
រថយន្តបើកបរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ ៤ ក្នុងស្រុកកំពង់សិលា ដែលត្រូវទឹកជនលិចកាលពីថ្ងៃទី ១២ កក្កដា។ រូបថត រដ្ឋបាលខេត្តព្រះសីហនុ
ភ្នំពេញៈជំនន់ទឹកភ្លៀង ដែលកើតឡើងនៅតាមបណ្តាខេត្តមួយចំនួនដោយសារតែមានភ្លៀងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឱ្យមានផលប៉ះពាល់ខ្លះៗដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ប៉ុន្តែ មិនធ្ងន់ធ្ងរនោះទេ ខណៈដែលទឹកបានស្រកទៅវិញ នៅពេលដែលស្ថានភាពអាកាសធាតុបានចាប់ផ្តើមធូរស្រាលវិញ។ នេះបើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធន ធានទឹក និងឧតុនិយម ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែកក្កដា។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី ១៣ ខែកក្កដា ស្ថានភាពជំនាន់ទឹកភ្លៀង ដែលកើតឡើងនៅតាមបណ្តាខេត្តមួយចំនួន បានស្រកទៅវិញហើយ ដូចជានៅស្រុកកែវសីមាខេត្តមណ្ឌលគិរី ស្រុកសំឡូត ខេត្តបាត់ដំបង មានការប៉ះពាល់បន្តិចបន្ទួច ក៏បានស្រកផុតទៅវិញហើយដែរ។
ចំណែកនៅខេត្តព្រះវិហារ មានរអិលថ្មធ្លាក់លើផ្លូវឡើងប្រាសាទព្រះវិហារ រីឯនៅខេត្តបន្ទាយមានជ័យ គ្រាន់តែមានការគំរាមកំហែងដោយសារភ្លៀងធ្លាក់ច្រើននៅក្រុងសំរោង ប៉ុន្តែអាជ្ញាធរនៅតាមខេត្តទាំងនោះ បានកាយទឹកពង្វៀង និងមិនមានបញ្ហាអ្វីធំដុំនោះទេ។
លោកបន្តថា នៅខេត្តកោះកុង ក៏មានការប៉ះពាល់បន្តិចបន្តួចផងដែរ ខណៈខេត្តព្រះសីហនុ មានការបិទផ្លូវមួយរយៈពេលខ្លី ប៉ុន្តែទឹកបានស្រកទៅវិញ ហើយចរាចរណ៍បានដំណើរការធម្មតាឡើងវិញ ។
លោកថ្លែងថា៖«អត់មានអ្វីប៉ះពាល់ធំដុំទេ គ្រាន់តែជាការរំខានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ក្នុងមួយរយៈពេលខ្លី ហើយវាបានស្រកទៅវិញហើយ រឿងបញ្ហាប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋក៏អត់មានដែរ។ ស្ថានភាពអាកាសធាតុ វាអាប់អួរ ១ ថ្ងៃនេះទៀត ហើយចាប់ពីស្អែកទៅ វាចាប់ផ្តើមធូរស្រាលវិញហើយ»។
ថ្លែងក្នុងវេទិការជាតិស្តីពី ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ លើកទី២៩ ធ្វើឡើងនៅថ្ងៃទី ១៣ ខែកក្កដា លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មិនបានចុះផ្ទាល់ដល់ទីតាំងដែលមានជំនាន់ទឹកភ្លៀងជន់លិចនៅឡើយ ដោយសារតែលេខាធិការដ្ឋាន របស់ខេត្តក្រុង មិនទាន់សំណូមពរ ដល់កងអន្តរាគមន៍ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជាសំណូមពរស្នើ ឱ្យថ្នាក់ជាតិចុះជួយអន្តរាគមន៍នៅឡើយ។
លោកថ្លែងថា៖ «ឥឡូវនេះតាមការព្យាករ របស់ក្រសួងជំនាញគិតថា ពីម៉ោងនេះរហូតដល់ថ្ងៃ ១៩ នឹងមានខ្យល់ ព្យុះ ភ្លៀង កន្ត្រាក់ ជាបន្តបន្ទាប់តទៅទៀត ដូចច្នេះ គ្រប់លេខាធិការដ្ឋាន នឹងធ្វើការតាមដានតាមគេហទំព័រ របស់ខេត្តក្រុងរបសយើងដើម្បីដឹកនាំបន្ត» ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា មកដល់វេលាព្រឹក ថ្ងៃទី ១៣ ខែកក្កដា កម្រិតជំនន់ទឹកភ្លៀងបានថយចុះ ស្រកផុតពីកំណាត់ផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលបានជន់លិចកាលពីថ្ងៃទី ១២ ខែកក្កដា។
ដូចនេះ រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទចរាចរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចនោះ ឡើងវិញហើយ។
លោក ហេង សុភណ្ឌរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុបានឱ្យដឹងថា ទឹកជំនន់ដែលកើតឡើងនៅស្រុកកំពង់សិលា មិនមានប៉ះពាល់ដល់ប្រជាពលរដ្ឋ ឬធ្វើឱ្យខូចដំណាំដាំដុះ ស្រូវស្រែចម្ការ និងសត្វនោះទេ ដោយសារទឹកលិចមានសភាពយឺត។
លោក ហាក់ ឡេង អភិបាលស្រុកបទុមសាគរ បានឱ្យដឹងនៅថ្ងៃទី ១៣ ខែកក្កដាថា ភ្លៀងធ្លាក់ជាច្រើន នៅថ្ងៃទី ១២ ខែកក្កដា បណ្តាលឱ្យជនលិចផ្ទះប្រជាពលរដ្ឋចំនួន ១៨ ខ្នង និងបាត់មាន់ទាចំនួន ១៦០ ក្បាល និងសម្ភារមួយចំនួន ស្ថិតនៅភូមិព្រលាន ឃុំកណ្តោល ស្រុកបទុមសាគរ ខេត្តកោះកុង ។
យ៉ាងណាក្តី ក្រសួងធនធានទឹកបញ្ជាក់នៅថ្ងៃទី ១៣ ខែកក្កដាថា ខេត្តកោះកុងមាន ជំនន់ទឹកភ្លៀងបានបណ្តាលឱ្យដាច់ផ្លូវលំជនបទ ១ កន្លែង ស្ថិតនៅក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទឹកឡើងលិចកន្លែងខ្លះនៅស្រុករុក្ខគិរី ប៉ុន្តែមិនមានអ្វីគួរកត់សម្គាល់ទេ។
យ៉ាងណាក្តី អាជ្ញាធរបានផ្សព្វផ្សាយ និងជូនដំណឺងដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន។
ដោយឡែកនៅស្រុកផ្សេងៗទៀត ក្នុងខេត្តបាត់ដំបង ក៏មិនមានស្រុកណាមួយ មានបញ្ហាធ្ងន់ធ្ងរដោយសារទឹកជំនាន់នោះដែរ សូម្បីទឹកស្ទឹងសង្កែទឹកនៅពាក់កណ្តាលស្ទឹងនៅឡើយ។
ចំណែកលោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពត បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងធ្លាក់ទូទាំងខេត្តកំពត ប៉ុន្តែមិនមានបញ្ហាអ្វីចោទនោះទេ។
តំបន់ទំនាបតាមស្រុកមួយចំនួន មានការលិចដោយកន្លែង និងមិនទាន់មានបញ្ហាជនលិចដោយទឹកហូរពីកំចាយ ឬផ្លូវជាតិលេខ ៤ នោះទេ។
លោកបញ្ជាក់ថា នៅយប់ថ្ងៃទី ១២ ទំនប់ទ្វារទឹកវារីអគ្គិសនីកំចាយបានបើក ៤ ទ្វារទឹក ប៉ុន្តែមកដល់ថ្ងៃទី ១៣ ខែកក្កដា បិទ ១ ទ្វារវិញ ដែលការបិទនេះដោយសារទឹកក្នុងអាងមានការឡើងយឺត។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង ថ្លែងនៅថ្ងៃទី ១៣ ខែកក្កដាថា ករណីភ្លៀងខ្លាំងធ្វើឱ្យទឹកហូរច្រោះដីភ្នំបាក់ធ្លាក់លើផ្លូវជាតិ លេខ ៥៥ ស្ថិតនៅទីតាំងភូមិសាស្រ្ត ឃុំប្រមោយ ស្រុកវាលវែង ត្រូវបានកាយចេញវិញដោយគ្រឿងចក្រ និងអាចធ្វើដំណើរបានធម្មតាវិញតាំងពីម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី ១២ ខែកក្កដា។
លោកបញ្ជាក់ថា តាមការពិនិត្យជាក់ស្តែងនៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឃើញថា មិនមានអ្វីជាឧបសគ្គក្នុងការធ្វើដំណើរទៀតទេ៕
វីដេអូ៖