
ខេត្តកោះកុងៈ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានណែនាំឱ្យរដ្ឋបាលស្រុកស្រែអំបិល សហការជាមួយមន្ទីរ អង្គភាពជំនាញ ចុះពិនិត្យទីតាំងដីជាក់ស្តែង និងចុចយកនិយាមកាដី ដំឡើងផែនទីបង្ហាញទីតាំងដីឱ្យបានច្បាស់លាស់ រួចធ្វើរបាយការណ៍បញ្ជូនទៅរដ្ឋបាលខេត្តដើម្បីបន្តនីតិវិធី។
ទន្ទឹមនឹងនេះ ម្ចាស់សំណើក៏ត្រូវចូលរួមសហការជាមួយរដ្ឋបាលស្រុក ក្នុងការចង្អុលបង្ហាញទីតាំងដី ព្រំដី និងឯកសារពាក់ព័ន្ធនឹងការកាន់កាប់ដីផងដែរ។
ការណែនាំរបស់លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បែបនេះ ធ្វើឡើងក្នុងនៅពេលលោក ដឹកនាំកិច្ចប្រជុំពិនិត្យសំណើរបស់ប្រជាពលរដ្ឋស្នើសូមវាស់វែង ផ្ទេរសិទ្ធិកាន់កាប់ដីមិនទាន់ចុះបញ្ជី នៅស្រុកស្រែអំបិល កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នេះ។
លោកអភិបាលរងខេត្តកោះកុង បានឱ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពី រដ្ឋបាលស្រុកស្រែអំបិល មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មេឃុំ ម្ចាស់សំណើ និងអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យសំណើរបស់ប្រជាពលរដ្ឋ ចំនួន ៧សំណើ ដែលស្នើសូមវាស់វែង ផ្ទេរសិទ្ធិកាន់កាប់អចលនវត្ថុមិនទាន់ចុះបញ្ជី មានទីតាំងស្ថិតនៅឃុំដងពែង ឃុំបឹងព្រាវ ឃុំជីខលើ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង៕