បាត់ដំបងៈ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ទំហំ ​១០៤ ​ហិកតា ស្ថិតនៅ​ក្នុងភូមិ​គោក​រកា ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​ ​ដើម្បី​សាងសង់​ផ្ទះ​ចំនួន​ ១០៤ ​ខ្នង ​ជូន​អតីត​​យុទ្ធជន​សម្រាប់​រស់នៅ និង​ប្រក​បរបរ​​កសិកម្ម​ផ្សេងៗ ខណៈពេល​បច្ចុប្បន្ន​មន្ត្រី​កំពុង​វាស់វែង​បែង​ចែកជូន​ពួកគាត់​ចំនួន​ ១០៤​ គ្រួសារ​។

​លោក គន់ រ័ត្ន​មុនី អនុប្រធាន​ក្រុម​​ជំនួយការ​អគ្គលេខាធិការ​សមាគម​អតីត​​យុទ្ធជន​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​២០ ខែកក្កដាថា នៅថ្ងៃនេះ​ (២០ ខែ​​កក្កដា​) ​លោក​បាន​សហការ​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​​សុរិយោដី​ខេត្តបាត់ដំបង ចុះ​វាស់វែង​កំណត់​ទីតាំង​ដី និង​សាង​សង់ផ្ទះ​ខាងលើនេះ​។​

​លោក​បន្តថា ដី​ដែល​បាន​វាស់វែង ជា​ដី​សម្បទាន​សង្គមកិច្ច​នេះ ត្រូវ​ផ្តល់ឱ្យ​​តែ​អតីតយុទ្ធជន​នៅក្នុង​ខេត្តបាត់ដំបង​ប៉ុណ្ណោះ​។​ តាម​គម្រោង​ដែល​បាន​ចាប់ឆ្នោត​រួចហើយ គឺមាន​ចំនួន​ ១០៤ ​គ្រួសារ ដោយ​ក្នុង​ ១​ គ្រួសារ​ ទទួលបាន​ដី​ ១ ​ហិកតា ផ្ទះ​ ១​ ខ្នង និង​បន្ទប់ទឹក​ ១​។

​បើតាម​លោក គន់ រ័ត្ន​មុនី លោក គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អតីត​​យុទ្ធជន និង​ជនពិការ​បាន​បើកសម្ពោធ​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​នៅ​ទីតាំង​នេះ​កាលពី​សប្តាហ៍​មុន និង​ចាប់ផ្តើម​សាង​​សង់​ពី​ពេលនោះ​តទៅ ដោយ​គ្រោង​ចំណាយ​ប្រមាណ​ ៤ ៥០០ ​ដុល្លារ​អាមេរិក​ ក្នុង ​១ ​ខ្នង​ផ្ទះ រួម​ជាមួយនឹង​បន្ទប់ទឹក​។ តាម​គម្រោង​យ៉ាងយូរ ៣ ​ខែ នឹង​បញ្ចប់​ការសាងសង់ជា​ស្ថាពរ និង​ត្រូវ​ប្រគល់ជូន​ឱ្យ​ពួកគាត់​ទាំង ​១០៤ ​គ្រួសារ​នោះ​ហើយ​។​

​លោក​ថ្លែងថា​៖ «​ដី​នេះ​គឺជា​ដី​សម្បទាន​​សង្គមកិច្ច​របស់​រដ្ឋ ហើយ​ផ្ទះ​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន តាមរយៈ​អ្នកឧកញ៉ា ម៉ម វណ្ឌី​។ គោលដៅ​របស់​សមាគម គឺ​ផ្តល់ជូន​សម្រាប់តែ​អតីត​​យុទ្ធជន​ដែលមាន​ពិការភាព ក្រីក្រ អត់​​មាន​ដី និង​អត់​មានផ្ទះ​នៅក្នុង​ខេត្ត​បាត់​​ដំបង​ពិតប្រាកដ​»​។

​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ២០ ខែកក្កដា​ថា ដី​សម្បទាន​សង្គមកិច្ច​ត្រូវបាន​រាជ​រដ្ឋា​ភិ​បាល សម្រេច​ផ្តល់ជូន​ដល់​អតីតយុទ្ធជន​នៅក្នុង​ខេត្តបាត់ដំបង​ ដែល​កំពុង​ទទួលរង​នូវ​ផល​លំបាក​ជីវភាព​រស់នៅ​សម្រាប់ធ្វើ​​ការសាងសង់​ផ្ទះ និង​ធ្វើ​កសិកម្ម ដើម្បី​ធ្វើ​​ឱ្យ​ជីវភាព​របស់​ពួកគាត់​កាន់តែ​ល្អប្រសើរ​។​

​លោក​បាន​ថ្លែងថា​៖ «​អតីតយុទ្ធជន​ខ្លះ​ដែល​គ្មាន​ផ្ទះ និង​គ្មាន​ដី ត្រូវបាន​សមាគម​ជ្រើសរើស​។​ ពួកគាត់​នឹងត្រូវ​ទទួល​ផ្ទះ និង​ដី​។​ប៉ុន្តែ អតីតយុទ្ធជន​ខ្លះ គាត់​មាន​ហើយ គឺ​មិន​ទទួល​ដី និង​ផ្ទះ​នៅទីនេះ​ទេ​»​។

​បើតាម​លោក សុខ លូ ជា​ជំហាន​ដំបូង សមាគម​អតីតយុទ្ធជន ជ្រើស​រើសយក​ ១ ​ទីតាំង​ខាងលើ ដើម្បី​កសាង​ជូន​ដល់​អតីត​​យុទ្ធជន​ចំនួន​ ១០៤​ គ្រួសារ​សិន និង​ជំ​​ហាន​បន្តបន្ទាប់​ទៀត ក៏​នឹងត្រូវ​រៀបចំ និង​ជ្រើសរើស​សាងសង់ និង​ផ្តល់ជូន​អតីត​​យុទ្ធជន​នៅក្នុង​ខេត្ត​ដែល​ជួប​ការលំបាក​បន្តទៀត​។

​លោក គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អតីតយុទ្ធជន និង​ជនពិការ កាល​​ពីថ្ងៃ​ទី ​៣០ ខែ មិថុនា ឆ្នាំ​ ២០២២ បាន​ចាប់​​ឆ្នោត​ប្រគល់​ដី​សម្បទាន​សង្គមកិច្ច ​(​ដី​លំនៅឋាន និង​ដី​កសិកម្ម​) ​ព្រមទាំង​បើក​ការដ្ឋាន​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ចំនួន​ ១០៤​ គ្រួសារ​រួចរាល់​ហើយ​។

​បើតាម​លោក គន់ គីម ដី​សម្បទាន​​សង្គមកិច្ច​ដែល​ផ្តល់ជូន​អតីតយុទ្ធជន​ក្នុង​ ១ ​គ្រួសារ​ ទទួលបាន​ផ្ទះ​ទំហំ​ ៥​ ម៉ែត្រ​គុណ​នឹង ​៧ ​ម៉ែត្រ និង​ដី ​១ ​ហិកតា ​ដែលជា​អំ​​ណោ​យ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​៕