​ភ្នំពេញៈ ​មន្ដ្រី​សារ​មន្ទីរ​ជាតិ​ជំរុញ​ឱ្យ​សិស្ស​-​និស្សិត​ចូល​ទស្សនា​នៅ​សារ​មន្ទីរ​ជាតិ​ និង​សារ​មន្ទីរ​ទួលស្លែង​ដើម្បី​យល់​ច្បាស់​ពី​វប្ប​ធម៌​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់​ខ្មែរ ​ខណៈ​បច្ចុប្បន្ន​មាន​ទេសចរ​ជាតិ ​និង​អន្តរ​ជាតិ​ចូល​ទស្សនា​ ១​ ថ្ងៃ ច​ន្លោះ​ពី ​៨០​ ទៅ​ ១២០ ​នាក់​ ក្នុង​នោះ​ភាគ​ច្រើន​ជា​ទេស​ចរ​ក្នុង​ស្រុក​។ ​នេះ​តាម​លោក ​ឆាយ​ វិសុទ្ធ​ ប្រធាន​នាយក​ដ្ឋាន​សារ​មន្ទី​រ​ នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​។​

លោក ឆាយ វិសុទ្ធ ថ្លែងប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ កាលពី​ថ្ងៃទី​ ១៨ កក្កដានេះ​ថា ក្រោយពី​រាជរដ្ឋាភិបាល​បានប្រកាស​ឱ្យ​បើក​ដំណើរការ​សង្គម សេដ្ឋកិច្ច​ក្នុងប្រទេស​ឡើងវិញ​កាលពី​ចុងឆ្នាំ​ ២០២១ រហូតមកដល់​ដើមឆ្នាំ​ ២០២២ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ត្រឡប់មក​ទស្សនា​វត្ថុ​បុរាណ​នានា​ដែល​បាន​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ ក៏ដូចជា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​ឡើងវិញ​ជា​បន្តបន្ទាប់​។​

លោក​ថ្លែងថា​៖ «​កាលពីមុន​ខែកក្កដា យើង​សង្កេតឃើញ​មាន​ទេសចរ​មក​ទស្សនា​នៅ​សារមន្ទីរ​ជាតិ​ចន្លោះ​ពី ៥០-១០០ ​នាក់ ​ក្នុង​ ១​ ថ្ងៃ​។ ប៉ុន្ដែ​មួយរយៈ​ចុង​ក្រោយនេះ​ចាប់ពី​ដើមខែ​កក្កដា រហូតមក​យើង​ឃើញ​តួលេខ​មានការ​កើនឡើង​ចន្លោះ​ពី​ ៨០ ទៅ​ ១២០​ នាក់ ​ក្នុង​ ១ ​ថ្ងៃ​។ ចំនួន​ទេសចរ​នេះ មានការ​កើនឡើង​ច្រើន​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​»​។

លោក​បានឱ្យដឹងថា ដោយសារ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល បើក​វិស័យ​ទេសចរណ៍​ឡើងវិញ ក្រោយ​កូ​វីដ​ ១៩ ​មានការ​ស្ងប់ស្ងាត់​ចំនួន​ទេសចរ​បរទេស​មានកា​រ​កើនឡើង និង​មក​ទស្សនា​ក្នុង​សារមន្ទីរ​ឡើងវិញ ប៉ុន្ដែ​មិនទាន់មាន​ចំនួន​ច្រើន​ដូច​កាលពី​មិនទាន់មាន​កូ​វីដ​ ១៩ ​ទេ​។ ទេសចរ​ដែល​ចូលមក​ទស្សនា​នៅ​សារមន្ទី​ជាតិ ចំពោះ​ទេសចរ​ក្នុងស្រុក​មាន​សិស្ស និស្សិត​ពីសា​លា​រដ្ឋ និង​ឯកជន ដោយ​ពួកគេ​ចូលមក​សិក្សា រៀនសូត្រ និង​ទេសចរ​បរទេស​មួយចំនួន​ក៏​បានមក​ទស្សនា​កម្សាន្ត និង​សិក្សា​ស្រាវជ្រាវ​ផងដែរ​។

លោក វិសុទ្ធ បញ្ជាក់ថា​៖ «​សម្រាប់សិស្ស​-​និស្សិត ដែល​មក​ទស្សនា​នៅ​សារមន្ទីរ​ជាតិ បើ​គិត​ចាប់ពី​ដើមឆ្នាំ​ ២០២២ រហូតមក មាន​ប្រមាណ​ជាង​ ១ ​ម៉ឺន​នាក់​។ យើង​ឃើញថា សិស្ស និស្សិត​ក្នុងស្រុក​មក​ទស្សនា​ច្រើន​»​។​

លោក​បញ្ជាក់ថា​ ការ​ចូលមក​ទស្សនា​នៅ​សារមន្ទីរ​ជាតិ​សម្រាប់​សិស្ស​-​និស្សិត ព្រះសង្ឃ និង​ជនពិការ គឺ​មិនត្រូវ​បានគិត​កម្រៃ​សេវា​នោះទេ​។ ប៉ុន្ដែ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​គឺ​ត្រូវ​បង់ថ្លៃ​សេវា​ចំនួន ៥០០ ​រៀល ក្នុង ​១​ នាក់​។ ចំណែក​ភ្ញៀវទេសចរ​បរទេស ពេល​ចូល​ទស្សនា​សារមន្ទីរ ត្រូវ​បង់ក​ម្រៃ​សេវា​ចំនួន ១០ ដុល្លារ ក្នុង​ ១​ នាក់ និង​ទេសចរ​បរទេស​ជា​កុមារ​អាយុ​ចាប់ពី ១២ ​ឆ្នាំ​ដល់ ១៨ ​ឆ្នាំ ត្រូវ​បង់ក​ម្រៃ​សេវា​ចំនួន ៥ ​ដុល្លារ ក្នុង​ ១ ​នាក់ ដែល​គោលការណ៍​បង់​សេវា​នេះ​បាន​អនុវត្ដ​អស់​រយៈពេល​ជាង ២០ ​ឆ្នាំ​មកហើយ​។​

លោក វិសុទ្ធ បានឱ្យដឹងថា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង ក៏មាន​សិស្ស និស្សិត និង​ទេសចរ​បរទេស​ចូលទៅ​ទស្សនា​ឡើងវិញ​មាន​ចំនួន​ប្រហាក់ប្រហែល​នឹង​សារមន្ទីរ​ជាតិ​ដែរ​ចាប់ពី​ដើមឆ្នាំ​ ២០២២​ នេះ​។ ប៉ុន្ដែ​បច្ចុប្បន្ន នាយកដ្ឋាន​សារមន្ទីរ កំពុង​ពិភាក្សា និង​រៀបចំ​កម្មវិធី​បន្ថែម​ដើម្បី​ជំ​រុញ​សិស្ស និស្សិត​ឱ្យចូល​ទៅ​ទស្សនា​នៅ​សារមន្ទីរ​នេះ​ឱ្យបាន​កាន់តែច្រើន​។​

លោក​ថ្លែងថា​៖ «​សារមន្ទីរ​ទួលស្លែង ជា​កន្លែង​ចងចាំ​ពី​ព្រឹត្តិការណ៍​នៃ​ការសួរចម្លើយ​ និង​ឃុំឃាំង​ក្នុង​មន្ទីរ​ ស-២១​ នា​សម័យ​ខ្មែរក្រហម​។ សារមន្ទីរ​នេះ បាន​រក្សាទុក និង​បង្ហាញ​ភ័ស្ដុតាង​នៃ​ព្រឹត្តិការណ៍​សោកនាដកម្ម​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ដើម្បីឱ្យ​សាធារណជន​សិក្សា​ស្វែងយល់​ក្នុង​បំណង​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​ពួកគេ​ក្លាយទៅជា​អ្នក​ផ្សព្វផ្សាយ​សារ​សន្តិភាព​»​។​

លោក​បាន​រំឭកថា ចំពោះ​តម្លៃ​សំបុត្រ​ចូលទៅ​ទស្សនា​ក្នុង​សារមន្ទីរ​ទួលស្លែង​នេះ សម្រាប់​ជនជាតិខ្មែរ គឺ​ចូល​ទស្សនា​ដោយ​ឥតគិតថ្លៃ​។ ចំណែក​ជនបរទេស (​អាយុ​ពី ១០​ ឆ្នាំ ដល់​ក្រោម ១៨ ​ឆ្នាំ​) ត្រូវ​បង់ថ្លៃ​សេវា ៣ ដុល្លារ (​អាយុ​ពី ១៨ ​ឆ្នាំ​ឡើង​) ត្រូវ​បង់ថ្លៃ​សេវា ៥ ​ដុល្លារ​។ សំបុត្រ​ចូល​ទស្សនា​នេះ មាន​លក់​តែ​នៅ​បញ្ជរ​លក់​សំបុត្រ​ក្នុង​សារមន្ទីរ​តែប៉ុណ្ណោះ​។​

លោក គង់ សំនៀង អគ្គនាយករង​នៃ Westline Education Group បានឱ្យដឹងថា ជា​រៀងរាល់​ចុងឆ្នាំ​សាលារៀន​វេស​ឡាញ​តែងតែ​រៀបចំ​កម្មវិធី​ទស្សនកិច្ច​សិក្សា​របស់​សិស្ស​នៅ​ខាងក្រៅ​សាលារៀន ដើម្បីឱ្យ​សិស្ស​ស្វែងយល់​ពី​គុណ​សម្បត្ដិ ក៏ដូចជា​អ្វី​ដែលជា​កេរដំណែល​របស់​ខ្មែរ ដែល​បាន​បន្សល់ទុក​នៅតាម​សារមន្ទីរ និង​តំបន់​ទេសចរណ៍​ប្រ​វ​ត្ដិ​សាស្ដ្រ​នានា​។

លោក​ថ្លែងថា​៖ «​ថ្មីៗ​យើង​ទើបតែ​ធ្វើ​កម្មវិធី​ទស្សនកិច្ច​សិក្សា​របស់​សិស្ស​មួយ ហៅថា Outdoor activities ដោយ​នាំ​សិស្ស​ចុះទៅ​សិក្សា​ស្វែងយល់​នៅ​សារមន្ទីរ​វាលពិឃាត​ជើងឯក​។ យើង​តែងតែ​ធ្វើ​កម្មវិធី​បែបនេះ​នៅ​រៀងរាល់​ចុងឆ្នាំ​»​។​

លោក សំនៀង បានឱ្យដឹងថា បច្ចុប្បន្ន​សិស្ស​នៅ​សាលារៀន​វេស​ឡាញ មាន​ចំនួន​សរុប​ជាង ១ ​ម៉ឺន​នាក់ ហើយ​តាមរយៈ​គោលនយោបាយ​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល​ធ្វើឱ្យ​សិស្ស​បានទទួល​វ៉ាក់សាំង​គ្រប់គ្នា និង​អាចមាន​ឱកាស​ចេញទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ខាងក្រៅ​សាលារៀន​ឡើងវិញ​។ លោក​សង្កេតឃើញថា ចាប់ពី​ដើមឆ្នាំ​ ២០២២ ​រហូតមក​សកម្មភាព​ទស្សនកិច្ច​សិក្សា​របស់​សិស្ស​នៅតាម​សារមន្ទីរ ក៏​ដូច​ជា​តំបន់​ទេសចរណ៍ និង​ទីតាំង​ប្រ​វ​ត្ដិ​សាស្ដ្រ​នានា​មានការ​កើនឡើង​វិញ​ច្រើន​៕

វីដេអូ៖