
មន្ត្រី កបប កំពុងត្រួតពិនិត្យដេប៉ូលក់ប្រេងឥន្ធនៈមួយកន្លែង ក្នុងខេត្តកណ្តាលកាលពីថ្ងៃទី ១២ កក្កដា ឆ្នាំ ២០២២។ រូបថត កបប
កណ្តាលៈ អគ្គនាយកដ្ឋានការពារប្រើប្រាស់ កិច្ចការពារប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កបប) បានចេញលិខិតអញ្ជើញម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៤២ នាក់ ដើម្បីសាកសួរជុំវិញការប្តឹងលោក តូច ចៅកុយ ប្រធានសាខា កបប ខេត្តកណ្ដាលទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ និងសាលាខេត្តកណ្ដាល ដោយចោទថា មន្ត្រីរូបនេះ បានគាបសង្កត់ពិន័យពួកគេ ដោយគ្មានវិក្កយបត្រ និងករណីខ្លះចេញវិក្កយបត្រសរសេរទឹកប្រាក់តិចជាងទឹកប្រាក់ដែលបានទាមទារជាក់ស្ដែង។
យោងតាមលិខិតផ្សេងៗគ្នា ដែលចុះហត្ថលេខាដោយ លោក ឃួន សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារប្រើប្រាស់ កិច្ចការពារប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២២ បានអញ្ជើញ ម្ចាស់ដេប៉ូប្រេងឥន្ធនៈទាំង ៤២ នាក់ ទៅអគ្គនាយកដ្ឋានស្ថិតនៅផ្លូវលេខ ១៨ ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ២២ ខែកក្កដា វេលាម៉ោង ៩ ព្រឹកក្រោមអធីបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន កបប។
លោក ផាន អូន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ខែកក្កដាថា ការអញ្ជើញ ម្ចាស់ដេប៉ូប្រេងឥន្ធនៈទាំង ៤២ នាក់នេះ ដើម្បីសាកសួរជុំវិញបណ្តឹងទាំងនេះ ហើយលោកនឹងមានវិធានការបន្តផ្សេងទៀត ក្រោយពីទទួលបានចម្លើយ ។
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្តកណ្តាល ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ខែកក្កដាថា លោកមិនទាន់ទទួលបានបណ្តឹងពីម្ចាស់ ដេប៉ូប្រេងឥន្ធនៈទាំងនេះនោះទេ រហូតមកទល់ពេលនេះ ប៉ុន្តែនៅពេលដែលទទួលបានលោក នឹងជម្រាបជូនថ្នាក់ដឹកនាំខេត្ត ដើម្បីចាត់ចែងតាមនីតិវីច្បាប់ និងត្រួតពិនិត្យមើលទៅលើបណ្តឹងនេះ ។
ភ្នំពេញប៉ុស្តិ៍ មិនអាចទាក់ទងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក តូច ចៅកុយ ប្រធានសាខា កបប ខេត្តកណ្ដាល ដើម្បីសុំធ្វើអត្ថាធិប្បាយបានទេ នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២ ជុំវិញសំណុំរឿងចោទប្រកាន់នេះ ។
យោងតាមពាក្យបណ្តឹងដែលចុះហត្ថលេខារួមពីម្ចាស់ដេប៉ូទាំង ៤២ រូប កាលពីថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២២ បានសរសេរថា កន្លងមកមន្ត្រី ក.ប.ប មិនដឹងចុះមកត្រួតពិនិត្យអ្វីឱ្យពិតប្រាកដនោះទេ ធ្វើការដោយគ្មានបង្ហាញច្បាប់ គឺប្រើច្បាប់និងពិន័យតាមតែមាត់របស់ពួកគាត់។ រៀងរាល់ឆ្នាំសាលាខេត្តតែងតែជូនដំណឹងឱ្យម្ចាស់ដេប៉ូទាំងអស់មកដាក់ពាក្យសុំពិនិត្យដៃបាញ់ប្រេង និងវាស់ប្រេងរួច មន្រ្តីមាត្រសាស្រ្ត តែងតែចុះមកពិនិត្យនិងវាស់មិនដែលអាក់ខានទេ។
បណ្តឹងនេះបន្តថា ផ្ទុយទៅវិញពេលមន្រ្តី កបប ចុះមកដល់គ្រាន់តែសួរនាំបន្តិចបន្តូច និងអនុវត្តការងារដោយបង្ខំតែម្ដង រួចប្រាប់ថា «សាំងមិនគ្រប់លីត្រ និងបាត់គុណភាព» ហើយបានធ្វើការសម្លុតគំរាមទារប្រាក់រហូតដល់រាប់លានរៀលគ្មានការញញើតមាត់ និងហួសសមត្ថភាពម្ចាស់ដេប៉ូ ហើយការទាមទារប្រាក់មិនដូចអ្វីដែលបានសរសេរ ក្នុងវិក្កយបត្រ ឬជួនកាលពិន័យដោយមិនចេញវិក្កយបត្រថែមទៀតផង។
បើតាមបណ្តឹងនេះ ប្រសិនបើម្ចាស់ដេប៉ូមិនព្រមទៅបង់ប្រាក់តាមការទាមទារនោះទេ ពួកគាត់លើកហេតុផលផ្សេងៗ និងនិយាយតែរឿងគុក ច្រវាក់ គំរាមបិទដេប៉ូ ចុះកាសែត និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតែម្ដង ដោយគ្មានធ្វើកិច្ចសន្យាឬអប់រំណែនាំអ្វីឡើយ ដែលជាហេតុធ្វើឱ្យម្ចាស់ដេប៉ូទាំងអស់នៅខេត្តកណ្ដាល ក្ដៅក្រហាយនិងរងការភ័យខ្លាច ខ្លះក៏ត្រូវខ្ចីលុយគេមកបង់ឱ្យទៅតាមការទាមទារ រីឯខ្លះទៀតត្រូវធ្វើការបង់រំលស់ជាមួយក្រុមមន្ត្រី កបប ដូចជាការបង់រំលស់ឡាន ឬជំពាក់លុយធនាគារយ៉ាងដូច្នោះដែរ ទើបពួកគាត់សម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយតែម្ដង៕