
សៀមរាបៈ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំរុញដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានតឹងរ៉ឹងបំផុត ជាពិសេសធ្វើឱ្យជនគ្រប់រូបចងចាំពីការដោះស្រាយបាននូវបញ្ហាគ្រឿងញៀន និងការបង្ការកុំឱ្យមានការឆ្លងថ្មីនៃជំងឺកូវីដ ១៩។
ការជំរុញរបស់លោក មាស វិរិទ្ធ បែបនេះធ្វើឡើងក្នុងពិធីដុតបំផ្លាញគ្រឿងញៀន ជាង ១០ គីឡូក្រាម ដែលប្រមូលមកពីសាលាដំបូងខេត្តសៀមរាប កំពង់ធំ និងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ក្នុងន័យអបអរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២២ នៅខេត្តសៀមរាប ដែលមានអ្នកចូលរួមប្រមាណ ៣០០ នាក់។
លោក មាស ច័ន្ទរិទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថាគ្រឿងញៀន ដែលបានរឹបអូសយកដោយសាលាដំបូងទាំង៣ខេត្ត មានប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក(ICE) និង ប្រភេទមេតំហ្វេតាមីន (WY)។
លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានគូសបញ្ជាក់ថា ការដោះស្រាយបាននូវបញ្ហាគ្រឿងញៀន និងការបង្ការកុំឱ្យមានការឆ្លងថ្មីនៃជំងឺកូវីដ១៩ គឺជាកត្តាដ៏សំខាន់ក្នុងការថែរក្សាសុខភាព សុវត្ថិភាព សន្តិសុខ និងបង្កើនការអភិវឌ្ឍសម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ និងសង្គម ជាតិទាំងមូល។
ជាក់ស្ដែងបានបន្តរឹតបន្តឹង និងលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវរាល់គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដែលមានការពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ និង លើកទី៦ ដែលរាជរដ្ឋាភិបាលដាក់ចេញរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។
លោកបន្ថែមថា គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ធ្វើការអប់រំណែនាំនិងគ្រប់គ្រងកម្លាំងក្រោមឱវាទ របស់ខ្លួនឱ្យបានតឹងរ៉ឹងកុំឱ្យមានការជាប់ពាក់ព័ន្ធ ឬ នៅពីក្រោយសកម្មភាពនៃបទល្មើសគ្រឿងញៀន ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងក្ដាប់ឱ្យបានច្បាស់លាស់នូវមុខសញ្ញាលក់ និង ចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះអាសន្ន ប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និង ត្រូវបង្ក្រាបឱ្យបានទាន់ពេលវេលាពេលមានបទល្មើសកើតឡើងនិងត្រូវបន្តពង្រឹងយន្តការត្រួតពិនិត្យឱ្យបានតឹងរ៉ឹងបំផុត៕