​សៀមរាបៈ លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី ​២០ ខែកក្កដាថា មន្ត្រី​ជំនាញ​បសុសត្វ ខេត្តសៀមរាប បានទទួល​ថ្នាំ​វ៉ាក់សាំង​ចំនួន​ជាង ៦​ម៉ឺន​កម្រិត​សម្រាប់​ចាក់​ការពារ​សត្វ​គោក្របី​របស់​ប្រជាពលរដ្ឋ​លើក​ទី​២ ក្នុង​ឆ្នាំ​ ២០២២​ នេះ ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រូតរះ​យក​សត្វ​គោក្របី​របស់ខ្លួន​ទៅ​ចាក់​ថ្នាំ​ការពារ​ជំងឺ​ឲ្យ​បាន​គ្រប់ៗ​គ្នា តាម​កម្មវិធី​ដែល​មន្ត្រី​បសុពេទ្យ​ចុះទៅ​ធ្វើការ​ផ្សព្វផ្សាយ​តាម​មូលដ្ឋាន​ភូមិ​ឃុំ ធ្វើយ៉ាងណា​យក​សត្វ​ទៅ​ចាក់​ថ្នាំ​ការពារ​ឱ្យបាន ២​ ដង ​ក្នុង​ ១ ឆ្នាំ​។

លោក ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ជួយ​កៀរគរ​ប្រជាពលរដ្ឋ​ដែលមាន​សត្វ​គោក្របី​ឱ្យយក​សត្វ​ទៅ​ចាក់​ថ្នាំ​ការពារ​ផងដែរ​។ ​ក្នុងនោះ​ប្រសិនបើ​ចាំបាច់​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ ក៏​អាចធ្វើ​ការប្រមូលផ្តុំ​សត្វ​ហើយ​ស្នើសុំ​ថ្នាំ​វ៉ាក់សាំង​តាមរយៈ​ការិយាល័យ​កសិកម្ម​ក្រុង​-​ស្រុក មក​មន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់​ និង​នេសាទ​ខេត្ត ដើម្បី​ស្នើសុំ​សម្ភារៈ​និង​ថ្នាំ​វ៉ាក់សាំង​យកទៅ​ប្រើប្រាស់​បាន​គ្រប់ពេល​។

លោក​បញ្ជាក់ថា ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការយក​សត្វ​គោក្របី​មកចាក់​ថ្នាំ​ការពារ​ជំ​ងឹ និង​ការចូលរួម​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ក្នុង​ដំណើរ​ការចាក់​ថ្នាំ​ការពារ​សត្វ​គោក្របី​នេះ​គឺជា​ការចូលរួម លើកកម្ពស់​ផលិតកម្ម​សត្វ​ឱ្យមានការ​រីកចម្រើន​នៅ​មូលដ្ឋាន និង​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​លើ​កម្ពស់​សេដ្ឋកិច្ច​ដល់​ប្រជាកសិករ​ផងដែរ​។ លោក​ថា វ៉ាក់សាំង​ដែល​បាន​ចាក់​ដល់​សត្វ​គោ ក្របី របស់​ប្រជាកសិករ​ទាំងអស់​សុទ្ធ​តែមាន​សារៈសំខាន់ ក្នុង​ការពារ​សត្វ​ទាំងនោះ​ពី​ជំងឺឆ្លង​ផ្សេងៗ ចៀសវាង​សត្វ​ឈឺ ឬ​ងាប់ ឬ​អាច​ឆ្លង​ជា​ទ្រង់ទ្រាយ​ធំ ដែលនាំឱ្យ​ប្រជាកសិករ​ត្រូវ​ខាតបង់​ថវិកា​។​

លោក​ថ្លែងថា​៖ «​ការចាក់​វ៉ាក់សាំង​ជា​រឿង​សំខាន់ ហើយ​ត្រូវតែ​ចាក់ ដោយសារតែ ប្រសិនបើ​ជំងឺ​ផ្ទុះឡើង​វា​ធ្វើ​ឱ្យមានការ​ឆ្លង​រាលដាល​ច្រើន វា​ឆ្លង​លឿន​ដូច​ជំងឺ​កូ​វីដ យើង​រាល់ថ្ងៃ​អ៊ីចឹង កាលណា​ផ្ទុះ​នៅ​តំបន់​ណាមួយ​គឺ​ធ្វើ​ឱ្យសត្វ​គោក្របី​មានការ​ឆ្លង​រាលដាល​លឿន​ហើយ​ការខាតបង់​វា​ធ្ងន់ធ្ងរ​ព្រោះ​សត្វ​គោក្របី​សុទ្ធតែ​ថ្លៃៗ»។

លោក ព្រំ វិច ប្រាប់ថា សត្វ​គោ ក្របី ដែល​មិនបាន​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​គឺ​ងាយ​រងគ្រោះ​ដោយ​ជំងឺ​៣​ប្រភេទ​រួមមាន ជំងឺសាទឹក ជំងឺ​អុតក្តាម និងជំងឺ​បូស​ខ្យល់ ហើយ​ជំងឺ​ទាំងអស់នេះ កាលណា​វា​ផ្ទុះឡើង​ហើយ អាច​ឆ្លង​ពី​សត្វ​១​ទៅ​១ទៀត​យ៉ាង​ឆាប់រហ័ស ហើយ​នៅពេលដែល​ឆ្លង​ជំងឺ​នេះ ធ្វើឱ្យ​សត្វ​គោ ក្របី​ងាប់​លឿន​។ សត្វ​ដែល​ឈឺ​ងាប់​ដោយ​ជំងឺ​នេះ ប្រសិនបើ​មន្ត្រី​បសុពេទ្យ​ដឹង គឺ​ត្រូវតែ​យកទៅ​កប់​ចោល​មិន​អនុញ្ញាត​ឱ្យយកទៅ​កាប់សាច់ ឬ​បរិភោគ​បានទេ​។​

លោ​ក ឡាត ស៊ី​ប មេឃុំ​ត្រាំសសរ ស្រុក​ស្រីស្នំ ខេត្តសៀមរាប បាន​ឱ្យដឹងថា ការចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​គោក្របី​លើក​ទី​២ មិនទាន់​ចាក់​ដល់​ឃុំ​ត្រាំសសរ​នៅឡើយ ប៉ុន្តែ​លោក​បាន​ជូនដំណឹង​នឹងធ្វើ​ការផ្សព្វផ្សាយ​ដល់​ប្រជាកសិករ​រួចហើយ​ដើម្បី​ឱ្យពួកគាត់ ត្រៀមខ្លួន​យក​សត្វ​គោក្របី​មកចាក់​ថ្នាំ​ការពារ​ទាន់ពេលវេលា​ ជាពិសេស​ពេល​មន្ត្រី​បសុពេទ្យ​ចុះ​ដល់​មូលដ្ឋាន​ផ្ទាល់​។

លោក​បាន​ឱ្យដឹង​ទៀតថា ប្រជាកសិករ​ភាគច្រើន​ឃ្វាលគោ​ក្របី តាម​កន្លែង​ដាច់ដោយឡែក​ពីគ្នា ហេតុនេះ​មិនសូវមាន​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​ឡើយ​ប្រសិនបើ​សត្វ​កើតមាន​ជំងឺ​នៅ​ភូមិ​ណាមួយ​។ មួយវិញទៀត​ប្រជាពលរដ្ឋ​បច្ចុប្បន្ននេះ ក៏មាន​ការយល់ដឹង​ច្រើនជាង​មុន ក្នុងការប្រុងប្រយ័ត្ន​ទប់ស្កាត់​ការពារ​ចំពោះ​សត្វ​ចិញ្ចឹម​។ លោក​ថា ភាគច្រើន​ការចិញ្ចឹម​សត្វ​គោ​ក្របី​ពលរដ្ឋ​ក្នុងពេល​ច្ចុ​ប្បន្ន មិន​ដូច​មុន​នោះទេ ព្រោះ​ពីមុន​កសិករ​ចិញ្ចឹមសត្វ​សម្រាប់​អូស​រទេះ ធ្វើស្រែ​ចម្ការ​ជាដើម ប៉ុន្តែ​បច្ចុប្បន្ន ការចិញ្ចឹម​គោក្របី គឺ​សម្រាប់​លក់​យក​ចំណូល​ហិរញ្ញវត្ថុ​ខណៈ​សត្វ​ប្រភេទ​នេះ​មានតម្លៃ​គួ​សម​លើ​ទីផ្សារ​។ ចំ​ណែ​កការធ្វើ​ស្រែចម្ការ ប្រជាកសិករ​និយម​ប្រើ​គោយន្ត​ងាយស្រួល​ជាង​៕