ភ្នំពេញៈ រាជ​រដ្ឋាភិ​បាល​កម្ពុជា​គាំទ្រ​ចំពោះ​សំណើ​របស់​អនុរដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ជប៉ុន​ក្នុង​ការរៀបចំ​កិច្ច​ប្រជុំ​ពិសេស​ថ្នាក់​រដ្ឋ​មន្ត្រី​ច្បាប់ និង​យុត្តិ​ធម៌ ជប៉ុន​-​អាស៊ាន​ ឆ្នាំ​ ២០២៣​។

​ការ​ប្រកាស​គាំទ្រ​របស់​កម្ពុជា​ចំពោះ​កិច្ច​ប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ច្បាប់​ និង​យុត្តិ​ធម៌ ជប៉ុន​-​អាស៊ាន​ ឆ្នាំ​ ២០២៣ ​នេះ ​ធ្វើ​ឡើង​តាម​រយៈ​ជំនួប​ពិភាក្សា​ការងារ​ចំនួន​ ២ ​ផ្សេង​គ្នា រវាងលោកឧបនា​យក​ដ្ឋ​មន្ដ្រី ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហា​ផ្ទៃ និង​លោក កើត រិ​ទ្ធ រដ្ឋមន្ដ្រី​ក្រសួង​យុត្តិ​ធម៌ជាមួយ​លក KADA Hiroyuki អនុ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ជប៉ុន កាលពី​ថ្ងៃទី​ ១៩ ខែ ​កក្កដា ឆ្នាំ​ ២០២២​។

​ក្នុង​ជំនួប​រវាង​លោក ស ខេង និង​លោក KADA Hiroyuki នៅ​វិមាន​រដ្ឋ​សភា​កាល​ពី​ថ្ងៃទី​ ១៩ ​ខែកក្កដា​ លោក KADA បាន​ថ្លែង​អំណរ​គុណ​ចំពោះ​រាជរដ្ឋា​ភិ​បាលនិង​ប្រជា​ជន​កម្ពុជា​ដែល​បាន​ចូល​រួម​រំលែក​មរណ​ទុក្ខ​ចំពោះមរណ​ភាព​លោក​ ស៊ីន ហ្សូ​អា​បេ អតីត​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​។​

​លោក KADA បាន​ជម្រាប​ជូន​លោក ស ខេង ថា ក្រសួង​យុត្តិ​ធម៌​ជប៉ុន​កំពុង​រៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌ ជប៉ុន​-​អាស៊ាន ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ ២០២៣ ​ជា​កិច្ចប្រជុំ​លើក​ទី​១ ដែល​អា​ស៊ាន​មាន​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ជាមួយ​ប្រទេស​ក្រៅ​ពី​សមា​ជិក​អាស៊ាន​។​

​លោក​បាន​ថ្លែង​ថា​៖ «​ការ​ចែក​រំលែក​តម្លៃ​ជាស​កល​ដូច​ជា​នីតិរដ្ឋ​និង​សិទ្ធិ​មនុស្ស​មាន​សារៈ​សំខាន់​សម្រាប់​សហគម​ន៍​អន្តរ​ជាតិក្នុងនោះ​កិច្ច​សហប្រតិ​បត្តិ​ការ​ផ្នែក​ច្បាប់​ក៏មាន​សារៈ​សំខាន់​ក្នុងការ​លើក​កម្ពស់​ការ​ចែករំ​លែក​គុណ​តម្លៃ​ជា​សកល​នេះ​។ ដូច្នេះ​កិច្ចប្រជុំ​នេះត្រូវការ​ចែករំលែក​ជា​សកល​នានា​ក្នុង​អាស៊ាន រួម​ទាំង​កម្ពុជា​ផង​»​។

​លោក ​ស ខេង បាន​ស្វា​គមន៍លោក KADA រួមទាំង​ប្រតិភូ​សម្រាប់​ដំណើរ​ទស្សន​កិច្ច​នៅ​កម្ពុជានិង​សង្ឃឹម​ថា ​កិច្ច​សហ​ប្រតិ​ប្រតិ​បត្តិការ​ក្នុង​វិស័យ​ច្បាប់​រវាង​កម្ពុជានិង​ជប៉ុន​នឹង​កាន់តែ​រីក​ចម្រើន​។ជាមួយគ្នានេះ​លោក​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​ទទួល​មរណភា​ពលោក ស៊ីន ហ្សូ​អា​បេ ដែល​បានរួម​ចំណែក​ផងដែរ​ក្នុង​វិស័យ​ថែរក្សា​សន្តិ​សុខ សណ្ដាប់​ធ្នាប់​សង្គម​។

​លោក​ថ្លែងថា​៖ «​ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិការ​ច្បាប់​និង​វិស័យ​យុត្តិ​ធម៌​កម្ពុជា​គាំទ្រ​ចំពោះ​ការ​រៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​យុត្តិធម៌​ជប៉ុន​-​អាស៊ាន​។ កិច្ច​សហ​ប្រតិ​បត្តិការ​នេះ​ជា​ឱកាស​ដ៏​ល្អ​ក្នុងការ​ចែក​រំលែក​បទ​ពិសោធ​ជាមួយ​ជប៉ុន​ទាំង​វិស័យ​យុត្តិ​ធម៌ ​វិស័យ​ពន្ធនា​គារ និង​វិស័យ​អន្តោ​ប្រវេសន៍​»​។​

​ដោយ​ឡែក​ក្នុង​ជំនួប​រវាង​លោក កើត រិទ្ធ និងលោក KADA Hiroyuki នៅ​ទីស្ដីការ​ក្រសួង​យុត្តិធម៌​កាល​ពី​ថ្ងៃទី​ ១៩ ខែកក្កដា​ គឺ​ក្នុង​គោល​ដៅ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិ​បត្តិការ​រ​វាង​កម្ពុជា​-​ជប៉ុន ក្នុង​វិស័យ​ច្បាប់ និង​យុត្តិធម៌​។

​តាម​របាយ​ការណ៍​កិច្ច​ប្រជុំ​របស់​ក្រសួង​យុត្តិធម៌​បាន​ឱ្យដឹង​ថា ដំណើការ​រៀបចំ​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ច្បាប់ និង​យុត្តិ​ធម៌ ជប៉ុន​-​អាស៊ាន ឆ្នាំ​ ២០២៣ តាម​សំណើ​របស់​អនុរដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ជប៉ុននេះ លោក កើត រិ​ទ្ធ បាន​គាំទ្រ​ដែ​ល​គ្រោង​នឹងរៀបចំ​នៅ​ខែ​កក្កដា ឆ្នាំ​ ២០២៣​ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។

​កិច្ចប្រជុំ​ពិសេស​នេះ​ធ្វើ​ឡើងក្នុង​គោលដៅ​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រ​វាង​ជប៉ុន និង​បណ្តា​ប្រទេស​សមា​ជិក​អាស៊ាន​លើ​វិស័យ​ច្បាប់ និង​យុត្តិធម៌​។ កិច្ចប្រជុំ​ពិសេស​នេះ​ត្រូវបាន​រៀបចំ​ឡើង​ស្រប​ពេល​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ទំនាក់​ទំនង​រវាង​ជប៉ុន​-​កម្ពុជា និង​ខួប​លើក​ទី​៥០ នៃ​ទំនាក់​ទំនង​រវាង​ជប៉ុននិង​អាស៊ាន​។នេះ​បើតាម​របាយ​ការណ៍​។

​លោក ​កើត រិទ្ធ​ បាន​បញ្ជាក់​អំពី​កិច្ច​សហ​ប្រតិ​បត្តិការ​ពា​ក់​ព័ន្ធ​នឹង​គម្រោង​អភិ​វឌ្ឍន៍​វិស័យ​ច្បាប់​និង​យុត្តិធម៌​ថា ជា​កិច្ច​សហ​ប្រតិ​បត្តិការ​មាន​រយៈ​ពេល​វែង​ជាង​គេ ​និង​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​វិស័យ​រដ្ឋប្បវេណី​។ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ជប៉ុន​ដែល​បាន​ឯក​ភាព​តាម​សំណើ​របស់​កម្ពុជា​ក្នុង​ការបន្ត​ផ្តល់​ជំនួយ​ក្នុង​គម្រោង​អភិវឌ្ឍន៍​វិស័យ​ច្បាប់ និង​យុត្តិធម៌ ដំណាក់​កាល​ទី​៦ ដែល​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​តាម​រយៈ​ការ​ពង្រឹង​ប្រព័ន្ធ​និង​ការ​បណ្តុះ​បណ្តាល​នៅ​រាជ​បណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលា​ការនិង​បាន​ផ្តល់​អាហា​រូបករណ៍​ដល់​មន្ត្រី​នៃ​ក្រសួង​យុត្តិធម៌​ ដើម្បី​បន្ត​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​ ក៏ដូច​ជា​ការផ្តល់​អាហា​រូបករណ៍​ដល់​និស្សិត​ច្បាប់​ផ្សេង​ទៀត​ផងដែរ​។​

​តាមរយៈ​អនុរដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ជប៉ុន លោក​ កើត រិ​ទ្ធ បាន​សំណូម​ពរ​ដល់​ភាគី​ជប៉ុន​ឱ្យ​បន្ត​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា​លើ​ការពង្រឹង​សមត្ថ​ភាព និង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​ច្បាប់ និង​យុត្តិ​ធម៌ ពិ​សេសការ​ផ្តល់​អាហា​រូបករណ៍​ដល់​សិស្ស​ និស្សិត និង​មន្ត្រី​រាជ​ការ​កម្ពុជា ​ក្នុង​វិស័យ​យុត្តិ​ធម៌​បន្ថែម​ទៀត ​ដោយ​ក្រសួង​យុត្តិធម៌​កម្ពុជា​ចាត់​ទុកថា​ ការ​ពង្រឹង​ធនធាន​មនុស្ស​ក្នុង​វិស័យ​យុត្តិធម៌​ក៏​ជា​សសរ​ស្តម្ភ និង​ជា​អាទិ​ភាព​គោល​នយោ​បាយ​សម្រាប់​ការងារ​កែទម្រង់​ច្បាប់​និង​យុត្តិ​ធម៌​នៅ​កម្ពុជា​ផង​ដែរ​៕