
អ្នករស់នៅជាមួយមេរោគអេដស៍ក្នុងភូមិរកា ទៅទទួលសេវាថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែករកា ក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។ ហេង ជីវ័ន
បាត់ដំបងៈ រកាគឺជាឈ្មោះភូមិមួយស្ថិតក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ហើយនៅពេលដែលគេនិយាយរំឭកដល់ភូមិរកាពេលណានឹងធ្វើឱ្យគេនឹកឃើញដល់បុរសជាគ្រូពេទ្យប្រចាំភូមិម្នាក់ឈ្មោះ ញ៉ែម ជ្រិន បានចម្លងមេរោគអេដស៍ដល់មនុស្សក្មេងចាស់ប្រុសស្រីស្ទើរតែទាំងភូមិប្រមាណជា ៣០០ នាក់ តាមរយៈប្រើម្ជុលតែដដែលៗចាក់ថ្នាំរួមគ្នា។
ទង្វើប្រព្រឹត្តខុសនឹងវិជ្ជាជីវៈពេទ្យនេះបានបន្សល់ទុកនូវសោកនាដកម្មដ៏សែនឈឺចាប់សម្រាប់អ្នកភូមិរកាទាំងមូលបើទោះជាគ្រូពេទ្យម្នាក់នេះត្រូវបានតុលាការកំពូលកាលពីថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០១៩ កាត់ទោសឱ្យជាប់គុក ២៥ ឆ្នាំក៏ដោយ ក៏មិនអាចឱ្យអ្នកភូមិរកា បំភ្លេចបានឡើយ។ ប៉ុន្តែបច្ចុប្បន្នអ្នកផ្ទុកនៅសល់ពីស្លាប់ជាង ២០០ នាក់ កំពុងដង្ហោយរកជំនួយពីសប្បុរសជន ឬពីអង្គការផ្សេងៗខណៈអង្គការសង្គមស៊ីវិលដែលធ្លាប់ជួយឧបត្ថម្ភពីមុនបានផុតអាណត្តិ ដកខ្លួនចេញឈប់ជួយជាង៣ឆ្នាំមកហើយ។
សំឡេងក្មេងយំនៅក្បែរៗខ្លួនខណៈកំពុងនិយាយទូរស័ព្ទជាមួយ ភ្នំពេញ ប៉ុស្តិ៍ ស្ត្រីឈ្មោះ ប.ស.ល អាយុ ៣៧ ឆ្នាំ បានរៀបរាប់ថានៅក្នុងគ្រួសាររបស់អ្នកស្រីមានបងប្អូនបង្កើតចំនួន៥នាក់ ហើយពួកគេសុទ្ធតែឆ្លងមេរោគអេដស៍ទាំងអស់គ្នារួមទាំងម្តាយបង្កើតរបស់គាត់ដែលមានអាយុជាង ៦០ ឆ្នាំម្នាក់ផង។ ចំណែកឯអ្នកស្រីបានរៀបការជាមួយបុរសម្នាក់គ្មានផ្ទុកមេរោគអេដស៍ហើយបច្ចុប្បន្ននេះអ្នកស្រីមានកូនចំនួន ៤ នាក់ផង ប៉ុន្តែក្នុងនោះមានកូនស្រីម្នាក់អាយុ ១០ ឆ្នាំ ក៏មានផ្ទុកមេរោគអេដស៍ដូចអ្នកស្រីដែរ។ គាត់ត្រូវបានចម្លងមេរោគអេដស៍ពីគ្រូពេទ្យឈ្មោះញ៉ែម ជ្រិន ខណៈពេលនោះគាត់មានជំងឺគ្រុនហើយគ្រូពេទ្យញ៉ែម ជ្រិន ចាក់ថ្នាំឱ្យ។
ចំណែកកូនស្រីរបស់អ្នកស្រីកាលពីនៅមានអាយុ ៤ ឆ្នាំ នាងមានជំងឺគ្រុនផ្តាសាយហើយបានឱ្យគ្រូពេទ្យ ញ៉ែម ជ្រិន ចាក់ថ្នាំឱ្យក៏ឆ្លងមេរោគអេដស៍ដែរ។ ទោះជាអ្នកស្រីមានផ្ទុកមេរោគអេដស៍នៅក្នុងខ្លួនក្តីក៏កូនប្រុសពៅម្នាក់របស់អ្នកស្រីដែលទើបមានអាយុ២ខែកន្លះ មិនឆ្លងមេរោគអេដស៍ពីអ្នកស្រីទេព្រោះអ្នកស្រីលេបថ្នាំពន្យារជីវិតមុនពពោះកូនម្នាក់នេះ។
ស្ត្រីរូបនេះប្រាប់ថា៖ «បើតាមខ្ញុំធ្លាប់ទៅចូលរួមប្រជុំជាមួយគ្រូពេទ្យគឺគ្រូពេទ្យប្រាប់ថា បើយើងប្រើប្រាស់ថ្នាំបានទៀងទាត់ត្រឹមត្រូវនោះគ្រាប់ឈាមរបស់យើងឡើងគ្រប់គ្រាន់នៅក្នុងខ្លួនទៅគឺអត្រានៃការឆ្លងមេរោគអេដស៍វាតិចបំផុតរហូតដល់អត់ឆ្លងតែម្តង។ ប៉ុន្តែអ្នកជំងឺត្រូវលេបថ្នាំឱ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់ពេទ្យដែរ»។
ពាក់ព័ន្ធនឹងជំនួយឧបត្ថម្ភវិញត្រូវបាន អ្នកស្រីប្រាប់ថា ចាប់តាំងពីឆ្នាំ ២០១៤ មកមានអង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ បានចូលខ្លួនមកជួយជាស្បៀងអាហារហូបចុកនិងផ្តល់ការអប់រំផ្លូវចិត្តដល់អ្នកផ្ទុកមេរោគអេដស៍នៅក្នុងភូមិរការ តែមកដល់ឆ្នាំ២០១៩ អង្គការក៏ឈប់ធ្វើការនៅក្នុងសហគមន៍ភូមិរកា។ បច្ចុប្បន្នមានតែខាងមន្ទីរពេទ្យបង្អែករកា ប៉ុណ្ណោះដែលនៅតែផ្តល់ថ្នាំពន្យារជីវិតឱ្យអ្នកជំងឺលេបរាល់ថ្ងៃរាល់ខែមិនអាក់ខានឡើយចាប់តាំងពីខែធ្នូ ឆ្នាំ២០១៤រហូតមក។ ហេតុដូច្នេះហើយ អ្នកផ្ទុកមេរោគអេដស៍បានជួបនូវបញ្ហាខ្វះខាតការហូបចុកដែលធ្វើឱ្យអ្នកស្រីក៏ដូចជាអ្នកផ្ទុកមេរោគអេដស៍ដទៃទៀតប្រឈមនឹងបញ្ហាខ្វះស្បៀងអាហារ។
ស្ត្រីរូបនេះត្អូញត្អែរថា៖ «កាលពីដំបូងមានអង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ ចូលមកជួយអប់រំពន្យល់លើកទឹកចិត្តដល់បងប្អូនផ្ទុកមេរោគអេដស៍ហើយបានជួយជាអង្ករត្រីខ និងគ្រឿងប្រើប្រាស់ផ្សេងៗពេលនោះយើងបានអីហូបគ្រប់គ្រាន់ទៅធ្វើឱ្យសុខភាពមិនសូវយ៉ាប់ដែរ។ឥឡូវគ្មានអង្គការឬស្ថាប័នណាជួយទេ ខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា ឬក៏គ្រប់ស្ថាប័នមនុស្សធម៌ ឬអង្គការណាក៏ដោយទោះជាជំនួយតិចឬច្រើនក្តីសូមមេត្តាជួយដល់ជនរងគ្រោះដោយសារជំងឺអេដស៌ផង។ពិសេសជួយដល់ក្មេងៗដែលកំពុងរស់នៅជាមួយមេរោគអេដស៍និងកំពុងសិក្សានៅឡើយ»។
ស្ត្រីឈ្មោះ ប .ស .ខ អាយុ ២៦ឆ្នាំ បាននិយាយប្រាប់ថា គាត់មានផ្ទុកមេរោគអេដស៍ដែលត្រូវបានចម្លងពីគ្រូពេទ្យឈ្មោះ ញ៉ែម ជ្រិន ហើយទើបរៀបការជាមួយបុរសម្នាក់បានប្រហែល២ឆ្នាំមក និងមានកូនប្រុស២នាក់ដែលកូនច្បងមានអាយុ៤ឆ្នាំរីឯកូនប្អូនមានអាយុ២ខួប។ ប៉ុន្តែកូនៗ និងប្តីរបស់នាងមិនឆ្លងមេរោគអេដស៍ពីនាងទេ។ ករណីមិនឆ្លងនេះត្រូវបានគ្រូពេទ្យនិយាយប្រាប់នាងថា អ្នកមានផ្ទុកមេរោគអេដស៍នៅពេលមានដៃគូជីវិតហើយភាគីម្ខាងទៀតគ្មានផ្ទុកមេរោគអេដស៍នោះគឺការរួមរស់នៅជាមួយគ្នាមិនអាចឆ្លងទេប្រសិនបើអ្នកផ្ទុកមេរោគអដស៍នោះបានលេបថ្នាំទៀងទាត់។
លោក អាន រ៉ើន អតីតអ្នកគ្រប់គ្រង នៃអង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍បាននិយាយថា នៅចុងឆ្នាំ ២០១៤ អ្នកភូមិរកាត្រូវបានគេរកឃើញថាបានឆ្លងមេរោគអេដស៍ដែល មានមនុស្សក្មេងចាស់ប្រុសស្រីរហូតដល់ទារកជិត ៣០០ នាក់ បានផ្ទុកមេរោគអេដស៍ ដែលមានគ្រូពេទ្យម្នាក់ឈ្មោះញ៉ែម ជ្រិន ជាអ្នកចម្លងតាមរយៈការដើរចាក់ថ្នាំ។ ពេលនោះអង្គការរបស់លោកបានចូលទៅធ្វើការងារដោយផ្ទាល់ជាមួយអ្នកផ្ទុកមេរោគអេដស៍ទាំងនោះ។
ការងាររបស់អង្គការលោកគឺផ្តោតលើការប្រឹក្សាផ្នែកផ្លូវចិត្ត ផ្តោតលើការប្រើប្រាស់ថ្នាំ និងផ្តោតលើការរៀនសូត្ររបស់ក្មេងៗ កាងារជួយសន្សំប្រាក់ដល់ពួកគាត់និងស្វែងរកជំនួយជួយដល់អ្នកផ្ទុកមេរោគអេដស៍។ ប៉ុន្តែអង្គការរបស់លោកបានបញ្ចប់គម្រោងនៅចុងឆ្នាំ ២០១៩ ហើយមានអ្នកផ្ទុកមេរោគអេដស៍មួយចំនួនបានឈឺស្លាប់ជាបន្តបន្ទាប់។ ចំពោះមូលហេតុនៃការស្លាប់នេះ កត្តាគាត់វ័យចាស់ដែលគាត់ទ្រុឌទ្រោមកម្លាំងគួបផ្សំគាត់មានជំងឺឱកាសនិយមផ្សេងៗនៅក្នុងខ្លួន រួមផ្សំនឹងការហូបចុកមិនបានគ្រប់គ្រាន់ គេងមិនសូវបានពេញភ្នែក និងប្រើកម្លាំងហួសហេតុ។ ម្យ៉ាងទៀតបើអ្នកផ្ទុកមេរោគអេដស៍មានជំងឺឱកាសនិយមវាយលុកប្រព័ន្ធការពាររាងកាយរបស់គាត់ខ្លាំងក៏អាចធ្វើឱ្យពួកគាត់ឆាប់ស្លាប់បានដែរ។
លោកស្រី ហ៊ឹម ពៅ មេឃុំរកានិយាយប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា អ្នកផ្ទុកមេរោគអេដស៍ក្នុងភូមិរកាបានទទួលថ្នាំពន្យារជីវិតចាប់តាំងពីចុងឆ្នាំ ២០១៤ មកម្ល៉េះ ដែលជាការផ្គត់ផ្គង់ទាំងស្រុងពីរាជរដ្ឋាភិបានកម្ពុជា។ទន្ទឹមនឹងការផ្តល់ថ្នាំលេបដល់អ្នកជំងឺក៏មានចេញជាថ្លៃការធ្វើដំណើរឱ្យអ្នកមកបើកថ្នាំដែរទៅតាមចម្ងាយផ្លូវឆ្ងាយឬជិតដែលសោហុយនេះគឺក្រោម ១ ម៉ឺនរៀលចុះ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏មានឧបត្ថម្ភប្រាក់ដល់គ្រួសារក្រីក្រដែលប្រើប្រាស់បណ្ណក្រីក្រផងដែរហើយលោកស្រីបានប្រកាសប្រាប់អ្នកភូមិរកាថា បើនរណាខ្វះខាតស្បៀងអាហារខ្លាំងត្រូវទៅជួបមន្ត្រីឃុំរបស់លោកស្រីដើម្បីគេចាត់ចែងជូនទៅតាមលទ្ធភាព។
ទន្ទឹមនឹងនេះគ្រូពេទ្យតែងតែចុះធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំដើម្បីឱ្យពលរដ្ឋក្នុងភូមិរកាឈប់បារម្ភពីជំងឺនេះតទៅទៀតបើលេបថ្នាំហើយនឹងមិនបណ្តាលឱ្យឈឺស្លាប់ទៀតទេ។
លោកស្រី ហ៊ឹម ពៅ ថ្លែងថា៖«ខាងមន្ទីរពេទ្យមិនត្រឹមតែបើកថ្នាំឱ្យទេថែមទាំងចេញសោហ៊ុយធ្វើដំណើរឱ្យទៀតទៅតាមផ្លូវឆ្ងាយផ្លូវជិតពី៣ពាន់ទៅ៥ពាន់រៀលអ៊ីចឹងទៅ»។
លោក អេង សំណាង ប្រធានមន្ទីរពេទ្យរកាឱ្យដឹងថា នៅក្នុងភូមិរកាបច្ចុប្បន្នមានអ្នកផ្ទុកមេរោគអេដស៍ចំនួន ២៦២ នាក់ (ស្រី ១៥២ នាក់)។ ចំណែកក្មេងប្រុសស្រីតាំងពីផ្ទុះដំបូងនៅចុងឆ្នាំ ២០១៤ នោះមន្ទីរពេទ្យរបស់លោកបានរកឃើញក្មេងប្រុសស្រីជាង ៥០ នាក់។ ប៉ុន្តែ ៨ ឆ្នាំកន្លងមកនេះ ក្មេងៗទាំងនោះមានអាយុពេញវ័យអស់ហើយដែលបច្ចុប្បន្នក្មេងដែលផ្ទុកមេរោគអេដស៍មាន ៣៥ នាក់ (កុមារា ១៨ នាក់)។
លោក បន្តថា ចាប់តាំងពីចុងឆ្នាំង ២០១៤ មកមន្ទីរពេទ្យរបស់លោកបានផ្តល់ថ្នាំពន្យារជីវិតដល់អ្នកផ្ទុកមេរោគអេដស៍រហូតមកទល់បច្ចុប្បន្ន។ ដោយឡែកនៅតាមបណ្តាឃុំផ្សេងក្នុងស្រុកសង្កែ ក៏មានអ្នកផ្ទុកមេរោគអេដស៍ដែរតែមានចំនួនមិនដល់ ១០ នាក់ទេ តែនៅក្នុងឃុំរកានៅតែមានចំនួនច្រើននៃអ្នកផ្ទុកមេរោគអេដស៍។
លោកថ្លែងថា៖ «ថ្នាំសម្រាប់អ្នកផ្ទុកមេរោគអេដស៍ពេលគាត់លេបទៅវាធ្វើទុក្ខក្នុងខ្លួនខ្លះដែរ។ ប៉ុន្តែវាមិនធ្ងន់ធ្ងរទេ។ ក្រៅពីទទួលបានសេវាថ្នាំព្យាបាលហើយពួកគាត់ក៏ទទួលបានការអប់រំផ្លូវចិត្តពីមន្ទីរពេទ្យផងដែរហើយបច្ចុប្បន្នការរើសអើងលើអ្នកផ្ទុកមេរោគអេដស៍ក៏កាត់បន្ថយស្ទើរតែទាំងស្រុងដែរ»។
ជុំវិញបញ្ហានេះត្រូវបានលោក ហោ ប៊ុនឡេង អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ចំពោះអ្នកផ្ទុកមេរោគអេដស៍នៅភូមិរកានេះគឺខាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានយកចិត្តទុកដាក់ជាទីបំផុតទៅដល់បងប្អូនដែលផ្ទុកមេរោគអេដស៍ទាំងនោះ។ ការងារនេះគឺអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងផែនការដើម្បីដាក់ពួកគាត់ចូលទៅក្នុងក្រុមដែលទទួលបានបណ្ណក្រីក្រ។
លោក បន្តថា ក្រៅពីនេះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានស្វែងរកដៃគូដើម្បីបន្តជួយដល់បងប្អូនផ្ទុកមេរោគអេដស៍ទាំងនោះ ឧទាហរណ៍ដូចជា ក្មេងដែលអត់បានទៅសាលារៀនគឺជួយឱ្យពួកគាត់បានទៅសាលារៀន ហើយសម្រាប់មនុស្សពេញវ័យវិញគឺជួយបង្កើតមុខរបរដល់ពួកគាត់ជាដើម។
លោកថ្លែងថា៖ «ខ្ញុំយល់ថា អ្វីដែលខាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជួយអ្នកផ្ទុកមេរោគអេដស៍នៅភូមិរកានេះឃើញថាជាអាទិភាពខ្ពស់បំផុតហើយក៏បានធ្វើគ្រប់មធ្យោបាយដែរ»។
លោកថ្លែងថាៈ«អ៊ីចឹងពួកគាត់ទាំងអស់សុទ្ធតែទទួលបាននូវការឧបត្ថម្ភតាមរយៈបណ្ណក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ទន្ទឹមនឹងនេះយើងបានសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលដើម្បីឱ្យអង្គការមានលទ្ធភាពក្នុងការជួយការឧបត្ថម្ភបន្ត។ អ្វីដែលបានធ្វើជូនពួកគាត់គឺជាក្រុមអាទិភាពខ្ពស់ហើយបានទទួលនូវអ្វីដែលជាសេចក្តីត្រូវការមូលដ្ឋានសម្រាប់ពួកគាត់»។
លោក ហោ ប៊ុនឡេង អះអាងថា អ្នកដែលផ្ទុកមេរោគអេដស៍ដែលគាត់បានទទួលឱសថប្រឆាំងនឹងមេរោគអេដស៍ដែលឱសថនោះបានទៅទប់ស្កាត់ការបន្តពូជរបស់មេរោគអេដស៍នៅក្នុងខ្លួនគាត់។ ដូច្នេះទោះបីគាត់មានផ្ទុកមេរោគអេដស៍មែនតែដោយគាត់បានទទួលការព្យាបាលត្រឹមត្រូវនូវឱសថប្រឆាំងនឹងមេរោគអេដស៍ធ្វើឱ្យមេរោគនៅក្នុងខ្លួនគាត់មិនអាចធ្វើការបន្តពូជបានទេ(មេរោគអេដស៍)ចំនួនមេរោគនៅក្នុងខ្លួនគាត់គឺមានចំនួនតិចបំផុតរហូតដល់គ្មានលទ្ធភាពបន្តចម្លងទៅអ្នកដទៃបានទេ។
លោកបន្តទៀត បច្ចុប្បន្នអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អាចគ្រប់គ្រងបានទាំងស្រុងដោយធ្វើឱ្យអត្រាឆ្លង អត្រាឈឺ និងអត្រាស្លាប់បានធ្លាក់ចុះជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានហិច្ឆតាមួយនឹងបញ្ចប់បញ្ហាជំងឺអេដស៍នៅឆ្នាំ ២០២៥ ខាងមុខ៕