
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យគម្រោងទីតាំងសាងសង់ស្ថានីយទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែកក្កដា។ រូបថត រដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញៈ គម្រោងសាងសង់ស្ថានីយទឹកស្អាតលើផ្ទៃដី ៣០ ហិកតានៅដីសណ្តស្ទឹងព្រែកត្នោត ដែលស្ថិតក្នុងភូមិបឹងធំ ២ ភូមិបឹងធំ ៣ សង្កាត់បឹងធំ ខណ្ឌកំបូល ជំហានដំបូងនឹងអាចផលិតទឹកស្អាតបាន ៥ ពាន់ម៉ែត្រគុបក្នុង ១ ថ្ងៃ បំពេញតម្រូវការជូនពលរដ្ឋប្រមាណ ៥ ពាន់គ្រួសារ។ នេះបើតាមលោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៤ ខែកក្កដា។
លោក ឡុង ណារ៉ូ ប្រាប់ថា ស្ថានីយទឹកស្អាតដែលគ្រោងធ្វើឡើងថ្មីនេះអាចផលិតទឹកស្អាតបាន ៥ ពាន់ម៉ែត្រគុប ក្នុង ១ ថ្ងៃ ដែលចំនួននេះអាចផ្គត់ផ្គង់ជូនដល់ពលរដ្ឋប្រមាណ ៥ ពាន់គ្រួសារ ព្រោះបើមើលតាមស្ថានភាពបច្ចុប្បន្នក្នុង ១ គ្រួសារដែលមានសមាជិក ៥ ទៅ ៦ នាក់ ប្រើទឹកអស់ ១ ម៉ែត្រគុប ឬលើសនេះបន្តិចបន្តួច។
លោកបានបញ្ជាក់ថា៖ «នៅតាមជនបទភាគខាងលិចហ្នឹងគាត់មិនសូវជាប្រើច្រើនដូចនៅភ្នំពេញទេ អ៊ីចឹងខ្ញុំគិតថា ក្នុង ៥ ពាន់ម៉ែត្រគុបស្មើប្រហែល ៥ ពាន់គ្រួសារ ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស ហើយនិងតំបន់វត្តស្លែងយើងហ្នឹង»។
លោកបន្តថា រោងចក្រផលិតទឹកស្អាតបឹងធំជាជំហានទី ១ អាចនឹងដំណើរការនៅឆ្នាំ ២០២៣ នឹងអាចឱ្យពលរដ្ឋប្រើប្រាស់ទឹកស្អាតនេះបាននៅក្នុង ៣ សង្កាត់ នៃខណ្ឌកំបូល ហើយនឹងបន្តពង្រីកវិសាលភាពឱ្យកាន់តែធំបន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យពលរដ្ឋរស់នៅស្អាត ផឹកទឹកស្អាតមានអនាម័យល្អទៅតាមគោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រៅពីនេះ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ ក៏អាចផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាននៅភាគខាងលិចឆៀងខាងត្បូងរាជធានីភ្នំពេញនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និង ១ ផ្នែកទៀតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីផងដែរ។
លោក ឡុង ណារ៉ូ បានប្រាប់ទៀតថា ការសាងសង់រោងចក្រផលិតទឹកស្អាតដីសណ្តស្ទឹងព្រែកត្នោតនេះ គោលបំណងសំខាន់ ដើម្បីឆាប់ឱ្យពលរដ្ឋនៅតំបន់នោះទទួលបានទឹកស្អាតប្រើប្រាស់។ តាមគម្រោងអភិវឌ្ឍន៍របស់រដ្ឋាករទឹក នៅទីនេះគឺអាចមានទឹកស្អាតនៅឆ្នាំ ២០៣០ ឯនោះ ព្រោះរដ្ឋាករទឹកមានផែនការរួចហើយលើការផ្គត់ផ្គង់នៅតំបន់ទាំងអស់នោះ។ លោកថាតាមគម្រោងគឺត្រូវធ្វើដេញពីកើតមកលិច រួចទើបដេញពីទីក្រុងភ្នំពេញទៅព្រំប្រទល់នៃខេត្តកំពងស្ពឺ។
លោកថ្លែងថា៖ «ដោយសារយើងគិតថា ការធ្វើដេញពីកើតទៅលិចតំបន់ដែលគ្រោងធ្វើនេះឆ្នាំ ២០៣០ ឯនោះ បានមានទឹក តែដោយសារនៅតំបន់ដីសណ្តបឹងធំហ្នឹងវាមានទឹក យើងក៏ស្នើសុំថវិកាទៅរាជរដ្ឋាភិបាលជប៉ុនឱ្យពង្រីកនៅទីតាំងហ្នឹងបានឆាប់មុន អ៊ីចឹងបើថវិកាបានមកទាន់ពេលវេលា គឺតំបន់ហ្នឹងនឹងបានទឹកស្អាតប្រើក្នុងឆ្នាំ ២០២៣ ឬដើមឆ្នាំ ២០២៤»។
លោក ឡុង ណារ៉ូ ប្រាប់ថា អភិបាលរាជធានីភ្នំពេញទើបបានចុះពិនិត្យទីតាំងសម្រាប់សាងសង់ស្ថានីយទឹកស្អាតថ្មីនេះកាលពីថ្ងៃទី ១៣ ខែក្កដា ហើយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក៏កំពុងរៀបចំឯកសារ ដើម្បីស្នើសុំដីសណ្តស្ទឹងព្រែកត្នោតស្ថិតក្នុងភូមិបឹងធំ ២ ភូមិបឹងធំ ៣ សង្កាត់បឹងធំ ខណ្ឌកំបូលទៅរដ្ឋបាលរាជធានីភ្នំពេញផងដែរ។
យ៉ាងណាក្ដី លោកមិនបានបញ្ជាក់អំពីថវិកាសម្រាប់សាងសង់ស្ថានីយទឹកស្អាតនេះថា មានចំនួនប៉ុន្មាននោះទេ ប៉ុន្តែលោកប្រាប់ថា បានស្នើសុំទៅរាជរដ្ឋាភិបាលជប៉ុនរួចហើយ ខណៈពេលនេះកំពុងរង់ចាំការសម្រេចពីភាគីជប៉ុន។ លោកថា៖ «យើងមិនទាន់បានទទួលនូវកំណត់ទូតពីស្ថានទូតជប៉ុននៅឡើយទេអំពីការផ្តល់ថវិកា សម្រាប់សាងសង់រោងចក្រដីសណ្ត ព្រោះអីគ្រោងទៅតាមផែនការរបស់យើង គឺយើងនឹងទទួលបានថវិកាសម្រាប់គម្រោងសាងសង់នេះនៅក្នុងឆ្នាំហ្នឹង តែឥឡូវនេះយើងមិនទាន់បានទទួលអីទេ»។
ដើម្បីឱ្យគម្រោងខាងលើនេះដំណើរការទទួលបាននូវភាពជោគជ័យកាលពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២ លោក ឃួង ស្រេង អភិបាលរាជធានី-ភ្នំពេញបានចុះពិនិត្យមើលស្ថានភាពទឹកសណ្ដស្ទឹងព្រែកត្នោតដោយបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះទៅពិនិត្យជាមួយផងដែរ។ នេះបើតាមរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងឱកាសចុះទៅនោះ លោក ឃួង ស្រេង បានលើកឡើងថា ប្រមុខដឹកនាំកម្ពុជា មានគុណបំណាច់ច្រើនណាស់ សម្រាប់ប្រជាជនកម្ពុជាក្នុងនោះ ទី ១ បានរំដោះពលរដ្ឋកម្ពុជាឱ្យរួចពីការកាប់សម្លាប់របស់បន ប៉ុលពត នៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ទី ២ បានការពារជីវិតពលរដ្ឋកម្ពុជាម្តងទៀតពីជំងឺកូវីដ ១៩ និងទី ៣ លោកបានគិតគូរធ្វើយ៉ាងណាឱ្យពលរដ្ឋរស់នៅស្អាត ផឹកទឹកស្អាត តាមរយៈការបង្កើតឱ្យមានរោងចក្រផលិតទឹកស្អាតនេះឯង៕