាក្យព្យួរ បន្ទាប់ពីពួកគាត់ប្រកាសសុពលភាព។
លោកថ្លែងថា៖ «សាមីខ្លួន គាត់កំពុងរៀបចំអស់ហើយ ប៉ុន្តែអត់ទាន់ឃើញបញ្ជូនមកទេ។ យ៉ាងណា ខ្ញុំក្តាប់តួលេខអត់បានទេ ថាមានសមាជិកក្រុមប្រឹក្សាដែលជាប់ឆ្នោតប៉ុន្មាននាក់ ដែលមានតួនាទីជាមន្ត្រីរាជការ»។
លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ កក្កដាថា តាមច្បាប់ មន្ត្រីរាជការដែលជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នេះ គឺត្រូវដាក់ពាក្យបម្រើការងារ នៅក្រៅក្របខ័ណ្ឌដើម។ ប៉ុន្តែសមាជិកក្រុមប្រឹក្សាផ្សេងទៀត ដែលមិនមែនជាមន្ត្រីរាជការ មិនតម្រូវឱ្យមានការដាក់ពាក្យស្នើសុំបម្រើការងារនៅក្រៅក្របខ័ណ្ឌដើមនោះទេ។
លោកថ្លែងថា៖ «នៅពេលដែលរៀបចំបញ្ជីបេក្ខជន បេក្ខភាពទាំងអស់ត្រូវមានឯកសារភ្ជាប់មកជាមួយនឹងពាក្យស្នើសុំឈរឈ្មោះជាបេក្ខជន។ ដោយឡែកមន្ត្រីរាជការត្រូវមានលិខិតសុំច្បាប់បម្រើការងារ នៅក្រៅក្របខ័ណ្ឌដើម។ កន្លងមកនេះ គ.ជ.ប.បានអនុញ្ញាតឱ្យជំពាក់សិន។ បើសិនជាជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ទើបឱ្យគាត់ បំពេញបែបបទពាក់ព័ន្ធនឹងការបំពេញការងារក្រៅក្របខ័ណ្ឌ»៕