ភ្នំពេញៈ ការ​ចេញ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ​៧​ លាន​ក្បាល​ដីនៅទូ​ទាំង​ប្រទេស​អាច​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ឆ្នាំ​ ២០២៣ ​ខាង​មុខ​ ខណៈ​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ចំនួន​ជាង ​៦,៥​ លាន​ក្បាល​ដី​ ឬ​ស្មើ​ ៩៣,១ ​ភាគរយ ​ត្រូវ​បាន​ចេញ ​និង​ផ្ដល់​ជូន​ពលរដ្ឋ​ ក្រុមហ៊ុន​ឯក​ជន និង​ស្ថា​ប័នរដ្ឋ​មួយ​ចំនួន​។នេះ​បើ​តាម​របាយ​ការណ៍​គិត​ត្រឹម​ខែមេសា ឆ្នាំ​ ២០២២ របស់​ក្រសួង​រៀបចំ​ដែនដីន​គរូបនីយ​កម្មនិង​សំណង់​។

​របាយ​ការណ៍​បាន​បញ្ជាក់​ថា​«​គិតពី​ថ្ងៃ​ចាប់​ផ្តើម​អនុវត្ត​កម្មវិធី​ផ្ដល់​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លីឆ្នាំ​ ២០០៣ ​មក​ដល់​ខែ​មេសា ឆ្នាំ​ ២០២២ ក្រសួង​បាន​ចេញ​បណ្ណ​កម្ម​សិទ្ធិ​ដី​បាន​ ៦ ៥១៣ ៩៦៤ បណ្ណ ស្មើនឹង​ ៩៣,១% ​នៃ​ចំនួន​ក្បាល​ដី​ប៉ាន់​ស្មាន​ដំបូង​៧​លាន​ក្បាល​ដី​។ក្នុង​នោះ​ការចុះ​បញ្ជី​ដី​មាន​លក្ខ​ណៈ​ជា​ប្រព័ន្ធ​សម្រេចបាន​ ៥ ៨៨៩ ៥៦៥ ​បណ្ណ និង​ចែក​បណ្ណ​បាន​ចំនួន ​៥ ៤២៧ ៩៤៦​បណ្ណ (​សម្ប​ទាន​ដី​សង្គម​កិច្ច​ចំនួន ១៧​ ៩៩៣​បណ្ណ​)និង​ការចុះ​បញ្ជី​ដី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​សម្រេច​បាន​ ៦២៤ ​៣៩៩​ បណ្ណ​»​។​

​ក្នុង​ចំណោម​បណ្ណ​ទាំង​ ៦២៤ ៣៩៩ ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ដី​មាន​លក្ខ​ណៈ​ដាច់​ដោយ​ដុំ​នោះ​ដី​រដ្ឋ​មាន​ចំនួន​ ១៨៩​ ទីតាំង​ ស្មើ​នឹង​ ២ ១០៤​ បណ្ណ​ មាន​ផ្ទៃដី​សរុប​ទំហំ​ ៩០៧ ៤៩៣ ​ហិកតា ​ក្នុង​នោះ​សម្ប​ទាន​ដី​សេដ្ឋ​កិច្ច​មាន​ចំនួន​ ១៧៧​ ទីតាំង ​ស្មើនឹង​ ២ ០២៧​ បណ្ណ មាន​ផ្ទៃដី​សរុប​ទំហំ​ ៦៩៦ ១៤២ ​ហិក​តា តំបន់​ការពារ​ព្រៃ​ស្តារ​ឡើង​វិញ​មាន​ចំនួន​ ១២ ​ទីតាំង ​ស្មើនឹង​ ៧៧​ បណ្ណ មាន​ផ្ទៃដី​សរុប​ទំហំ​ ២១១ ៣៥១​ ហិកតា (​ក្នុង​នោះ​ដី​ស្ថិត​ក្រោម​ការកាន់​កាប់រ​បស់​ក្រសួង​បរិស្ថាន​មាន​ចំនួន​ ៦​ ទីតាំង​ ស្មើនឹង​៦១​បណ្ណ មាន​ផ្ទៃដី​សរុប​ទំហំ​ ១៩១ ៤៤៥ ​ហិកតា ​និង​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់​និង​នេសាទ​មាន​ចំនួន​៦​ទីតាំង​ស្មើនឹង​ ១៦​ បណ្ណ​ មាន​ផ្ទៃដី​សរុប​ទំហំ​ ១៩ ៩០៦ ​ហិកតា​) ដីឯកជន​របស់​បុគ្គ​ល​ឯកជន​បាន​ ៦២១ ៤៣៩​ បណ្ណ ​និង​ដី​សហ​គមន៍​ជនជាតិ​ដើម​ភាគ​តិច​បាន​ ៣៣​សហ​គមន៍ស្មើនឹង​៨៥៦​បណ្ណ ​ទំហំ​ ៣៣ ៨៩៩​ហិកតា សម្រាប់​ ៣ ២៣៥​គ្រួសារ​។​

​ដោយ​ឡែក​ការចុះ​បញ្ជី​ដី​គរុ​ភណ្ឌ​វត្តបាន​ចំនួន​ ១ ៩៣៦​វត្ត ស្មើ​នឹង​២ ៤០៤​បណ្ណ ​ក្នុងនោះ​ការចុះ​បញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​បាន​ ២ ០៨៥​បណ្ណ និងដាច់​ដោយ​ដុំ​ចំនួន ៣១៩​បណ្ណ​។​

​ទន្ទឹម​នឹង​នេះ ក្រសួង​រៀបចំដែន​ដី​នគរូបនីយ​កម្ម​និង​សំណង់ បាន​ចុះបញ្ជី​កាផ្ទេរ​សិទ្ធិ​ចំនួន​ ៤៥២ ៩៥២​ករណី ចុះបញ្ជី​សិទ្ធិ​ប្រាតិ​ភោគ​(​ដាក់បញ្ចាំ​ហ៊ី​ប៉ូ​តែ​ក​)​ចំនួន​ ២៤៧ ៧៥២​ករណី ចុះបញ្ជី​សិទ្ធិ​ជួល​អចិន្ត្រៃយ៍​ចំនួន​៥៨២៧​បណ្ណ ស្មើនឹង​៨២ ០៩៤​ហិកតា​ និង​៤​ឤ,ចុះបញ្ជី​សិទ្ធិ​សម្ប​ទាន​ដី​សេដ្ឋកិច្ច​ចំនួន​៤១៤​បណ្ណ​ស្មើនឹង​ ២៤៦ ៩៤៣​ហិកតានិង​ចុះបញ្ជី​បំបែក​ក្បាល​ដី​បុរី​ចំនួន ២២៥​បុរី ស្មើនឹង​៤៩ ០៨២ ​បណ្ណ​។​

​ចំណែក​ការចុះ​បញ្ជី​អគារ​សហ​កម្ម​សិទ្ធិ​វិញក្រសួង​បាន​ចុះបញ្ជី​ចំណែក​ឯកជន​នៃ​អគារ​សហ​កម្មសិទ្ធិ សរុប​ចំនួន​ ៤៥ ២០៤​បណ្ណ (​នៅ​រាជធានី​ភ្នំពេញ​បាន​ចំនួន​៣៨ ៧០៥​បណ្ណ ខេត្ត​ព្រះ​សីហនុ​បាន​ចំនួន​៦ ៤៨៦​បណ្ណ ​និង​ខេត្ត​សៀមរាប​ចំនួន​ ១៣ ​បណ្ណ​)និង​បាន​ចុះបញ្ជី​ផ្ទេរសិទ្ធិ​កម្ម​សិទ្ធិ​លើ​ចំណែក​ឯកជន​នៃ​អគារ​សហកម្ម​សិទ្ធិ​បាន​ចំនួន​ ១១ ៦៧០​បណ្ណ(​ខ្មែរ​ចំនួន​២ ៨១៧​បណ្ណ ​ជន​បរទេស​ចំនួន ​៨ ៤៤៣​បណ្ណ និង​ក្រុម​ហ៊ុន​ចំនួន​៤១០​បណ្ណ​)​។​

​របាយ​ការណ៍​ដដែល​នោះ ​ក៏បាន​រំលេច​នូវ​លទ្ធផល​នៃ​ការដោះ​ស្រាយ​វិវាទ​ដីធ្លី ក្នុង​យន្តការ​គណៈ​កម្មការ​សុរិ​យោដី​ក្រុង ស្រុក ខណ្ឌ យន្តការ​របស់​ក្រសួង​ដែនដី​នគរូបនីយ​កម្ម និង​សំណង់និង​យន្ត​ការ​របស់​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ផង​ដែរ​។

«​គិតពី​ថ្ងៃ​ចាប់​ផ្តើម​អនុវត្ត​ដល់​ខែមេសា ឆ្នាំ​២០២២ យន្តការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ទាំង​៣​ខាង​លើនេះ ទទួល​ពាក្យ​បណ្ដឹង​សរុប​ចំនួន​ ១ ៤២២៣​ករណី ​ដោះស្រាយ​បញ្ចប់​នីតិវិធី​ចំនួន​ ១០ ៨២៤​ករណី និង​កំពុង​ដោះ​ស្រាយ​ចំនួន ៣ ៣៩៩​ករណី​» ។នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ក្នុង​របាយ​ការណ៍​នេះ។

​ជុំវិញ​ករណី​ដោះ​ស្រាយ​វិវាទ​ដីធ្លី​នេះ​ផង​ដែរ​ អាជ្ញាធ​រខេត្ត​ពោធិ៍សាត់​កាលពី​ចុង​សប្ដាហ៍​មុន បាន​បើក​កិច្ច​ប្រជុំ​ផ្ទៃក្នុង​មួយ​ជាមួយ​អាជ្ញា​ធរ​មូលដ្ឋាន​ក្នុង​ស្រុក​វាលវែង​ស្ដីពី​ការសម្រប​សម្រួល​ឈាន​ទៅដល់​ការបិទ​បញ្ចប់​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​រវាង​ប្រជាព​លរដ្ឋ​ប្រមាណ​៣០​គ្រួសារនៅ​ឃុំ​ថ្មដាជា​មួយ​ក្រុមហ៊ុន MDS ដែល​កំពុង​ដំណើ​ការ​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ជាប់​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ​។

​លោក​ ចេង ឡៃ អភិបាល​ស្ដីទី​ខេត្ត​ពោធិ៍​សាត់ ​ដែល​បាន​ដឹក​នាំនូវ​កិច្ចប្រជុំ​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បញ្ហា​ចម្បង​ដែល​ធ្វើឱ្យ​ទំនាស់​ដីធ្លី​ក្នុង​តំបន់​នោះអូស​បន្លាយ​ពេល​រហូត​ជាង​១០​ឆ្នាំ​មកនេះ គឺ​បណ្ដាល​មកពី​កង្វះ​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ​ខណៈ​ការទូទាត់​សំណង​ដល់​ពលរដ្ឋ​រង​គ្រោះ មិនបា​ន​ឆ្លើយ​តប​ភ្លាម​ទៅ​តាម​តម្រូវការ​និង​ភាព​ចាំ​បាច់​ជាក់​របស់​ប្រជា​ពលរ​ដ្ឋឬបណ្ដាល​មកពី​ភាគី​ម្ចាស់​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​នោះ​នៅមាន​ភាព​ស្ទាក់​ស្ទើរ​ក្នុងការ​វិនិយោគ​តំបន់​នេះ​ឱ្យទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​។

​លោក​បាន​បញ្ជាក់​ថា​៖«​បច្ចុប្បន្ន​យើង​បាន​ពិនិត្យ​ឃើញថា​ពលរដ្ឋ​ភាគច្រើន​ចង់​បាន​ដំណោះ​ស្រាយ​គោល​នយោ​បាយ​ដីធ្លី គឺ​ដី​លំនៅឋាន​ទំហំ​កន្លះ​ហិកតា​និង​ដី​សម្រាប់​បង្ក​បង្កើន​ផល១​,៥​ហិក​តា ដែល​អាជ្ញា​ធរ​ខេត្ត ធ្លាប់​បាន​សន្យា​ថា​នឹង​ផ្ដល់​ជូន​ពួក​គេ​នា​ពេល​កន្លង​មក​»​។​

​បើតាម​លោក​ចេង ​ឡៃ នៅពេល​នេះ ខាង​ភាគី​ក្រុមហ៊ុន​បាន​ឯកភាព​ថា​នឹង​ផ្ដល់​សម្បទាន​ដី​ចំនួន​៥,៥ ហិកតា​សម្រាប់​ដី​លំនៅ​ឋាន​ដល់​ពលរដ្ឋ​ចំនួន​១១​គ្រួសារ ខណៈ​អាជ្ញាធរ​ខេត្តកំពុង​រៀបចំ​ធ្វើសំណើ​ទៅ​ប្រមុខ​រាជរដ្ឋាភិ​បាល​ដើម្បី​សុំ​ធ្វើ​អនុប្រ​យោគ​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋទំហំ​៣០០​ហិកតា​ទៅជា​ដី​សម្បទាន​សង្គម​កិច្ចរ​បស់រដ្ឋ​ដើម្បី​ផ្ដល់ជូន​ពលរដ្ឋ​រង​គ្រោះ​ទាំង​នោះ​និង​ទុក​សម្រាប់​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​សម្រាប់​ជា​ប្រយោ​ជន៍​សា​ធារណៈ​។

​លោក​បាន​បន្តថា នៅ​ពេលនេះ​ ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេសក្នុ​ងភូមិ​សាស្ត្រ​ឃុំ​ថ្មដានៃ​ស្រុក​វាលវែង ជាប់​ច្រកព្រំ​ដែន​កម្ពុជា​-​ថៃ ដែល​ក្រុម​ហុន MDS កំពុង​ដំណើ​ការ​នេះ​បានសម្រេច​ប្រមាណ​៩០​ភាគរយ​ហើយ​។ ទាំង​អាជ្ញាធរ​និង​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​នេះ រំពឹង​ថា នៅពេល​គម្រោង​នេះ​ស្ថាបនា​រួចរាល់​ វា​នឹង​នាំមក​នូវ​ការងារ​ជា​ច្រើន​កន្លែង​សម្រាប់​ពួក​គេព្រម​ទាំង​អាចឱ្យ​ពួកគេ​បង្កើត​មុខរបរ​អាជី​វកម្ម​ផ្សេង​សម្រាប់​បង្កើន​ប្រាក់​ចំណូល​ក្នុង​ជីវ​ភាព​គ្រួសារ​ផង​ដែរ​។​

​ជា​មួយ​គ្នានេះ​ លោក ចេង ឡៃ បាន​បន្ថែម​ថា​៖«​ការដោះ​ស្រាយ​វិវាទ​ដីធ្លី ​មិន​អាច​ធ្វើឡើង​ដោយ​ភាព​តក់ ក្រហល់ ​និង​ដោយ​គ្មាន​ការ​ឯក​ភាព​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នៃ​ជម្លោះ​បាន​នោះ​ទេ ប៉ុន្តែ​យើង​នឹង​ខំប្រឹង​ប្រែង​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​វិវាទ​ដីធ្លី​នេះ​ឱ្យ​រួចរាល់​នៅ​ក្នុង​ឆ្នាំនេះ ឬនៅ​ដើម​ឆ្នាំក្រោយ​»​។

​ជុំវិញ​ការ​ប្ដេជ្ញា​ចិត្ត​នេះ លោក​ឧបនា​យករដ្ឋម​ន្ត្រី ជា សុ​ផា​រា រដ្ឋ​មន្ត្រីក្រ​សួង​រៀបចំដែន​ដីនគរូបនីយក​ម្ម និង​សំណង់កា​លពី​ថ្ងៃទី​៨​វិ​ច្ឆ​កាឆ្នាំ​មុន បាន​ប្រកាសថា​ក្រសួង​​ប្តេជ្ញា​បញ្ចប់​ការងារ​ចេញ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​ទូទាំង​ប្រទេស​ឱ្យ​១០០​ភាគ​រយឬ​ស្មើនឹង​៧​លាន​ក្បាលដី​នៅ​ឆ្នាំ​២០២៣ ហើយ​បាន​សន្យា​ថា​នឹង​បន្ដ​ដោះ​ស្រាយ និង​បង្កា​រវិវាទ​ដីធ្លី​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ការដាក់​ចេញ​នូវ​ផែន​ការ​ផ្តល់​បណ្ណ​កម្មសិទ្ធិ​នេះគឺ​ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការកាន់កាប់​ដី​បញ្ចៀស​វិវាទ លើក​តម្លៃ​សេដ្ឋកិច្ច​ដីនិង​បង្កើត​ជា​ទុន​សម្រាប់​ការអភិវឌ្ឍ​។ការរៀបចំ​ដី​នេះ ក៏​នឹង​ធ្វើឱ្យ​ម្ចាស់​ដី​មាន​ទំនុក​ចិត្ត​ក្នុងការ​ប្រើ​ប្រាស់​ឬ​អភិវឌ្ឍ​ដី​ជាង​មុន​ផង​ដែរ​»៕