ភ្នំពេញៈ ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កំពុង​ធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម ដើម្បី​ដោះស្រាយ​បញ្ហា​កម្លាំង​ពលកម្ម ខណៈ​បច្ចុប្បន្ន​កម្ពុជា​មាន​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​ប្រមាណ ៣៥​ ភាគរយ ហើយ​អាច​នឹង​បន្ត​ធ្លាក់ចុះ​ថែមទៀត​នាពេល​ខាងមុខ​។

លោក ស្រី វុឌ្ឍី អ្នកនាំពាក្យ ក្រសួង​កសិកម្ម​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​សមិទ្ធផល​សម្រេច​បាន​រយៈពេល ៥ ​ឆ្នាំ​កន្លងមក​របស់​ក្រសួង​កសិកម្ម​» រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​ ១៩ កក្កដា ឆ្នាំ​ ២០២២ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ថា យុទ្ធសាស្ដ្រ​របស់​ក្រសួង​ដើម្បី​ធ្វើឱ្យ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​អាច​រក្សាបាន គឺ​ត្រូវ​ធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​កសិកម្ម​។

លោក​ថ្លែងថា​៖ «​កាលពី​ ១០ ឆ្នាំ មុន​កម្លាំង​ពលកម្ម​ (​ក្នុង​វិស័យ​កសិកម្ម​) ​សរុប​មាន​ជាង ៥០ ភាគរយ​។ ប៉ុន្ដែ​ឥឡូវនេះ​មាន​តែ ៣៥ ​ភាគរយ អ៊ីចឹង​វា​ធ្លាក់ចុះ ហើយ​សួរថា វា​ឡើង​ទៅវិញ​ទេ វា​អត់​ឡើង​ទេ​។ និន្នាការ​នេះ វា​នឹង​ចុះ​ទៀត​នៅ​ឆ្នាំ​ ២០៣០ វា​នឹង​ចុះ​ពី​ជាង ៣០ ​ភាគរយ នាពេល​ឥឡូវនេះ​ទៅ​ ២៥ ទៅ​ ២០ ភាគរយ​។ កម្លាំង​ពលកម្ម​ដែល​បម្រើ​នៅក្នុង​វិស័យ​កសិកម្ម​គឺ​កាន់តែ​ថយ​ទៅ ហើយ​វា​ជា​ក្រឹត្យក្រម​គឺ​ត្រូវតែ​អ៊ីចឹង​»​។

លោក​បញ្ជាក់ ដើម្បី​រក្សា​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​ឱ្យ​រក្សា​បាន​នូវ​គោលដៅ​ដែល​អាច​រក្សាបាន​គឺ​ផ្លាស់ប្ដូរ​ការគ្រប់គ្រង​ក្នុង​វិស័យ​កសិកម្ម​ទៅជា​លក្ខណៈ​ទំនើបកម្ម​។

លោក វុឌ្ឍី ឱ្យដឹងថា បច្ចុប្បន្ន​យុវជន​វ័យក្មេង​បាន​ចេញ​ទៅធ្វើ​ការងារ​នៅ​ខាងក្រៅ​នៅ​សល់​តែ​មនុស្ស​ចាស់ៗ ដែល​នៅ​ធ្វើ​កសិកម្ម​។ មនុស្ស​ចាស់ៗ​មិនអាច​ទៅ​ធ្វើ​កសិកម្ម​ដោយ​ខ្លួនឯង​បានទេ ពួកគាត់​ត្រូវ​ពឹង​ទៅលើ​ការស្វែងរក​សេវា​កសិកម្ម​ខាងក្រៅ ដោយ​ស្វែងរក​សេវា​ជួល​ភ្ជួរ រាស់ស្រែ ចម្ការ​ និង​ច្រូតកាត់​ជាដើម ដែល​និន្នាការ​នេះ​កំពុង​កើតមានឡើង​នៅ​កម្ពុជា​។

លោក វុឌ្ឍី បាន​បញ្ជាក់ថា​៖ «​យុទ្ធសាស្ដ្រ​របស់​យើង​ដើម្បី​ធ្វើ​ម៉េច​ឱ្យកម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​របស់​យើង​អាច​នៅ​រក្សាបាន គឺ​ទី​ ១ យើង​ធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម​នេះឯង​»​។

លោក​លើកឡើង​ថា អ្នក​កសិកម្ម​វ័យក្មេង​នៅ​កម្ពុជា​បាន​ចាប់ផ្ដើម​ប្រើប្រាស់​ជំនាញ​បច្ចេកទេស​ខ្ពស់​ក្នុងការ​គ្រប់គ្រង​លើ​វិស័យ​កសិកម្ម​របស់​ពួកគេ​។

លោក​ឧទាហរណ៍​និស្សិត​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ (​ចម្ការ​ដូង​) ដែល​សាលា​បាន​បញ្ជូន​ពួកគេ​ទៅ​រៀន​ជំនាញ​កសិកម្ម​ដោយផ្ទាល់ នៅឯ​កសិដ្ឋាន​នៃ​ប្រទេស​អ៊ីស្រាអែល​មាន​រយៈពេល ១ ​ឆ្នាំ ២ ​ឆ្នាំ​នៅ​ទីនោះ​។ តាមរយៈ​ការសិក្សា​នេះ​និស្សិត​បាន​ស្រូបយក​ចំណេះដឹង និង​ជំនាញ ផ្នែក​បច្ចេកវិទ្យា​ទំនើប​មក​បង្កើតជា​សហគ្រាស​កសិកម្ម​នៅ​មូលដ្ឋាន​របស់​ពួកគេ​។

លោក​បាន​លើកឡើងថា​៖ «​អ៊ីចឹង​មាន​អ្នក​ទៅហើយ​បាន​មកវិញ​ពួកគេ​បានដាក់​ទុន​វិនិយោគ​ដើម្បី​ចាប់ផ្ដើម​នូវ​ជំនាញ​ចំណេះ​របស់គេ​ជា​អ្នក​កសិកម្ម​វ័យក្មេង​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​។ ក្រុម​អ្នក​កសិកម្ម​វ័យក្មេង​ទាំងអស់​នោះ​កំពុង​តែ​ធ្វើ​នាពេល​បច្ចុប្បន្ននេះ​រួចហើយ ហើយក៏​នឹងមាន​និន្នាការ​ធ្វើ​របៀបនេះ​បន្តទៀត ដែល​ហៅថា សហគ្រិន​វ័យក្មេង​ដោយ​ចាប់ផ្ដើម​ដុះ​ឡើង​តទៅទៀត​ក្នុង​ជំនាញ​របស់​ពួកគេ​ច្បាស់លាស់​»​។

បើតាម​លោក វុឌ្ឍី បច្ចុប្បន្ន​ក្រុម​សហគ្រិន​វ័យក្មេង​ក្នុង​វិស័យ​កសិកម្ម​បាន​ប្រើប្រាស់​ទុន​វិនិយោគ​ក្នុង​កម្រិត​ទាប ប៉ុន្ដែ​ទៅ​ថ្ងៃ​ខាងមុខ​ពួកគេ​អាច​នឹង​ពង្រីក​អាជីព​កសិកម្ម ទំនើបកម្ម​របៀបនេះ​នៅក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើនឡើងៗ​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​កម្លាំង​ពលកម្ម​មិនមាន​ច្រើន​ទេ ប៉ុន្ដែ​កម្លាំង​ពលកម្ម​ពេលនេះ​គឺ​កាន់តែ​មាន​ជំនាញ​ខ្ពស់​លើ​ការ​គ្រប់គ្រង​ក្នុង​ការប្រើ​ម៉ាស៊ីន ប្រើ ដ្រូន ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ផ្សេងៗ​បញ្ជា​ទៅលើ​ការគ្រប់គ្រង​វិស័យ​កសិកម្ម​របស់​ពួកគេ​។ វិស័យ​កសិកម្ម​ទំនើប​ទាំងនេះ ពី​ ១​ ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​នឹងមាន​ការរីក​ចម្រើន​ឡើងៗ ដើម្បី​ជំនួស​ឱ្យ​កម្លាំង​ពលកម្ម​។ អ៊ីចឹង​ពាក់ព័ន្ធ​នឹង​បញ្ហា​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នេះ​យើង​គិតថា មិន​អី​ទេ យើង​អាច​ដោះស្រាយបាន​»​។

លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លើកឡើង​ថា កាលពី​ប្រមាណ ​១០​ ឆ្នាំមុន​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​មាន​ច្រើន​ជា​មនុស្ស​ពេញវ័យ ដែលជា​អ្នក​ប្រកបរបរ​ធ្វើ​​កសិកម្ម​ដើម្បី​ចិញ្ចឹមជីវិត​។ ប៉ុន្ដែ​ឈានចូល​ដល់​សម័យកាល​ឧស្សាហកម្ម កូន​កសិករ​ដែល​ពេញកម្លាំង​ទាំងនេះ​បាន​ចាកចេញ​ពី​ទីជនបទ​មក​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ទីក្រុង និង​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សង្កេតឃើញ​ថា បញ្ហា​ប្រឈម​នៃ​បញ្ហា កង្វះ​កម្លាំង​ពលកម្ម​នេះ​នៅតែ​បន្ត​កើតឡើង បើទោះបី​ជា​ក្រសួង​កសិកម្ម​ចង់​ធ្វើ​ទំនើបកម្ម​លើ​វិស័យ​កសិកម្ម​ក៏ដោយ ដែល​នាំឱ្យ​មាន​បញ្ហា​ដល់​ការអភិវឌ្ឍ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​»​។ លោក​លើកឡើង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ក្រសួង​កសិកម្ម និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវតែ​ធ្វើយ៉ាងណា​រៀបចំ​ឱ្យមាន​ការលើក​ទឹកចិត្ដ​ដល់​កសិករ​វ័យក្មេង​នៅ​ជនបទ តាមរយៈ​ការអភិវឌ្ឍ និង​ផ្ដល់ជូន​ទាំង​ផ្នែក​បច្ចេកទេស ដើមទុន​និង​អាហារូបករណ៍ រួម​នឹង​ការបង្កើត​ជំនាញ វិជ្ជាជីវៈ​ក្នុង​វិស័យ​កសិកម្ម​នៅតាម​មូលដ្ឋាន​ឱ្យបាន​រឹតតែ​ច្រើន​ថែមទៀត​។

យោងតាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​សន្និសីទ​នេះ​ថា កំណើន​វិស័យ​កសិកម្ម​ក្នុង​បរិបទ​កូវីដ-១៩ កសិកម្ម​នៅតែ​រឹងមាំ​ក្នុង​ការទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។ ក្នុងនោះ​កំណើន​តម្លៃបន្ថែម​កសិកម្ម (​ថ្លៃ​បច្ចុប្បន្ន​) ឆ្នាំ​ ២០១៩ ៤% ​ឆ្នាំ​ ២០២០ ៣,៧% និង​ឆ្នាំ​ ២០២១ ៤,៧%​។

នៅក្នុង​ឆ្នាំ​ ២០២១ វិស័យ​កសិកម្ម​បាន​ចូលរួម​ចំណែក​ប្រមាណ ២៤,៤% (​គិត​តាម​ថ្លៃ​បច្ចុប្បន្ន​) នៃ​ផលិតផល​សរុប​ក្នុងស្រុក (២៤,៩% នៅ​ឆ្នាំ​ ២០១៧)​។ ចំណែក​ស្ថានភាព​វិស័យ​កសិកម្ម​តម្លៃបន្ថែម​សរុប​នៃ​វិស័យ​កសិកម្ម​បាន​កើន​ពី ១៨ ៩៩៩ ពាន់​លាន​រៀល​នៅ​ឆ្នាំ​ ២០១២ ដល់ ២០ ៩៨៦ ពាន់លាន​រៀល​នៅ​ឆ្នាំ​ ២០១៧ និង​បាន​បន្ត​កើន​ដល់ ២៤ ៧៥៥ ពាន់​លាន​រៀល​នៅ​ឆ្នាំ​ ២០២១ (​កំណើន​ប្រចាំ​ឆ្នាំមាន​ប្រមាណ​ជា ៤% ក្នុង ១ ឆ្នាំៗ​)​។

នៅ​ឆ្នាំ​ ២០២១ ការចូលរួម​ចំណែក​នៃ​អនុវិស័យ​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​របស់​វិស័យ​កសិកម្ម​រួមមាន ផ្នែក​ដំណាំ​ ៥៧,៤% ផ្នែក​កៅស៊ូ ៥,៧% ផ្នែក​ផលិតកម្ម​សត្វ ១១,៤% ផ្នែក​ជលផល ២៤,៤% និង​ផ្នែក​ព្រៃឈើ ៧,៤%​។ នេះ​បើតាម​របាយការណ៍​ដដែល​។

ដោយឡែក​ចំពោះ​ផលិតផល​ស្រូវ​មាន​កំណើន​ជា​មធ្យម​ប្រចាំ​ឆ្នាំ​ប្រមាណ ៣% ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លងទៅ​។

នៅក្នុង​ឆ្នាំ ២០២១ ផ្ទៃដី​ដាំដុះ​ដំណាំ​ស្រូវ​សរុប​ទូទាំង​ប្រទេស​សម្រេច​បាន​ចំនួន ៣,៥៥ លាន​ហិកតា (+ ៤,៤១% ធៀប​ឆ្នាំ​មុន​)​។ បរិមាណ​ផល​ស្រូវ​សរុប​ទទួល​បាន​ចំនួន ១២,២១ ​លាន​តោន​(+ ១១,៦% ធៀប​ឆ្នាំមុន​)​។ អតិរេក​ស្រូវ​បាន​កើន​ពី ៣,៩ លាន​តោន​នា​ឆ្នាំ​ ២០១០ ដល់ ៥,៧៥ លាន​តោន​នា​ឆ្នាំ​ ២០១៩ និង​ឆ្នាំ​ ២០២១ មាន​ចំនួន ៦,៩ ​លាន​តោន​៕