ភ្នំពេញៈ ការវាយប្រហារ​ដោយ​សត្វ​ពស់​ហាក់ដូចជា​មិនត្រូវ​បាន​គេ​អើពើ​ប៉ុន្មាន​ទេ​សម្រាប់​សុខភាព​សាធារណៈ​នៅ​ប្រទេស​ក្នុង​តំបន់​ត្រូ​ពិ​ក ដែល​រាប់​​បញ្ចូល​ទាំង​កម្ពុជា​ផងដែរ ខណៈ​ចំនួន​ជនរងគ្រោះ​ដោយសារ​ពស់​ចឹក​ក្នុង​ ១ ​ឆ្នាំៗ ​មាន​ជិត ​៣ ​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។ ​នេះ​បើតាម​របាយការណ៍​ចុងក្រោយ​របស់​អង្គការ​សុខភាព​​ពិភពលោក​ ដែល​បានចេញ​ផ្សាយ​ កាលពី​ថ្ងៃទី ​១៩ ខែកញ្ញា ឆ្នាំមុន​។​

​របាយការណ៍​នោះបាន​បង្ហាញថា​ «​ក្នុងចំណោម​ជនរងគ្រោះ​ដោយសារ​ពស់​ចឹក​ទាំងនោះ មាន​ប្រមាណ​ពី​ ៨១ ​ពាន់​នាក់ ​ទៅ ​១៣៨​ ពាន់​នាក់ បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ ហើយ​ក្នុងចំណោម​អ្នក​នៅ​រស់រានមានជីវិត ក្រោយពី​ពស់​ចឹក​ប្រមាណ​ ៤០០​ ពាន់​នាក់ បាន​ធ្លាក់ខ្លួន​ជា​ជន​មាន​ពិការភាព​»​។​

​បើតាម​របាយការណ៍​នោះ ពិសពស់​បាន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ត្រី កុមារ និង​កសិករ​ក្រីក្រ នៅតាម​តំបន់​ដាច់ស្រយាល​នៃ​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប ហើយ​អ្វី​ដែលជា​បញ្ហា​ធំ​នោះ​ គឺ​គ្មាន​ឱសថ​ព្យាបាល​គ្រប់គ្រាន់​នៅតាម​ជនបទ​ទាំងនោះ​។​

​ទន្ទឹមនឹងនេះ​អង្គការ​សុខភាព​ពិភព​​លោក​ក៏បាន​ជំរុញ​ឱ្យ​គ្រប់​បណ្ដា​ប្រ​​ទេស​ក្នុង​ពិភពលោក​រួមគ្នា​កាត់បន្ថយ​អត្រា​ស្លាប់ និង​ពិការភាព​ដែល​បង្កឡើង​ដោយសារ​ពិសពស់​ឱ្យបាន​ពាក់​​កណ្ដាល​នៅត្រឹម​ឆ្នាំ ​២០៣០ ​ខាងមុខនេះ តាមរយៈ​វេទិកា «Snakebite envenoming»​។​

​តាមរយៈ​វេទិកា​នេះ ព័ត៌មាន​និង​ទិន្ន​ន័យ ដែល​បានធ្វើ​បច្ចុប្បន្ន​ភាពជា​បន្ត​​បន្ទាប់ ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ទាញ​យកមកប្រើ​បាន ទាំង​ក្នុង​ពេលវេលា​និង​ស្ថានភាព​ជាក់ស្ដែង ដែល​អាចធ្វើឱ្យ​ឱកាស​រស់រានមានជីវិត​ប្រសើរឡើង ជាពិសេស​សម្រាប់​ជនរងគ្រោះ​ដោយ​ពស់​ចឹក​នៅតាម​ជនបទ​ដាច់ស្រយាល​។​

ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី នៅ​កម្ពុជាពុំមាន​ទិន្នន័យ​ជាក់លាក់​ណាមួយ​ត្រូវបាន​បង្ហាញ​ទាក់ទង​នឹង​ការស្លាប់​ ឬ​ពិការ​​ភាព​ដោយសារ​ពស់​ចឹក​ឡើយ ខណៈ​ពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល​មួយ​​ចំនួន នៅតែ​បន្ត​ជឿ​លើ​គ្រូមន្តអាគម​ស្ដោះផ្លុំ​បន្សាប​ពិសពស់ ដែលជា​ហេតុ​​នាំឱ្យ​ជនរងគ្រោះ​ដោយសារ​ពស់​ចឹក ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

​កាលពី​ថ្ងៃទី​ ៣ ខែ កក្កដា ឆ្នាំ ​២០២២ កុមារា​ម្នាក់​ឈ្មោះ សុង រក្សា អាយុ​ ១២ ​ឆ្នាំ រស់នៅ​ភូមិ​ទួល​បល្ល័ង្ក ឃុំ​​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង បាន​ស្លាប់​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយពី​សត្វ​ពស់ក្រាយ​បង្កង់​ស​-​ខ្មៅ ឬ​ពស់​ថ្នាំងអំពៅ​(Malayan Krait) ​បាន​ចឹក ខណៈ​កុមារា​រងគ្រោះ​តាម​ឪពុក​ទៅ​ចម្ការ ដើម្បី​ដាក់​អង្គប់​ចាប់​សត្វ​កណ្ដុរ​ដែល​មក​កកាយ​ស៊ី​មើមត្រាវ​របស់​ពួកគេ​។

​បើតាម​ប្រភពពី​នគរបាល​មូលដ្ឋាន ការស្លាប់​របស់​កុមារ​រងគ្រោះ​ គឺ​បណ្ដាលមកពី​បុរស​ជា​ឪពុក​ជឿ​ជ្រុល​ទៅលើ​អារក្ខ អរ​ក្ស អ្នកតា​ព្រៃភ្នំ​ខ្លាំងពេក ព្រោះ​ក្រោយពី​កូន​គាត់​ត្រូវ​សត្វ​ពស់​ចឹក បុរស​ជា​ឪពុក​មិនបាន​នាំ​កូន​ទៅ​មន្ទីរ​​ពេទ្យ​ភ្លាមៗ​ទេ តែ​បែរជា​អុជ​ធូប​បន់​​ស្រន់​អ្នកតា​ភ្នំ ហើយ​បន្ត​នាំ​កូន​ដើរ​មើល​អង្គប់កណ្ដុរ​ក្នុង​ចម្ការ​នោះ​ទៀត​។

​លោក ជ័យ ដា​រ៉ា នាយ​នគរបាល​​ប៉ុស្តិ៍​ឃុំ​គាស់ក្រឡ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅ​ព្រលប់​ថ្ងៃទី​ ២ ខែ កក្កដា ឆ្នាំ ​២០២២ កុមារា សុង រក្សា បាន​តាម​ឪពុក​របស់គេ​ទៅ​ដេកចាំ​ចម្ការ​ត្រាវ នៅក្បែរ​ជើងភ្នំ​អា​រិ ក្នុងភូមិ​តា​នួ​ត ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ ហើយ​បាន​ដើរ​ដាក់​អង្គប់​ចាប់​សត្វ​កណ្ដុរ ដែល​ចូលមក​​កកាយ​ស៊ី​មើមត្រាវ​ក្នុង​ចម្ការ​ពួកគេ​។

​លោក​បាន​បន្តថា លុះដល់​ម៉ោង​ ៤ ​ទៀបភ្លឺ មាន​សត្វ​ពស់ ​១ ​ក្បាល ​បាន​លូន​ចូលទៅក្នុង​ខ្ទម​របស់​កុមារ​រងគ្រោះ​។ ដោយសារ​គ្មាន​អគ្គិសនី​បំភ្លឺ កុមារ​រង​​គ្រោះ​ក៏ត្រូវ​សត្វ​ពស់​នោះ​ចឹក ខណៈ​គាត់​កំពុងបើក​ជើងមុង ដើម្បី​ចេញទៅ​មើល​អង្គប់កណ្ដុរ​ជាមួយ​ឪពុក ដែល​បានដាក់​ពី​ព្រលប់ ហើយ​ដៃ​គាត់​បាន​ចាប់​ចំ​លើស​ត្វ​អាសិរពិស​នោះ​។​

​លោក​ ដា​រ៉ា បាន​ថ្លែងថា​៖ «​សត្វ​ពស់​នោះ​ត្រូវបាន​ឪពុក​កុមារ​រងគ្រោះ​វ៉ៃ​សម្លាប់​ភ្លាមៗ ក្រោយពី​វា​បាន​ចឹក​កូន​​គាត់​។ ​ប៉ុន្តែ​គាត់​មិន​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ទេ តែ​បែរជា​ទៅ​អុជ​ធូប​បន់​​ស្រន់​អ្នកតា​ភ្នំ ឱ្យជួយ​ដក​ពិសពស់​ពី​កូន​របស់គាត់ ហើយ​បន្ត​នាំ​កូន​នោះ​ដើរ​មើល​អង្គប់កណ្ដុរ​រហូត​ទល់​ភ្លឺ​ដែលជា​ហេតុនាំឱ្យ​ពិសពស់​ជ្រាបចូល​សព្វ​សាច់​របស់​កុមារ​រងគ្រោះ​ហើយ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​មោងឫស្សី បានតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​»​។​

​ជុំវិញ​ករណី​សោកនាដកម្ម​នេះ ឪពុក​កុមារ​រងគ្រោះ គឺ​លោក សី សុង អាយុ​ ៤៦​ ឆ្នាំ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា នៅពេល​​សម្លាប់សត្វ​ពស់​នោះ​រួច គាត់​បាន​សួរ​កូន​​ប្រុស​គាត់​ថា​ «​កូន​ឯង​មាន​ឈឺ​ចុកចាប់​ក្នុង​ខ្លួន​ដែរ​អត់​?» ​ហើយ​ភ្លាមនោះ​កូន​​ប្រុស​គាត់​ប្រាប់​គាត់​ថា ​«​ខ្ញុំ​មិន​ឈឺ​ទេ​ពុក គ្រាន់តែ​ងងុយដេក​ប៉ុណ្ណោះ​»​។ ​បន្ទាប់មក​​ពួកគាត់​ក៏​នាំគ្នា​ដើរទៅ​មើល​អង្គប់​។

​លោក​ សុង បាន​ថ្លែង​ទាំង​ខ្សឹកខ្សួល​ថា​៖ «​នៅ​ព្រឹក​ថ្ងៃនោះ​ [៣ កក្កដា ] គឺជា​​ថ្ងៃ​ដ៏​អាក្រក់​បំផុត​សម្រាប់​ខ្ញុំ​។ គ្មាន​អង្គប់​ណាមួយ​ត្រូវបាន​ជាប់​សត្វ​កណ្ដុរ​សូម្បីតែ​ ១ ​ក្បាល​ឡើយ​»​។​

​លោក​បាន​បន្តថា បន្ទាប់ពី​ដើរ​មើល​អង្គប់​រួច គាត់​ក៏​នាំ​កូនប្រុស​គាត់​ត្រឡប់មក​ខ្ទម​វិញ ហើយ​កូនប្រុស​គាត់ ក៏​ចូលទៅ​ដេក​នៅក្នុង​មុង ជាទី​ដែល​សត្វ​ពស់​បាន​ចឹក​វា​កាលពី​ព្រលឹម ហើយ​គាត់​ក៏​រៀបចំ​ដាំបាយ និង​អាំងត្រី​ប្រឡាក់​ដើម្បី​បរិភោគ​។ ​លុះដល់​ម៉ោង​ ១០ ​ព្រឹក គាត់​ក៏​ដើរទៅ​ដាស់​កូន​ឱ្យ​ហូបបាយ ប៉ុន្តែ​កូនប្រុស​គាត់​ប្រាប់ថា​មិន​ឃ្លាន​ទេ​។​

​លោក ​សុង បាន​ដកស្រង់​សម្ដី​កូន​​ប្រុស​របស់គាត់​នៅពេលនោះ​ថា​៖ «​ពុក​​ខ្ញុំ​ងងុយដេក​ណាស់ ហើយ​ដូចជា ថប់ៗ​ដង្ហើម​ណាស់​ពុក​»​។​

​លោក​បាន​បន្តថា ពេលឮ​កូន​និយាយ​ដូច្នោះ គាត់​ក៏​ទៅ​អុជ​ធូប​បន់អ្នកតា​ភ្នំ​ឱ្យជួយ​ដក​ពិសពស់​ពី​ខ្លួន​កូន​គាត់​។ ប៉ុន្តែ​វា​ជា​រឿង​ឥតប្រយោជន៍ និង​ខាត​​ពេល​ទាំងស្រុង​នៅក្នុង​ការជួយ​សង្គ្រោះ​​ជីវិត​កូនប្រុស​របស់គាត់​ពី​ការ​ចឹក​របស់​សត្វ​ពស់​ដ៏​កំណាច​នោះ​។

​បន្ទាប់មក គាត់​ក៏​សម្រេច​នាំ​កូន​ទៅ​មណ្ឌល​សុខភាព​គាស់ក្រឡ ប៉ុន្តែ​នៅ​ទីនោះ​គ្មាន​ថ្នាំបន្សាប​ពិសពស់​នោះទេ​។ លោក​ សុង បាន​បន្តថា ក្រុម​គិ​លា​នុ​ប​ដ្ឋា​យិ​កា​នៅ​មណ្ឌល​សុខភាព​នោះ​ក៏​​បាន​បញ្ជូន​កូនប្រុស​របស់គាត់​ទៅ​មន្ទីរពេទ្យ​បង្អែក​មោងឫស្សី ហើយ​កូន​​គាត់​បាន​ស្លាប់​នៅពេល​ទៅដល់​មន្ទីរ​​ពេទ្យ​បាន​ប្រមាណ​ ៣០​ នាទី​ប៉ុណ្ណោះ​។​

​ទាក់ទង​ករណី​ពស់​ចឹក​នេះ លោក ​អៀង កវី ប្រធានស្ដីទី​មន្ទីរពេទ្យបង្អែក​ស្រុក​មោងឫស្សី បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ការ​ស្វះ​ស្វែងរក​គ្រូមន្តអាគម​មក​ស្ដោះផ្លុំ​ ឬ​អុជ​ធូប​បន់អារក្ស​អ្នកតា​នៅពេល​មាន​សាច់ញាតិ​ត្រូវ​សត្វ​ពស់​ចឹក​នោះ គឺជា​រឿង​ឥតប្រយោជន៍​ទាំងស្រុង​។​

​លោក​ថ្លែងថា​៖ «​នៅពេល​សមាជិក​ក្រុមគ្រួសារ​អ្នក​ត្រូវ​ពស់​ចឹក អ្នក​មិនត្រូវ​បង្អង់​យូរ​ទេ ​គឺ​ត្រូវ​នាំ​ជនរងគ្រោះ​មកកាន់​មន្ទីរពេទ្យ​ជាបន្ទាន់ បើ​ពុំនោះ​ពិសពស់​នឹង​ជ្រាប​ចូលដល់​ប្រព័ន្ធ​សរ​​សៃ​ប្រសាទ និងបេះដូង អាច​បណ្ដាលឱ្យ​ជនរងគ្រោះ​ស្លាប់​បាន​»​។​

​បើតាម​លោក កវី ជនរងគ្រោះ​ដែល​ត្រូវ​ពស់​ចឹក ហើយ​ព្យាយាម​រក​គ្រូ​មន្ត​អាគម ស្ដោះផ្លុំ និង​ផឹក​ឱសថ​បុរាណ ភាគច្រើន​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត ​ឬ​ពិការភាព ដោយសារ​ពិសពស់ បាន​ជ្រាបចូល​ទៅគ្រប់​សរសៃឈាម​ និង​សរីរាង្គ​របស់​ជនរងគ្រោះ​។

​ទន្ទឹមនឹងនេះ​លោក​បាន​រំឭក​ប្រាប់​អំពី​ករណី​ស្ត្រី​វ័យ ​៤៥ ​ឆ្នាំ​ម្នាក់ នៅ​ភូមិ​តា​នួន ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ​ដែល​កាលពី​ ១​ ឆ្នាំមុន ត្រូវបាន​ក្រុម​គ្រួ​​សារ​បញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​មោងឫស្សី បន្ទាប់ពី​គាត់​ត្រូវបាន​ពស់​ស្រកា​ចាស់​ (Russell’s Viper) ​ចឹក​ជើង ពេល​គាត់​កំពុង​ជីក​ដំឡូង​ក្នុង​ចម្ការ​ក្រោយ​ផ្ទះ​គាត់​។ ប៉ុន្តែ​មុនពេល​បញ្ជូនមក​មន្ទីរ​ពេទ្យ ក្រុមគ្រួសារ​បាន​​យក​គាត់​ទៅឱ្យ​គ្រូមន្តអាគម​ក្នុងភូមិ​ព្យាបាល​អស់​ ៥ ​ថ្ងៃ ធ្វើឱ្យ​កន្លែង​របួស​ហើមរលួយ​ហូរឈាម​ឥត​ឈប់​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ពេល​មក​​ដល់​មន្ទីរពេទ្យ​របស់​យើង​ស្ត្រី​រងគ្រោះ​ត្រូវបាន​ជួយសង្គ្រោះ​ជីវិត​ពី​ការស្លាប់​ដោយបាន​ព្យាបាល​អស់​រយៈពេល​ជាង​ ១ ​ខែ ​និង​ប្រើប្រាស់​ថ្នាំបន្សាប​ពិសពស់​ [Snake Venom Antiserum] ប្រភេទ​នោះ​រហូតដល់​ ២០​ ដប​»​។

​លោក​បាន​បន្ថែមថា​៖ «​ថ្នាំបន្សាប​ពិសពស់​ថ្លៃ​ណាស់​ ១ ​ដប ​ថ្លៃ​ជាង ​២ ​លាន​រៀល ​ឬ​ស្មើ​ ៥០០​ ដុល្លារ​ឯណោះ ប៉ុន្តែ​រដ្ឋាភិបាល​យើង​បាន​ទិញ​នាំ​ចូលមក ដើម្បី​ព្យាបាល​ពលរដ្ឋ​យើង​ដោយ​ឥតគិតថ្លៃ​»​។​

​ទោះយ៉ាងណា លោក កវី មិនបាន​ប្រាប់​​លម្អិត​អំពី​តួលេខ​អ្នកជំងឺ​ដោយសារ​ត្រូវ​ពស់​ចឹក ដែល​ត្រូវបាន​បញ្ជូនមក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​​បង្អែក​មោងឫស្សី​ថា​ ក្នុង ​១ ​ឆ្នាំៗ​មាន​ប៉ុន្មាន​នាក់​នោះទេ ដោយ​លោក​គ្រាន់តែ​ប្រាប់ថា ករណី​អ្នកជំងឺ​ដែល​ត្រូវ​ពស់​ចឹក ភាគច្រើន​កើតមាន​តែ​ក្នុង​រដូវ​​វស្សា​ប៉ុណ្ណោះ ជាពិសេស​ក្នុងអំឡុងពេល​មាន​គ្រោះទឹកជំនន់​ដែលមាន​ដល់ ​៣០-៤០ ​ករណី ​ក្នុង ​១ ​ខែ​។​ ចំណែក​​ក្នុង​រដូវប្រាំង​វិញ​ គឺមាន​ប្រមាណ​ពី​ ៤-៥​ ករណី​ប៉ុណ្ណោះ​ ក្នុង ​១ ​ខែ​ ហើយ​ខែ​ខ្លះ​ ​គឺ​គ្មាន​សូម្បីតែ​ ១​ ករណី​។​

​ចំណែក​លោក ស៊ូ សានិ​ត អនុ​ប្រ​ធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ជាទូទៅ​សត្វ​ពស់​ដែល​ច្រើន​បង្ក​ហានិភ័យ​ដល់​​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ ក្នុងប្រទេស​កម្ពុ​ជា មាន​ ១០ ​ប្រភេទ និង​ចែកចេញជា​ ២ ​ក្រុម​។ ក្នុងនោះ​ក្រុមទី​១ ​ជា​ពពួកសត្វ​ពស់​ដែល​ចឹក​ទៅធ្វើ​ឱ្យមាន​បញ្ហា​ឈាម​មិន​កក​ហើយ​មាន ​៣ ​ប្រភេទ​ដូចជា ពស់ពព្លាក់ (Malayan Pit Viper) ពស់​​ស្រកា​ចាស់ ​(Russell’s Viper) និង​ពស់​បៃតង (White-Lipped Pit Viper) ពស់​ស្លឹកឈើ ឬ​ពស់​ធាង​​ត្រាវ​ជាដើម​។ ចំណែក​ក្រុមទី​២ ជា​ពពួកសត្វ​ពស់​ដែល​ចឹក​ទៅហើយ​ធ្វើឱ្យប៉ះពាល់​ដល់​សរសៃប្រសាទ និង​មាន​ ៧ ​ប្រភេទ ដូចជាពស់វែក​​ដំបូក​ (King Cobra)​ វែកក្របី (Indochinese Spitting Cobra)​ និង​វែករនាម​ ឬ​វែកស្រងែ​ (Monocled Cobra) ពស់ក្រាយ​បង្កង់​ស​-​ខ្មៅ (Malayan Krait) ពស់ក្រាយ​បង្កង់​លឿង​-​ខ្មៅ​ (Banded Krait) ពស់ក្រាយ​ក្បាល​ក្រហម​​កន្ទុយ​ក្រហម​(Red-necked Keelback )​និង​ពស់​សមុទ្រ ​(Micropechis)​។

​លោក​បាន​ពន្យល់ថា ពស់មានពិស​ចឹក​អាច​បង្ក​ឱ្យ​ជនរងគ្រោះ​មាន​អាការឈឺចាប់​ខ្លាំង​នៅត្រង់​កន្លែង​ស្នាម​ចឹក ឬ​អាច​រលួយ​ស្បែក ហូរឈាម​ត្រង់​ស្នាម​ចឹក​រហូត​ (​ក្នុងករណី​ពស់​ពិស​ដែល​ធ្វើឱ្យ​ឈាម​មិន​កក​) ​ធ្លាក់​ត្របក​ភ្នែក​អត់​ចង់​និយាយស្តី ចេះតែ​អត់​ចង់​ញ៉ាំ​អី​ទាំងអស់ រកកល​ទន់​ដៃ ទន់​ជើង កម្រើក​ដៃ​កម្រើក​ជើង​មិន​រួច ឬ​មិន​ដកដង្ហើម​ក្នុង​រយៈពេល​ ១ ​ទៅ​ ២ ​ម៉ោង​ (​ក្នុងករណី​ពស់​ពិស​ដែល​ធ្វើឱ្យ​ប៉ះ​​ពាល់​ដល់​សរសៃប្រសាទ​)​។

​លោក​បាន​បញ្ជាក់ថា​៖ «​អាការ​ពស់​ចឹក​អាច​ស្រាល ឬ​ធ្ងន់​ទៅតាម​ប្រភេទ​ពស់​ដែល​ចឹក​។ ប្រសិនបើ​កូន​ត្រូវ​ពស់​អត់​ពិស​ចឹក នោះ​កូន​របស់​អ្នក​អត់​មាន​គ្រោះថ្នាក់​អ្វី​ទេ តែបើ​ត្រូវ​ពស់​ពិស​ចឹក ពិសពស់​អាចធ្វើឱ្យ​កូន​អ្នក​ពិការ ​ឬ​គ្រោះថ្នាក់​ដល់​ជីវិត​បើ​ជួយសង្គ្រោះ​មិនទាន់​ពេល​»​។​

​លោក​បាន​បន្តថា​៖ «​ឪពុកម្តាយ​ភាគច្រើន​ភ័យ​ណាស់​នៅពេល​កូន​ត្រូវ​ពស់​ចឹក តែ​គួរ​ដឹង​ពី​របៀប​ជួយសង្គ្រោះ​បឋម​សិន ចាំ​បីកូន​មកកាន់​មន្ទីរពេទ្យ​»​។

​ទន្ទឹមនឹងនេះ​លោក​បាន​ណែនាំ នូវ​វិធី​សង្គ្រោះ​បឋម នៅពេល​មាន​ករណី​ពស់​ចឹក​ថា ដំបូង​ត្រូវ​សម្អាត​កន្លែង​ពស់​ចឹក​ជាមួយ​ទឹក និង​សាប៊ូ ឱ្យបាន​ស្អាត ដើម្បី​ការពារ​មេរោគ​ឆ្លង​ចូល​តាម​មុខរបួស ទុក​អវយវៈ​កន្លែង​ពស់​ចឹក​នៅ​ឱ្យ​នឹង​ ១​ កន្លែង ដើម្បី​កុំឱ្យ​ពិស​ដែល​ពស់​បញ្ចូលមក រត់លឿន​ចូលមក​បេះដូង​នាំឱ្យ​មានការ​ចែកចាយ​ឈាម​ដែលមាន​ពិសពស់​ទៅកាន់​រាង​កាយ​លឿន​ពេក ដែល​អាចធ្វើឱ្យ​កុមារ​គ្រោះថ្នាក់ និង​ធ្វើឱ្យ​ឪពុកម្តាយ​គ្មាន​ឱកាស​យក​កូន​មកកាន់​មន្ទីរពេទ្យ​បាន​ទាន់ពេលវេលា​។

​បន្ទាប់មក ត្រូវ​រ៊ំ​ស្ទាក់​ខាងលើ​ស្នាម​ពស់​ចឹក​ដោយ​បង់​ទទឹង​ ២​ ធ្នាប់​ដៃ ដោយ​ប្រើ​កន្សែង​ ឬ​ក្រមា​ក្នុង​បំណង​ស្ទាក់​កុំឱ្យ​ពិស​រត់​ចូលក្នុង​បេះដូង តែ​ត្រូវ​រុំ​ឱ្យ​ល្មម​មិនឱ្យ​តឹង​ពេក​ទេ ហើយ​ចៀសវាង​យក​ខ្សែ​មក​រឹត​ខ្លាំង​ដែល​អាចធ្វើឱ្យ​ខ្មៅ​ចុងដៃ​ ឬ​ចុងជើង ហើយ​អាចឱ្យ​ជនរងគ្រោះ​ញ៉ាំ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​​ម៉ុ​ល ​(Paracetamol)​ ដើម្បី​បំបាត់​ការឈឺចាប់​។ ប៉ុន្តែ​ហាមផ្ដាច់​កុំ​យក​ឡា​ម ឬ​កាំបិត មកចៀរ​ស្នាម​ពស់​ចឹក ដើម្បីឱ្យ​ហូរឈាម​ពិស​ចេញ ឬ​យក​មាត់​បឺត ពិស​ពី​ស្នាម​ពស់​ចឹក​៕