សៀមរាបៈ មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ព័ត៌​មាន​បាន​ជំរុញ​ឲ្យ​អ្នកដឹក​នាំ​ក្នុង​វិស័យ​សារ​ព័ត៌មាន​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ត្រូវ​សម្រប​ខ្លួន​ឲ្យ​ទាន់​ការ​វិវឌ្ឍ​នៃ​បច្ចេកវិទ្យា ខណៈ​បច្ចុប្បន្ន​នេះ​ចរន្ត​នៃ​ការរីក​ចម្រើន​លើ​ផ្នែក​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា ក្នុង​យុគ​សម័យ​បដិវត្តន៍​ឧស្សា​ហកម្ម​ជំនាន់​ទី៤ បាន​ក្លាយ​ទៅជា​កត្តា​គន្លឹះ​មួយ​កំណត់​នូវ​និន្នា​ការ​វិវឌ្ឍ​​នៃ​សេដ្ឋ​កិច្ច និង​សង្គម​ជា​មួយ​នឹង​ការ​បង្កើត​ឡើង​ទាំង​កាលានុ​វត្ត​ភាព និង​ទាំង​បញ្ហា​ប្រឈម​សម្រាប់​សកល​លោក​ទាំង​មូល​។

លោក ​ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិ​បាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គ​នាយ​កនៃ​អគ្គ​នាយក​ដ្ឋាន​ព័ត៌មាន និង​សោតទ​ស្សន៍ បាន​ថ្លែងក្នុង​ពិ​ធិ​បើក​សិក្ខាសា​លា​ស្តីពី​«​ភាព​ជា​អ្នកដឹក​នាំ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​យុគ​សម័យ​បដិវត្តន៍​ឧស្សា​ហកម្ម​ ៤.០» នៅ​ថ្ងៃទី​ ១៤ ខែ​ កក្កដា ឆ្នាំ​២០២២ នៅ​សណ្ឋា​គាសុ​ខា ខេត្តសៀ​មរាបថា ​បច្ចេកវិទ្យា​ទាំង​នេះ​បានធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​លឿន​នៅ​ក្នុង​ល្បឿន​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក និង​បា​នផ្តល់​ឱ​កាស​ឲ្យ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មា​នល​ទ្ធភាព​បង្កើន​ផលិត​ភាព​របស់​ខ្លួន ប្រសិទ្ធ​ភាព​ការងារ និង​គុណ​ភាព​នៃ​ផលិត​កម្ម​ដូចជា រូបភាព ​សំឡេង និង​ល្បឿន និង​កាត់​បន្ថយ​នូវ​ការចំ​ណាយ​លើ​ថ្លៃដើម​នៃ​ការ​ផលិត​។ លើស​ពីនេះ​ បច្ចេ​កវិទ្យា​បាន​ជំរុញ និង​លើក​ទឹកចិត្ត​ឲ្យ​មាន​គំនិត​ច្នៃ​ប្រឌិត និង​ធ្វើឲ្យ​មាន​ភាព​សម្បូរ​បែប​ក្នុង​ឧស្សា​ហកម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​កម្សាន្ត​។​

លោក​ថ្លែង​ថា​៖ «​ឌីជីថល​លូ​ប​នីយកម្ម​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​ផ្តល់​នូវ​ឱកាស​ជាច្រើន​ស្ថា​ប័ន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយនិ​ង​អ្នក​សារព័ត៌​មាន​បាន​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ផង​ដែ​រ ដូច​ជា បញ្ហា​ហិរញ្ញ​វត្ថុ​ ការ​បាត់​បង់​ការងារ​ កា​រ​ទាម​ទារ​ឲ្យ​អ្នក​សារ​ព័ត៌មាន​មាន​កម្រិត​អប់រំ​និង​ជំនាញ​ខ្ពស់​ ការកើន​ឡើង​នៃ​ព័ត៌​មាន​ក្លែង​ក្លាយ និង​ឧក្រិដ្ឋ​កម្ម ឬ​បទ​ល្មើស​ពាក់​ព័ន្ធ​នឹង​បច្ចេ​កវិទ្យា​ព័ត៌​មាន​»​។

លោក​បាន​ជំរុញ​ឲ្យ​អ្នកដឹក​នាំ​ក្នុង​វិស័យ​សារ​ព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ត្រូវ​សម្រប​ខ្លួន​ឲ្យ​ទាន់​ការវិវឌ្ឍ​នៃ​បច្ចេក​វិទ្យា​នេះ ដោយ​ត្រូវមាន​សមត្ថ​ភាព​ជា​មូល​ដ្ឋាន​ក្នុង​ការ​ដឹកនាំ​ដូច​ជា ការ​សម្រេច​ចិត្ត​រហ័ស​ ការ​កសាង និង​ពង្រឹង​សមត្ថ​ភាព​ក្រុម​ការងារ ​និង​ការ​ពង្រឹង​គុណ​ភាព​ព័ត៌មាន​ជា​ដើម ដើម្បី​ឲ្យ​អង្គភាព​សារ​ព័ត៌​មាន​ខ្លួន​អាច​រស់រាន និង​ឈរ​ជើង​បាន​ក្នុង​ទីផ្សារ​។​

​បើ​តាម​លោក ផុស សុវណ្ណ ទន្ទឹម​នេះ ​អ្នក​ដឹកនាំ​ក្នុង​វិស័យ​សារព័ត៌​មាន​ត្រូវ​បង្កើត​គំរូ​អាជីវ​កម្ម​ថ្មី (Business Model) ប្រកប​ដោយ​ការច្នៃ​ប្រឌិត​ ស្វែង​យល់​បន្ថែម​ពី​តម្រូវ​ការ​អតិថិ​ជន និង​ប្រើ​ប្រាស់​នូវ​ការ​គ្រប់​គ្រង​បែប​ថ្មី ខណៈ​គំរូនិង​ការអ​នុវត្ត​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​បែប​ប្រពៃ​ណី ត្រូវ​បាន​គេ​ឈប់​យក​មក​ប្រើ​ទៀត​ហើយ ​ដោយ​ត្រូវ​ជំនួស​វិញ​នូវ​រចនាស​ម្ព័ន្ធ​នៃ​ភាព​ជា​អ្នក​ដឹក​នាំ (Lea​ders​hip Structure) និង​លក្ខណៈ​របស់​អ្នកដឹក​នាំ​ថ្មី (Leader ​Character​istics)​។

​លោក ​ហ៊ុយ​ វណ្ណៈ ប្រធាន​សហ​ភាព​សហព័ន្ធ​អ្នក​សារព័​ត៌មាន​កម្ពុជា ​(​ស​.​ស​.​ស​.​ក​) ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៤ ​ខែកក្កដា ដោយ​ទទួល​ស្គាល់​ថា​ បច្ចេក​វិទ្យា​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​លើ​គ្រប់​វិស័យ​រួមទាំង​វិស័យ​សារព័ត៌​មាន​ផង​ដែរ។ជា​មួយ​គ្នានេះ​សារព័ត៌​មាន​កាសែត​ក៏​កំពុង​ចាប់​យក​បច្ចេក​វិទ្យា និង​ច្នៃ​ប្រឌិត​ទៅលើ​ការ​ប្រើប្រាស់​​ប្រព័ន្ធ​ឌីជីថលនៅ​ក្នុង​វិស័យ​នេះ ​ផង​ដែរ​ ។

​លោក​ថ្លែងថា​៖ «សារ​ព័ត៌មានក៏​​គេ​កំពុង​ប្រែ​ក្លាយ​ទៅជា​កូន​កាត់​ស្ទើ​រតែ​ទាំង​អស់​ហើយ ទូរទស្សន៍​ឥឡូវ គេ​ផ្សព្វ​ផ្សាយ​ទាំង​បណ្តាញ​សង្គម​ផង និង​ទាំង​អង់​តែ​ន​ផង។ កាសែត​ហ្នឹង ក៏​ខ្លួនឯ​ង បោះ​ពុ​ម្ពផង ធ្វើ​វីដេអូ​ផង និង​ធ្វើ​អន​ឡាញ​ផង ហើយ​វិទ្យុ​ក៏​កំ​ពុ​ងធ្វើ​អ៊ីចឹង​ដូចគ្នា​ដែរ​។ អ៊ីចឹង​មាន​ន័យថា​ យើង​កំពុង​តែ​ចាប់​យក​បច្ចេ​កវិទ្យា និង​សម្រប​ខ្លួន​លើ​កិច្ច​ការ​ហ្នឹង​ហើយ​»។​

​ទោះជា​យ៉ាង​ណា ​លោក​ថា អ្វី​ដែលជា​បញ្ហា​ប្រឈម​ពាក់​ព័ន្ធ​នឹង​ការ​សម្រប​ខ្លួន​ទៅ​នឹង​បច្ចេក​វិទ្យា​នេះ គឺ​ទីផ្សារ​ដែល​ធ្វើឱ្យប៉ះ​ពាល់​ធំ​ដល់​ដំណើ​ការ​ឧស្សា​ហកម្ម​សារ​ព័ត៌មាន​នោះគឺ​ក្នុង​ដំណើ​ការ​ប្រតិ​បត្តិ​ការ ដើម្បី​ឲ្យ​មាន​និរន្តរ​ភាព​ទៅមុខ​យូ​រអង្វែង៕