
ក្រុមជនសង្ស័យជាតិចិន ក្រោយសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធការផលិតគ្រឿងញៀនថ្មីៗនេះ។ រូបថត ប៉ូលិស
ភ្នំពេញៈ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៣ កក្កដា កំពុងសាកសួរបុរសជនជាតិចិន ១១ នាក់ ១ ថ្ងៃ បន្ទាប់ពីសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនចាប់បញ្ជូនដល់តុលាការពាក់ព័ន្ធការកែច្នៃផលិតគ្រឿងញៀនជិត ២ តោន ហើយត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានជាបន្ដបន្ទាប់ ចាប់ពីថ្ងៃទី ៤ ដល់ ៩ ខែកក្កដា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ១៣ កក្កដា កំពុងបើកការស៊ើបសួរលើបុរសជនជាតិចិន ១១ នាក់នោះពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
លោកថ្លែងយ៉ាងខ្លីថា៖ «តំណាងអយ្យការកំពុងធ្វើការស៊ើបអង្កេតតាមនីតិវិធីរបស់ខ្លួននៅឡើយ។ ខ្ញុំនឹងជម្រាបជូនពេលខ្ញុំទទួលបានព័ត៌មានខាងលើនេះអំពីចំណាត់ការចុងក្រោយ»។
ពាក់ព័ន្ធនឹងការចាប់ខ្លួនក្រុមជនសង្ស័យខាងលើនេះ លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀនឱ្យដឹងនៅថ្ងៃទី ១៣ កក្កដាថា ក្រុមបុរសសង្ស័យជាតិចិនទាំង ១១ នាក់នេះ ត្រូវបានសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ តាមបញ្ជាពីនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពីនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងពីនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនលោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ ។
យ៉ាងណាក្ដី លោក អ៊ិន សុង មិនបានប្រាប់លម្អិតនៃប្រតិបត្តិការក្នុងរឿងនេះទេ ក៏ប៉ុន្តែបើយោងតាមហ្វេសប៊ុករបស់មន្ទីរប្រឆាំងគ្រឿងញៀនដែលបានបង្ហោះនៅថ្ងៃទី ១៣ កក្កដា ឆ្នាំ ២០២២ បានសរសេរថា សមត្ថកិច្ចជំនាញ បានចាប់ខ្លួនជនជាតិចិន ១១ នាក់ និងបានរឹបអូសសារធាតុញៀន ១ តោន ៨២៧ គីឡូក្រាមនិង ៩៥២ ក្រាម រួមទាំងសារធាតុគីមីជាង ២៧៦ តោន ដែលត្រូវបានសមត្ថកិច្ចដកហូតនៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល។
ហ្វេសប៊ុកដដែលបន្តថា ការបង្ក្រាបបទល្មើសនេះ បន្ទាប់ពីសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបើកការស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេលជាង ៣ ខែកន្លងមក។លុះដល់ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២២ សមត្ថកិច្ចជំនាញបានចុះប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់លើក្រុមឧក្រិដ្ឋជនកែច្នៃផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំក្នុង ១២ គោលដៅផ្សេងៗគ្នា។ ក្នុងនោះនៅរាជធានីភ្នំពេញចំនួន ៧ គោលដៅ, ខេត្តស្វាយរៀង ២ គោលដៅ, ខេត្តព្រៃវែង ១ គោលដៅនិងខេត្តកណ្តាល ២ គោលដៅ។
បើតាមប្រភពដដែល ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមានល្បាយសារធាតុញៀនកេតាមីនចំនួន ១ តោន ៨២៧ គីឡូក្រាម និង ៩៥២ ក្រាម, សារធាតុគីមី និងគីមីផ្សំចំនួន ២៧៦ តោន និង ៧៤៩ គីឡូក្រាមរួមនឹង ឧបករណ៍សម្ភារគ្រឿងបន្លាស់សម្រាប់កែច្នៃផលិតគ្រឿងញៀនមួយចំនួនធំ។ ក្រៅពីនោះមានរថយន្តចំនួន ៨ គ្រឿង, ម៉ូតូ ៣ គ្រឿង,ទូរស័ព្ទដៃ ១៩ គ្រឿង, អចលនទ្រព្យចំនួន ៧ កន្លែង រួមមានខុនដូ ២, ឃ្លាំងចំនួន ៤ កន្លែង, រោងចក្រផលិតគ្រឿងញៀន ១ កន្លែង និងផ្ទះវីឡាចំនួន ១ ខ្នង។
ពាក់ព័ន្ធការកែច្នៃផលិតនិងចរាចរណ៍គ្រឿងញៀននេះដែរ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ កក្កដាថា ក្រុមឧក្រិដ្ឋជនបានផ្លាស់ប្តូរការផលិតកែច្នៃគ្រឿងញៀន និងផ្លាស់ប្តូរទីតាំងដោយសារពួកឧក្រិដ្ឋជនទាំងនោះពិនិត្យមើលលទ្ធភាពក្នុងការប្រើប្រាស់ទឹកដីកម្ពុជាសម្រាប់ផលិតកែច្នៃ។ ប៉ុន្តែសមត្ថកិច្ចរបស់កម្ពុជាបានសហការជាមួយប្រទេសជិតខាង ធ្វើការត្រួតពិនិត្យតាមដានជាបន្តបន្ទាប់។
លោកថ្លែងថា៖ «រឿងនេះវាកើតឡើងក្នុងពេលប្រហាក់ប្រហែលគ្នា គ្រាន់តែថា កិច្ចសហប្រតិបត្តិការខុសគ្នា។ គោលដៅរបស់ឧក្រិដ្ឋជនផលិតគ្រឿងញៀន គឺទីផ្សារនាំចេញទៅក្រៅប្រទេស»។
លោក មាស វិរិទ្ធ បានពន្យល់ថា ចំពោះពាក្យថា ល្បាយសារធាតុញៀន មានន័យថា វាស្ថិតនៅក្នុងដំណើរការនៃចង្វាក់ផលិតកម្មដែលមានសារធាតុគីមីផ្សំខ្លះបានវិវត្តទៅជាសារធាតុញៀន តែខ្លះមិនទាន់បានវិវត្ត (ប្រែខ្លួន) ទេ។ដូច្នេះពេលសមត្ថកិច្ចជំនាញប្រើឧបករណ៍ពិនិត្យទៅឃើញមានសារធាតុញៀននៅក្នុងល្បាយហ្នឹង (ល្បាយជាវត្តមាននៃសារធាតុញៀន)៕