ភ្នំពេញៈ អាស៊ាន​ជជែក​ពិភាក្សា​ជុំវិញ​គោល​នយោបាយ​កម្លាំង​សេវា​សង្គម​ក្នុង​ផ្នែក​កិច្ច​គាំពារ​សង្គម​នៅ​ថ្នាក់​តំបន់ ​ខណៈ​កម្ពុជា​ប្តេជ្ញា​បង្កើន​ចំនួន​កម្លាំង​សេវា​សង្គមកិច្ច​នេះ​ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ ដើម្បី​ឆ្លើយតប​នឹង​គោល​នយោ​បាយ​របស់​ខ្លួន។

នៅ​ថ្ងៃទី ១៤ ​កក្កដា​ មន្ត្រី​តំណាង​រដ្ឋាភិបាល​នៅ​តំបន់​អាស៊ាន​ និង​សង្គម​ស៊ីវិល​ជាច្រើន​រូប ​បាន​ចូលរួម​ដោយ​ផ្ទាល់​ និង​តាមរយៈ​វីដេអូ​ប្រព័ន្ធ​អន​ឡាញ ​ក្នុង​សន្និសីទ​ស្តីពី​ការបង្កើត​គោលការណ៍​ថ្នាក់​តំបន់ ​នៃ​តួនាទី​កម្លាំង​សេវា​សង្គម​ក្នុង​ផ្នែក​កិច្ច​គាំពារ​សង្គម​នៅ​ថ្នាក់​តំបន់ ដែល​រៀបចំឡើង​ដោយ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន ​និង​យុវនី​តិសម្បទា។

សន្និសីទ​នេះ​ រៀបចំ​ឡើង​ ដើម្បី​ប្រមូលផ្តុំ​ដៃគូ​ពាក់ព័ន្ធ​សំខាន់ៗ ​និង​សមាជិក​នៃ​ក្រុមការងារ​បច្ចេកទេស​ពាក់ព័ន្ធ​ក្នុងការ​ចូលរួម​ប្រឹក្សា​យោបល់​និង​ពិនិត្យ​ឡើង​វិញ​លើ​សេចក្តី​ណែនាំ​ថ្នាក់​តំបន់​ចំនួន៤​ ដែល​នឹង​ជួយ​ដល់​រដ្ឋ​ជា​សមាជិក​អាស៊ាន ក្នុងការ​អនុវត្ត​នូវ​ផែនទី​បង្ហាញផ្លូវ​អាស៊ាន សម្រាប់​ការអនុវត្ត​សេចក្ដីប្រកាស​ពី​ក្រុង​ហាណូយ ស្តីពី​ការពង្រឹង​សង្គម ឆ្ពោះ​ទៅ​សហគមន៍​អាស៊ាន​ប្រកប​ដោយ​ភាព​ស្អិត​ល្មួត។ នេះ​បើតាម​ក្រសួង​សង្គមកិច្ច។

នា​ឱកាស​នោះ លោក ​វង សូត ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន ​និង​យុវនីតិសម្បទា ​លើកឡើងថា ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ​បាន​ខិតខំ​គ្រប់​មធ្យោបាយ​ ក្នុងការ​ចូលរួម​លើកកម្ពស់​តួនាទី​ការងារ​សង្គម ​និង​កម្លាំង​សេវា​សង្គម ​ដើម្បី​ឈាន​ឆ្ពោះទៅ​ពង្រឹង​ និង​ពង្រីក​កិច្ច​គាំពារ​សង្គម ​ក្នុង​ក្របខ័ណ្ឌ​តំបន់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។

លោក​បន្តថា​ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អាស៊ាន​ស្តីពី​ការបង្កើត​សេចក្តីណែនាំ​ថ្នាក់​តំបន់ ស្តីពី​តួនាទី​និង​ភារកិច្ច​កម្លាំង​សេវា​សង្គម ​ដើម្បី​ពង្រឹង​កិច្ចគាំពារ​សង្គម​ (ASEAN Regional Guidance) ​និង​ដាក់ជូន​ប្រមុខ​ថ្នាក់​ដឺកនាំ​អាស៊ាន​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ប្រធាន​ក្នុង​ឆ្នាំ ២០២២ ​នេះ។

បន្ថែម​ពីនេះ​លោក ​វង សូត ​អះអាងថា ​តាមរយៈ​ការដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​នានា​កន្លងមក​របស់​កម្ពុជា ​គឺ​ដើម្បី​​សំដៅ​ពង្រឹង​សមត្ថភាព ​និង​បង្កើន​ចំនួន​កម្លាំង​សេវា​សង្គមកិច្ច​យ៉ាងហោច​ណាស់ ​ត្រូវមាន​អ្នក​អាជីព​សង្គមកិច្ច ​ឬ​អ្នក​អាជីព​សង្គមកិច្ច​រង ​២ នាក់​ ក្នុង​ ១ ឃុំ​-សង្កាត់។ បន្ត​លើកកម្ពស់​កម្លាំង​សេវា​សង្គម​នេះ ​គឺ​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ចក្ខុវិស័យ​ច្បាស់លាស់​និង​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការគាំពារ​នូវ​សុខុមាលភាព​របស់​ប្រជាជន ​និង​ផ្តល់​សេវា​ជួយ​ដល់​ជន​រងគ្រោះ ​និង​ងាយ​រងគ្រោះ ​ឱ្យបាន​ទាន់ពេល​វេលា ​និង​មាន​ប្រសិទ្ធភាព។

លោក​បញ្ជាក់ថា​៖ «កម្លាំង​សេវា​សង្គម​ គឺជា​ទស្សនៈ​រួម​មួយ​ដែល​សំដៅ​ទៅលើ​អ្នកជំនាញ ​និង​អ្នកជំនាញ​រង​ទាំង​ក្នុង​រដ្ឋាភិបាល ​និង​មិនមែន​រដ្ឋាភិបាល​ ដែល​ធ្វើការ​ជាមួយ​កុមារ ​យុវជន​ មនុស្ស​ពេញវ័យ ​ក្រុមគ្រួសារ ​និង​សហគមន៍​ដើម្បី​ធានា​នូវ​ការអភិវឌ្ឍ ​ប្រកប​ដោយ​សុខុមាលភាព​ពេញ​លេញ»។

លោក​បន្តថា​៖ «ខ្ញុំ​យល់ថា ​កម្លាំង​ពលកម្ម​ផ្នែក​សេវា​សង្គម ​ពិតជា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការគាំទ្រ ​និង​លើកកម្ពស់​សុខុមាលភាព​របស់​កុមារ ​គ្រួសារ ​និង​ក្រុម​ងាយ​រងគ្រោះ​ដោយ​កំណត់​អត្តសញ្ញាណ ​និង​គ្រប់គ្រង​ហានិភ័យ​ព្រមទាំង​សម្រួល​ដល់​ការទទួលបាន​សេវា​គាំទ្រ​សង្គម​និង​ធានាថា​ ពួកគេ​នឹង​ទទួលបាន​សេវា​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព ​និង​ទាន់​ពេល​វេលា»។

លោក ​Ekkaphab Phanthavong ​អគ្គលេខាធិការ​រង ​នៃ​អគ្គលេខាធិការដ្ឋាន​អាស៊ាន ​ទទួលបន្ទុក​សហគម​ន៍​ សង្គម​ វប្បធម៌​អាស៊ាន ​និយាយថា ​ការពិភាក្សា​ទៅលើ​ប្រធានបទ​នេះ​ គឺ​ដើម្បី​ឈាន​ទៅរក​ការបង្កើត​គោលការណ៍​ថ្នាក់​តំបន់​ ជុំវិញ​តួនាទី​កម្លាំង​សេវា​សង្គម​ ក្នុង​ផ្នែក​កិច្ច​គាំពារ​សង្គម​ក្នុង​តំបន់​អាស៊ាន។ លោក​បន្តថា ​កម្លាំង​សេវា​សង្គម​នេះ ​ក៏​ជា​ការងារ​មួយ​ដែល​សំខាន់​ក្នុង​ការដឹកនាំ​រួមគ្នា​ដើម្បី​សុខុមាលភាព​សង្គម​ សម្រាប់​ប្រទេស​ជា​សមាជិក​អាស៊ាន​ផងដែរ។

លោក​បញ្ជាក់ថា​៖ «ខ្ញុំ​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​គោល​នយោបាយ​កម្លាំង​សេវា​សង្គម ​ដែល​តម្រូវ​ឱ្យ​មាន​ការងារ​វិជ្ជាជីវៈ​លើ​កិច្ចការងារ​សង្គម ​ដើម្បី​ផ្តល់​ការឆ្លើយតប​នូវ​ភាពចាំបាច់ ​គុណភាព ​ប្រសិទ្ធភាព ​ក្នុង​ការការពារ​នូវ​សិទ្ធិ​មនុស្ស។ នេះ​គឺជា​ចំណុច​សំខាន់​មួយ​ក្នុង​ការធ្វើ​យ៉ាងណា​ឱ្យមាន​ប្រសិទ្ធភាព​ក្នុងការ​បង្កើត​កម្លាំង​សេវា​សង្គម​នៅ​ក្នុង​ថ្នាក់​តំបន់​ចំពោះ​ពលរដ្ឋ​ដែល​ចាំបាច់​ឱ្យ​មាន​ការថែទាំ»។

តាម​ការសិក្សា ​របស់​ស​ម្ព័​ន្ធ​កម្លាំង​សេវា​សង្គម​សកល (GSSWA) និង​អង្គការ​យូនីសេហ្វ ទិន្នន័យ​សំខាន់ៗ ​ដែល​ទាក់ទង​នឹង​កម្លាំង​សេវា​សង្គមកិច្ច​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១២ ​ចំនួន​អ្នកផ្តល់​សេវា​សង្គម​ ដោយ​រាប់ទាំង​មន្ត្រី​ក្រសួង​សង្គម​កិច្ច​មាន​ចំនួន ​១ ៥៥១ នាក់ ​ដែល​ក្នុង​ចំណោម​នោះ​ប្រមាណ ១ ភាគ ៣ ​ធ្វើការ​នៅ​ថ្នាក់ជាតិ ​និង ​១ ភាគ ៣ ​គឺជា​ស្ដ្រី។ ផ្អែក​លើ​ការសិក្សា​នាពេល​ថ្មីៗ​នេះ ​មានមុខ​តំណែង​ការងារ​សង្គម​ចំនួន ​៣ ៧៦៤ ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ​ដែល​ចំនួន​នេះ​បាន​ផ្តល់នូវ​សមាមាត្រ​នៃ​បុគ្គលិក​សេវា​សង្គម​ចំនួន​៦៥នាក់ ​ក្នុង​ចំណោម​កុមារ​ចំនួន ​១០០ ០០០ នាក់។

លោកស្រី ​Foroogh Foyouzat​ តំណាង​អង្គការ​យូនីសេហ្វ ​ប្រចាំ​ប្រទេស​កម្ពុជាបាន​និយាយថា ​នេះ​គឺជា​រឿង​ល្អ​ដែល​រដ្ឋ​ជាសមាជិក​អាស៊ាន ​មាន​កិច្ចពិភាក្សា​រួមគ្នា ​ពី​គោលការណ៍​ថ្នាក់​តំបន់ ​និង​បង្កើត​ឱ្យមាន​កម្លាំង​សេវា​សង្គម​នៅ​ក្នុង​ប្រទេស​នីមួយៗ ​ព្រោះ​កម្លាំង​សេវា​សង្គម​ ដើរ​តួនាទី​សំខាន់​ណាស់ ​ទៅលើ​ការអភិវឌ្ឍ​ប្រទេស។

លោកស្រី​បន្ថែមថា​៖ «សេវា​សង្គម​ដែល​បង្កើត​ឡើង​នៅលើ​ពិភពលោក ​គឺ​ធ្វើ​ឡើង​ដើម្បី​គាំទ្រ​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​ ជាពិសេស​ស្ត្រី ​និង​កុមារ។ ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នេះ ​ក៏ដូច​ជា​ករណី​ទៅ​នឹង​ប្រទេស​កម្ពុជា​ផងដែរ ​ក្នុង​ការពង្រឹង​កម្លាំង​សេវា​សង្គម ​ដែល​បានធ្វើ​ឡើងជា​បន្ត​បន្ទាប់»។

កាលពី​ថ្ងៃទី ៤ ​ខែ មេសា ​ឆ្នាំ ២០២២ ​ក្រសួង​សង្គមកិច្ច ​អតីត​យុទ្ធជន ​និង​យុវនីតិសម្បទា ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នូវ ​“ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា​ ២០២២-២០៣១”​ និង​ផ្សព្វផ្សាយ​ឯកសារ​ទឡ្ហីករណ៍​ស្ដីពី​ការវិនិយោគ​លើ​កម្លាំង​សេវា​សង្គម ​និង​សេចក្តីណែនាំ​ស្ដីពី​ “តួនាទី​និង​ភារកិច្ច​សម្រាប់​មន្ត្រី​ទទួលបន្ទុក​ជា​បុគ្គលិក​សង្គមកិច្ច ​ក្រុង ​ស្រុក ​ខណ្ឌ” ​ដែលជា​របត់​មួយ​ក្នុងការ​បង្កើន​ការផ្តល់​សេវា​សង្គមកិច្ច​ឱ្យ​កាន់តែ​ទូលំ​ទូលាយ ​និង​ចំ​គោល​ដៅ៕