
សៀមរាបៈ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានជំរុញឱ្យពលរដ្ឋមានការចិញ្ចឹមដំរីឡើងវិញ ចេះស្រលាញ់ព្រៃឈើ ព្រមទាំងចូលរួមដាំបន្ថែមផងដោយចាប់ផ្តើមនៅក្នុងតំបន់អូរកូនតឹង នៃស្រុកវ៉ារិន ខេត្តសៀមរាប។
ការជំរុញនេះធ្វើឡើងនៅក្នុងពិធីដាំកូនឈើចំនួន ១ ៤០០ ដើម និងលែងកូនត្រីចំនួន ៤ ៣០០ ក្បាល នាថ្ងៃទី ១៥ ខែកក្កដានេះ ក្នុងតំបន់អូរកូនតឹង នៃស្រុកវ៉ារិន ខេត្តសៀមរាប ក្នុងឱកាសគម្រប់ខួប ១៤ ឆ្នាំ នៃការបង្កើតសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប។
អភិបាលរងខេត្តសៀមរាបរូបនេះថ្លែងថា៖ «ចង់ជំរុញឱ្យមានការចិញ្ចឹមសត្វដំរីនៅទីនេះ ព្រោះថាបច្ចុប្បន្ននៅប្រទេសយើងសព្វថ្ងៃនេះ ជិតផុតពូជដំរីអស់ហើយ បើយើងអាចធ្វើបានគួរតែចិញ្ចឹមដំរីឡើងវិញ ពីដើមដំរីនៅប្រទេសយើងសម្បូរណាស់ តែឥឡូវមានតិចតួចមិនដូចនៅប្រទេសថៃ និងប្រទេសជិតខាងយើងទេ»។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ការដាំកូនឈើ គឺឆ្លុះបញ្ចាំងឱ្យឃើញនូវការភ្ញាក់រឭករបស់សហគមន៍យើងទាំងមូល ក្នុងការប្រឈមមុខដោះស្រាយបញ្ហាការបាត់បង់ព្រៃឈើ និងជាស្មារតីម្ចាស់ការក្នុងការទទួលខុសត្រូវលើការគ្រប់គ្រងធនធានធម្មជាតិ។ ជាពិសេសសម្រាប់កូនចៅជំនាន់ក្រោយ ដើម្បីរក្សាបាននូវគម្របបៃតងស្រស់ស្អាត។
លោកបញ្ជាក់ទៀតថា៖ «វាពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ វាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយថែរក្សាលំនឹងនៃការប្រែប្រួលអាកាសធាតុ ដែលព្រៃឈើ និងបរិស្ថានធម្មជាតិ តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ និងទប់ទល់នឹងគ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះជាដើម»៕