
បុរសម្នាក់កំពុងបើកមើលគេហទំព័ររបស់ គជប។ ហេង ជីវ័ន
ភ្នំពេញៈ គណៈកកម្មការធិការជាតិរៀបចំការបោះឆ្នោត (គជប) បានដាក់ ឱ្យដំណើការកម្មវិធីផ្លាស់ប្តូរឯកសារចុះឈ្មោះ បោះឆ្នោតអស់សុពលភាព តាមប្រព័ន្ធអ៊ីនធឺណិត ចាប់ពីថ្ងៃទី ១៥ ខែកក្កដា ដល់ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២២ ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលប្រើប្រាស់ឯកសារចុះឈ្មោះបោះឆ្នោតអស់សុពលភាព។
យោងតាមសេចក្ដីណែនាំ របស់លោក ប្រាជ្ញ ចន្ទ ប្រធាន គជប កាលពីថ្ងៃទី១៤ ខែកក្កដា ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី ១៩ ខែកក្កដា បានណែនាំដល់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធខប) ទាំងអស់យកចិត្តទុកដាក់សហការជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃស) មេភូមិ និង អាជ្ញាធរមានសមត្ថកិច្ចក្នុងការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុង បញ្ជីបោះឆ្នោត ស្តីពីការដាក់ឱ្យដំណើរការកម្មវិធីផ្លាស់ប្ដូរឯកសារ ចុះឈ្មោះបោះឆ្នោត អស់សុពលភាព តាមប្រព័ន្ធអ៊ីនធឺណិត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅលើគេហទំព័ររបស់ គជប voterlist.nec.gov.kh ចាប់ពីថ្ងៃទី១៥ ខែកក្កដា និងបញ្ចប់នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ។
ការណែនាំនេះ ស្របទៅនឹងសេចក្តីសម្រេចលេខ ១៥០ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ស្តីពីនីតិវិធី នៃការប្តូរឯកសារចុះឈ្មោះបោះឆ្នោតអស់សុពលភាពតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់អ្នកមានឈ្មោះក្នុងបញ្ជី បោះឆ្នោតដែលប្រើប្រាស់ឯកសារចុះឈ្មោះបោះឆ្នោតអស់សុពលភាព ដូចជា អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ (អ.ខ) ឬ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យ ការចុះឈ្មោះបោះឆ្នោត (ឯ.អ) មានលទ្ធភាពធ្វើការផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត របស់ខ្លួន បានងាយស្រួល ទាន់ពេលវេលា និងមានបច្ចុប្បន្នភាព។
លោក សោម សូរីដា អ្នកនាំពាក្យ គជប ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៩ ខែកក្កដាថា នៅក្នុងបញ្ជីបោះឆ្នោតផ្លូវការរបស់ គជប មានប្រជាពលរដ្ឋមួយចំនួន បានប្រើប្រាស់អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរហួសសុពលភាព និងមួយចំនួនទៀត ពួកគាត់បានប្រើ ប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ។ បើផ្អែកតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃ មានប្រជាពលរដ្ឋជាង ២ លាននាក់ នឹងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព នៅឆ្នាំ ២០២៣ ។
លោកថ្លែងថា៖ « អ៊ីចឹង ប្រព័ន្ធដែល គជប រៀបចំនេះ គឺដើម្បី ឱ្យប្រជាពលរដ្ឋមានភាពងាយស្រួយ ផ្លាស់ប្តូរឯកសារ ហួសសុពលភាពនៅក្នុងបញ្ជីបោះឆ្នោនេះ ដោយខ្លួនឯង ឬ ក៏អាចទៅជួបក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីសុំឱ្យប្តូរឯកសារសម្រាប់បម្រើ ឱ្យការបោះឆ្នោត ក្នុងការបន្តសុពលភាព »។
លោក សំ គន្ធាមី ប្រធានអង្គការនិកហ្វិច ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៩ ខែកក្កដាថា ការដាក់ឱ្យដំណើការ កម្មវិធីផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតអស់សុពលភាពតាមប្រព័ន្ធអ៊ីនធឺណិត គឺមានភាពងាយស្រួលច្រើនដល់ ប្រជាពលរដ្ឋ ដែលមានឯកសារហួសសុពលភាព ដូចជាអត្តសញ្ញាណប័ណ្ណហួសសុពលភាពជាដើម ក្នុងការបំពេញ។
លោកថ្លែងថា៖ « ឥឡូវគេមានវិធីសាស្ត្រទំនើប តែសំខាន់បំផុត សាមីខ្លួន ដែលមានសិទ្ធិបោះឆ្នោត ត្រូវធ្វើអត្តសញ្ញាណប័ណ្ណថ្មី ដើម្បីមានសុពលភាពប្រើប្រាស់ »។
លោក យ៉ង់ សក្ដិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៩ ខែកក្កដាថា លោកទើបទទួលបានលិខិតនេះដែរ ខណៈដែលនៅក្នុងខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋដែលហួសសុពលមាន ជាង ១៤ ០០០ នាក់ នៅក្នុចំណោម អ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ឆ្នាំ ២០២១ ចំនួន ៤០០៥៧៣០ នាក់។
លោកនឹងរៀបចំពិធីផ្សព្វផ្សាយទៅកាន់ភាគីពាក់ព័ន្ធនៅក្នុងខេត្តដើម្បីឱ្យជួយផ្សព្វផ្សាយ បន្តទៅកាន់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យពួកគាត់បានដឹង និងអនុវត្តតាមសេចក្តីណែនាំរបស់ គជប ។
លោកថ្លែងថា៖ « ខ្ញុំ នឹង ចុះផ្សព្វផ្សាយដល់មេឃុំ ដើម្បីឱ្យ ផ្សព្វផ្សាយដល់មេភូមិ ឱ្យផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋទៀត »៕