ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​អ្នក​វិនិយោគ​ បង់ក្លាដែស មក​វិនិយោគ​នៅ​កម្ពុជា​ជា​ឃ្លាំង​ម៉ាស៊ីន​កិនស្រូវ និង​ទិញ​ស្រូវ​ផ្ទាល់​ពី​ប្រជាកសិករ​សម្រាប់​ស្តុកទុក សម្រាប់​កិន និង​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស បង់ក្លាដែស​ផ្ទាល់។

លោក​បាន​ជំរុញ​ដូច្នេះ ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​បង់ក្លាដែស លោក អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) នា​ថ្ងៃទី​១៥ ខែ​កក្កដា នៅ​វិមាន​សន្តិភាព ក្នុង​ឱកាស​ដែល​លោក​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤-១៦ ខែ​កក្កដា ។

យោងតាម​ហ្វេសប៊ុក លោក​នាយក​រដ្ឋមន្ត្រី​បាន​ឱ្យ​ដឹង​ថា លោក អេ ខេ អាប់ឌុល ម៉ូមិន បាន​ប្រាប់​លោក ហ៊ុន សែន អំពី​ស្ថានភាព និង​គោលបំណង​របស់​រដ្ឋាភិបាល​បង់ក្លាដែស ពាក់ព័ន្ធ​នឹង​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ដែល​កំពុង​ជ្រកកោន​នៅ​ប្រទេស​បង់ក្លាដែស និង​អំពី​ស្ថានភាព​សេដ្ឋកិច្ច​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩។

លោក​បាន​បង្ហាញ​គោលបំណង​ចង់​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា ជាពិសេស វិស័យ​ពាណិជ្ជកម្ម ដើម្បី​រក្សា​សន្តិសុខ​ស្បៀង នៅ​គ្រា​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​ស្បៀង​ឡើង​ថ្លៃ។

ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា៖ «សម្តេច​តេជោ បាន​ស្នើឱ្យ​ឯកឧត្តម លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​វិនិយោគ​បង់ក្លាដែស មក​វិនិយោគ​នៅ​កម្ពុជា ជា​ឃ្លាំង​ម៉ាស៊ីន​កិន​ស្រូវ និង​ទិញស្រូវ​ផ្ទាល់​ពី​ប្រជាកសិករ សម្រាប់​ស្តុក​ទុក សម្រាប់​កិន និង​សម្រាប់​នាំចេញ​ទៅ​ប្រទេស បង់ក្លាដែស ផ្ទាល់​តែ​ម្ដង ឬ​អាច​រៀបចំ​សហការ​ជាមួយ​ប្រជាកសិករ​កម្ពុជា ធ្វើ​កសិកម្ម​តាម​បែប​កិច្ច​សន្យា​ក៏​បាន»។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ប្រទេស​កម្ពុជា និង​បង់ក្លាដែស មិន​សូវ​ឃើញ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ខ្លាំង នោះ​ទេ ប៉ុន្តែ​សម្រាប់​ការ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក នៅ​ក្នុង​ទំនាក់​ទំនង​អន្តរជាតិ ប្រហែល​ជា​មាន​សារៈសំខាន់។

នៅក្នុង​បញ្ហា​តំបន់​ក៏​មាន​សារៈសំខាន់​ដែរ ដែល ប្រទេស​ទាំង ២ អាច​ជួយ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​នៅ​ក្នុង​ទិដ្ឋភាព​នៃ​ទំនាក់​ទំនង​បញ្ហា​អន្តរជាតិ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ផល​ប្រយោជន៍​របស់​ប្រទេស​នីមួយៗ។

លោក​ថ្លែង​ថា៖ «សម្រាប់​ទំនាក់​ទំនង​អន្តរជាតិ​នេះ​ទំនង​ជា​ បង់ក្លាដែស ក៏​សម្លឹង​ឃើញ​ថា កម្ពុជា នៅ​ក្នុង​តំបន់​អាស៊ាន ហើយ​បង់ក្លាដែស​ជា​ទូទៅ​ក៏​គាត់​ចង់​ឱ្យ មាន​ផល​ប្រយោជន៍​ខ្លះ​ចំពោះ​ប្រទេស​របស់​គាត់​ដែរ ពី​ការ​សម្រេច​របស់​អាស៊ាន ពី​ទំនាក់ទំនង​ជាមួយ​នឹង​កម្ពុជា ហើយ​និង​ជាមួយ​អាស៊ាន​ហ្នឹង ខ្ញុំ​ថា ជា​រឿង​មួយ​សំខាន់ ដែល​បង់ក្លាដែស​គាត់​ចង់​ឃើញ​នូវ​ការ​ជួយ​គាំទ្រ​ណា​មួយ​ទាំង​ខាង​សេដ្ឋកិច្ច ទាំង ខាង​នយោបាយ​ក៏​ដូចជា បញ្ហា​នានា​នៅ​ក្នុង​តំបន់ ក៏​ដូចជា​អន្តរជាតិ​ផ្សេង​ទៀត​ផងដែរ»៕