ភ្នំពេញៈ យុវជន​ស្ម័គ្រចិត្ត និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) បាន​ចាប់​ផ្តើម​​ធ្វើ​យុទ្ធនាការ ​ហ្វ​រអ (4Rs) ក្រោម​ប្រធានបទ បដិសេធ​ប្លា​ស្ទិ​ក​ផ្តើមចេញពី​អ្នក ដើម្បី​ជំរុញ​យុវជន និង​ពលរដ្ឋ​ឱ្យ​ចូលរួម​​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ដែល​ត្រូវបាន​ចាត់​ទុក​ថា ជា​វត្ថុ​ដែល​ផ្តល់​ផលប៉ះពាល់​ខ្លាំង​ក្នុង​រយៈពេល​វែង​ដល់​សុខភាព​មនុស្ស សត្វ និង​ធម្មជាតិ។

យុទ្ធនាការ​នេះ ត្រូវបាន​ប្រកាស​អនុវត្ត នៅ​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២ ដោយមាន​ការចូលរួម​ពី​សង្គម​ស៊ីវិល ក្រុម​អាជីវករ យុវជន និង​តំណាង​រដ្ឋាភិបាល​ប្រមាណ​ជាង ២០០ នាក់ នៅ​សាលា AII ទួលគោក រាជធានី​ភ្នំពេញ។

កញ្ញា សល់ លី​ហ័ង ជំនួយការ​គម្រោង លើកកម្ពស់​ការចូលរួម​របស់​យុវជន ​ដើម្បី​ឥទ្ធិពល​គោលន​យោបាយ នៃ​អង្គការ YRDP បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី ១៨ កក្កដា​ថា យុទ្ធនាការ​នេះ ធ្វើឡើង​ដោយ YRDP រួមគ្នា​​ជាមួយ​យុវជន​ស្ម​គ្រ័​ចិត្ត​ ក្នុង​គោលបំណង​លើកកម្ពស់​ការចូលរួម​របស់​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ដោយ​ផ្តោត​សំខាន់​ទៅលើ​ប្រភេទ​ប្លា​ស្ទិ​ក​ដែល​ប្រើប្រាស់​បានតែ​ម្តង។

យុទ្ធនាការ​នេះ ​ធ្វើឡើង​ក៏​ដើម្បី​រួមចំណែក​ជំរុញ​ឱ្យ​មានការ​អនុវត្ត​គោលនយោបាយ​គ្រប់គ្រង​ប្លា​ស្ទិ​ក និង​គោលការណ៍ «ហ្វ​រ​អ» ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ឱ្យកាន់តែ​ប្រសើរឡើង​ផងដែរ ខណៈដែល​ប្រភេទ​ប្លា​ស្ទិ​ក​ទាំងនេះ បន្ត​ផ្តល់​ផលប៉ះពាល់​ដល់​ជីវិត​រស់នៅ​របស់​មនុស្ស និង​សត្វ ជាពិសេស​គឺ​ធម្មជាតិ។

កញ្ញា​បញ្ជាក់​ថា៖ «យុទ្ធនាការ​នេះ យើង​ធ្វើជា ៣ ដំណាក់​កាល ចន្លោះ​ពី ៤ ទៅ៥ សប្តាហ៍ តាមរយៈ អន​ឡាញ ការជួប​ជុំគ្នា​ប្រារព្វ​ពិធី និង​តាមរយៈការ​​ចុះទៅ​ផ្សព្វផ្សាយ​ដោយផ្ទាល់​នៅតាម​ទីផ្សារ​នានា។ យើង​ក៏​បន្ត​ឱ្យ​យុវជន​របស់​យើង​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ ផ្តល់​ជា​សារ​ទាក់ទង​ទៅ​ហ្នឹង​យុទ្ធនាការ​នេះដែរ»។

កញ្ញា សល់ លី​ហ័ង យល់ឃើញថា ក្នុងពេល​បច្ចុប្បន្ន យុវជន បាន​ងាក​មក​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​បាន​​​ច្រើន ជាពិសេស​គឺ​ប្រភេទ​ប្លា​ស្ទិ​ក​ដែល​ប្រើប្រាស់​តែម្តង​ ខណៈតម្រូវការនៃការ​ប្រើប្រាស់ប្លាស្ទិក​មាន​លក្ខណៈ​កើនឡើង។

កញ្ញាបាន​លើក​ឡើង​ទៀត​ថា យុវជន​ បាន​ងាក​មកប្រើប្រាស់​សម្ភា​រដែ​លអាច​ប្រើ​បាន​ច្រើនដង​ជំនួស​ឱ្យ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ដែល​ប្រើ​បានតែ​ម្តង ហើយ​បាន​យល់ដឹង​ពី​ផលប៉ះពាល់​ដល់​សុខភាព​ចំពោះ​ការប្រើ​ប្រាស់​ប្លា​ស្ទិ​ក​ បើ​ទោះ​បី​ជា​សកម្មភាព​នៃការកាត់​បន្ថយ​ប្រើប្រាស់​ប្លា​ស្ទិ​ក​នេះ មិន​បាន​ ១០០ ភាគរយ​ក៏ដោយ។

កញ្ញាបាន​បន្តថា៖«អ្វីដែល​ខ្ញុំ​រំពឹង គឺ​សង្ឃឹមថា អ្នក​ចូល​រួម នឹង​យក​ចំណេះដឹង​ ដែល​គាត់​ទទួលបាន​ទៅ​អនុវត្ត បើទោះ​ជាភ្លាមៗ (ការមិន​ប្រើ​ប្លា​ស្ទិ​ក) ហើយ​ពួក​គាត់ នឹងចូលរួម​កាត់បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​មិន​ចាំបាច់​មួយ​ចំនួន ដូចជា​កែវ​កាហ្វេ​អ៊ីចឹង យើង​អាច​ជំនួស​វា​មក​ប្រើ​ដប​ទឹក​បរិស្ថាន​បាន»។

គោលការណ៍ ​ហ្វ​រអ (4Rs) ក្នុង​ជីវភាព​ប្រចាំថ្ងៃ គឺមាន​ដូច​ជា ​ការ​បន្ថយ (Reduce) ការប្រើ​ប្រាស់​ឡើង​វិញ (Reuse) ការបដិសេធ (Refuse) និង ការ​កែច្នៃ​ឡើង​វិញ (Recycle)។

បើ​តាម ក្រសួង​បរិ​ស្ថាន ប្លា​ស្ទិក គឺជា​សារ​ធាតុ​ម្យ៉ាង​ស្តើង​ដែល​មាន​ភាព​យឺត ទន់ ងាយ​ស្រួល​បត់​បែន និង​ប្រើ​ប្រាស់​បាន​យូរ ប៉ុន្តែ​វា​បង្កផល​ប៉ះ​ពាល់​ជាច្រើន ដល់​បរិស្ថាន និង​សុខ​ភាព​មនុស្ស។ ប្លាស្ទិក​ភាគ​ច្រើន ធ្វើឡើង​ពីធន​ធាន​ធម្ម​ជាតិ​កម្រ រួម​មាន​ដូច​ជា​ប្រេង ធ្យូង​ថ្ម និង​សែន​ល្យូ​លូស ដែល​ធនធាន​ទំាង​នេះ​សុទ្ធ​តែ​ពិបាក​នឹង​កកើត​ឡើង​វិញ​។

យុវជន ណូន ពន្លឺ និស្សិត​ឆ្នាំ ៤ ផ្នែក​សង្គមវិទ្យា នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ បាន​លើកឡើងថា ខ្លួន​បាន​ចូល​រួមចំណែក​តាមរយៈ​សកម្មភាព​ប្រចាំ​ថ្ងៃ ដោយ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ឱ្យ​កាន់តែ​តិច​បំផុត។

យុវជន​រូបនេះ ​និយាយថា សកម្មភាព​ទាំងនោះ មានដូចជា នៅពេល​ទៅ​ទិញ​អ្វីមួយ​លើ​ទីផ្សារ គឺ​បដិសេធ​មិន​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​តាម​ដែល​អាចធ្វើ​ទៅបាន ចំណែក​ការ​ទៅ​ផ្សារ គឺ​ត្រូវ​នាំទៅ​ជាមួយ​ថត​ក្រណាត់ ដែល​អាច​ប្រើប្រាស់​បាន​ច្រើ​ង​ដង​ជាដើម។

បន្ថែម​ពីនេះ​យុ​វជន ណូន ពន្លឺ ក៏​តែងតែ​ប្រើប្រាស់​ប្រអប់​បាយ ដប​ទឹក ដែល​អាច​ប្រើប្រាស់​បាន​ច្រើន​ដង ដោយ​ចៀសវាង​ប្រើប្រាស់​សម្ភារ​ដែល​ប្រើប្រាស់​តែម្តង​ចោល​ផងដែរ។

យុវជន ណូន ពន្លឺ និយាយ​ថា៖«ការ​ផ្តើម​ឱ្យ​មានការ​លើកកម្ពស់​ក្នុងការ​កាត់បន្ថយ​ប្លា​ស្ទិ​ក​នេះ គឺមាន​សារៈសំខាន់​មែនទែន។ បើ​យើង​មើល​ទៅ ប្លា​ស្ទិ​ក​ប៉ះពាល់​ខ្លាំង​​មិន​ថា​មនុស្ស​ទេ រុក្ខា​ជាតិ ​សត្វ មច្ឆាផ្សេងៗ គឺ​ប៉ះពាល់​ខ្លាំង។ បើសិន​ជា​យើង​មាន​យុទ្ធនាការ​នេះ ហើយ​ជំរុញ​ឱ្យ​យុវជន​ចូលរួម​ឱ្យ​បាន​យល់ដឹង នោះ​អាត្រា​ប្រើ​ប្រាស់ ក៏បាន​កាត់​បន្ថយ»។

ចំណែក លោក សុន យឺម ជា​យុវជន​ម្នាក់​ទៀត ​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ អំពាវនាវ​ដល់​សាធារ​ណ​​​ជន ជាពិសេស​យុវជន​កម្ពុជា ឱ្យចូលរួម​ទាំងអស់គ្នា​ ដើម្បី​កាត់​បន្ថយ​សំណល់​ប្លា​ស្ទិ​ក ដែល​ផ្តល់​ផលប៉ះពាល់​ច្រើន​ទៅ​ដល់​ជីវចម្រុះ​នៅ​ជុំវិញខ្លួន។ យុវជន​រូបនេះ​ រំពឹងថា ការចូលរួមម្នាក់បន្តិចៗ គឺ​​អាច​​ជួយ​ដល់​សុខភាព​ផ្ទាល់​ខ្លួន និង​សេដ្ឋកិច្ច​ជាតិ និង​សំខាន់​ជួយ​ដល់​ភព​ផែន​ដី។

លោក សុន យឺម បាន​បញ្ជាក់ថា​៖«មាន​វិធីសាស្ត្រ​ច្រើន​មែនទែន​ក្នុង​ការដែល​យើង​បដិសេធ​ទៅនឹង​ការប្រើ​ប្រាស់​ប្លា​ស្ទិ​ក។ គ្រាន់តែ​យើង​មាន​ដប​ទឹក​បរិស្ថាន មាន​ស្បោង​ក្រណាត់​បរិស្ថាន ក៏​យើង​អាច​ចូលរួមបាន​ក្នុងការ​បដិ​សេធ ឬ​ចូលរួម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​នេះដែរ​»។

លោក នេត្រ ភត្រ្តា អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន សាទរ​ចំពោះ​សកម្ម​ភាព​នានា ដែល​មាន គោល​បំណង់​ចូល​រួម​ជា​មួយ​រដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់ ប្លាស្ទិក​។ សកម្មភាព​ទាំងនេះ​ គឺជា​ការ​ ចូល​រួម​ជួយ​ឱ្យ​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​លក្ខណៈ​ល្អប្រសើរ​ ដោយ​គ្មាន​សំណល់​ប្លាស្ទិក ស្រប​តាម​ការ​អំពាវ​នាវ របស់​ក្រសួង​បរិស្ថាន​ផង​ដែរ​។

លោក បញ្ជាក់ថា៖«​ក្រសួង​បរិស្ថាន​យើង ក៏អំពាវ​នាវ​ឱ្យប្រជា​ពលរដ្ឋ ​ចូលរួម​អនុវត្ត​នូវ​គោល​នយោ​បាយ​គ្រប់​គ្រង​ប្លាស្ទិក និង​ការ​ប្រើប្រាស់​ប្លាស្ទិក​។ យើង​ក៏កំពុង​ផ្លាស់ប្តូ​រ ប្រជាពលរដ្ឋ​យើង​ឱ្យចេះ​ញែក​សំរាម ដើម្បី​កាត់​បន្ថយ​ការ​បំពុល។ ជាពិសេស​ប្លាស្ទិក យើង​ជំរុញ​ឱ្យមាន​ការ​កាត់​បន្ថយ ការ​កែច្នៃ ការ​ប្រើប្រាស់​ឡើង​វិញ និង​បដិសេធ​ប្រើប្រាស់​ប្លាស្ទិក​តែម្តង​»។

បើតាម​លោក នេត្រ ភក្ត្រា បច្ចុប្បន្ន​នេះ សំរាម​ដែល​បង្កើត​នៅកម្ពុជា​រាល់ថ្ងៃ គឺ​មាន​ជាង ១ ម៉ឺន​តោន ហើយ​ក្នុង១ ឆ្នាំ ជាង ៤ លាន​តោន ក្នុងនោះ ពី ៦៥ ទៅ៦៨ ភាគ​រយ ជាសំណល់​សេរីរាង្គ និង​ជាង​ ២០ ភាគ​រយ ជាសំណល់​ប្លាស្ទិក និ​ង​១០ ភាគ​រយជាសំ​ណល់​រឹង​៕