
គណបក្សចំនួន ៥ ធ្វើសន្និសីទព័ត៌មានស្ដីពី សំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា កាលពីថ្ងៃទី ១១ ខែកក្កដា។ ហុង មិនា
ភ្នំពេញៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ជំរុញឱ្យគណបក្សក្រៅរដ្ឋាភិបាលដែលមាននិន្នាការដូចគ្នាផ្សេងទៀត ពន្លឿនការផ្តួចផ្តើមគំនិតពិភាក្សាពីការចងសម្ព័ន្ធភាពនយោបាយឱ្យបានចប់នៅមុនខែតុលា ឆ្នាំ ២០២២ ដើម្បីអាចចូលរួមប្រកួតការបោះឆ្នោតជាតិឆ្នាំ ២០២៣។
ការពិភាក្សាដែលគ្រោងធ្វើនេះឈរលើមូលដ្ឋានគ្រឹះចំនួន ៤ គឺគោលបំណងគុណតម្លៃ គោលការណ៍ និងគោលនយោបាយ ដែលជាសសរគ្រឹះនៃការសហការគ្នាឱ្យបានរឹងមាំ។
លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ ខែកក្កដាថា ក្នុងអំឡុងពេលនេះបើគណបក្សនយោបាយមិនស្វែងរកការចងសម្ព័ន្ធនយោបាយទេ វានឹងធ្វើឱ្យកិច្ចការងារផ្សេងទៀតកាន់តែមានភាពយឺតយ៉ាវ និងពិបាកក្នុងការរៀបចំបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣។ គណបក្សដែលមាននិន្នាការនយោបាយស្រដៀងគ្នាត្រូវតែឯកភាពគ្នានៅលើចំណុចណាមួយនៅអំឡុងពេលនេះ។
រហូតមកទល់ពេលនេះគណបក្សនយោបាយទាំង ៥ រួមមានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកម្ពុជានិយម និងគណបក្សកែទម្រង់កម្ពុជា ដែលមាននិន្នាការដូចគ្នា សុទ្ធតែបានយល់ពីគ្នាទៅវិញទៅមក និងព្យាយាមធ្វើឱ្យបានកាន់តែលឿនតាមដែលអាចធ្វើទៅបាន។
លោកថ្លែងថា៖ «កន្លងមក យើងបានជជែកគ្នាជាមួយនឹងគណបក្សនយោបាយទាំង ៥ នេះពីរឿងសហការហ្នឹង។ ប៉ុន្តែមិនទាន់ចេញជាលទ្ធផលទេ ដោយគណបក្សនានាហ្នឹងបានចេញទៅសិក្សាពីលទ្ធភាព និងជម្រើសមួយណាដែលល្អនោះ។ យ៉ាងណាទាំងអស់គ្នា ទទួលស្គាល់ថា មានតែការរួបរួមទេ ទើបទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ហើយបើមិនរួបរួមទេ វានៅតែរួមតូច និងចង្អៀត»។
លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ ខែកក្កដាថា ការពិភាក្សាកន្លងមក គឺផ្តោតទៅលើការសហការ។ គណបក្សទាំង ៥ នេះបានធ្វើសន្និសីទរួមគ្នាតវ៉ាឱ្យមានការកែសម្រួលសមាសភាព គជប និងបន្តជជែកគ្នាក្នុងការសហការស្វែងរកយុទ្ធសាស្ត្រ ដើម្បីរួបរួមក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៣។ សម្រាប់ជំហររបស់គណបក្ស កែទម្រង់កម្ពុជាគឺសហការក៏បាន ឬរួបរួមក៏បាន ប៉ុន្តែបើរួបរួមគ្នានឹងធ្វើឱ្យកម្លាំងខ្លាំងជាង។ «GDP ប្រឹងប្រែងជាងគេក្នុងការសហការ និងបង្រួបបង្រួមនេះព្រោះគណបក្សនេះធ្លាប់ឆ្លងកាត់កន្លងមកនេះមានការលំបាកច្រើន។ ការសហការនេះបើគិតជាគណិតវិទ្យា វាត្រឹមត្រូវហើយ»។
ទោះជាយ៉ាងណា លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងថា៖ «បើមានការគិតគូរពីការរួបរួមចងសម្ព័ន្ធ អីហ្នឹង លុះត្រាតែថ្នាក់ដឹកនាំគណបក្សជួបប្រជុំគ្នានិយាយរឿងហ្នឹង ប៉ុន្តែមកដល់ពេលនេះយើងមិនទាន់បានជជែករឿងហ្នឹងទេ។ ប៉ុន្តែ កន្លងមកយើងឮគេថា ព្រមព្រៀងគ្នា អ៊ីចឹង»។
លោក សំ គន្ធាមី នាយកអង្គការនិកហ្វិក ថ្លែងថា ការពន្លឿនការចងសម្ព័ន្ធ ឬសហការគ្នាក្នុងរូបភាពណាមួយរបស់គណបក្សក្រៅរដ្ឋាភិបាល គឺជារឿងល្អបំផុត ដើម្បីឱ្យមានកម្លាំងខ្លាំង ក្នុងការប្រកួតប្រជែងជាមួយនឹងគណបក្សប្រជាជន។ បើកិច្ចការងារនេះធ្វើកាន់តែលឿនកាន់តែល្អ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាធ្លាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ អំឡុងខែមិថុនាថា ការប្រកាសចងសម្ព័ន្ធភាពរបស់គណបក្សក្រៅរដ្ឋាភិបាល មិនមានអ្វីធ្វើឱ្យមានការព្រួយបារម្ភចំពោះគណបក្សប្រជាជននោះទេ ព្រោះគណបក្សដែលចងសម្ព័ន្ធភាពនេះ សុទ្ធសឹងតែជាគណបក្សដែលទទួលបានការគាំទ្រតិចតួចពីប្រជាពលរដ្ឋកម្ពុជា និងចាញ់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់រួចហើយ៕
វីដេអូ៖