ភ្នំពេញៈ អង្គជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃទី ២០ ​ខែកក្កដា ​បានបន្ត​សួរ​ដេញដោល​ លោក​ កឹម សុខា ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​ក្រោម​បទចោទ ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ​ឬឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល ​របស់លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​លោក ​កឹម សុខា ​ប្រមូល​កម្លាំង ​ដើម្បី​ចូលរួម​ធ្វើបាតុកម្ម​ផ្លាស់ប្តូរ​នៅ​ទីលាន​ប្រជាធិបតេយ្យ ​នៅ​ឆ្នាំ ២០១៣។

លោក​ប្លង់ សុផល ​អ្នកនាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ ក្រោយពី​បញ្ចប់​ការជំនុំជម្រះថា​ សវនាការ​លើ​សំណុំរឿង​របស់​លោក ​កឹម សុខា ​លើក​នេះ ​បានផ្តោត​ការសួរ​លើ​វីដេអូ​ធ្វើបាតុកម្ម​ នៅ​ទីលាន​ប្រជាធិបតេយ្យ ​កាលពី​ថ្ងៃទី ២៨ ធ្នូ​ ឆ្នាំ​ ២០១៣​ ដែល​លោក​ កឹម សុខា ​ជាជន​ជាប់ចោទ​ប្រមូល​កម្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន ​មាន ​កម្មករ ​មន្រ្តីរាជការ កងកម្លាំង​ប្រដាប់​អាវុធ ​និង​កសិករជាដើម​ ដើម្បី​ចូលរួម​ធ្វើបាតុកម្ម​ប្តូរ​ក្នុង​ឆ្នាំ ២០១៤ ។

លោក​ថា សវនាការ​នេះ ​គឺជា​សវនាការ​រឿងក្តី​ព្រហ្មទណ្ឌ​ធម្មតា​ដូច​សំណុំរឿង​ក្តី​ព្រហ្មទណ្ឌ​ដទៃ​ទៀត​ដែរ ​មិនដូច​អ្វី​ដែល​អង្គការ​សង្គម​ស៊ីវិល​ និងបុគ្គល​មួយចំនួន​ដែល​កំពុង​តាមដាន​សំណុំរឿង​នេះ ​បានចោទ​ថា ​ជារឿង​នយោបាយ​នោះ​ទេ។

លោក​ថ្លែងថា​៖ «អ្វី​ដែល​អ្នក​តាមដាន​បានលើក​នោះ ​ខ្ញុំ​មិនមាន​យោបល់​អ្វី​ទេ​ ព្រោះ​ថា​ប្រហែល​ជា​គាត់​ទើបតែ​ចូល​ស្តាប់​សវនាការ​លើក​ដំបូង​ក៏​មិន​ដឹង»។

លោក​ផែង ហេង ​សហមេធាវី ​លោក​ កឹម សុខា ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ដែរ​ថា​ សវនាការ​ពេញ ​១ ព្រឹក​នៅ​ថ្ងៃទី ២០ ​ខែកក្កដា​ ដូចនឹង​សវនាការ​ កាលពី​សប្តាហ៍​មុន​ដែរ ​គឺ​មិនជឿន​លឿន​ទៅ​មុខ ​ព្រោះ​អង្គជំនុំជម្រះ ​បានចាក់​វីដេអូ ​មួយ ​ដែល​លោក​ កឹម សុខា ​ឡើង​និយាយ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ នៅ​ទីលាន​ប្រជាធិតេយ្យ ។

លោក​បញ្ជាក់ថា ​តំណាង​អយ្យការ​បានចោទ​សួរ​លោក​ កឹម សុខា ដោយ​ស្រង់​សម្តី ​ចេញពី​ក្នុង​វីដេអូ ​ដែល​លោក ​កឹម សុខា ​និយាយ​នៅ​ទីលាន​ប្រជាធិបតេយ្យ ​ពាក់ព័ន្ធ​ទៅនឹង​ពាក្យ​ថា​ «ប្តូរ»។ តែ​ទោះ​យ៉ាងណា ​ទាំង​តំណាង​អយ្យការ ​និង​មេធាវី ​ការពារ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​អត្ថា​ធិប្បាយ ​និង​សន្និដ្ឋាន​ច្រើន​ជាង​ការសួរ​ដេញដោលលោក​ កឹម សុខា។

លោក​ថ្លែងថា​៖ «សំណួរ​ហ្នឹង ​ដូចជា​លើក​សម្តី​ថា ​«ប្តូរ»​ ហើយ​ប្តូរ​អង្កាល់? ​ប្តូរ​ពេលណា ​អ៊ីចឹង? ​ហើយ​ចំណុច​ខ្លះ​ក៏​ធ្វើការ​កត់​សម្គាល់។ ឯកឧត្តម​ កឹម សុខា ​ថា ​កន្លែង​ខ្លះ ​វា​ជា​វោហារសាស្ត្រ​របស់​អ្នកនយោបាយ ​គ្រាន់តែ​និយាយ»។

បើ​តាម​លោក ​ផែង ហេង ​ករណីការចោទ​លោក ​កឹម សុខា ​ពាក់ព័ន្ធ​នឹង​ប្រទូស្តរ៉ាយ ​ឬ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​នេះ ​គឺ​មិនមាន​នោះ​ទេ ​ក្រៅតែ​ពី​ស្រង់​សម្តី ​របស់​លោក ​កឹម សុខា ​យកមក​បញ្ជាក់​ឡើងវិញ​តែ​ប៉ុណ្ណោះ ​ហើយ​រាល់​វីដេអូ​ដែល​ចាក់​នៅក្នុង​បន្ទប់​សវនាការ ​ទៀតសោត ​គឺជា​វីដេអូ​ដដែលៗ ​និង​សំណួរ​ក៏​ដដែល​ដែរ។

លោក ​កឹម សុខា ​ត្រូវ​បានចាប់​ខ្លួន​នៅ​រំលង​អធ្រាត្រ ​ថ្ងៃទី ៣ ​ខែ កញ្ញា ​ឆ្នាំ ២០១៧ ​និង​ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់ ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​តាមរយៈ​វីដេអូ ​ដែល​លោក​ កឹម សុខា ​ថ្លែង​នៅ​ប្រទេស​អូស្រ្តាលី ​ក្នុង​ជំនួប​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន ​កាលពី​ឆ្នាំ ២០១៣។

សវនាការ​បន្ត​លើ​សំណុំរឿង​ក្តី ​របស់​លោក ​កឹម សុខា ​នឹង​ធ្វើ​នៅ​ថ្ងៃពុធ ​ទី ២៧ ​ខែ កក្កដា ​ឆ្នាំ ២០២២៕