
គ្រូពេទ្យ និងសមត្ថកិច្ចកំពុងពិនិត្យសពស្ត្រីរងគ្រោះដែលត្រូវបានកូនវ៉ៃសម្លាប់នឹងញញួរ។ រូបថត នគរបាល
កណ្តាលៈ យុវជន មីន ចិត្រា អាយុ ២០ ឆ្នាំ បានចាកចេញពីភូមិកំណើតជាច្រើនឆ្នាំ ដើម្បីស្វែងរកការងារសំណង់ធ្វើនៅតាមខេត្តនិងរាជធានីភ្នំពេញ។ ប៉ុន្តែនៅអំឡុងឆ្នាំ ២០២១ ពេលចិត្រាត្រាច់ចរធ្វើការងារសំណង់ គាត់បានក្លាយជាអ្នកប្រើប្រាស់គ្រឿងញៀន។ នៅពេលឪពុកម្តាយដឹងថា កូនរបស់ខ្លួនកំពុងជួបនូវបញ្ហានេះ ក៏នាំគាត់ទៅរស់នៅភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ដែលជាភូមិ កំណើតរបស់គាត់វិញនៅចុងឆ្នាំ២០២១។
ប៉ុន្តែកាលពីថ្ងៃទី ៤ កក្កដា ឆ្នាំ ២០២២ យុវជន ចិត្រា បានវាយសម្លាប់ម្តាយបង្កើតរបស់ខ្លួននឹងញញួរទម្ងន់ ៥ គីឡូក្រាម ខណៈស្ត្រីរងគ្រោះកំពុងដាំបាយ។
លោក សេង សាវ៉ន អធិការនគរបាលស្រុក ស៊ីធរកណ្តាល បានឱ្យដឹងតាមសម្តីសាច់ញាតិរបស់ជនសង្ស័យថា កាលពីប៉ុន្មានឆ្នាំមុន យុវជន មីន ចិត្រា បានចេញពីភូមិស្រុក ទៅរកការងារសំណង់ធ្វើ ហើយតែងតែផ្លាស់ទីកន្លែងធ្វើសំណង់ពីកន្លែងមួយទៅកន្លែងមួយមិនឋិតឋេរឡើយ។
ពេលនោះហើយបានធ្វើឱ្យរូបគេ ក្លាយទៅជាអ្នកប្រើប្រាស់គ្រឿងញៀន។ លុះពេលឪពុកម្តាយបានដឹងថា កូនរបស់ពួកគាត់ ប្រើប្រាស់ថ្នាំញៀន ក៏តាមហៅកូនឱ្យត្រឡប់មកផ្ទះវិញ ក្នុងខែធ្នូ ឆ្នាំ ២០២១។
ក្នុងអំឡុងពេលស្នាក់នៅផ្ទះ ឪពុកម្តាយរបស់ចិត្រា តែងតែមើលថែគេ ហើយយុវជនម្នាក់នេះ ក៏មិនដើរទៅណាចោលផ្ទះដែរ តែឪពុកម្តាយ ឬសាច់ញាតិជាសមាជិកនៅក្នុងគ្រួសារនោះ សង្កេតឃើញថា ចិត្រាហាក់មានអារម្មណ៍រវើរវាយ និយាយមិនសូវដឹងខុសត្រូវ ដែលមានសតិបញ្ញាខុសប្រក្រតីមិនដូចមុន។
បន្ទាប់មកឪពុកម្តាយ បាននាំចិត្រាទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីឱ្យគ្រូពេទ្យពិនិត្យសុខភាពរបស់គាត់ និងបានទទួលថ្នាំសរសៃប្រសាទលេបជាប្រចាំ ចាប់តាំងពីដើមឆ្នាំ ២០២២ រហូតមក។
លោកបន្តតាមសម្តីសាច់ញាតិ មីន ចិត្រា ថា៖ «សាច់ញាតិគាត់ប្រាប់ខ្ញុំថា អំឡុងពេលដែល ចិត្រា ស្នាក់នៅផ្ទះ គឺគេមិនដែលដើរទៅណាចេញពីផ្ទះទេ។ ប៉ុន្តែគាត់មានអារម្មណ៍រវើរវាយច្រើន»។
បើតាមលោកអធិការ សាវ៉ន នៅមុនម៉ោង ១១ ព្រឹក ថ្ងៃទី ៤ កក្កដា ឆ្នាំ ២០២២ គេបានឃើញយុវជន មីន ចិត្រា កំពុងដេកអង្រឹងនៅក្រោមផ្ទះម្នាក់ឯង រីឯស្ត្រីឈ្មោះ ហែម ខែមរ៉ី អាយុ ៥៣ ឆ្នាំ ជាម្តាយបង្កើតរបស់ចិត្រា កំពុងដាំបាយ។ នៅពេលនោះស្រាប់តែគាត់ក្រោកពីអង្រឹង ហើយយកញញួរទម្ងន់ ៥ គីឡូក្រាម វាយលើក្បាលបណ្តាលឱ្យផុងលលាដ៍ស្លាប់នៅកន្លែងកើតហេតុតែម្តង។
ភ្លាមៗនោះ អ្នកដែលរស់នៅជិតខាងផ្ទះស្ត្រីរងគ្រោះ បានរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ព្នៅទី១ ហើយនគរបាលប៉ុស្តិ៍បានរាយការណ៍បន្តមកលោក និងបានចុះទៅឃាត់ខ្លួនជនសង្ស័យ ក្រោយពីកើតហេតុប្រមាណជា ២០ នាទី។
ប៉ុន្តែនៅក្នុងទឹកនោមរបស់ជនសង្ស័យ លោករកមិនឃើញមានសារធាតុញៀនទេ តែជនសង្ស័យអាចស្ថិតក្នុងមនុស្សសរសៃប្រសាទហើយ។
លោកបញ្ជាក់ថា ទាក់ទងនឹងផ្លូវច្បាប់វិញ ប្រសិនបើជនសង្ស័យជាមនុស្សមានជំងឺសរសៃប្រសាទដែលសាច់ញាតិអះអាងថា គាត់ទទួលថ្នាំលេបរាល់ខែពីមន្ទីរពេទ្យនោះ ក៏ត្រូវតែបង្ហាញដល់សមត្ថកិច្ចតែក្រោយពីពេលកើតហេតុសាច់ញាតិរបស់ជនសង្ស័យ បាននាំគ្នារកលិខិតពេទ្យដែរ តែរកមិនឃើញព្រោះថា លិខិតពេទ្យនោះឪពុករបស់ជនសង្ស័យ ជាអ្នកទុក ហើយគាត់មិននៅផ្ទះ ដូច្នេះមិនដឹងថា ឪពុកដាក់នៅកន្លែងណា។
លោក សេង សាវ៉ន ប្រាប់ថា ក្រោយឃាត់ខ្លួន ជនសង្ស័យបាននិយាយប្រាប់សមត្ថកិច្ចរបស់លោកថា នៅពេលនោះ គាត់កំពុងដេកនៅក្នុងអង្រឹងទេ តែមិនដឹងយ៉ាងម៉េច គាត់ដូចជាបាត់ការចងចាំមួយផាំង។ លុះពេលវាយម្តាយស្លាប់ហើយ ទើបដឹងខ្លួនឡើងវិញ។ គាត់និយាយថា គាត់សោកស្តាយណាស់ចំពោះការស្លាប់របស់ម្តាយគាត់ ។
ពាក់ព័ន្ធបញ្ហាជំងឺសរសៃប្រសាទនេះ ត្រូវបានកញ្ញា សំ ផល្លីកា ជាគ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទ ផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើការពន្យល់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ចំពោះមនុស្សដែលបានប្រើប្រាស់គ្រឿងញៀនហើយ បើនិយាយជារួម គឺវាធ្វើឱ្យប៉ះពាល់ច្រើនដល់ប្រព័ន្ធប្រសាទទាំងអស់។
ប៉ុន្តែផលប៉ះពាល់នេះ ក៏ប្រែប្រួលទៅតាមប្រភេទថ្នាំញៀននីមួយៗដែរ ដែលវាមានថ្នាំម៉ាទឹកកក ពួកថ្នាំម៉ូហ្វីន និងមានថ្នាំពួកអ៊ិចស្តាស៊ីអីផ្សេងៗទៀត។
ក្នុងលក្ខណៈជារួម គឺថ្នាំញៀនទាំងនេះ វាប៉ះពាល់ទៅនឹងសម្ពាធឈាម ទាក់ទងនិងការដកដង្ហើម ទាក់ទងទៅនឹងចលនាចង្វាក់បេះដូងរួម ទាក់ទងនឹងសីតុណ្ហភាពនៅក្នុងខ្លួនរបស់អ្នកប្រើប្រាស់គ្រឿងញៀន ដែលជួនកាលអាចក្តៅខ្លួន ជួនកាលអាចត្រជាក់ឬក៏អ្នកខ្លះមានសម្ពាធឈាមឡើងខ្ពស់ ឬទាប។
មានន័យថា ការសម្របសម្រួលនៅក្នុងខ្លួនអ្នកញៀនថ្នាំ គឺមានផលប៉ះពាល់ទាំងអស់ទាក់ទងទៅនឹងប្រព័ន្ធប្រសាទនេះ។
កញ្ញាបន្តថា នៅពេលដែលមនុស្សម្នាក់ប្រើប្រាស់គ្រឿងញៀន គឺប្រព័ន្ធប្រសាទត្រូវខូចទាំងអស់ដូចជាបាត់បង់ការចងចាំ គាត់អាចមានអារម្មណ៍ឡើងចុះ មិនទៀងទាត់ ដែលអាចទៅជាមនុស្សឆេវឆាវ ឬក៏ប្រែប្រួលទៅតាមអ្នកប្រើថ្នាំញៀន និងផ្លាស់ប្តូរអាកប្បកិរិយាទៅតាមអ្នកប្រើប្រាស់គ្រឿងញៀនម្នាក់ៗ។
កញ្ញា សំ ផល្លីកា បញ្ជាក់ថា៖ «អ៊ីចឹងការដែលគាត់ប្រើដូសកាន់តែខ្ពស់ (ប្រើគ្រឿងញៀនកាន់តែច្រើន) ហើយរយៈពេលនៃការប្រើកាន់តែយូរពេលនោះអ្នកជំងឺ គឺរងនូវផលប៉ះពាល់ទាំងអស់។ បញ្ហានេះធ្វើឱ្យជំងឺគាត់ពឹងផ្នែកទៅលើថ្នាំញៀននោះតែម្តង ហើយនៅពេលដែលអត់បានប្រើថ្នាំញៀន គឺអត់មិនបានទេ គឺត្រូវតែធ្វើយ៉ាងម៉េចត្រូវតែបានប្រើទើបអ្នកញៀនថ្នាំនោះ អាចធ្វើការបានដូចដើមវិញ»។
កញ្ញាពន្យល់ថា ចំពោះការព្យាបាល គឺត្រូវព្យាបាលទៅតាមរោគសញ្ញាដែលលេចឡើង តែអ្វីដែលសំខាន់បំផុតគឺត្រូវតែផ្តាច់ថ្នាំញៀនឱ្យបានសិន។ នៅក្នុងការផ្តាច់ថ្នាំញៀន គឺជារឿងដែលពិបាកធ្វើណាស់ហើយអ្នកញៀនថ្នាំត្រូវការការតាំងចិត្តខ្ពស់ រួមនឹងមានការគាំទ្រលើកទឹកចិត្តពីមនុស្សនៅជុំវិញខ្លួនដែរ ហើយប្រសិនបើអ្នកញៀនថ្នាំមានរោគសញ្ញារវើរវាយខ្លាំង ដែលមានរោគសញ្ញានៃជំងឺវិកលចរិត ដែលមានន័យថា អ្នកប្រើគ្រឿងញៀនមើលឃើញអ្វីស្តាប់ឮអ្វីដែលការពិតវាអត់មានគឺត្រូវការប្រើថ្នាំជាជំនួយសម្រាប់ការព្យាបាលអ្នកញៀនថ្នាំនោះ។
លោក គីម ជីលីន អ្នកហាត់ការនៃសមាគមបណ្តាញយុវជនកម្ពុជាថ្លែងថា យុវជន គឺជាក្រុមមនុស្សដែលមានសក្តានុពលខ្លាំងដោយសារតែពួកគេមានកម្លាំងប្រាជ្ញាពេញ បើធៀបជាមួយក្រុមមនុស្សចាស់ ឬក្រុមមនុស្សវ័យក្មេង ហើយបើកាលណាយុវជនមួយចំនួនយកពេលវេលាដែលមានសក្តានុពល ខណៈដែលពួកគាត់កំពុងស្ថិតនៅវ័យពី១៥ឆ្នាំដល់៣៥ឆ្នាំហ្នឹង ទៅប្រើប្រាស់គ្រឿងញៀនឬក៏ប្រព្រឹត្តខុស គឺជារឿងខាតបង់មួយ ព្រោះថា អាយុរបស់មនុស្សមិនអាចថយក្រោយបានទេ គឺពេលវេលាចេះតែដើរទៅមុខរហូត។
លោក ជីលីន ប្រាប់ថា យុវជនប្រើប្រាស់គ្រឿងញៀន ត្រូវចំណាយថវិកាទៅទិញសារធាតុពុលទាំងនោះ មកបំពុលរូបកាយ ដែលធ្វើឱ្យខូចសុខភាព បាត់បង់ទំនាក់ទំនងសង្គម ឬគ្រួសារខ្លួនផ្ទាល់។
អ្នកសេពគ្រឿងញៀន ត្រូវបានសង្គមគេរើសអើង និងបាត់បង់កិត្តិយសគ្រួសារ ហើយគាត់ក៏ត្រូវប្រឈមនឹងបញ្ហាផ្លូវច្បាប់ផងដែរ។
នៅពេលដែលគាត់សេពគ្រឿងញៀន ត្រូវបាត់បង់ភាពម្ចាស់ការលើខ្លួនឯង ដែលទៅបង្កភាពអសន្តិសុខនៅក្នុងសង្គមហើយរហូតដល់ខាតបង់ថវិកាជាតិទៀត ព្រោះបើគាត់ជាប់ពន្ធនាគារ គឺរដ្ឋជាអ្នករ៉ាប់រងចិញ្ចឹមពួកគាត់។
លោក ជីលីន បញ្ជាក់ថា៖ «ខ្ញុំយល់ថា យុវជនមានច្រើន កំពុងរងការបាក់ទឹកចិត្ត ដោយសារតែពួកគាត់ ខ្វះការប្រឹក្សាយោយល់។ ដូច្នេះពួកគាត់ គួរតែប្រឹក្សាយោបល់រវាងមិត្តភក្តិខ្លួនឯង ស្វែងរកក្រុមអង្គការដែលធ្វើកិច្ចការងារ ជុំវិញការប្រឹក្សាយោបល់ ហើយកុំទុកខ្លួនឯង ឱ្យនៅឯកកោប្រសិនបើគិតថា ខ្លួនឯងទ្រាំទ្របញ្ហាលែងរួច»។
ពាក់ព័ន្ធបញ្ហាគ្រឿងញៀននេះ លោក ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី ២៦ មិថុនា ឆ្នាំ ២០២២ ថា ខណៈពេលមានវិបត្តិជំងឺកូវីដ ១៩ ការដណ្តើមភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចរបស់មហាអំណាចធំៗ និងវិបត្តិនៃសង្គ្រាមនៅអ៊ុយក្រែន ជាដើម គេតែងបំភ្លេច ឬចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យនៅដោយឡែក ប៉ុន្តែកម្ពុជាមិនត្រឹមតែមិនបំភ្លេចទេ តែថែមទាំងបង្កើនការយកចិត្តទុកដាក់ទៀតផង។
បើតាមលោក ស ខេង ក្នុងឆ្នាំ ២០២០ សមត្ថកិច្ចស្រាវជ្រាវរកឃើញ និងបង្ក្រាបបានគ្រឿងញៀន ១០ ៤៦១ ករណី ដោយរឹបអូសគ្រឿងញៀនគ្រប់ប្រភេទជាង ៣ តោន និងឃាត់ខ្លួន ជនសង្ស័យបាន ២១ ៥៦៦ នាក់ និងក្នុងឆ្នាំ ២០២១ បង្ក្រាបបាន ៦ ៣០៨ ករណី រឹបអូសគ្រឿងញៀនបានជាង ៤ តោន និងបានឃាត់ខ្លួន មនុស្សចំនួន ១៣ ៩៧៩ នាក់៕