ភ្នំពេញៈ អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក ឆែម សាវុធ ស្នើប្រ​ធាន​មណ្ឌល​អប់រំ​កែ​ប្រែ​និង​ពន្ធ​នាគារ​រាជ​ធានី-ខេត្ដ បន្ត​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ «បណ្ណា​ល័យ​ក្នុង​ពន្ធនាគារ» ឱ្យ​មាន​និរន្តរភាព ខណៈ​អង្គការ​ស៊ីប៉ា​​ប្រកាសបើក​​គម្រោង​ថ្មី​«ការ​អប់រំ​ក្នុង​ពន្ធនា​គារ» ដោយ​​អភិវឌ្ឍ​បណ្ណា​ល័យ នៅក្នុង​ពន្ធនាគារ​ទាំង​អស់ ទៅជា​មណ្ឌល​​ពហុ​សិក្សា​បែប​ឌីជី​ថល។

លោក ឆែម សាវុធ ថ្លែង​បែប​នេះ​​ ក្នុង​ពិធី​បូក​សរុប​លទ្ធផល​រយៈ​ពេល ១០ ឆ្នាំ​ (២០១២-២០២២) របស់​គម្រោង​ «បណ្ណា​ល័យ​នៅ​ក្នុង​ព​ន្ធនាគារ​» និង​ពិធីចុះ​ហត្ថលេខា ​រវាង​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ ​បណ្ឌិត្យ​សភា​នគរ​បាល​​​​​កម្ពុជា និង​អង្គការ​ស៊ីប៉ា លើ​គម្រោង ​«ការ​អប់រំ​ក្នុង​ពន្ធនាគារ​» រយៈពេល​ ៣ ឆ្នាំ​ (២០២២-២០២៥) កាល​ពី​ថ្ងៃ​ទី២០ ខែ​កក្កដា​ នៅ​សណ្ឋា​គារ ហ៊ីម៉ាវ៉ារី រាជធានី​ភ្នំពេញ​។ ពិធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​លោក Jacques Pellet ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា និង​មន្រ្ដី​ពន្ធនា​គារ​រាជ​ធានីខេត្ត​ជាច្រើន​រូប​ទៀត​​។

លោក ឆែម សាវុធ បាន​ថ្លែង​អំណ​រ​គុណ និង​វាយ​តម្លៃខ្ពស់​ចំពោះ​អង្គការ​ស៊ីប៉ា ដែល​តែង​តែ​ផ្ដល់​នូវ​កិច្ច​សហ​ប្រតិ​បត្ដិ​ការ​យ៉ាង​ជិត​ស្និទ្ធ ឧបត្ថម្ភ​គាំទ្រ​ដល់​នាយក​ដ្ឋាន​ពន្ធនាគារ ជា​បន្តបន្ទា​ប់ ខណៈ​កិច្ច​សហការ​នេះ​ជាផ្នែក​មួយ​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ជំរុញ​ដល់​កំណែ​ទម្រង់​នៅ​ក្នុង​ពន្ធនា​គារ និង​ជួយ​លើក​ស្ទួយ​ដល់​កម្មវិធី អប់រំ​ កែប្រែ ស្ដារ​នីតិ​សម្បទា និង​ត្រៀម​ធ្វើ​សមា​ហរណកម្ម​ជន​ជាប់​ឃុំ​ទៅក្នុង​សហគ​មន៍ ប្រកប​ដោយ​ជំនាញ​វិជ្ជាជីវៈ និង​ជួយ​ទប់​ស្កាត់​កា​រ​ប្រព្រឹត្ត​បទ​ល្មើស​សាជា​ថ្មី​។

លោក​ថ្លែង​​ថា​៖ «ខ្ញុំ​សូម​ស្នើដ​ល់លោក​ប្រធាន​មណ្ឌល​អប់រំ​កែ​ប្រែ និង​ប្រធាន​ពន្ធនាគារ​រាជធានី​-ខេ​ត្ដ​ទាំង​អស់ យក​​​ចិត្ដ​ទុក​ដាក់​លើក​កម្ពស់​កម្មវិធី​បណ្ណាល័យ​នៅតាមពន្ធ​នាគារ​បន្ត​ទៀត បាន​ន័យ​ថា នៅ​ពេល​ដែល​អង្គការ​ស៊ី​ប៉ា បញ្ចប់​ការ​ងារ​បណ្ណា​ល័យ​នេះ យើងត្រូវ​បន្តនិ​រន្តរ​ភាព គឺត្រូវ​តែម្ចាស់កា​រ​ រក្សា​ការងារ​បណ្ណា​ល័យ​នេះ​ឱ្យ​បាន​រលូន​ជាប្រចាំ»។

នៅ​ពេល​មាន​ការ​ខ្វះខាត​ ឬបាត់​បង់​សៀវ​ភៅជា​ដើម គឺត្រូវ​ម្ចាស់​ការ​ស្វះ​ស្វែង​រក​មក​ដាក់​ឡើ​ង​វិញតាម​រយៈ​ការ​កៀរគរ​ពីសប្បុរស​ជន ឬដៃ​គូ​អភិវឌ្ឍន៍នានា​ដើម្បី​ធ្វើ​យ៉ាង​ណា​រក្សា​និរន្តរ​ភាព​បណ្ណា​ល័យ​នេះ។

បើបណ្ណា​ល័យ​ចាស់ ទ្រុឌ​ទ្រោម ត្រូវ​ជួស​ជុល​ថ្មី ដោយ​ធ្វើ​យ៉ាងណា ឱ្យ​បណ្ណា​ល័យនៅតាម​ពន្ធ​នាគារ​ទាំងអស់​អាច​បន្ត​សកម្មភាព​ទៅ​មុខ​ទៀត​បាន​។

លោក​ថ្លែង​ថា​៖ «ខ្ញុំ​សូម​សំណូម​ពរយ៉ាង​ទទូច លើការបន្ត​និរន្តរភាព​បណ្ណា​ល័យ​នេះ។​ ត្រូវរៀ​ប​ចំកាល​វិភា​គ​ឱ្យ​បាន​ច្បាស់​លាស់​សម្រាប់​ជន​ជាប់ឃុំ​ចូល​អាន​ និង​ត្រូវ​ថែរក្សា​សម្ភា​រនៅ​ក្នុង​បណ្ណា​ល័យ​ឱ្យបានល្អប្រ​សើរ មិន​មែន​អស់​ពី​ស៊ីប៉ា​ទៅ បែ​រ​ជាបាត់​បង់​ការ​ងារ​បណ្ណាល័យ​នេះទេ​»។

នៅថ្ងៃ​ទី ២​០ ខែ​កក្កដា ​នេះ​ដែរ អង្គការ​ស៊ីប៉ា និង​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​បាន​ប្រកា​សបិទ​គម្រោង «បណ្ណា​ល័យ​ក្នុង​ពន្ធនាគា​រ» និង​ដា​ក់ឱ្យ​ដំណើរ​កា​រជាផ្លូវ​ការ នូវ​គម្រោង​ថ្មី «ការអប់រំ​ក្នុង​ពន្ធនាគារ​» ជា​មួយ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​នាគារ (DGP) និង​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា។ គម្រោង​ថ្មីនេះ នឹង​អភិ​វឌ្ឍ​បណ្ណា​ល័យ​នៅក្នុ​ង​ពន្ធ​នាគារ​ទាំង​អស់​ទៅជា​មណ្ឌល​ពហុសិក្សា​សម្រាប់​ជនជាប់​ឃុំ ដែល​ស្របតាម​គោលនយោបា​យជាតិរ​បស់ក្រសួង​អប់រំ។ គម្រោង​នេះ អនុ​វត្ដ​ក្រោម​ជំនួយ​ថវិកា​ ៣៨០ ១២៦ អឺរ៉ូ ឬស្មើ​នឹងប្របាណ ៤០ ម៉ឺន​ដុល្លារ​អាមេរិក​ ក្នុង​រយៈ​ពេល​ ៣​ ឆ្នាំ។ នេះ​បើ​តាម​សចក្ដី​ប្រកាស​ព័ត៌មាន​។​

លោក ហ៊ុក សុទ្ធិ នាយក​អង្គ​ការ​ស៊ីប៉ាបាន​ឱ្យ​ដឹង​ថា​ គម្រោង «បណ្ណា​ល័យ​ក្នុង​ពន្ធនាគា​រ» ដែល​ត្រូវ​បាន​បិទ​បញ្ចប់​នេះ បាន​ជួយ​បណ្តុះប​ណ្តាល​គ្រូប​ង្គោល ដែល​ជា​មន្រ្តីព​ន្ធនាគារ និង​មន្រ្តីនាយក​ដ្ឋាន​អប់រំ​កែប្រែ ស្តី​ពី​កម្ម​វិធី​សមាហ​រណកម្ម ជាមួយ​នឹង​ដៃគូ​គម្រោង​ដូច​ជា អង្គ​ការ​មិត្ត​សំឡាញ់​អន្តរ​ជាតិ អង្គការ​មិត្ត​សំឡាញ់ និង​អង្គការ​ម្លប់​តាប៉ាង​។

លោក​ថ្លែង​ថា បន្ទាប់ពី​ការ​អនុវត្ត​គម្រោង​ដោយ​ជោគ​ជ័យ​ ១ ​ទសវត្សរ៍​មក គម្រោង​«បណ្ណា​ល័យក្នុង​ពន្ធនា​គារ» បាន​បញ្ចប់​ជាស្ថាពរ​នៅ​ឆ្នាំ​ ២០២២។ ជា​មួយ​នឹង​ថវិកា​ចំនួន ១ ៦៥០ ០០០ ដុល្លារ គម្រោង​ «បណ្ណា​ល័យ​ក្នុង​ពន្ធនាគារ​» ដែល​បាន​បញ្ចប់​នេះ​បាន​កសាង និង​ពង្រឹង​សមត្ថ​ភាព​របស់​បណ្ណារ​ក្ស ដែល​ជា​មន្ត្រីពន្ធ​នាគារ និង​ជំនួយ​ការ​បណ្ណា​រក្ស​ដែល​ជាជន​ជាប់​ឃុំ ដើម្បី​ឱ្យពួក​គេអាច​គ្រប់​គ្រង​បណ្ណា​ល័យ និង​អភិវឌ្ឍ​សេវាអប់រំ​ ក្រោម​​ភាព​ជា​ដៃគូ​ជា​មួយ​នាយក​ដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ​នៃក្រសួង​អប់រំ យុវ​ជន និង​កីឡា (MoEYS)។

លោក​បញ្ជាក់​ថា​៖ «ប៉ុន្តែ​វាមិន​មែន​ជាទី​បញ្ចប់​ទេ! ការដាក់​ឱ្យអនុវត្ត​គម្រោងថ្មី​ "ការអប់រំ​ក្នុង​ពន្ធនា​គារ" នឹង​បន្ត​ក្តី​សង្ឃឹម​សម្រាប់​ការ​អប់រំ​របស់​ជន​ជាប់​ឃុំ»​។

គម្រោង «ការ​អប់រំ​ក្នុង​ពន្ធនា​គារ» ថ្មីនេះ​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​សំខាន់ គឺ ទី១ ធ្វើ​ឱ្យ​កម្ម​វិធីអប់រំ​សម្រាប់​ទាំង​អស់​គ្នា​នៅ​ក្នុង​ពន្ធ​នាគារ (ថ្នាក់​អក្ខរកម្ម​តាម​កម្មវិធី​សិក្សាថ្មី) មាន​និរន្តរភាព និង ទី២ ពង្រឹង​កម្ម​វិធីអប់រំ​សម្រាប់​ទាំង​អស់​គ្នា​នៅ​ក្នុង​ពន្ធនាគារ​ដោយ​ដាក់​ឱ្យប្រើ​ប្រាស់​ធនធាន​ឌីជីថ​ល ដោយមិន​ប្រើប្រាស់អ៊ីនធឺណិត (NomaLab) ដែល​អភិ​វឌ្ឍ​ដោយ​អង្គ​ការ Passerelles numériques (PN)។

លោក ឆែម សាវុធ កត់​សម្គាល់​ឃើញ​ថា ចាប់ពីឆ្នាំ​ ២០១២ រហូត​ដល់​ឆ្នាំ​២០២២​នេះ អគ្គនា​យ​ក​ដ្ឋាន​ពន្ធ​នាគារ​បាន​ចុះ​អនុស្ស​រណៈ​លើកិច្ច​សហប្រតិ​បត្ដិការ ជាមួយ​អង្គការ​ដៃ​គូជា​ច្រើន ក្នុង​នោះ​ក៏មាន​អង្គការ​ស៊ីប៉ាផ​ងដែរ។ ក្នុង​រយៈ​ពេល​នេះអង្គការ​ស៊ីប៉ា​បាន​ជួយ​សាងសង់​បណ្ណា​ល័យ​ចំនួន ២៨ នៅ​តាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី-ខេត្ដ។

លោកថ្លែង​ថា៖ «ក្រោយ​បិទ​បញ្ចប់​គម្រោង​បណ្ណាល័យ​តាម​ពន្ធនាគារ​រាជ​ធានី-ខេត្ដ​នេះ អង្គការ​ស៊ីប៉ា នៅ​តែ​បន្ត​សហ​ការ​ជាមួយ អគ្គ​នាយក​ដ្ឋានពន្ធនាគារ។ ​ទៅ​ថ្ងៃ​អនា​គត​យើង​នឹង​មាន​រៀប​ចំកម្ម​វិធី​បណ្ដុះ​បណ្ដា​ល​ថ្មីៗ​ថែម​ទៀត​ជាបន្ត​បន្ទាប់​ទៀត​ដល់​ជន​ជាប់​ឃុំ»​។

លោក​បាន​ឱ្យដឹង​ថា ក្នុង​រយៈ​ពេល​អនុវត្ដ​គម្រោង​បណ្ណាល័យ​កន្លង​មក​នេះ អង្គការស៊ីប៉ា បាន​ខិត​ខំនាំ​យក​មក​សៀវ​​ភៅល្អៗ​ឱ្យជ​នជាប់​ឃុំបាន​អាន។ ផល​ប្រយោជន៍​នៃ​បណ្ណាល័យ​និង​ការ​អាន​សៀវ​ភៅ​នេះ​បាន​ជួយ​ដល់​ជន​ជាប់​ឃុំឱ្យ​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​រយៈ​ពេល​ខ្លី។ កាត់​បន្ថយ​អារម្មណ៍​ស្មុគ​ស្មាញ​ពីកា​រនឹ​ក​ផ្ទះ​សំបែង​សាច់​ញាតិ​។ ធ្វើឱ្យ​ជន​ជាប់ឃុំ​គ្មាន​ពេលគិត​រកល្បិច​កល​ដើម្បីរត់​ចេញពីពន្ធ​នាគារ។ ជន​ជាប់​ឃុំ​ទទួល​បាន​​ចំណេះ​ដឹង​ពីការ​អាន​សៀវ​ភៅ​ល្អៗ និង​ទទួល​បាន​បរិយាកាស​ល្អ មាន​គំនិត​ថ្មីៗ ទុក​ជា​ប្រយោជ​ន៍ នៅ​ពេល​ធ្វើ​សមា​​ហរណ​កម្មទៅ​គ្រួសារ និង​សហគមន៍​វិញ​ផង​ដែរ៕