ភ្នំពេញៈ «​ដៃទេព​ម៉ាស្សា ឬ ម៉ាស្សា​ដៃ​ទេព​» គឺជា​អត្តសញ្ញាណ​នៃ​សេវាកម្ម​ម៉ាស្សា​របស់​ជនពិការភ្នែក​នៅ​កម្ពុជា ដែល​កំពុង​ទទួល​បាន​ការគាំទ្រ​ជាទូទៅ​ពី​សំណាក់​អតិថិជន​ទាំង​ក្នុងស្រុក និង​មកពី​ក្រៅប្រទេស​។ វា​មិនមែន​មកពី​ពួកគេ​ពិការភ្នែក​ដែល​ត្រូវ​អាណិត​អាសូរ​ទើប​អតិថិជន​ទៅ​ម៉ាស្សា​នោះទេ ផ្ទុយ​ទៅវិញ គឺ​មកពី​ពួកគេ​មាន​ជំនាញ​បច្ចេកទេស​ច្បាស់លាស់​នៅក្នុង​វិស័យ​ម៉ាស្សា​នេះ​។

ស្ត្រី​វ័យ​ ៤០ ​ឆ្នាំ​ម្នាក់​បាន​ដើរ​សំដៅទៅ​ក្នុង​ហាង​ម៉ាស្សា​មួយ​កន្លែង ឈ្មោះ​ «​មជ្ឈមណ្ឌល​ម៉ាស្សា​ដៃ​ទេព​ ២» ដែលមាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវ​លេខ ​៥៥ ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌ​ដូនពេញ​។ នៅពេល​ទៅដល់​ស្ត្រី​រូបនោះ​បាន​សួរ​អ្នក​ទទួល​ភ្ញៀវ​នៅ​ទីនោះ​ថា​ «​តើ​អ្នក​បង​សួង សាវឿន ទំនេរ​ទេ​?» ​បន្ទាប់មក​គាត់​ក៏បាន​ដើរចូល​ទៅក្នុង​បន្ទប់​ម៉ាស្សា​។

ក្នុង​ឯកសណ្ឋាន​ពណ៌​ផ្ទៃមេឃ អ្នកស្រី សាវឿន បាន​ពាក់​វ៉ែនតា​ខ្មៅ ដែល​លាក់បាំង​នូវ​ភាព​ពិការភ្នែក​របស់គាត់​បាន​ដើរ​តម្រង់​ទៅរក​គ្រែ​របស់​ស្ត្រី​ជា​អតិថិជន​ក្នុង​ដំណើរ​យឺតៗ​ដោយបាន​យកដៃ​ស្ទាប​ចាប់​គ្រែ​ម្ដងម្កាល​។ ប៉ុន្តែ​សកម្មភាព​របស់គាត់​ត្រូវ​បាន​ផ្លាស់ប្ដូរ​ភ្លាមៗ នៅពេល​គាត់​បាន​ស្ទាប​ចំ​ទៅលើ​ខ្នង​របស់​ស្ត្រី​ជា​អតិថិជន​នោះ ហើយ​ច្របាច់​ញី​លើ​សាច់ដុំ និង​សរសៃ​តាម​បច្ចេកទេស​អាណាតូមី​។

១ ​ម៉ោង​បាន​កន្លង​ផុតទៅ ការ​ម៉ាស្សា​ត្រូវបាន​បញ្ចប់ ស្ត្រី​ជា​អតិថិជន​បាន​ក្រោក​ពីលើ​គ្រែ​ម៉ាស្សា​ជាមួយ​នឹង​ស្នាមញញឹម​យ៉ាង​ស្រស់ស្រាយ​។ បន្ទាប់មក​គាត់​បាន​ផ្ដល់​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​ថា គាត់​ពេញ​ចិត្ត​នឹង​សេវាកម្ម​ម៉ាស្សា​នៅទីនេះ​។

ដោយ​មិន​លាក់កំបាំង​នូវ​អត្តសញ្ញាណ អ្នកស្រី យួង ចន្ត្រា អាយុ​ ៤០ ​ឆ្នាំ​ជា​បុគ្គលិក​នៃ​ក្រុមហ៊ុន​លក់​គ្រឿងសម្អាង​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​និយាយថា កន្លងមក អ្នកស្រី​ធ្លាប់​ទៅរក​សេវា​ម៉ាស្សា​នៅ​ហាង​ធំៗ​មួយចំនួន​ដែរ ប៉ុន្តែ​បុគ្គលិក​នៅ​ហាង​ទាំងនោះ​ហាក់​ដូចជា​ពុំ​សូវ​មាន​ជំនាញ​ក្នុង​ការម៉ាស្សា​នោះទេ​។

អ្នកស្រី​បញ្ជាក់ថា​៖ «​មាន​ម្ដង​ខ្ញុំ​ទៅ​ហាង​ម៉ាស្សា​ធំ​មួយ​នៅ​ម្ដុំ​ផ្សារ​ថ្មី នាង​ម្នាក់​វ័យ​ជាង​ ២០ ​ឆ្នាំ គាត់​បាន​ម៉ាស្សា​ឱ្យ​ខ្ញុំ​។ ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​ចុក​រួយ​តាម​សន្លាក់​ដៃជើង គាត់​ក៏​ចាប់​ច្របាច់​កំភួនដៃ កំភួនជើង​ខ្ញុំ ហើយ​កាច់​លាន់ឮ​ប្រោះៗ ប៉ុន្តែ​ក្រោយពី​គាត់​ម៉ាស្សា​រួច ខ្ញុំ​ឈឺសន្លាក់​ដៃជើង​កាន់តែ​ខ្លាំង​»​។ ក្រោយពី​មាន​បញ្ហា​នោះ មិត្តភក្តិ​អ្នកស្រី​មួយ​ចំនួន​ក៏បាន​ណែនាំ​ឱ្ស​អ្នកស្រី​មក​រក​សេវា​ម៉ាស្សា​របស់​ជនពិការភ្នែក ដែល​មាន​ឈ្មោះថា «​ម៉ាស្សា​ដៃទេព ឬ​ដៃទេព​ម៉ាស្សា​» ដើម្បី​សាកល្បង ព្រោះ​គេ​ល្បី​ថា​មាន​បច្ចេកទេស​ម៉ាស្សា​ល្អ​។ បន្ទាប់មក​អ្នកស្រី​ក៏បាន​រកឃើញ​ទីតាំង​ «​មជ្ឈមណ្ឌល​ម៉ាស្សា​ដៃ​ទេព​ ២» ​នេះ​។ «​ខ្ញុំ​បានមក​ទីនេះ​ដំបូង ជួប​ជាមួយ​អ្នក​ បង សាវឿន​។ គាត់​ពិតជា​មាន​ជំនាញ​បច្ចេកទេស​ម៉ាស្សា​ល្អ គឺ​ខ្ញុំ​តែងតែ​មាន​អារម្មណ៍​ថា ធូរស្រាល​ពី​ក្នុង​ខ្លួន​ ឬ​បាត់​ការឈឺ​ចុកចាប់ ក្រោយពី​គាត់​ម៉ាស្សា​រួច ។ អ៊ីចឹង​ហើយ​បានជា​ខ្ញុំ​មក​ទីនេះ​រៀងរាល់​ ២ ​ដង​ក្នុង​ ១​ ខែ​»​។

ចំណែក​អ្នកស្រី សួង សាវឿន ដែល​ឆ្នាំនេះ​មាន​អាយុ​ ៤៩​ ឆ្នាំ ដែល​បាន​រៀន​ជំនាញ​ម៉ាស្សា​ពី​គ្រូ​ជនជាតិ កាណាដា និង​ជប៉ុន កាលពី​អំឡុង​ឆ្នាំ​ ២០០២ តាមរយៈ​អង្គការ​ម៉ារីណុល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដោយ​ចង់​សម្រាល​បន្ទុក​ជីវភាព​គ្រួសារ​អ្នកស្រី​បាន​ប្រកបរបរ​ម៉ាស្សា​នេះ​តាំងពី​គាត់​បានបញ្ចប់​ការសិក្សា​លើ​ជំនាញ​ម៉ាស្សា​ពេញ​ ១​ ឆ្នាំ​នោះមក​ម្ល៉េះ ដែល​គិត​មកទល់​ពេលនេះ អ្នកស្រី​បាន​ប្រកប​មុខរបរ​ម៉ាស្សា​ជិត​ ២០ ​ឆ្នាំ​មកហើយ​។ ដោយ​ផ្ដោត​សំខាន់​ទៅលើ​បច្ចេកទេស​ម៉ាស្សា អ្នកស្រី សាវឿន បញ្ជាក់ថា​៖ «​ម៉ាស្សា​គឺ​ចាប់​ច្របាច់​ឈ្លី​លើ​សាច់ដុំ​ដែល​អសកម្ម​។ ជាទូទៅ​នៅពេល​សាច់ដុំ​នៃ​រាងកាយ​ណាមួយ​អសកម្ម វា​នឹង​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​តប់ប្រមល់​ហើយ​ពេលខ្លះ​វា​ធ្វើឱ្យ​យើង​ឈឺ​ចុកចាប់​នៅតាម​សន្លាក់ ដែល​ស្ទើរតែ​មិនអាច​ទ្រាំ​បាន​»​។

បើតាម​អ្នកស្រី សាវឿន នៅពេល​មាន​អាការ​ចុក​រួយ​ចង្កេះ ឬ​ឆ្អឹងខ្នង វា​មិនមែន​បណ្ដាល​មកពី​បញ្ហា​ជាប់​ ឬ​កប់​សរសៃ​នៅ​ចំណុច​ដែល​កំពុង​ឈឺចាប់​នោះទេ ប៉ុន្តែ​វា​អាច​បណ្ដាល​មកពី​សាច់ដុំ​ឬ​ប្រព័ន្ធ​សរសៃប្រសាទ​នៅ​ផ្នែក​ណាមួយ​នៃ​រាងកាយ​អសកម្ម​ ឬ​ទាញ​កន្ត្រាក់​ឡើង​តឹងណែន ដូចជា​នៅ​ផ្នែក​កំភួនជើង ស្មា និង​កំភួនដៃ​ជាដើម​។ អ្នកស្រី​ក៏បាន​ប្រាប់ឱ្យដឹង​ផងដែរ​ថា ការធ្វើ​ម៉ាស្សា​ជាប្រចាំ​រៀងរាល់​ ២ ​សប្ដាហ៍​ម្ដង​អាច​ជួយ​កាត់បន្ថយ​ភាពតានតឹង​នៃ​សាច់ដុំ សម្រួល​អាការ​ឈឺចាប់​តិចតួច​នៃ​រាងកាយ​។ ក្រៅពី​ជួយ​សម្រួល​សាច់ដុំ ម៉ាស្សា​ជា​មិត្ត​ដ៏ល្អ​របស់​អ្នកមាន​ជំងឺស្ត្រេស ឬ​មាន​កង្វល់​ច្រើន​។ អ្នក​ដែល​ពុំ​សូវ​មាន​កម្លាំង និង​ថាមពល គួរ​រក​សេវា​ម៉ាស្សា​ដើម្បី​ផ្តល់​លំនឹង​ដល់​សរីរាង្គកាយ ហើយ​ម៉ាស្សា​ក៏​អាចជួយ​កម្ចាត់​ភាព​តានតឹង​ផ្លូវចិត្ត​បានដែរ​។

តាម​ការកត់សម្គាល់​របស់​អ្នកជំនាញ​ម៉ាស្សា​ជិត​ ២០​ ឆ្នាំ​រូបនេះ អតិថិជន​បរទេស ចូលចិត្ត​ស្វែងរក​សេវា​ម៉ាស្សា​រៀងរាល់​ ២​ ដង​ក្នុង​ ១​ ខែ​ជា​ទៀងទាត់​គឺ «​ប្រយោជន៍​ដើម្បី​សុខភាព​រាងកាយ​របស់​ពួកគេ ហើយ​ជាធម្មតា​ពួកគេ​មាន​សុខភាព​ល្អ​» រីឯ​ចំណែក​ភ្ញៀវ​ជា​ជនកម្ពុជា​ភាគច្រើន​ទាល់តែ​ពួកគាត់​ឈឺ​រ៉ាំរ៉ៃ​ខ្លាំង​នៅ​ផ្នែក​ណាមួយ ដូចជា ឈឺចង្កេះ ជើង ដៃ ខ្នង ក ឬ​ត្រង់​បោះដៃផុត និង​ស្មា​ជាដើម ទើបបាន​គេ​មករក​អ្នកជំនាញ​ម៉ាស្សា​ឱ្យជួយ​ចាប់​សរសៃ​ឱ្យគេ​។

បច្ចុប្បន្ន មជ្ឈមណ្ឌល​ម៉ាស្សា​ដៃ​ទេព​ ២ មាន​បុគ្គលិក​ម៉ាស្សា​ចំនួន​ ៩ ​នាក់ ក្នុងនោះ​មាន​ប្រុស​ ៥ ​នាក់​ដែល​សុទ្ធសឹង​ជា​ជនពិការភ្នែក ដែល​ខ្លះ​ពិការ​ដោយសារ​ជំងឺ Trachoma និង​ខ្លះទៀត​មកពី​ជំងឺ​គ្រុនក្ដៅ​ខ្លាំង​។ ចំណែក​អ្នកស្រី សាវឿន បាន​ពិការភ្នែក​ទាំងសងខាង​តាំងពី​អាយុ​ ២​ ឆ្នាំ ដោយសារ​ជំងឺ​កញ្ជ្រឹល​។

អ្នកស្រី​និយាយថា​៖ «​ដោយសារ​ពួកយើង​ជា​ជនពិការភ្នែក​មាន​ភ្ញៀវ​ខ្លះ គេ​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​អំពី​ជំនាញ​របស់​ពួកយើង​ដែរ ប៉ុន្តែ​ដល់ពេល​គេ​ដឹង​ពី​ទឹកដៃ​នៃ​ជំនាញ​របស់​ពួកយើង អាចជួយ​សម្រួល​បញ្ហា​សុខភាព​របស់​ពួកគេ​បាន​ប្រសើរ ទើប​គេ​នាំគ្នា​ជឿ​ហើយ​ប្រើប្រាស់​សេវា​របស់​ពួកយើង​»​។ ទន្ទឹមនឹងនេះ អ្នកស្រី​ សាវឿន បាន​រៀបរាប់​ឱ្យដឹង​អំពី​ប្រវត្តិ​នៃ​ការបង្កើត​មជ្ឈមណ្ឌល​ម៉ាស្សា​ដៃ​ទេព​ ២ របស់​ក្រុម​អ្នកស្រី​ថា បាន​ចម្លង​យកឈ្មោះ​ដើមពី​វគ្គ​សិក្សា​របស់ខ្លួន​នា​សម័យ​ឆ្នាំ ​២០០២ «​ម៉ាស្សា​ដៃ​ទេព ឬ​ដៃ​ទេព​ម៉ាស្សា​» ដែល​បង្កើតឡើង​ដោយ​គ្រូ​ជនជាតិ​បរទេស​ម្នាក់​ដែលជា​ជនពិការភ្នែក​ផងដែរ​។ ដោយសារតែ​មាន​ការគាំទ្រ​ពី​អតិថិជន «​ម៉ាស្សា​ដៃ​ទេព ឬ ដៃ​ទេព​ម៉ាស្សា​» ត្រូវ​បាន​បំបែក​សាខា​ជាច្រើន​កន្លែង​ដោយមាន​ឈ្មោះ​ផ្សេងៗ​គ្នា​ទៅ​តាម​ក្រុម​ និង​វគ្គ​សិក្សា​នីមួយៗ​។ បើតាម​អ្នកស្រី សាវឿន បច្ចុប្បន្ន​ទីតាំង​ម៉ាស្សា​របស់​ជនពិការភ្នែក​ទាំងអស់​ដែលជា​សមាជិក​នៃ​សមាគម​ជនពិការភ្នែក​កម្ពុជា​សុទ្ធតែ​ត្រូវបាន​ប្រើប្រាស់​ពាក្យ «​ដៃ​ទេព​» នៅ​ពីមុខ​ ឬ​ខាងចុង ជាការ​កំណត់​សម្គាល់ ហើយ​មាន​រហូត​ដល់​ជាង​ ៥០ ​កន្លែង​នៅ​ទូទាំង​ប្រទេស និង​មាន​ជនពិការភ្នែក​ប្រមាណ​ជិត​ ១ ០០០​ នាក់ កំពុង​បម្រើ​ការងារ​នៅក្នុង​សេវាកម្ម​នេះ ក្នុង​នោះ​នៅ​ភ្នំពេញ​មាន​ច្រើនជាងគេ​។

ចំណែក​ថ្លៃ​សេវាកម្ម ម៉ាស្សា​គឺមាន​ស្ដង់ដា​តែ​ ១ គឺ ៥ ​ដុល្លារ​ក្នុង​ ១​ ម៉ោង សម្រាប់​អតិថិជន​ខ្មែរ និង​ ៧​ ដុល្លារ​សម្រាប់​អតិថិជន​បរទេស​។ ប៉ុន្តែ​ទីតាំង​ខ្លះ​បាន​យក​ថ្លៃ​ ៨ ​ដុល្លារ សម្រាប់​អតិថិជន​បរទេស​។ ទន្ទឹមនឹងនេះ ជនពិការភ្នែក​ដែល​បម្រើការ​លើ​សេវាកម្ម​នេះ​ក៏បាន​រង​នូវ​ការកេងប្រវ័ញ្ច​ពី​អតិថិជន​មួយចំនួន​ផងដែរ ដូចជា​ការបង់ប្រាក់​លើ​ថ្លៃ​សេវា​ម៉ាស្សា​មិន​គ្រប់​ចំនួន ឬ​មិន​បង់លុយ​ដល់​ពួកគាត់​តែម្ដង ដោយ​យក​លេស​ថា ជាប់​កាបូប​លុយ​នៅក្នុង​រថយន្ត ហើយ​ខ្លះទៀត​បាន​បន្លំ​លួច​យក​ទូរស័ព្ទដៃ​របស់​ពួកគាត់​ជាដើម​។

ជុំវិញ​ករណីនេះ អ្នកស្រី សុខ គីម អាយុ ៤១ ​ឆ្នាំ ម្ចាស់​ទីតាំង ជំនាញ​ម៉ាស្សា​ដៃ​ទេព ស្ថិត​ក្នុង​បុរី លឹម ឈាង ​ហាក់​ចំការដូង ដែល​ពុំមាន​លទ្ធភាព​ក្នុង​ការជួល​អ្នក​ភ្នែក​ភ្លឺ​មកជា​ជំនួយការ​ក្នុង​ការ​ទទួលភ្ញៀវ ឬ​គិតលុយ​នោះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ដោយសារ​ពួកគាត់​មើល​អ្វី​មិនឃើញ ភ្ញៀវ​ខ្លះ​បាន​លួច​យក​ទូរស័ព្ទដៃ​របស់​ពួកយើង ហើយ​ខ្លះទៀត​បង់លុយ​មិន​គ្រប់ ប៉ុន្តែ​ករណីនេះ​មាន​តិចតួច​តែប៉ុណ្ណោះ​»​។

អ្នកស្រី ​សុខ គីម ដែលជា​សិស្ស​ជំនាន់​ទី​ ៣ ដែលមាន​គ្រូ​ជា​ជនជាតិ​ជប៉ុន និយាយថា “​ម៉ាស្សា​ជា​ការ​ព្យាបាល​ដ៏ចាំបាច់ ចំពោះ​គ្រប់​ជំងឺ​ទាក់ទង​នឹង​សរសៃ​សាច់ដុំ​ និង​សន្លាក់​។ ម៉ាស្សា​ជា​ការព្យាបាល​ការប៉ះពាល់​ដោយ​ផ្ទាល់ដៃ ដោយ​ការ​ច្របាច់ អង្អែល​ត្រដុស​លើ​ស្បែក ជ្រាប​ដល់​សាច់ដុំ ដែល​អាចជួយ​សម្រួល​ដល់​អាការ​តានតឹង​របស់​អ្នកជំងឺ​បាន​»​។

យ៉ាងណា​ក៏ដោយ អ្នក​វិទ្យាសាស្ត្រ​មិន​ចាត់ទុក​ថា ការធ្វើ​ម៉ាស្សា​ជា​ការព្យាបាល​ជំងឺផ្លូវចិត្ត​នោះទេ​។ នៅពេល​ប៉ះពាល់​ច្របាច់​លើ​សាច់​លើ​រាងកាយ​ទៅ​នឹង​មាន​ការរីក​សាយ​ភាយ​សារធាតុ​អ័រម៉ូន​អង់ដូហ្វ៊ីន អ្នកជំងឺ​បាន​ទទួល​អារម្មណ៍​ថា ធូរស្បើយ ស្រាកស្រាន្ត មាន​ផាសុកភាព កាត់បន្ថយ​អាការ​ស្ត្រេស​បាន​ខ្លះ​មែន ប៉ុន្តែ​មិន​គ្រប់គ្រាន់​សម្រាប់​ប្រើ​ជា​ការព្យាបាល​ជំងឺផ្លូវចិត្ត បំបាត់ទុក្ខ​ព្រួយ​កង្វល់​បានទេ ហើយក៏​គ្មាន​ឥទ្ធិពល​ជា​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​បង្កឡើង​ដោយ​មេរោគ​ដែរ​។ នេះ​បើតាម លោក ហេង រ៉ាស៊ី គ្រូពេទ្យ​ឯកទេស​ព្យាបាល​ដោយ​ចលនា​នៃ​មន្ទីរពេទ្យ​ព្រះសីហនុ មណ្ឌល​នៃ​ក្ដីសង្ឃឹម​ភ្នំពេញ​។ លោក​ថ្លែងថា​៖ «​សូមកុំ​ជ្រើសរើស​ការធ្វើ​ម៉ាស្សា​តាមតែ​ចិត្ត​នឹកឃើញ​ឱ្យសោះ​។ នៅក្នុង​វិស័យ​នេះ អ្នក​អាច​ជួប​អ្នកធ្វើ​ម៉ាស្សា​ដៃ​ល្អ​ខ្លាំង តែ​អ្នក​អត់​ចេះ​អី​ក៏មាន​ច្រើន​។ សូម​សាកសួរ​ឱ្យបាន​ហ្មត់ចត់ រក​អ្នក​ដែលមាន​ជំនាញ​ពិតប្រាកដ បើ​មិន​ដូច្នោះ​អ្នក​អាច​ជួប​គ្រោះថ្នាក់​ចំពោះ​សុខភាព កាន់តែ​ធ្ងន់ធ្ងរ​»​។

បើតាម​លោក រ៉ាស៊ី អ្នកមាន​ជំងឺ​សើ​ស្បែក ជំងឺ​ឡើង​សរសៃ​មិនគួរ​ទៅរក​សេវា​ម៉ាស្សា​ទេ​។ សម្រាប់​អ្នកមាន​ជំងឺ​រលាក​សរសៃ​ឈាម និង​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​បញ្ហា​សរសៃ​វ៉ែន ម៉ាស្សា​អាច​ជា​កាយវិការ​ដ៏គ្រោះថ្នាក់ ព្រោះ​ម៉ាស្សា​អាច​សម្រួល​ចរន្តឈាម​ធ្វើឱ្យ​ដុំ​កំណក​ឈាម​តូច​ដាច់ចេញពី​ផ្ទាំង​សរសៃឈាម ហើយ​ហូរ​ទៅ​បាំង​ស្ទះ សរសៃ​អាទែរ នៅ​ម្តុំ​បេះដូង ឬ​ទៅ​បាំង​ផ្លូវ​សួត ជាហេតុ​បង្កឱ្យមាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ទៅវិញ​។

លោក​បាន​បន្ថែមថា​៖ «​បើ​មាន​បញ្ហា​នៅ​ក ថ្លោះ​គ្រេច ដែល​ពាក់ព័ន្ធ​នឹង​ឆ្អឹងខ្នង និង​ក សូម​ប្រុងប្រយ័ត្ន​ក្នុង​ការ​ធ្វើ​សរសៃ​ ឬ​ម៉ាស្សា ព្រោះ​បើ​ប៉ះចំ​លើ​អ្នក​គ្មាន​ជំនាញ ការសម្រួល​សរសៃ កាច់​ដៃ​កាច់​ជើង កាច់ក​ឮសូរ​ប្រឹបៗ​ពីរោះ​ស្តាប់​មែន តែ​អាច​ធ្វើឱ្យ​យើង​ពិការ និង​មាន​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​»៕