ភ្នំពេញៈ រាជរដ្ឋាភិបាល​ជប៉ុន​ផ្តល់​ជំនួយ​រថយន្ត​ដឹក​សំរាម​ចំនួន ១០ ​គ្រឿង ដល់​ក្រសួង​បរិស្ថាន ហើយ​ក្រសួង​នេះ​បាន​បន្ថែម​រថយន្ត​ ៥ ​គ្រឿង​ទៀត ដើម្បី​បន្ត​ចែក​ទៅតាម​បណ្តា​ខេត្ត​-​ក្រុង​មួយចំនួន​ក្នុងការ​ចូលរួម​ពង្រីក​សេវា​ប្រមូល​សំរាម ឱ្យបាន​ស្អាត និង​ទាន់​ពេលវេលា​ក្នុង​មូលដ្ឋាន​ខេត្ត​ទាំងនោះ​។

ពិធី​ប្រគល់​ទទួល រថយន្ត​ដឹក​សំរាម​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ១៨ ខែកក្កដា នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន ក្រោម​អធិបតីភាព​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់ និង​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ​។ ការផ្តល់​ជំនួយ​នេះ​ធ្វើឡើង​តាមរយៈ​គម្រោង ៣ ​សេវា ​៣ ​គាំទ្រ​ (៣ ​ស​ ៣​ គ​) ដើម្បី​ការរស់នៅ​ស្អាត ភូមិឋាន​ស្អាត​។

ក្រសួង​បរិស្ថាន​បាន​ឱ្យ​ដឹងថា រថយន្ត​ដឹក​សំរាម​ដែលជា​ជំនួយ​របស់​ជប៉ុន​ចំនួន​ ១០ និង​រថយន្ត​របស់​ក្រសួង​បរិស្ថាន​ចំនួន​ ៥​ គ្រឿង​ទៀត ត្រូវបាន​ចែកជូន​បន្ត​ដល់​មន្ទីរ​បរិស្ថាន និង​រដ្ឋបាល​ក្រុង ស្រុក សម្រាប់​ផ្តល់​សេវា​សម្អាត ប្រមូល ដឹកជញ្ជូន​សំរាម​សំណល់​រឹង​នៅតាម​ក្រុង​-​ស្រុក​ចំនួន​ ១១​ នៃ​ខេត្ត​កំពង់ឆ្នាំង បន្ទាយមានជ័យ កោះកុង កំពង់ស្ពឺ កែប តាកែវ ស្ទឹងត្រែង ស្វាយរៀង ពោធិ៍សាត់ ព្រះសីហនុ និង​ខេត្តសៀមរាប​។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ការផ្តល់​រថយន្ត​ដឹក​សំរាម​ទៅ​មន្ទីរ​បរិស្ថាន និង​រដ្ឋបាល-​ក្រុង​-​ស្រុក​នាពេល​នេះ គឺជា​ការគាំទ្រ​បន្ថែម​ដល់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឱ្យមាន​មធ្យោបាយ​គ្រប់គ្រាន់​ក្នុង​ការ​ប្រមូល​សំរាម​នៅតាម​ទីប្រជុំជន និង​តំបន់​របស់គាត់​។ លោក​ថា​៖ «​ជប៉ុន​ផ្តល់​ឱ្យ​យើង​ ១០ ​គ្រឿង ហើយ​យើង​បន្ថែម​ ៥​ គ្រឿង ដែលជា​ថវិកា​របស់​ក្រសួង ព្រោះ​យើង​ក៏មាន​លទ្ធភាព​ដែរ ដើម្បី​គាំទ្រ​ទាំង​មធ្យោបាយ និង​បច្ចេកទេស​ទៅឱ្យ​ថ្នាក់ក្រោម​ជាតិ​»​។ លោក​បន្តថា គិត​មកដល់​ពេល​នេះ ក្រសួង​បរិស្ថាន​បានផ្តល់​រថយន្ត​ដឹក​សំរាម​ចំនួន​ ៥៨​ គ្រឿង ជូន​ដល់​រាជធានី​-​ខេត្ត ចំនួន ​២២​។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​តាកែវ លោក ឆម ប៊ុនលី ដែល​ចូលរួម​កម្មវិធី​នោះបាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូចជា​ប្រទេស​ជប៉ុន ដែល​បានផ្តល់​ជំនួយ​ឥតសំណង​ជា​រថយន្ត​ សម្រាប់​យកមក​បម្រើ​ការងារ​ប្រមូល​សំរាម​នៅ​ទីប្រជុំជន​។ សម្រាប់​ខេត្តតាកែវ​ទទួល​បាន​រថយន្ត​ដឹក​សំរាម​ចំនួន​ ៣​ គ្រឿង ហើយនឹង​បែងចែក​បន្ត ទៅ​ស្រុក​គិរីវង់​ ១​ គ្រឿង ស្រុក​បាទី ​១ ​គ្រឿង និង​ដូនកែវ​ ១ ​គ្រឿង​។ «​កន្លងមក​ទទួល​បាន​ ២​ គ្រឿង​ហើយ ឥឡូវ​បាន​ ៣ ​គ្រឿង​ទៀត អ៊ីចឹង​សរុបមក​បាន ៥ ​គ្រឿង​ហើយ ប៉ុន្តែ​តម្រូវការ​នៅ​ខ្វះ​ទៀត ព្រោះ​យើង​មាន​ ១០ ​ស្រុក អ៊ីចឹង​យើង​នៅមាន​ហានិភ័យ​បញ្ហា​សំរាម​នៅតាម​ទីតាំង​ខ្លះ​ដូចជា​នៅ​ស្រុក​ត្រាំកក់ និង​តាម​ផ្លូវជាតិ​នៅមាន​សំរាម​ច្រើន​»​។

លោក​គូសបញ្ជាក់​ថា បន្ទាប់ពី​ទទួលបាន​រថយន្ត​នេះ លោក​នឹង​បន្ត​តាមដាន​ឃ្លាំមើល​ការប្រមូល​សំរាម​នៅក្នុង​ស្រុក​ដែល​ទទួល​បាន​រថយន្ត​នេះ និង​ជំរុញ​ការប្រមូល​សំរាម​ឱ្យបាន​ស្អាត និង​ទៀងទាត់ ដើម្បី​លើកកម្ពស់​សុខុមាលភាព​មូលដ្ឋាន​។

លោក​ថា​៖ «​ខ្ញុំ​ជំរុញ​ដល់​រដ្ឋបាល-​ក្រុង​-​ស្រុក​ទាំងអស់​រក​ដៃគូ បើ​គាត់​ធ្វើ​ខ្លួនឯង​ធ្វើ​ចុះ ប៉ុន្តែ​បើ​អត់​លទ្ធភាព​ធ្វើ គាត់​ប្រគល់ឱ្យ​ដៃគូ​អ្នក​ម៉ៅការ​សេវា​សម្រាប់​ប្រមូល​សំរាម ធ្វើយ៉ាងណា​ប្រមូល​សំរាម​ឱ្យបាន​ស្អាត​នៅតាម​ទីប្រជុំជន តាម​ដងផ្លូវ​ជាតិ និង​នៅតាម​ផ្សារ​ហើយ​ក្នុង​ ១ ថ្ងៃ​ត្រូវធ្វើ​របាយការណ៍​ម្តង ដើម្បីឱ្យ​មន្ទីរ​បរិស្ថាន​ខេត្ត​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ​»​។

ក្រសួង​បរិស្ថាន​គូសបញ្ជាក់​ថា រថយន្ត​ដឹក​សំរាម​នេះ​នឹង​ចូលរួម​គាំទ្រ​ផ្តល់​សេវា​ប្រមូល សម្អាត ដឹកជញ្ជូន​សំរាម សំណល់​រឹង​នៅក្នុង​មូលដ្ឋាន ដែល​ពង្រីក​សេវា​ប្រមូល​សំរាម​ដោយ​ខ្លួនឯង​ឱ្យ​ស្អាត​ឱ្យ​អស់​ទាន់ពេល និង​ធានា​និរន្តរភាព​។ តាមរយៈ​ការផ្តល់​រថយន្ត​នេះ រដ្ឋបាល​ស្រុក​នឹងមាន​លទ្ធភាព​ធ្វើជា​ម្ចាស់​ក្នុងការ​គ្រប់គ្រង​សំរាម​សំណល់​រឹង ដោយ​រៀបចំ​ធ្វើការ​ប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និង​ទាញយក​ធនធាន​ពី​សំរាម ព្រម​ទាំង​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ផងដែរ​៕