ភ្នំពេញៈ​ជំនន់​ទឹក​ភ្លៀង​នា​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​មុន​នេះ​បាន​បណ្ដាល​ឱ្យ​មនុស្ស ​៣ ​នាក់​ស្លាប់ ​និង​ជន់​លិច​ប៉ះ​ពាល់​ផ្ទះ​ប្រជា​ពលរដ្ឋ​ជិត​ ១០០​ គ្រួសារ ព្រម​ទាំង​ខូច​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជនបទ​មួយ​ចំនួន។ នេះ​បើ​តាម​លោក សុទ្ធ គឹម​កុល​មុន្នី អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ។ ​

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១៧​ ខែកក្កដា ឆ្នាំ ​២០២២​ថា ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ពី​ប្រទេស​ថៃ​និង​ពី​ឈូង​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​បាន​បណ្ដាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​មាត់សមុទ្រ ​និង​តំបន់​ជួរ​ភ្នំក្រ​វាញ។ ជាក់​ស្ដែង​កាល​ពីថ្ងៃទី ​១១​ ដល់​ថ្ងៃទី ១​៤ ខែកក្កដា​កន្លង​ទៅថ្មីៗ​នេះ បរិមាណ​ទឹក​ភ្លៀង​បាន​ធ្លាក់​លើស​ពី​កម្រិត ​១០០​ មិល្លីម៉ែត្រ​ក្នុង ​១ វិនាទី​ដោយ​បង្ក​ឱ្យកើត​មាន​ជា​ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​ខេត្ត​ចំនួន ៤ រួម​មាន ខេត្ត​ព្រះ​សីហនុ កោះ​កុង ​ពោធិ៍​សាត់ និង​បាត់​ដំបង​។

លោក​បាន​បញ្ជាក់​ថា៖ «ជំនន់​ទឹក​ភ្លៀង​ដែល​បាន​កើត​ឡើង​ក្នុង​ចន្លោះ​ថ្ងៃទី​ ១១-​១៤ ខែកក្កដា​បាន​បង្ក​ឱ្យ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ពោធិ៍​សាត់ ​១ គ្រួសា​រមាន​គ្នា ៣ នាក់ ​​ក្នុងនោះ​មាន​ទាំង​ស្រីមាន​ផ្ទៃ​ពោះ ​៧ ខែ​ផង​ បាន​ស្លាប់ ​ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ឌុប​គ្នា​ឆ្លង​កាត់​ស្រុក​វាល​វែង ក្នុង​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឱ្យម៉ូតូ​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ទឹង​ ក្នុង​គ្រា​ដែល​ទឹក​ស្ទឹង​នោះកំពុង​ជន់​ឡើង​ និង​ហូរ​កួច​ខ្លាំង»​។

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ឧប្បទ្ទវ​ហេតុ​​នោះ ​រួម​មាន ឈ្មោះ ជា សុខគឿន អាយុ ៣៩ ​ឆ្នាំ​មាន​ទីលំនៅ​ក្នុង​ភូមិ​ឈើ​ទាល ឃុំ​ត្នោត​ជុំ ស្រុក​ក្រគ​រ ខេត្ត​ពោធិ៍​សាត់ និង​ប្រពន្ធ​របស់​គាត់ ឈ្មោះ​ចាន់ ភក្តី អាយុ​ ៣៥​ ឆ្នាំ (មាន​ផ្ទៃ​ពោះ ៧ ខែ) និង​កូន​ស្រី​របស់​គាត់​ ឈ្មោះ លី ចាន់​ថា អាយុ​ ៣ ឆ្នាំ​។

បើ​តាម​លោក គឹម​ ​កុល​មុន្នី នៅ​ថ្ងៃទី ១២ ​ខែកក្កដា ភ្លៀង​បាន​ធ្លាក់​ខ្លាំង​នៅ​ខេត្ត​ព្រះសី​ហនុ ​បង្ក​ជា​ជំនន់​ទឹក​ភ្លៀង​លិច​ ប៉ះពាល់​ផ្ទះ​ប្រជា​ពលរដ្ឋ​ ៥៤​ គ្រួសារ​នៅ​ក្នុង​ស្រុក​កំពង់​សិលា ​ស្រុក​ស្ទឹង​ហាវ​ និងស្រុក​ព្រៃ​នប់ ​ដោយ​ទឹក​បាន​ហូរ​កាត់​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​ ៤​ ត្រង់​ចំណុច​ស្ពាន​ស្ទឹង​សំរោង​ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី ​១៣ ​ខែកក្កដា ទឹក​បាន​ស្រក​ទៅវិញ​។ រីឯនៅខេ​ត្តកោះកុ​ង ភ្លៀង​ធ្លាក់​ខ្លាំង​៣ថ្ងៃ​ជាប់​គ្នាគឺ​ពីថ្ងៃទី​ ១២-១៤ ខែ​កក្កដាបង្ក​ជា​ជំនន់​ទឹកភ្លៀ​ង​លិច​ប៉ះ​ពាល់​ផ្ទះ​ប្រជា​ពលរដ្ឋ​ ៤០ ​គ្រួសារ​នៅ​ក្នុង​ស្រុក​បទុម​សាគរ ស្រុក​មណ្ឌល​សីមា ​និង​ស្រុក​ស្រែ ​អំបិល​ព្រម​ទាំង​លិច​ប៉ះពាល់​ស្រូវ​ចំនួន​៥ហិក​តា និង​បាត់​បង​មាន់​ទាចំនួន​ ១៦០ ​ក្បាល។ ចំណែក​នៅ​ខេត្ត​បាត់​ដំបង ​ជំនន់​ទឹក​ភ្លៀង​បាន​លិច​ប៉ះពាល់​ផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន​ ៥​ គ្រួសារ​ នៅ​ស្រុក​សំឡូត ​កាល​ពីថ្ងៃទី ​១២​ ខែ​កក្កដា ​ឆ្នាំ​ ២០២២ ​។ ​

សូម​បញ្ជាក់​ផង​ដែរថា ​កាល​ពីខែ​ឧសភា​កន្លង​ទៅនេះ ជំ​នន់​ទឹក​ភ្លៀង​បានប​ង្កកា​រជន់​លិច​ផ្ទះប្រជា​ពលរដ្ឋ ប្រមាណ​ ១០០ ខ្នង​ និង​ប៉ះពា​ល់​ស្រូវ​ដើមរដូវ​វស្សា​របស់​ប្រជា​កសិករ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​ត្បូង​ឃ្មុំ​សរុប ​៦ ០១៦​ហិក​តា និង​ខូច​ខាត​ចំនួន ​៣ ៥១៣ ​ហិក​តា​ ៕

វីដេអូ៖