ភ្នំពេញៈ តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បន្ត​សួរ​ដេញដោល​លោក​ កឹម សុខា ​អតីត​ប្រធាន ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវ​បាន​ចោទ​ពី​បទសន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស ​ឬ​ត្រូវរ៉ូវ​ជាមួយ​បរទេស ​ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ ​ពាក់ព័ន្ធ​នឹង​វីដេអូ​ ដែល​បង្ហាញ​អំពី​ការរៀបចំ​បាតុកម្ម ​និង​ការបង្រៀន​ដល់​បាតុករ​អំពី​របៀប​នៃ​ការតវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ។

លោក ​ប្លង់ សុផល ​អ្នកនាំពាក្យ​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​ក្រោយពី​បញ្ចប់​សវនាការ​បន្ត​នៅ​ថ្ងៃទី ១៣ ​កក្កដា​ យ៉ាង​ខ្លី​ថា ​សវនាការ​លើក​នេះ ​បន្ត​សាកសួរ​រឿង​វីដេអូ ​ដែល​បង្ហាញ​អំពី​ការរៀបចំ​បាតុកម្ម ​ការបង្រៀន​ដល់​បាតុករ​អំពី​របៀប​នៃ​ការតវ៉ា ​ដែល​ដឹកនាំ​ដោយ​ជន​ជាប់ចោទ និង​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ​ដើម្បី​តវ៉ា​ប្តូរ​អ្នក​ដឹកនាំ។

លោក​ ចាន់ ចេន ​សហមេធាវី​របស់​លោក​ កឹម សុខា ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ នៅ​ខាងមុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា ​តំណាង​អយ្យការ​បានចាក់​វីដេអូ ​បង្ហាញ​ពី​ការធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​នៅក្នុង​វីដេអូ​នោះ ​លោក​ កឹម សុខា ​បាននិយាយថា ​បន្ទាប់ពី​ជួប​ជាមួយ​នឹង​បងប្អូន​ប្រជាពលរដ្ឋ ​គាត់​នឹង​ទៅជួប​ទូត​មហា​អំណាច​មួយ។

លោក​បន្តថា ​តំណាង​អយ្យការ​ ក៏បានសួរ​ដេញដោល​ពី​បញ្ហា​នេះ​ថា​ តើ​ជួប​ទូត​មហាអំណា​ចមួយ​ណា? ​លោក ​កឹម សុខា ​ ឆ្លើយថា ​បណ្តា​ទូត​ទាំង​អស់ ​ដែល​ដាក់នៅ​កម្ពុជា គឺជា​មិត្ត​របស់​កម្ពុជា ​មិនមែន​ជាសត្រូវ​របស់​កម្ពុជា​នោះ​ទេ ​ចាប់​តាំងពី​ថ្ងៃទី ២៣ ​ខែ តុលា​ ឆ្នាំ ១៩៩១ ​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស។ បណ្តា​មិត្ត​អង្គទូត​ទាំងនេះ ​តែងតែ​ជួយ​ដល់​កម្ពុជា។

លោក​ថ្លែងថា​៖ «អង្គទូត​ទាំងនោះ​គេ​មក​ជួយ​កម្ពុជា ​មិនមែន​ជាសត្រូវ​របស់​កម្ពុជា ​ប៉ុន្តែ​ដើម្បី​ថែរក្សា​មុខមាត់​របស់​អង្គទូត​ ឯកឧត្តម​ កឹម សុខា​ គាត់​មិនបាន​បញ្ជាក់​ថា ​ទូត​ឈ្មោះ​អ្វី ​ដែល​ជួប​ជាមួយ​គាត់​ទេ»។

ទោះជា​យ៉ាងណា ​លោក ​ចាន់ ចេន ​បញ្ជាក់ថា លោក ​កឹម សុខា ​ក្តី ​ប្រជាពលរដ្ឋ​ក្តី ​និង​អ្នក​នយោបាយ​ក្តី ​ដែល​បានជួប​ជាមួយ​បណ្តា​អង្គទូត​ មិន​ដែល​មាន​ច្បាប់​ណាមួយ​បាន​ហាម​ប្រាម​នោះ​ទេ។

បើ​តាម​លោក​មេធាវី​រូបនេះ ​ក្នុង​អង្គសវនាការ ​លោក​បានសង្កេត​ឃើញ​តំណាង​អយ្យការ ​បានតាំង​សំណួរ​យ៉ាង​ក្តៅ​គគុក​ ចោទសួរ​មក​លើ​កូនក្តី​របស់​លោក ​ដែល​ហាក់បី​ដូចជា​គ្រប់​រឿង​ទាំងអស់ ​ទម្លាក់​មកលើ​កូនក្តី​របស់​លោក ​ដូច​គេ​និយាយ​លេង​ថា ​«គុយទាវ​ ១ តុ​ ឱ្យ​ម៉ុក​ចេញ​លុយ​តែ​ឯង»។

ទោះជា​យ៉ាងណា ​លោក​បញ្ជាក់​ទៀត​ថា ​លោក ​កឹម សុខា ​បានឆ្លើយ​បញ្ជាក់​ថា ​ទាំង​អតីតកាល ​ទំាង​បច្ចុប្បន្នកាល ​និង​ទាំង​អនាគតកាល ​គឺ​លោក​ កឹម សុខា ​ធ្វើ​កិច្ចការងារ​ក្នុង​ក្របខ័ណ្ឌ​អហិង្សា ​និង​សន្តិវិធី។ ជាពិសេស​ចូលរួម​បោះឆ្នោត​ស្របទៅ​តាមច្បាប់​ជាតិ ​និង​អន្តរជាតិ ​ដោយ​មិន​ចូលរួម​ធ្វើ​អំពើហិង្សា ​ឬ​បដិវត្ត​ន៍ពណ៌ ​ឬ​ក៏ផ្តួល​រំលំ​ដូច​ការចោទ​ប្រកាន់​នោះ​ទេ។

សវនាការ ​លោក ​កឹម សុខា ​បន្តទៀត ​នឹង​ធ្វើ​នៅ​ថ្ងៃទី ២០ ​ខែ កក្កដា ​ឆ្នាំ ២០២២៕