ភ្នំពេញៈ មន្ត្រី​អង្គការ​បណ្តាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា ​បានពិគ្រោះ​យោបល់​ពី​បញ្ហា​អំពើហិង្សា​ក្នុង​គ្រួសារ ​ការរំលោភបំពាន​លើ​ផ្លូវកាយ ​និងផ្លូវ​ភេទ​កុមារ ​តាម​ទូរស័ព្ទ​បានជាង ​៧០០ ជំនួប ​ចាប់ពី​ដើម​ឆ្នាំ ២០២២ ​មកដល់​ខែកក្កដា ​ឆ្នាំ​ដដែល​នេះ ​ក្នុងនោះ​មាន​ ១៥ ករណី ​ត្រូវ​បាន​រាយការណ៍​ឱ្យ​ជួយ​អន្តរាគមន៍​បន្ទាន់​ទៅ​សមត្ថកិច្ច ​និង​អាជ្ញាធរ​មូលដ្ឋាន។ នេះ​បើ​តាម​អ្នកស្រី ​ធន ស្រីពៅ ​ប្រធាន​ផ្នែក​ពិគ្រោះ​យោបល់​នៃ​បណ្តាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា។

អ្នកស្រី​ ធន ស្រីពៅ ​ឱ្យដឹង​នៅ​ថ្ងៃទី ១៣​ កក្កដាថា ​អ្នក​ដែល​ទូរស័ព្ទ​ទៅ​ជជែក​ជាមួយ​មន្ត្រី​ផ្នែក​ពិគ្រោះយោបល់​នៃ​បណ្តាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា ​ភាគច្រើន​ជាក្មេង​ស្រី​ដែល​មាន​ភាពក្លាហាន ​អាយុ​ចាប់​ពី​ ៨-១៨ ឆ្នាំ​ និង​ស្ត្រី​ដែល​រង​អំពើហិង្សា​ក្នុង​គ្រួសារ ​និង​ការរំលោភ​បំពាន​ផ្លូវ​ភេទ​ ព្រម​ទាំង​ហិង្សា​ផ្លូវចិត្ត​ផ្សេងៗ​ក្នុង​ចន្លោះ​អាយុ​ពី​ ១៨-២៥ ឆ្នាំ។

អ្នកស្រី​ថ្លែងថា​៖ «អ្វី​ដែល​ពួកគាត់​បានខល​មក​ហ្នឹង ​ភាគច្រើន​យើង​ទទួលបានជា​កុមារ។ គាត់​ទទួល​រង​អំពើហិង្សា​លើ​ផ្លូវកាយ ​និង​រង​នូវ​អំពើ​រំលោភ​បំពាន​ផ្លូវភេទ ​ហ្នឹង​យើង​និយាយ​ពី​កុមារ។ ដោយ​ឡែក ​បើសិន​យើង​ក្រឡេក​ទៅមើល​មនុស្ស​ធំ​ពេញវ័យ ​គឺ​ភាគច្រើន​គាត់​រង​នូវអំពើ​ហិង្សា​ក្នុង​គ្រួសារ ​និង​ផ្លូវកាយ​ដូច​គ្នា»។ ​

អ្នកស្រី​ ធន ស្រីពៅ ​បានឱ្យដឹង​ថា ​ក្នុង​ជំនួប​តាម​ទូរស័ព្ទជាង​ ៧០០ ​នោះ ​ក្រុម​ការងារ​បានពិគ្រោះ​យោបល់ ​ពង្រឹង​ភាព​ក្លាហាន ​លើក​ទឹកចិត្ត​ និង​ពង្រឹង​អំណាច​របស់​គាត់​ ឱ្យ​ពួកគាត់​មាន​ភាព​ក្លាហាន ​ហ៊ាន​ទៅ​រាយការណ៍​ដោយ​ខ្លួន​ឯង។ ចំណែក ​១៥ ករណី​នោះ​ គឺ​ពួក​គាត់​មិនមាន​ភាព​ក្លាហាន ​និង​ត្រូវការ​ជំនួយ​ភ្លាមៗ ​ដែល​ទាមទារ​ឱ្យ​ក្រុម​ការងារ​ជួយ​បញ្ជូន​ព័ត៌មាន​ទៅ​មន្ត្រី​មាន​សមត្ថកិច្ច​ដើម្បី​ចុះ​ទៅ​ដោះ​ស្រាយ។

បើ​តាម​អ្នកស្រី ​ករណី​ទាំងអស់​ដែល​ទទួលបាន​ គឺ​មន្ត្រី​នៃ​បណ្តាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា ​បានធ្វើ​ការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​និង​អង្គការ​ដៃគូ​ដើម្បី​ផ្តល់​សេវា​គាំទ្រ​ទៅតាម​តម្រូវការ​របស់​ពួក​គាត់។ អាជ្ញាធរ​មូលដ្ឋាន​បានចូល​រួម​យ៉ាង​សកម្ម ​ក្នុង​ការជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​អំពើ​ហិង្សា​លើ​ស្ត្រី​និង​ក្មេងស្រី ​ដែល​ធ្វើឱ្យ​ការឆ្លើយតប​បាន​កាន់តែ​ទាន់​ពេល​វេលា ​និង​មាន​ប្រសិទ្ធភាព​ ហើយ​ជនរងគ្រោះ​មាន​សុវត្ថិភាព។

អ្នកស្រី​ប្រាប់ថា​បច្ចុប្បន្ន​ អ្នក​ជួប​បញ្ហា​ហិង្សា​ដូច​ដែលបាន​លើកឡើង​នេះ​មាន​ភាពក្លាហាន​ច្រើន​ក្នុង​ការលើក​អំពី​បញ្ហា​របស់​ខ្លួន​ឯង​ទៅ​ជជែក​ដោយ​ផ្ទាល់​ជាមួយ​អ្នកពាក់​ព័ន្ធ​ផ្សេង​ទៀត។ ប៉ុន្តែ​មួយចំនួន ​នៅតែ​មាន​ភាពភ័យ​ខ្លាច​ក្នុង​ការទៅ​រក​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោយ​ផ្ទាល់ ​ពិសេស​ស្ត្រី ​និង​ក្មេង​ស្រី។ ពេល​ជួប​បញ្ហា​អំពើហិង្សា​ផ្លូវ​ភេទ ​និង​ហិង្សា​ផ្លូវចិត្ត ​គឺ​ពួកគាត់​អាច​ត្រូវការ​ភាពក្លាហាន​រាប់រយ​រាប់ពាន់​ដង ​ដើម្បី​យក​រឿងរ៉ាវ​ទាំង​អស់​នោះ​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច។

អ្នកស្រី​ធន ស្រីពៅ ​បានលើក​ទឹកចិត្ត​ដល់​អ្នក​ដែល​រង​អំពើហិង្សា​គ្រប់​រូបភាព ​អាច​ទាក់ទង​មក​បណ្តាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា ​ដែល​មាន​លេខ​ពិសេស ​គឺ​ ១២៨០ ​ដែល​អាច​ទូរស័ព្ទ ​និង​ផ្ញើសារ​ជាអក្សរ​ក៏បាន​ដោយ​ឥត​គិតថ្លៃ ​និង​រក្សា​ការសម្ងាត់​ជូន ​ដោយ ​សេវា​បម្រើ​ជូន​ ២៤ ម៉ោង​រៀង​រាល់​ថ្ងៃ។ ក្រៅពី​ទូរស័ព្ទ ​ក៏មាន​ហ្វេសប៊ុក​ផ្លូវការ ​ឈ្មោះ​ថា ​Child Helpline Cambodia ​និង ​វេបសាយ​ http://childhelpline.org.kh/ ដែល​អាច​ផ្ញើ​សារ​ជាអក្សរ ​និង​សំឡេង​ខ្លីៗ ​ដើម្បី​ស្វែងរក​ការពិគ្រោះ​យោបល់ ​ឬ​រាយការណ៍​ពី​អំពើ​ហិង្សា ​ការរំលោភ​បំពាន​ផ្សេងៗ ​និង​បញ្ហា​ផ្លូវ​ចិត្ត​មួយ​ចំនួន​ផង​ដែរ។

អ្នកស្រី​បញ្ជាក់ថា​៖ «សូម​ឱ្យ​មាន​ភាព​ក្លាហាន ​ហើយ​ឈប់​នៅ​ស្ងៀម ​កុំលាក់​បញ្ហា​ទាំងអស់​ហ្នឹង​ទុក។ សូម​គិតថា ​មាន​បណ្តាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា​មួយ​ដែល​ចាំ​ស្តាប់​និង​ជួយ​គាំទ្រ​ពួក​គាត់»។

លោកស្រី​សម្បត្តិ សុគន្ធា ​អគ្គលេខាធិការ​រង​ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ​ថ្លែង​នៅ​ថ្ងៃទី ១៣ ​កក្កដា ​ថា ​ការរាយ​ការណ៍​តាមរយៈ​បណ្តាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា​ ១២៨០ ​ឬ​ការរាយការណ៍​តាម​ប្រព័ន្ធ​អនឡាញ ​ក្នុង​កិច្ចការពារ​កុមារ​មាន​ភាពល្អប្រសើរ​ជាង​មុន ​ដែល​បង្ហាញ​ពី​ការរីកចម្រើន​នៃ​កិច្ចការពារ​កុមារ​នៅ​កម្ពុជា។ ​

លោកស្រី​ថ្លែងថ្លា​៖ «ពីមុន​មក​ នៅ​ពេល​មាន​ករណី​អំពើហិង្សា​អី​កើតឡើង ​មានន័យ​ថា ​យើង​រក្សាទុក​ទិន្នន័យ​ហ្នឹង ​យើង​អត់សូវ​មាន​ការរាយ​ការណ៍​ទេ។ ប៉ុន្តែ​ឥឡូវ​នេះ ​យើង​ចាប់ផ្តើម​មាន​ការរាយ​ការណ៍។ ទោះបី​ករណី​នៃ​ការរាយការណ៍​មាន​ការកើន​ឡើង​បន្តិច ​ប៉ុន្តែ​បានបង្ហាញ​អំពី​ ការយល់ដឹង​របស់​ពលរដ្ឋ​ ជាពិសេស ​គឺ​កុមារ​តែម្តង ​ដែល​គាត់​ស្គាល់​ច្បាស់​ពី​ប្រព័ន្ធ​រាយការណ៍ ​អាច​ជួយ​សង្គ្រោះ​គាត់​បាន»។

លោក​សឿង ថែម ​នាយប៉ុស្តិ៍​នគរបាល ​រដ្ឋបាល​ឃុំរកា ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៣ ​ខែកក្កដាថា ​តាម​ការសង្កេត​ជាក់ស្តែង​ក្នុង​មូលដ្ឋាន​របស់​លោក ​ករណី​រាយការណ៍​អំពី​អំពើហិង្សា​ក្នុង​គ្រួសារ​នៅតែ​មាន ​ប៉ុន្តែ​មិន​ច្រើន​ទេ។ ក្នុង​ ១ ខែ​មាន​យ៉ាង​ច្រើន​ ១​ ទៅ​ ២ ​ករណី​ប៉ុណ្ណោះ ​ហើយ​ការរាយការណ៍​នោះ ​ជួនកាល​ប្រជាពលរដ្ឋ​រាយការណ៍​តាម​ទូរស័ព្ទ ​និង​ពេល​ខ្លះ​មកប្តឹង​ដល់​ប៉ុស្តិ៍​រដ្ឋបាល​តែ​ម្តង។ ដោយ​ឡែក ​ករណី​អំពើហិង្សា​លើ​កុមារ ​និង​ស្ត្រី ​ពាក់ព័ន្ធ​ការរំលោភ​បំពាន​ផ្លូវ​ភេទ ​គឺ​កម្រ​មាន​ណាស់។

លោក​បញ្ជាក់ថា​៖ «ពេល​គាត់​រាយការណ៍​មក​យើង​ភ្លាម ​ជាក់ស្តែង ​គឺ​យើង​ចុះ​ទៅដល់​កន្លែង​កើតហេតុ​តែម្តង ​ព្រោះ​រឿងរ៉ាវ​អត់​មាន​អី​ធំ​ទេ ​គ្រាន់​តែ​វាយតប់​គ្នា​បន្តិច​បន្តួច។ អ៊ីចឹង​ទៅ ​ឈ្លោះ​ប្រកែក​គ្នា ​ក៏​យើង​ត្រូវតែ​ទៅ​ដែរ ​យើង​ធ្វើការ​អប់រំ​ណែនាំ​គាត់​ ធ្វើ​កិច្ច​សន្យា​អី​ទៅ ​គាត់​រាង​ចាល​បាន​យូរៗ​ដែរ»៕