ព្រៃវែងៈ ក្រុម​ប្រតិបត្តិ​ករ​យក​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅក្រោម​ទឹកបាន​និង​កំពុង​ព​ន្លឿ​ន​ការយក​គ្រាប់​ចេញពី​នាវា​ដែល​លិច​ក្នុង​ទន្លេ​មេគង្គ នៅ​ចំណុច​ភូមិ​ពាម​រាំង ឃុំ​ពាម​រាំង ស្រុក​ពាម​ជរ​ ខេត្ត​ព្រៃ​វែង ដើម្បី​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ បើ​ទោះបី​មាន​បញ្ហា​ប្រ​ឈម​ខ្លះ​ក៏​ដោយ​។

​លោក ហេង រតនា អគ្គ​នាយក​ស៊ីម៉ាក់​ប្រាប់​ ភ្នំពេញ​ ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១៤​ ខែកក្កដា​ថា ទោះបី​មាន​បញ្ហា​ប្រឈម​យ៉ាង​ណាក្តី គឺមិន​អាច​ទុក​សំណល់​យុទ្ធ​ភណ្ឌ​សង្គ្រាម​ក្រោម​ទឹក​ទាំង​នោះ​ឱ្យ​ក្លាយ​ជា​បញ្ហា​ប្រឈម​នឹង​សុខ​សុវត្ថិភាព​របស់​ប្រជា​ជន​ និង​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​បន្ត​ទៀត​ទេ​ ។

​លោក​បាន​បន្តថា ​ការ​ប្រឈម​និង​ឧបសគ្គ​នានា​ក្នុង​ការ​បោស​សម្អាត​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម ​ក្រោម​ទឹក​ មិន​មែន​សុទ្ធតែ​គ្មាន​ដំណោះ​ស្រាយ​នោះទេ​ តែ​ក៏ត្រូវ​ខិតខំ​ដោះស្រាយ​ទាល់​ឱ្យ​តែ​បាន ខណៈ​គ្រាប់​យុទ្ធ​ភណ្ឌទាំ​ងនោះ​ស្ថិតនៅ​កប់​ល្បាប់​ដីខ្សាច់​ក្រោម​ទឹក​ជាង​ ៥០ ​ឆ្នាំ​ទៅ​ហើយ​ តែ​នៅ​មាន​ប្រសិទ្ធ​ភាព ។​

​លោក​ថ្លែងថា​៖ «ការ​យក​គ្រាប់​ចេញពី​នាវា​ដែល​លិច​នៅក្នុង​ទន្លេមេ​គង្គ មិន​ងាយ​ស្រួល​ដូច​ការយក​គ្រាប់​នៅលើ​គោក​នោះទេ ​ព្រោះ​វា​ជា​តំបន់​ទឹក​ក៏​ហូរគ្រាប់​ក៏​កប់​នៅ​ក្នុង​ខ្សាច់ យើង​ត្រូវ​បូម​ចេញហើយ​បច្ចេក​ទេស​នៃ​ការ​ទប់​ទល់នឹង​ទឹក​ហូរ​ខ្លាំង​ក៏មាន​ការ​លំបាក។ ទោះ​បីយ៉ាង​ណា យើង​ខិតខំ​ដោះ​ស្រាយ​បាន​»។

​បើតាម លោក ហេង រតនា ប្រតិ​បត្តិ​ការយក​គ្រាប់​ចេញពី​នាវា​ដែល​លិច​ចន្លោះ​ឆ្នាំ​ ១៩៧០-១៩៧៥​ នៅតែ​បន្ត​រហូត​ដល់​ចប់ និង​ធ្វើឱ្យ​តំបន់​នេះ​មាន​សុវត្ថិ​ភាព​ទាំង​ស្រុង ព្រោះ​នេះ ជា​គោល​ការណ៍​របស់​រា​ជ​រដ្ឋាភិ​បាល ​ដើម្បី​ធ្វើយ៉ា​ងណា​ឱ្យ​ប្រទេស​កម្ពុ​ជា​មាន​សុវត្ថិ​ភាព​ទាំង​នៅ​ក្នុង​ទឹក និង​នៅ​លើ​គោក​។​

លោក សេង ​ធា អភិ​បាល​ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែ​ង​ថ្លែងថា លោក​ស្វាគ​មន៍​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែងរ​បស់​អង្គភាព​ស៊ី​ម៉ាក់ ​និង​ក្រសួង​ការ​ពា​រជាតិ​ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​យក​គ្រាប់​ចេញពី​ក្នុង​ទន្លេ​នេះ​ដើម្បី​សុវត្ថិ​ភាព​ជូន​ដល់​ប្រជា​ពលរដ្ឋ​ និង​កុំ​ឱ្យមា​ន​ភាព​ភ័យ​ខ្លាច​ក្នុង​ការចុះ​ទៅធ្វើ​នេ​សាទ និ​ងយក​ទឹក​មក​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ។

លោក​បាន​បញ្ជាក់ថា​​៖ «ក្នុង​នាម​អាជ្ញាធរ ខ្ញុំ​ពិតជា​ពេញ​ចិត្ត​ចំពោះ​ការ​យកចិត្ត​ទុក​ដាក់រ​បស់​ពួក​ស៊ី​ម៉ាក់ សហ​ការ​ជា​មួយ​រាជ​រដ្ឋាភិ​បាល មិន​គិតពី​ការ​នឿយ​ហត់ និង​ការ​លំបាក​ក្នុង​ការ​យក​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ចេញពី​បាត​ទន្លេ​ កុំឱ្យ​ពលរដ្ឋ​គាត់​ទៅរក​ត្រី ឬ​នេសាទ​មាន​បញ្ហា​»​។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ២៨ ខែ សីហា ឆ្នាំ​ ២០២០ បាន​បង្កើត​ក្រុមកា​រងារ​អន្តរ​ក្រសួង​ដើម្បី​ចុះ​សិក្សា​ និង​ដោះ​ស្រាយ​ករណី​រកឃើ​ញ​គ្រាប់​យុទ្ធភណ្ឌ​មិនទា​ន់​ផ្ទុះ​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ ស្ថិត​នៅ​ភូមិ​វាល ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់​ចាម​ ។

ក្រោយ​បញ្ចប់​នៅ​ទីតាំង​ខាង​លើ​នេះ កា​លពី​ថ្ងៃទី​ ២៦ ​ខែ មករា ឆ្នាំ​ ២០២១​ លោក​នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​បន្ថែម​សមាស​ភាព​សមា​ជិក​ក្រុម​ការ​ងារ​នេះ​ ដើម្បី​យក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះពី​ក្នុងទឹក​ក្នុង​តំបន់​មួយចំនួន​ទៀត​ រួមមាន​ ស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល និង​ស្រុក​ពាម​ជរ ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង៕