ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​មិន​យល់ស្រប​ចំពោះ​ការលើក​ឡើង​នៅក្នុង​របាយការណ៍​ស្ដីពី​ការជួញដូរ​មនុស្ស​ចេញផ្សាយ​ដោយ​ក្រសួង​ការបរទេស​អាមេរិក ដែល​ទម្លាក់​កម្រិត​កម្ពុជា​ពី​ចំណាត់ថ្នាក់​ទី​ ២​ ឃ្លាំមើល​ទៅ​ចំណាត់​ថ្នាក់​ទី​ ៣​។ មន្ត្រី​និយាយ​ថា ការវាយតម្លៃ​នឹងដាក់​ចំណាត់ថ្នាក់​នេះ​មិន​ឆ្លុះបញ្ចាំង​ពី​កិច្ចប្រឹងប្រែង​របស់​កម្ពុជា និង​ធ្វើឡើង​ដោយ​យក​បញ្ហា​ថ្មី​ទៅ​ភ្ជាប់​ជាមួយ​នឹង​ចំណុច​ខ្វះខាត​ដែល​កម្ពុជា​មាន​។

ការច្រានចោល​នេះ​ធ្វើឡើង​ដោយ​លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ.ជ.ប.ជ​) បន្ទាប់ពី​ក្រសួង​ការបរទេស​អាមេរិក​ចេញផ្សាយ «​របាយការណ៍​ជួញដូរ​មនុស្ស​ខែកក្កដា ឆ្នាំ​ ២០២២» ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ​១៩ ខែកក្កដា​។ ស្ថានភាព​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ត្រូវ​ក្រសួង​ការបរទេស​អាមេរិក​ដាក់​ចំណាត់ថ្នាក់​ទី​ ២ ដែល​ជា​ចំណាត់ថ្នាក់​ល្អ​ពី​ឆ្នាំ ២០១៦-២០១៨​។ ប៉ុន្តែ​ពី​ឆ្នាំ ២០១៩-២០២១ ចំណាត់ថ្នាក់​នេះ​ធ្លាក់​ទៅ​នៅ​ពាក់កណ្ដាល ឬ «​ចំណាត់ថ្នាក់​ទី ​២ ​ស្ថិតក្រោម​ការឃ្លាំមើល​» និង​បន្ត​ធ្លាក់​ទៅ​ចំណាត់ថ្នាក់​ទី ៣ នៅ​ឆ្នាំនេះ​។

របាយការណ៍​នេះ​បាន​ថ្លែងថា កម្ពុជា​បាន​ចាត់​វិធានការ​ជាច្រើន​ ដើម្បី​ដោះស្រាយ​បញ្ហា​ជួញដូរ​មនុស្ស រួមមាន​ការបន្ត​ចាប់ខ្លួន​ជនល្មើស កាត់ទោស​ និង​ផ្ដន្ទាទោស​ជនល្មើស ការស្វែងរក​អត្តសញ្ញាណ​ជនរងគ្រោះ​ដោយ​បុរេសកម្ម និង​ការជួយ​ដល់​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ជនរងគ្រោះ និង​អ្នក​ដែល​ងាយ​រងគ្រោះ​ដោយ​ការជួញដូរ​មនុស្ស​នៅក្រៅ​ប្រទេស​។ ប៉ុន្តែ​របាយការណ៍​ដដែល​នេះ​លើកឡើង​ថា កិច្ចប្រឹងប្រែង​ចម្បងៗ​ផ្សេងទៀត​នៅតែ​ខ្វះចន្លោះ​នៅឡើយ ហើយ​បាន​លើក​ឡើង​នូវ​អំណះ​អំណាង​ជាច្រើន​ដើម្បី​វាយតម្លៃ​ស្ថានភាព​នៅ​កម្ពុជា ដូចជា​ការមិន​បាន​ស៊ើបអង្កេត និង​នាំយក​ជនល្មើស​ដែល​ជា​មន្ត្រី​ពាក់ព័ន្ធ​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ជាពិសេស​ពាក់ព័ន្ធ​នឹង​ម្ចាស់​អាជីវកម្ម​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​រាប់ពាន់នាក់ រួមទាំង​កុមារ​ផង ដូចជា​អាជីវកម្ម​កម្សាន្ត ឡឥដ្ឋ និង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​។ ​

របាយការណ៍​នេះ​លើកឡើង​នូវ​ទិដ្ឋភាព​ជាច្រើន​ ដើម្បី​គាំទ្រ​ការវាយតម្លៃ​របស់​ពួកគេ ដូចជា ការខកខាន​ស៊ើបអង្កេត ឬ​ឱ្យ​មន្ត្រី​ទទួល​ខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​ក្នុង​ការ​រួមគំនិត​គ្នា ជាពិសេស​ម្ចាស់​ជំនួញ​ទុច្ចរិត​ដែល​ដាក់​មនុស្ស​រាប់ពាន់​នាក់ បុរស ស្ត្រី និង​កូនក្មេង​ទូទាំង​ប្រទេស​នៅក្រោម​ការជួញដូរ​មនុស្ស​នៅក្នុង​កន្លែង​កម្សាន្ត ឡឥដ្ឋ និង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​។ របាយការណ៍​នេះ​ក៏បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ពុំបាន​ផ្តល់​សេវា​គាំពារ​គ្រប់គ្រាន់​សម្រាប់​ជនរងគ្រោះ ទាំង​ក្នុងស្រុក និង​ក្រៅ​ប្រទេស ហើយ​រដ្ឋាភិបាល​បាន​ពឹងផ្អែក​ច្រើន​លើ​អ្នកជំនួយ បរទេស និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដើម្បី​ផ្តល់​ការថែទាំង​ចាំបាច់​ច្រើន​។

របាយការណ៍​លើកឡើង​ថា​៖ «​រដ្ឋាភិបាល​ពុំបាន​រក្សា​កំណត់ត្រា​ប្រមូលផ្តុំ ឬ​ឃ្លាំង​ទិន្នន័យ​នៃ​ការស៊ើបអង្កេត និង​នីតិវិធី​​តុលាការ ដូច្នេះ ទិន្នន័យ​អនុវត្ត​ច្បាប់​ជារួម​មិន​ពេញលេញ​»​។

ដោយ​សំអាង​លើ​របាយការណ៍​ព័ត៌មាន និង​ដោយ​មិន​ផ្តល់​រយៈពេល​នៃ​ការវាយតម្លៃ រាយរណ៍​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​ថា អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​ជនសង្ស័យ ជួញដូរ​មនុស្ស​ចំនួន ៣៧០ ​នាក់ រួមទាំង​ឈ្មួញកណ្តាល​រក​ការងារ​ចំនួន​ ៣៣២ តែ​រដ្ឋាភិបាល​ពុំ​បាន​រាយការណ៍​ពី​បច្ចុប្បន្នភាព​ស្តីពី​ការចាប់​ខ្លួន​ទាំងនេះ​។

របាយការណ៍​ដដែល​នេះ​បាន​បន្តថា ក្នុង​ឆ្នាំ​ ២០២១ រដ្ឋាភិបាល​បាន​កាត់ទោស​ជនសង្ស័យ​ជួញដូរ​ចំនួន​ ១០៩​ នាក់ ដែល​ក្នុងនោះ ៦៤ ​ករណី មាន​ការពាក់ព័ន្ធ​នឹង​ច្បាប់​ប្រឆាំង​នឹង​ការជួញដូរ​មនុស្ស ៤ ​ករណី ពាក់ព័ន្ធ​នឹង​ការជួញដូរ​ផ្លូវភេទ​, ៣៧ ​ករណី​ពាក់ព័ន្ធ​នឹង​ការធ្វើការ​ដោយ​បង្ខំ និង​ ២៣ ​ករណី​ពាក់ព័ន្ធ​នឹង​ទម្រង់​នៃ​ការកេង​ប្រវ័ញ្ច​មិន​ជាក់លាក់​។ រដ្ឋាភិបាល​ក៏បាន​កាត់ទោស​ទៅលើ​អ្នកជួញដូរ​ចំនួន​ ៣៨ ​នាក់​ផងដែរ ដែល​ក្នុងនោះ​មាន​ម្នាក់​ជាប់ចោទ​ពី​បទ​ជួញដូរ​ផ្លូវភេទ និង​ ៣៥ ​នាក់​ទៀត​ពី​បទ​ធ្វើការ​ដោយ​បង្ខំ​។

ប្រភព​ដដែល​បាន​បន្តថា រដ្ឋាភិបាល​បាន​ផ្តល់​វគ្គបណ្តុះបណ្តាល​ចំនួន ២៥៦ វគ្គ និង​រៀបចំ​សិក្ខាសាលា​ស្តីពី​ច្បាប់​ប្រឆាំង​នឹង​ការជួញដូរ បច្ចេកទេស​នៃ​ការស៊ើបអង្កេត និង​ការប្រមូល​ភ័ស្តុតាង​សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់​ចំនួន ១២ ៨១៤ នាក់​ផងដែរ​។ ពួកគេ​ក៏បាន​ផ្តល់នូវ​វគ្គ​បណ្តុះបណ្តាល​ចំនួន ​៧ ​លើក​ផងដែរ សម្រាប់​អ្នក​ចូលរួម​ចំនួន ២៨៦ ​នាក់ ស្តីពី​ការកំណត់​អត្តសញ្ញាណ​ជនរងគ្រោះ និង​ការណែនាំ​ពី​ការការពារ​ខ្លួន​។

របាយការណ៍​បាន​លើកឡើង​ថា​៖ «​ទោះបីជា​មាន​ការបណ្តុះបណ្តាល​ទាំងនេះ​ក៏ដោយ ក៏​មន្ត្រី​នគរបាល​ជាច្រើន ជាពិសេស​នៅតាម​តំបន់​ជនបទ​នៅតែ​មិនដឹង​ពី​របៀប​ធ្វើការ​ងារ​ប្រឆាំង​ការជួញដូរ​ដែរ ដោយសារ​ភាគច្រើន​មិន​បាន​ទទួល​ការបណ្តុះបណ្តាល​ស្តីពី​បច្ចេកទេស​អនុវត្ត​ច្បាប់​ជា​មូលដ្ឋាន​»​។ ​របាយការណ៍​នេះ​បាន​កោតសរសើរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ការជួញដូរ (NCCT) ក្នុង​ការទប់ស្កាត់​នូវ​ឧក្រិដ្ឋកម្ម​នានា ប៉ុន្តែ​ប្រភព​ដដែល​នេះ​បាន​បញ្ជាក់ថា រដ្ឋាភិបាល​មិនបាន​រាយការណ៍​ពី​ថវិកា​នៃ​ការប្រឆាំង​ការជួញដូរ​ក្នុង​ឆ្នាំ​ ២០២១ ​ទេ ខណៈ​ឆ្នាំ​ ២០២០​ បាន​កំណត់​ប្រមាណ ២,២ ​ពាន់​លាន​រៀល (៥៤៣ ០៨០ ​ដុល្លារ​)​។

លោកស្រី ជូ ប៊ុនអេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោកស្រី​មិន​យល់ស្រប​ចំពោះ​របាយការណ៍​នេះឡើយ ដោយសារ​វា​ផ្ទុយ​នឹង​អ្វីដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុង​ធ្វើ​។

លោកស្រី​ថ្លែងថា​៖ «​តើ​ដឹង​ហើយ​ឬ​នៅ​ថា រាជរដ្ឋាភិបាល​ប្រឹង​ប៉ុនណា ឬ​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស​យើង​តាំងពី​ថ្នាក់ជាតិ​ដល់​ថ្នាក់ក្រោម​ជាតិ រដ្ឋាភិបាល​និង​អង្គការ​ដៃគូ​រួមគ្នា​ធ្វើ​ទាំងអស់​គ្នា​ប៉ុនណា​? សម្រាប់​របាយការណ៍​នេះ​គឺ​ខ្ញុំ​យល់ថា​មិនល្អ យើង​មិន​សប្បាយ​ចិត្ត ព្រោះ​អ្វីដែល​យើង​ខំប្រឹង​បែរជា​ចេញ​លទ្ធផល​មិន​ដូច​អ្វីដែល​យើង​ប្រាថ្នា​»​។

លោកស្រី ជូ ប៊ុនអេង បាន​បន្តថា មួយវិញ​ទៀត ការ​ផ្គួប​ផ្សំ​ទៅលើ​ចំណុច​ខ្វះខាត​នោះ​គឺ [​គាត់​] បូក​ទៅក្នុង​រឿង​ថ្មី​ដែល​ទើបតែ​កើត​មាន​ឡើង​ក្នុង​ឆ្នាំ​ ២០២២ ​នេះ តែ​អ្វីដែល [​យើង​] និយាយ​គ្នា​រួចហើយ​ថា អ្វីដែល​ធ្វើ គឺ​ធ្វើ​ពី​ខែ​ ១ ​ដល់​ខែ​ ១២​។

លោកស្រី​ថា៖ «​បើជា​លទ្ធផល យើង​មើល​នៅក្នុង​អំឡុងពេល​ហ្នឹង​ថា តើ​យើង​ធ្វើបាន​ច្រើន​ប៉ុនណា​? ប៉ុន្តែ​ទីបំផុត​ជា​លទ្ធផល​បែរជា​បែបនេះ​គឺ​យើង​មិន​សប្បាយចិត្ត​នោះទេ​»​។

លោក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ថ្លែងថា កម្ពុជា​មាន​ស្ថាប័ន​ទទួលបន្ទុក​ដោះស្រាយ​រឿង​ជួញដូរ​មនុស្ស ហើយ​លោក​សុំ​មិន​អត្ថាធិប្បាយ​អំពី​ការដាក់​ចំណាត់ថ្នាក់​នៅក្នុង​របាយការណ៍​នេះ​ទេ​។ យ៉ាងណា​ក៏ដោយ​លោក​ថា ទោះបី​កម្ពុជា​ធ្វើ​ល្អ​យ៉ាងណា អាមេរិក​អាច​និយាយ​ថា កម្ពុជា​មិនបាន​ធ្វើ​តាមតែ​គេ​ចង់បាន​។

លោក​ថ្លែងថា​៖ «​គាត់​ថា ល្អ គាត់​ថា អាក្រក់​ស្រេច​តែ​លើ​គាត់​ទេ​។ តែបើ​និយាយ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​ប៉ូលិស គឺ​គាត់​ខិតខំ​ប្រឹងប្រែង​ខ្លាំងណាស់​។ យើង​បង្កើតជា​ហតឡាញ យើង​បង្កើត​មន្ត្រី​ទំនាក់ទំនង ហើយ​យើង​សហការ ពេលខ្លះ​យើង​ទទួល​ព័ត៌មាន​តាម​បណ្ដាញ​ទំព័រ​ហ្វេសប៊ុក​ដើម្បី​ជួយ​សម្រួល​នារី​រងគ្រោះ​នៅក្រៅ​ប្រទេស ក៏​ច្រើន​ណាស់​ដែរ​ហើយ​។ តែ​ខ្ញុំ​មិនអាច​បង្ហាញ​តួលេខ​ទាំងស្រុង​បានទេ​»​។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អ្នក​ពាក់ព័ន្ធ​កាលពីពេល​ថ្មីៗ​នេះ​បាន​បើក​យុទ្ធនាការ​ប្រឆាំង​នឹង​ពលកម្ម​កុមារ​ និង​ការងារ​ដោយ​បង្ខំ​។ យុទ្ធនាការ​ចុងក្រោយ​ត្រូវ​បាន​ធ្វើឡើង​កាលពី​សប្ដាហ៍​មុន នៅ​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ដោយ​ផ្ដោត​គោលដៅ​លើ​សិប្បកម្ម​ឡឥដ្ឋ និង​កសិឧស្សាហកម្ម​។ នេះ​បើតាម​ក្រសួង​ការងារ​៕