
កិច្ចប្រជុំផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងឯកសារគោលនៅថ្ងៃទី ២១ កក្កដា ។ រូបថត គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ភ្នំពេញៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងក្រុមការងារអន្តរក្រសួងសរសេររបាយការណ៍ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា បានបើកិច្ចប្រជុំផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងឯកសារគោលរួមរបស់កម្ពុជាមុននឹងដាក់ជូនទៅអង្គការសហប្រជាជាតិ (UN)។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២ ដែលដឹកនាំដោយលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំនិងតំណាងគ្រប់ក្រសួង ស្ថាប័នសំខាន់ៗរបស់ជាតិ ដើម្បីពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងឯកសារគោលរួមនេះ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលត្រូវបានផ្សព្វផ្សាយក្រោយកិច្ចប្រជុំបញ្ជាក់ថា នៅក្នុងដំណើរការនៃកិច្ចប្រជុំអន្តរក្រសួងនេះ តំណាងក្រសួង ស្ថាប័នទាំងអស់បានយកចិត្តទុកដាក់ពិនិត្យយ៉ាងល្អិតល្អន់លើគ្រប់ចំណុចដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ននីមួយៗ ដើម្បីធានាថា រាល់ព័ត៌មានដែលបានដាក់បញ្ចូលក្នុងឯកសារគោលរួមនេះ ប្រកបដោយភាពត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយតាមវិស័យនីមួយៗ ជាពិសេសទិន្នន័យដែលជាតួលេខ។
សេចក្តីប្រកាសព័ត៌មាននេះបន្តថា បន្ទាប់ពីកែសម្រួលបានជាសេចក្តីព្រាងចុងក្រោយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងស្នើសុំសេចក្ដីសម្រេចយល់ព្រមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើឯកសារគោលរួមរបស់ព្រះរាជាណាចក្រកម្ពុជានេះ។បន្ទាប់មកធ្វើការបញ្ជូនទៅអង្គការសហប្រជាជាតិតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដើម្បីចែករំលែកទៅដល់រាល់អង្គភាពសន្ធិសញ្ញានានាដែលកម្ពុជាបានចូលជារដ្ឋភាគី។
ឯកសារគោលរួមនេះជាឯកសារក្ដោបនូវព័ត៌មានទូទៅចាំបាច់នានាអំពីកម្ពុជា ហើយដែលបង្កើតបានជាផ្នែកដំបូងទូទៅនៃរបាយការណ៍ទាំងអស់ សម្រាប់ដាក់ជូនស្ថាប័ននៃសន្ធិសញ្ញានានាដែលកម្ពុជាបានផ្តល់សច្ចាប័ន។មួយវិញទៀត ឯកសារគោលរួមជាមធ្យោបាយកាត់បន្ថយព័ត៌មានដដែលៗមួយចំនួនដែលមាននៅក្នុងរបាយការណ៍ជាតិរបស់កម្ពុជាដែលជារដ្ឋភាគីទៅកាន់ស្ថាប័នសន្ធិសញ្ញាផ្សេងៗ។
បើតាមសេក្តីប្រកាសព័ត៌មានេះ កម្ពុជាបានដាក់ឯកសារគោលរួមរបស់ខ្លួនជូនអង្គការសហប្រជាជាតិតាំងពីឆ្នាំ ១៩៩៧ ហើយការរៀបចំធ្វើជាថ្មីនូវឯកសារគោលរួមនេះតបតាមការស្នើសុំរបស់អង្គការសហប្រជាជាតិក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានចាំបាច់នានាអំពីព្រះរាជាណាចក្រកម្ពុជា។ឯកសារនេះបានផ្ដោតលើ៣ចំណុចសំខាន់ៗមានជាអាទិ៍ (១). ព័ត៌មានទូទៅអំពីព្រះរាជាណាចក្រកម្ពុជាដែលពាក់ព័ន្ធទៅនឹងសន្ធិសញ្ញាទាំងអស់ រួមទាំងព័ត៌មានអំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សេដ្ឋកិច្ច សង្គម កម្រិតវប្បធម៌ រចនាសម្ព័ន្ធ រដ្ឋធម្មនុញ្ញ នយោបាយ និងគតិយុត្តរបស់រដ្ឋ (២). ក្របខ័ណ្ឌយុត្តាធិការទូទៅដើម្បីការពារសិទ្ធិមនុស្ស និង (៣). ការមិនរើសអើងនិងការដោះស្រាយ។
លោក អំ សំអាត នាយករងអង្គការលីកាដូប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ២១ ខែកក្កដាថា នេះ គឺកិច្ចការល្អដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានធ្វើឯកសារគោលរួមរបស់កម្ពុជាដាក់ជូនទៅអង្គការសហប្រជាជាតិកម្ពុជាដើម្បីពិនិត្យមើល។ក្រៅពីនេះក៏ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិក៏នឹងពិនិត្យមើលលើឯកសារផ្សេងផងដែរ ដើម្បីធ្វើការប្រៀបធៀបនិងវាយតម្លៃនិងផ្តល់យោបល់ត្រឡប់មកវិញ។
លោកថ្លែងថា៖ «ខ្ញុំគិតថាវាជារឿងល្អដែរដែលកម្ពុជាយើងមានឯកសារគោលរួមរបស់កម្ពុជាដាក់ជូនគ្រប់ភាគីដើម្បីពិនិត្យមើល ទៅលើការណ៍រួម។នៅពេលដែលពិនិត្យរួចហើយនិងឃើញចំណុចណាមួយដែលត្រូវកែលម្អនិងខ្វះខាត គេនិងឱ្យអនុសាសន៍បន្ថែមពីលើគោលការណ៍រួមទាំងអស់ហ្នឹងហើយ »។
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២១ ខែកក្កដាថា សេចក្តីព្រាងឯកសារគោលរួមរបស់កម្ពុជាមានជាង ៧០ ទំព័រ ដែលត្រូវបានសរសេរជាភាសាខ្មែរ និងភាសាអង់គ្លេស ដោយភ្ជាប់ជាមួយនឹងសន្ធិសញ្ញា និងអនុសញ្ញាដែលកម្ពុជាជាភាគីរដ្ឋសមាជិក ។
លោកថ្លែងថា៖ «នៅពេលដែលយើងជាសមាជិកសន្ធិសញ្ញាឬអនុសញ្ញាណាមួយ គឺយើងមានកាតព្វកិច្ចត្រូវធ្វើរបាយការណ៍ទៅតាមសន្ធិសញ្ញានិងអនុសញ្ញាទាំងអស់នោះ។ ជានីតិវិធីពាក់ព័ន្ធទៅនឹងរបាយការណ៍អង្គការសន្ធិមនុស្សអង្គការសហប្រជាជាតិ គឺកម្ពុជាត្រូវធ្វើរបាយការណ៍ពាក់ព័ន្ធទៅនឹងការអនុវត្តកត្តិការសញ្ញនិងអនុសញ្ញាសទ្ធិមនុស្សទាំងឡាយដែលកម្ពុជាជារដ្ឋភាគី ឬរដ្ឋសមាជិក»។
បើតាម លោក ជិន ម៉ាលីន នៅពេលដែលកម្ពុជារៀបចំរបាយការណ៍ទៅតាមអនុសញ្ញានិងកត្តិកាសញ្ញានីមួយៗមិនចាំបាច់បញ្ចូលព័ត៌មានដែលមាននៅក្នុងឯកសារគោលនេះទៀតទេ ព្រោះឯកសារនេះ ពាក់ព័ន្ធទៅនឹងស្ថានភាពទូទៅដូចជា សេដ្ឋកិច្ច ភូមិសាស្ត្រ និងនយោបាយជាដើម។ស្ថានភាពទាំងអស់នេះវិវត្តទៅតាមសង្គម ដូច្នេះបានជាកម្ពុជាធ្វើបច្ចុប្បន្នភាពដាក់ជូនទៅអង្គការសហប្រជាជាតិ៕