
ព្រះសីហនុៈ លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះក្រសួងបរិស្ថាន និងអង្គការអភិវឌ្ឍន៍ ឧស្សាហកម្ម សហប្រជាជាតិ ដែលបានជ្រើសរើសខេត្តព្រះសីហនុ ជាទីតាំងគោលដៅនៃការសិក្សាវាយតម្លៃតម្រូវការបច្ចេកវិទ្យា និងផែនការសកម្មភាពដើម្បីគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន។ លោក ក៏បានថ្លែងអំណរគុណដល់មូលនិធិអាកាសធាតុបៃតង ដែលបានគាំទ្រហិរញ្ញវត្ថុដល់គម្រោងដ៏មានសារៈសំខាន់ និងមានតម្លៃផ្នែកសង្គម និងសេដ្ឋកិច្ចនេះ។
លោកបានឱ្យដឹងថា ខេត្តព្រះសីហនុជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភ័ស្តុភារធម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។
ស្របពេលនឹងមានការអភិវឌ្ឍយ៉ាងគំហុកនេះ ខេត្តព្រះសីហនុក៏បានជួបប្រទះបញ្ហាប្រឈមនានា ដែលបណ្តាលមកពីមនុស្ស និងធម្មជាតិផងដែរ។ ជាក់ស្តែង ខេត្តព្រះសីហនុតែងតែជួបប្រទះបញ្ហាប្រឈមដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ មានដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ការកើនឡើងកម្តៅ និងការឡើងកម្ពស់កម្រិតទឹកសមុទ្រ ដែលបណ្តាលឱ្យទឹកប្រៃហូរចូលស្រែចម្ការជាដើម។
លោកបញ្ជាក់ថា៖ «ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងចម្បងមួយដល់មនុស្សជាតិទាំងមូល ទាំងពេលបច្ចុប្បន្ន និងពេលអនាគត ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចប្រទេសកម្ពុជា។ កម្ពុជាបានរួមចំណែកបំភាយឧស្ម័នផ្ទះកញ្ចក់តិចតួចប៉ុណ្ណោះ ប៉ុន្តែកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដែលទទួលរងគ្រោះធ្ងន់ធ្ងរជាងគេពីការប្រែប្រួលអាកាសធាតុ ដោយសារប្រជាជនកម្ពុជាភាគច្រើនប្រកបរបរកសិកម្ម ដែលពឹងផ្អែកលើរបបទឹកភ្លៀង សមត្ថភាពឆ្លើយតបទាំងបច្ចេកទេស និងហិរញ្ញវត្ថុនៅមានកម្រិត»។
យោងតាមការសិក្សារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ប្រសិនបើកម្ពុជា ពុំចាត់វិធានការបានត្រឹមត្រូវ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុនោះទេ ផលិតផលក្នុងស្រុកសរុបអាចនឹងធ្លាក់ចុះប្រមាណ១០ ភាគរយ ត្រឹមឆ្នាំ ២០៥០។ ម្យ៉ាងទៀត បញ្ហាជំងឺរាតត្បាតកូវីដ ១៩ បាននិងកំពុងតែបន្ថែមអំរែកយ៉ាងធ្ងន់ដល់រាជរដ្ឋាភិបាល ដែលរារាំងដល់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម រួមទាំងការអនុវត្តផែនការយុទ្ធសាស្ត្រសម្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ នេះបើតាមការបន្ថែមរបស់លោក ឡុង ឌីម៉ង។
លោកថ្លែងថា៖ «ទោះបីជាយើងមានភាពចាំបាច់ក្នុងការបង្វែរទិសដៅអាទិភាពគោលនយោបាយ និងធនធានដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ យើងទាំងអស់គ្នាគប្បីខិតខំផ្តល់អាទិភាព និងធានាឱ្យបាននិរន្តរភាពនៃការអនុវត្តវិធានការដោះស្រាយ និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ»។
លោកថា ឈរលើស្មារតីនេះ គម្រោងវាយតម្លៃតម្រូវការបច្ចេកវិទ្យា និងផែនការ ដើម្បីគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន សម្រាប់តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ពិតជាមានតម្លៃបន្ថែមដល់សេដ្ឋកិច្ច និងបរិស្ថាន ដែលនឹងរួមចំណែក កាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការអនុវត្តនូវផែនការសកម្មភាពដែលអង្គសិក្ខាសាលាបានចូលរួមយ៉ាងផុលផុស៕