ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​សាកលវិទ្យាល័យ Krirk របស់​ថៃ​ពិភាក្សា​ជាមួយ​ក្រសួង​អប់រំ​កម្ពុជា​ ដើម្បី​ជ្រើសរើស​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ថៃ បន្ទាប់ពី​សាកលវិទ្យាល័យ​នេះ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ចំនួន​ ៤០ ​នាក់​។

ជាមួយ​គ្នានេះដែរ លោក​ក៏បាន​ជំរុញ​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី​ (ADPC) ​ធ្វើការ​ទប់ស្កាត់​គ្រោះមហន្តរាយ​ឱ្យ​បាន​ជាក់លាក់ បន្ទាប់ពី​មជ្ឈមណ្ឌល​នេះ​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​អន្តរជាតិ​។

ការស្នើ និង​ជំរុញ​បែប​នេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក​ ហ៊ុន សែន និង​លោក Krasae Chanawougse សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ Krirk (Krirk University) ​របស់​ថៃ និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​អាស៊ី​នា​ថ្ងៃទី​ ២០ ខែកក្កដា នៅ​វិមាន​សន្តិភាព​។

ហ្វេសប៊ុក​លោក​ ហ៊ុន សែន បញ្ជាក់​ថា ក្នុង​ជំនួប​នេះ​លោក​ Chanawougse ថ្លែងថា សាកលវិទ្យាល័យ​របស់​លោក​បាន​សម្រេច​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ចំនួន​ ៤០ ​នាក់ ដែលមាន​បញ្ចូល​ទាំង​ថ្លៃ​សាលា ថ្លៃ​ស្នាក់នៅ​​ អាហារ​ ៣​ ពេល និង​ប្រាក់​ឧបត្ថម្ភ​សម្រាប់​និស្សិត​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​តាមរយៈ​អាហារូបករណ៍​ឈ្មោះ «​សម្ដេច​តេជោ​»​។ លោក​ ហ៊ុន សែន អរគុណ​លោក Chanawougse ដែល​បាន​ផ្ដល់​អាហារូបករណ៍​ដាក់​ឈ្មោះ​ «​សម្ដេច​តេជោ​» សម្រាប់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ថៃ​។

ហ្វេសប៊ុក​ដដែល​បន្តថា​៖ «​សម្ដេច​ក៏​​បាន​សុំឱ្យ​ឯកឧត្ដម​ [​លោក Chanawougse] ​បន្ត​ពិភាក្សា​ជាមួយ​ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ជ្រើសរើស​សិស្ស​ [​និស្សិត​] ​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​»​។

លោក​ យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ ​កក្កដា​ថា បើ​កម្ពុជា​ទទួល​បាន​អាហារូបករណ៍​សម្រាប់​និស្សិត​ទៅ​រៀន​ក្រៅប្រទេស​ច្រើន វា​គឺជា​ការលើក​ទឹកចិត្ត​យុវជន​ឱ្យ​ប្រឹង​រៀនសូត្រ​ ដើម្បី​ប្រកួត​ប្រជែង​ទទួល​អាហារូបករណ៍​។

លោក​បន្តថា ការប្រឡង​យក​អាហារូបករណ៍​គួរតែ​ធ្វើ​ដោយ​តម្លាភាព និង​មានការ​ជឿជាក់​ជាទូទៅ​ពី​មជ្ឈដ្ឋាន​យុវជន និង​និស្សិត ដែល​នឹង​ជួយ​ច្រើន​ក្នុងការ​លើកកម្ពស់​មុខ​មាត់​ការអប់រំ​របស់​កម្ពុជា​ក៏ដូចជា​ការប្រឹងប្រែង​របស់​និស្សិត​ក្នុង​ការ​ឈោង​ចាប់​ឱកាស​ពី​ ១ ​ជំនាន់ ទៅ​ ១ ​ជំនាន់​។

លោក យង់ គិមអេង ថ្លែងថា​៖ «​ការសិក្សា​នៅ​ថៃ ជាទូទៅ​ក៏​គេ​មាន​ស្តង់ដា គេ​មាន​ក្បួន​ខ្នាត​របស់គេ គេ​មាន​កម្រិត​ស្តង់ដា​គុណភាព​គួរសម​ដែរ​។ ​អ៊ីចឹង​ទៅ​និស្សិត​ក៏​អាច​មាន​ឱកាស​ក្រេបជញ្ជក់​ចំណេះវិជ្ជា​តាម​មុខជំនាញ​ដែល​ខ្លួន​ចូលចិត្ត​នៅ​ទីនោះ​ដែរ​។

លោក​បន្តថា​៖ «​កិច្ចសហការ​នៅក្នុង​វិស័យ​អប់រំ​នេះ​វា​ជួយ​ខ្លាំងណាស់​។ ​បើ​យើង​ចង់​អភិវឌ្ឍ​ប្រទេស​ទៅ​ថ្ងៃ​អនាគត គឺ​ត្រូវតែ​វិនិយោគ​ទៅលើ​វិស័យ​អប់រំ​ហ្នឹង​ឱ្យបាន​ខ្លាំង​អាហ្នឹង​ទើប​សង្គម​យើង​មាន​គ្រឹះ​រឹងមាំ​ក្នុងការ​ធ្វើដំណើរ​​នៅលើ​វិថី​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​សង្គម​បានយូរ​អង្វែង​ទៅមុខ​»​។

ក្រៅពីនេះ​នៅក្នុង​ជំនួប​នេះ​លោក​ Chanawougse ថ្លែងប្រាប់​លោក ហ៊ុន សែន ថា មជ្ឈមណ្ឌល ​ADPC​ មកទល់​ពេលនេះ​បានក្លាយ​ខ្លួន​ទៅជា​មជ្ឈមណ្ឌល​អន្តរជាតិ ខណៈ​លោក​ ហ៊ុន សែន បាន​សាទរ​ដែល​មជ្ឈមណ្ឌល​​នេះ​បាន​ក្លាយជា​មជ្ឈមណ្ឌល​អន្តរជាតិ​។

ហ្វេសប៊ុក​ដដែល​បន្តថា​៖ «​សម្តេច​តេជោ​បានផ្ដល់​ជា​អនុសាសន៍​ថា គប្បី​ធ្វើយ៉ាងណា​ជំរុញ​ឱ្យ​អង្គការ​នេះ​មាន​សកម្មភាព​ដោះស្រាយ​ទប់ស្កាត់​គ្រោះមហន្តរាយ​ជាក់លាក់​»​។

បន្ទាប់ពី​លោក​ Chanawougse ​បាន​ស្នើសុំ​ជួប​លោក ហ៊ុន សែន ជាថ្មី​នៅ​ឆ្នាំក្រោយ លោក ហ៊ុន សែន បញ្ជាក់​ថា លោក​រីករាយ​ជួប​ជាមួយ​លោក​រាល់​ពេលដែល​លោក​មកកាន់​កម្ពុជា​។

មជ្ឈមណ្ឌល ADPC គឺជា​អង្គការ​អន្តរជាតិ​ស្វយ័ត​មួយ​ដែល​ធ្វើការ​ដើម្បី​កសាង​ភាព​ធន់​របស់​មនុស្ស និង​ស្ថាប័ន​ចំពោះ​គ្រោះមហន្តរាយ និង​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​។

មជ្ឈមណ្ឌល​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៨៦ ដែល​ផ្តល់​សេវាកម្ម​បច្ចេកទេស​ដ៏ទូលំទូលាយ​ដល់​ប្រទេស​ក្នុង​តំបន់​លើ​វិស័យ​វិទ្យាសាស្ត្រ​សង្គម​ ​និង​រូបវន្ត ដើម្បី​គាំទ្រ​ដំណោះស្រាយ​ប្រកប​ដោយ​និរន្តរភាព​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ និង​គាំទ្រ​ភាព​ធន់ទ្រាំ​នឹង​អាកាសធាតុ​។

មជ្ឈមណ្ឌល​ ADPC​ គាំទ្រ​ប្រទេស​ ​និង​សហគមន៍​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក​ក្នុង​ការកសាង​ប្រព័ន្ធ​យន្តការ​ស្ថាប័ន និង​សមត្ថភាព​នៃ​ប្រទេស​ទាំងនោះ​ ដើម្បី​ឱ្យមាន​ភាពធន់​នឹង​គ្រោះមហន្តរាយ​នានា​ដូចជា គ្រោះទឹកជំនន់ បាក់​ដី រញ្ជួយ​ដី ព្យុះ​ស៊ីក្លូន និង​គ្រោះរាំងស្ងួត​ជាដើម​៕