​ភ្នំពេញៈ គណបក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន ​និង​គណបក្ស​ភ្លើង​ទៀន​ បាន​ចង​សម្ព័ន្ធភាព​នយោបាយ​ក​ម្រិតមូល​ដ្ឋាន នៅ​ឃុំ​សា​គ្រាម​ ខេត្ត​កំពង់​ធំ ​ កាល​ពី​ថ្ងៃទី ១៧​ ខែកក្កដា ​ឆ្នាំ ២០២២​ ដើម្បី​លើក​ស្ទួយ​អភិបាល​កិច្ច​បែប​ប្រជា​ធិបតេយ្យ​តាម​គោល​ការណ៍​សេរី​ពហុបក្ស​ ក្រោយ​ពី​ការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ ​កាល​ពី​ដើម​ខែ​មិថុនា​។​ ​

​លោក ឡឹ​ក ​សុធារ ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១៧ ខែកក្កដា​ថា ការ​ចងសម្ព័ន្ធភាព​ន​យោ​បាយ​នេះ លោក យ៉ង សាំង​កុមា តំណាង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង លោក សុន ឆ័យ តំណាងគណបក្ស​ភ្លើងទៀន បាន​ទៅ​ជួប​ក្រុមប្រឹក្សាឃុំ​សា​គ្រាម ខេត្តកំពង់ធំ ​ក្នុង​គោលបំណង​លើកទឹកចិត្ត​ឱ្យ​ក្រុមប្រឹក្សាឃុំ​ទើប​ជាប់ឆ្នោត​ក្នុងការ​ចងសម្ព័ន្ធភាព​នយោបាយ​ដើម្បី​លើកស្ទួយ​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ​តាម​គោលការណ៍​សេរី​ពហុបក្ស​។​

​លោក​បន្តថា ឃុំ​សាគ្រា ថ្វីដ្បិតតែ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះឆ្នោត ធ្វើជា​មេឃុំមែន ​តែ​មិនមាន​អាសន​:​គ្រប់គ្រាន់ (​តាម​គោលការណ៍ ៥០+១) ក្នុងការ​សម្រេចចិត្ត​ដោយ​គ្មាន​ការសហការ​ពី​បក្ស​ផ្សេងទៀត​នោះទេ​។ ក្នុងការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ​សង្កាត់ កន្លងមកនេះ គណ​ប​ក្យ​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទទួលបាន​២ អាសនៈ គណបក្ស​ភ្លើងទៀន ទទួលបាន ​២ អាសនៈ និង​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៣ អាសនៈ។ បើ​បូករួម​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង គណបក្ស​ភ្លើងទៀន៤ អាសនៈ នឹង ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា។

​បើតាម លោក ឡឹ​ក សុធារ សម្ព័ន្ធភាព​នយោបាយ​នៅ​ឃុំ​សា​គ្រាម ​រវាង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​ភ្លើងទៀន ដើម្បី​កសាង​ឃុំ​សា​គ្រាម​នេះ​ឱ្យបាន​ល្អ និង​ធ្វើជា​គំរូ ព្រមទាំង អាចជា​ឧទាហរណ៍​មួយ​នៃ​សម្ព័ន្ធភាព​នយោបាយ​សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ ​២០២៣​ ។​

​លោក​ថ្លែងថា​៖ «យើង​ចង់​ប្រើប្រាស់​រូបភាព​រួមគ្នា​នេះ ដើម្បី​ធ្វើការ​សិក្សា​ថា​តើ យើង​សហការគ្នា​នៅ​មូល​ដ្ឋាន​នេះ វា​បានផ្តល់​ផលប្រយោជន៍​អ្វីខ្លះ​ដល់​ប្រជាពលរដ្ឋ​បាន​ពិត​ប្រាក​ដ។ នេះ គឺជា​គោលដៅ ទី ១ និង​ទី ២ នោះ គឺ​យើង​ចង់​ជជែក​គ្នា​ពី​លទ្ធភាព សហការគ្នា​បន្តបន្ទាប់​ទៀត នៅពេល ដែល​យើង​ឃើញ​លទ្ធផល​ឃុំ​សា​គ្រាម​ចេញមក​ល្អ និង​ទទួលបាន​ផលចំណេញ​ច្រើន សម្រាប់​ប្រជាពលរដ្ឋ យើង​នឹង​ពិចារណា​ពី​លទ្ធភាព នៃ​សហការ​ផ្សេងៗ​ទៀត»​។

​លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ និងអ្នកវិភាគ​នយោបាយ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១៧ ខែកក្កដា​ថា ការ​ចងសម្ព័ន្ធភាព​ន​យោ​បាយ​នៅ​ថ្នាក់មូលដ្ឋាន​របស់ គណបក្ស​ទាំង២​នេះ សមាជិក​ក្រុមប្រឹក្សាឃុំ អាច​ជ​ជែក​គ្នា មុនពេល​សម្រេចចិត្ត និង​អាច​ឈរ​នៅ​សំឡេងតែមួយ ពោលគឺ ៤ ទល់ ៣​។ ទោះបី​មិនបាន​ឈរ​ធ្វើជា​មេឃុំ​ក្តី ប៉ុន្តែ​ពួកគាត់​អាចធ្វើ​សេចក្តីសម្រេច​ណាមួយ ដើម្បី​ឆ្លើយតប​ទៅនឹង​សេច​ក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន។

លោក​ថ្លែងថា​៖ ​«​ការកសាង​ប្រជាប្រិយភាព និង​ភាពជឿជាក់ នៅក្នុង​ឃុំ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​ភ្លើងទៀន អាចមាន​កម្លាំង​ទាក់ទាញ។ វាជា​ចំណុច​ល្អ ខ្ញុំ​ស្វាគមន៍ និង​សាទរ ហើយ​ខ្ញុំ​ជំរុញ​លើកទឹកចិត្ត​ឱ្យធ្វើ​បែបនេះ​ទៀត នៅ​ឃុំ​សង្កាត់​ផ្សេងទៀត»​។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១៧ ខែកក្កដា​ថា ការ​ចងសម្ព័ន្ធភាព​ន​យោ​បាយ​របស់​គណបក្ស​ទាំង២​នេះ​នៅក្រោយ​ការបោះឆ្នោត មិនមាន​អ្វី​ជា​បញ្ហា​ទេ ប៉ុន្តែ ទោះបី​មានការ​ចងសម្ព័ន្ធភាព​នយោបាយ​ទាំង២នេះក្តី ក៏ក្រុមប្រឹក្សាឃុំ​នេះ នៅតែ​ស្ថិតនៅក្រោម​ច្បាប់​ស្តីពី​គ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់​ដដែល​ទេ។

​លោក​ថ្លែងថា​៖ «​មួយវិញទៀត រដ្ឋបាល​ឃុំ​នេះ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួងមហាផ្ទៃ បើទោះបី​ចងសម្ព័ន្ធភាព​នយោបាយ​នៅក្នុង​ឃុំ​នេះ ឱ្យមាន​សំឡេង​ច្រើនក្តី ក៏​មិនអាច​ចេញពី​ក្របខ័ណ្ឌ​នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឃុំ​សង្កាត់​ និង​ការណែនាំ​របស់​ក្រសួងមហាផ្ទៃដែរ»​។

​យោងតាម​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី ៥ កាលពី​ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២២ បង្ហាញថា ឃុំ​សា​គ្រាម​មាន ៧ អាសន​: ដោយ ក្នុងនោះ គណបក្ស​ប្រជាជន​ទទួលបាន ៣ អាសន​: គណបក្ស​ភ្លើងទៀន​ទទួលបាន ២ អាសន​: និង គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទទួលបាន ២ អាសន​:៕

វីដេអូ៖