កំពង់ស្ពឺៈ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២២ នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសិក្សាពេញ ១ ជីវិត និងបណ្ណាល័យអេឡិចត្រូនិកស្ថិតនៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីផ្ដល់សេវាអប់រំពហុជំនាញទៅតាមសេចក្ដីត្រូវការរបស់ សិស្សានុសិស្ស និងប្រជាជននៅក្នុងសហគមន៍។
ការសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មជ្ឈមណ្ឌលសិក្សាពេញ ១ ជីវិត និងបណ្ណាល័យអេឡិចត្រូនិកនេះ ត្រូវបានធ្វើឡើងដោយ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។ មជ្ឈមណ្ឌលនេះ ជាជំនួយឧបត្ថម្ភរបស់អង្គការ ឡៃអិនក្លិប ប្រទេសកូរ៉េ ដើម្បីជួយលើកស្ទួយវិស័យអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៨ ខែកក្កដាថា មជ្ឈមណ្ឌលសិក្សាពេញ១ជីវិត និងបណ្ណាល័យអេឡិចត្រូនិកនេះ ជាការចូលរួមឆ្លើយតបចំពោះតម្រូវការរៀនសូត្ររបស់អ្នកសិក្សានៅខេត្តកំពង់ស្ពឺ។ កិច្ចការនេះជាសកម្មភាពមួយរបស់ក្រសួងអប់រំយុជន និងកីឡាក្នុងការបន្តអនុវត្តគោលនយោបាយជាតិស្តីពីការសិក្សាពេញ១ជីវិត។
លោកបន្តថា គោលនយោបាយជាតិស្តីពីការសិក្សាពេញ១ជីវិត ជំរុញឱ្យប្រជាជនកម្ពុជាក្លាយជាប្រជាពលរដ្ឋសកលស្របតាមតម្រូវការសង្គម និងនិន្នាការវិឌ្ឍន៍តរបស់សកលលោក ពិសេសបរិបទទីផ្សារការងារ។
លោកថ្លែងថា៖ «គោលនយោបាយជាតិស្តីពីការសិក្សាពេញ ១ ជីវិតមានចក្ខុវិស័យ អភិវឌ្ឍប្រជាជនកម្ពុជាគ្រប់រូបឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា កាយសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកបង្កើតសេដ្ឋកិច្ច និងលើកកម្ពស់សុខដុមនីយកម្មជីវិតបុគ្គល គ្រួសារ និងសង្គម តាមរយៈការផ្ដល់ឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ»។
បើតាម លោក រស់ សុវាចា គោលនយោបាយជាតិស្តីពីការសិក្សាពេញ ១ ជីវិតមានគោលបំណង ផ្តល់ឱកាស និងគាំទ្រឱ្យប្រជាជនគ្រប់រូប ទទួលបានការសិក្សាតាមគ្រប់រូបភាព និងប្រើប្រាស់ចំណេះដឹងតាមជំនាញដែលទទួលបានដើម្បីបង្កើនប្រសិទ្ធភាព គុណភាព ផលិតភាពការងារ និងប្រាក់ចំណូល ស្របតាមយុគសម័យបច្ចេកវិទ្យាព័ត៌មាន និងសង្គមពុទ្ធិ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលបានចូលរួមពិធីសម្ពោធនេះ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា មជ្ឈមណ្ឌលសិក្សាពេញ ១ ជីវិត និងបណ្ណាល័យអេឡិចត្រូនិកនេះ នឹងជួយដល់សិស្សានុសិស្សដែលមានបំណងក្នុងការរៀនភាសាអង់គ្លេស និងភាសាកូរ៉េ ជាពិសេស គឺរៀនបច្ចេកទេសអេឡិចត្រូនិក ពាក់ព័ន្ធនឹងគ្រឿងឧបករណ៍ បន្លាស់រថយន្ត បំពាក់អគ្គិសនី ជាដើម ដែលមានតែ ១ គត់សម្រាប់ខេត្តកំពង់ស្ពឺ។
លោកបន្តថា មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត និងបណ្ណាល័យអេឡិចត្រូនិកនេះ ក៏នឹងជួយពង្រឹងចំណេះ និងជំនាញដល់សិស្សានុសិស្ស ឱ្យទាន់សភាព និងការអភវិឌ្ឍប្រទេស ជាមួយគ្នានេះ វាក៏នឹងអាចផ្តល់ ការងារដល់ប្រជាពលរដ្ឋ បន្ទាប់ពីទទួលបានការហ្វឹកហាត់ និងបណ្តុះបណ្តាល នៅក្នុងមជ្ឈមណ្ឌលនេះ។
លោកថ្លែងថា «បន្ទាប់ពីគាត់ចេះទៅ គាត់អាចមានឱកាសទៅធ្វើការនៅក្នុងក្រុមហ៊ុនទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសកូរ៉េ ផងដែរ។ បើសម្រេចដូចនេះមែន ក្នុងនាមខ្ញុំជាម៉ែ ឪគេ មានអ្វីក្រៅតែពីសប្បាយចិត្ត ពេលកូន បានលុយស៊ីគុយទាវទេ មិនចង់ឃើញកូនស៊ីបាយកកឯណា»។
បើតាម លោក វ៉ី សំណាង នៅពេលដែលសិស្សានុសិស្សទាំងនោះ មានការងារធ្វើបន្ទាប់ពីបញ្ចប់ បណ្តុះបណ្តាលពីមជ្ឈមណ្ឌលនេះ ពួកគេនឹងមានប្រាក់ចំណូលសមរម្យធ្វើឱ្យក្រុមគ្រួសាររបស់គេមានជីវភាពធូរធាររួមជាមួយនឹងសហគមន៍និងប្រទេសជាតិមានការរីកចម្រើន៕