
ជនសង្ស័យឪពុក និងកូន ដែលត្រូវបានចាប់ខ្លួន ពីថ្ងៃទី ១៦ កក្កដា ពាក់ព័ន្ធនឹងឃាតកម្មលើបុរសម្នាក់ នៅខេត្តតាកែវ។ រូបថត ប៉ូលិស
តាកែវៈ ជនសង្ស័យ ២ នាក់ឪពុក និងកូន កំពុងត្រូវបានអយ្យការអមសាលាដំបូងខេត្តតាកែវសាកសួរ នៅថ្ងៃទី ១៩ កក្កដា បន្ទាប់ពីនគរបាលព្រហ្មទណ្ឌខេត្តបញ្ជូនដល់តុលាការបាន ១ ថ្ងៃ ពាក់ព័ន្ធនឹងការកាប់បុរសម្នាក់ស្លាប់ កាលពីថ្ងៃទី ១៥ កក្កដា ហើយដឹកសាកសពទៅទម្លាក់ចោលក្នុងត្រពាំងទឹក នៅភូមិសូចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ។
លោក សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឱ្យដឹងនៅថ្ងៃទី ១៩ កក្កដា ថា ជនសង្ស័យ ឈ្មោះ ទឹម វិបុល អាយុ ៥៣ ឆ្នាំ និងកូនប្រុសឈ្មោះបូ ប្រុសណូ អាយុ ២០ ឆ្នាំ រស់នៅ ភូមិសូចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ។ ជនទាំង ២ នាក់ឪពុកកូន ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០២២។
លោកថ្លែងថា៖ «ជនទាំង ២ នាក់នេះ ខាងខ្ញុំបញ្ជូនទៅតុលាការពីថ្ងៃម្សិលមិញ [ថ្ងៃទី ១៨ កក្កដា] តែដោយតំណាងអយ្យការរវល់ក៏ផ្ញើខាងខ្ញុំសិន ហើយថ្ងៃនេះ [ថ្ងៃទី ១៩ កក្កដា] ទើបសួរបន្តទៀត»។
លោក ទីវ សាមិត្ត អធិការរងក្រុងដូនកែវប្រាប់តាមសម្តីសាច់ញាតិ របស់ជនសង្ស័យថា នៅថ្ងៃទី ១៩ កក្កដាថា បុរសរងគ្រោះ ឈ្មោះ សៅ ធិន អាយុ ៣៦ ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ។ តែមួយរយៈក្រោយមក គាត់បាននាំប្រពន្ធកូនទៅរស់នៅខេត្តមណ្ឌលគិរី ហើយបានស្គាល់គ្នា និងរកស៊ីជួញដូរវត្ថុបុរាណជាមួយជនសង្ស័យឈ្មោះទឹម វិបុល។ មុនកើតហេតុជនរងគ្រោះបានមកស្នាក់នៅផ្ទះជនសង្ស័យ ២-៣ ថ្ងៃ លុះដល់ថ្ងៃទី ១៥ កក្កដា ជនរងគ្រោះបានឈ្លោះជាមួយជនសង្ស័យ និងបានតមាត់គ្នា ហើយជនសង្ស័យក៏យកពូថៅកាប់សម្លាប់តែម្តងទៅ។
លោកបន្តថា ក្រោយជនសង្ស័យកាប់ជនរងគ្រោះស្លាប់ ក៏ហៅកូនប្រុសឱ្យជួយលើកដាក់ម៉ូតូដឹកយកទៅទម្លាក់ចោលក្នុងត្រពាំងទឹក ដែលមានចម្ងាយពីផ្ទះកើតហេតុជាង១០០ម៉ែត្រ។ ប៉ុន្តែក្រោយប៉ុន្មានម៉ោងក៏ត្រូវបានប្រជាពលរដ្ឋរាយការណ៍អំពីអំពើឃាតកម្មនេះទៅនគរបាលប៉ុស្តិ៍សង្កាត់រការក្រៅ។ ពេលនោះនគរបាលប៉ុស្តិ៍បានរាយការណ៍បន្តមកលោកអធិការនគរបាលក្រុងដូនកែវ ហើយលោកអធិការ បានបញ្ជាឱ្យលោកដឹកនាំកម្លាំងចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅផ្ទះរបស់គាត់តែម្តង។ បន្ទាប់មកកម្លាំងសមត្ថកិច្ចរបស់លោកស្រាវជ្រាវចាប់កូនប្រុសបង្កើតរបស់គាត់ម្នាក់ទៀតនៅថ្ងៃទី១៦ កក្កដា។
លោកបន្តថា ក្រោយឃាត់ខ្លួន ជនសង្ស័យឈ្មោះទឹម វិបុល ប្រាប់សមត្ថកិច្ចថា ពួកគេបានរកស៊ីជួញដូរវត្ថុបុរាណជាមួយឈ្មោះសៅ ធិន ជាច្រើនខែដែរ។ វត្ថុបុរាណអ្វី ក៏ពួកគេទិញដែរ ដើម្បីទុកលក់បន្តទៀត ឬក៏ហៅឱ្យឈ្មួញទិញខ្លួនឯងដោយពួកគេទទួលបានតែកម្រៃជើងសារទេ។
បើតាមលោក ទីវ សាមិត្ត ពេលឈ្លោះគ្នានោះ ជនរងគ្រោះបានកាន់កាំភ្លើង ហើយដោយខ្លាចជនរងគ្រោះបាញ់ ក៏ត្រូវជនសង្ស័យយកពូថៅកាប់មុនត្រូវចំសៀតផ្កាខាងឆ្វេង១ពូថៅ ចំចិញ្ចើមខាងស្តាំ ក្រោមច្រមុះមុតជ្រៅស្លាប់ភ្លេមៗនៅកន្លែងកើតហេតុ។
ដោយឡែក លោក លន់ លឹមហេង នាយនគរបាលប៉ុស្តិ៍ឃុំ ប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ឱ្យដឹងនៅថ្ងៃទី១៩ កក្កដា ថា ករណីនេះ បន្ទាប់ពីលោកទទួលបានព័ត៌មានពីនគរបាលខេត្តតាកែវ នៅថ្ងៃទី១៨ កក្កដា លោកបានស្រាវជ្រាវដឹងថា ជនរងគ្រោះមានឈ្មោះសៅ ធិន មែន។ ប៉ុន្តែជនរងគ្រោះ និងប្រពន្ធគ្រាន់តែមកស្នាក់នៅធ្វើកម្មករបណ្តោះអាសន្ននៅក្រុមហ៊ុនកាកាវដែលក្រុមហ៊ុននោះដាំដើមកាកាវ។
លោកថ្លែងថា៖«គាត់នៅក្នុងឃុំខ្ញុំមែន តែមិនមែនជាអ្នកភូមិរស់នៅអចិន្ត្រៃយ៍ទេ។ ឯថា គាត់ជួញដូរវត្ថុបុរាណអីនោះ ខ្ញុំឮគ្រួសារគាត់និយាយអីចឹងដែរ តែគ្រួសារគាត់ថា មិនដឹងប្តីជួញដូរវត្ថុបុរាណអីទេ ព្រោះប្តីមិនដែលប្រាប់នាង»៕