សៀមរាបៈ ក្រុម​អ្នក​ជំនាញ​អន្តរ​ជាតិស្រាវ​ជ្រាវ​រក​ឃើញ​ថា ​ចក្រ​ភព​ខ្មែរ​ក្នុង​សម័យ​បុរាណ ​(អង្គរ)​ បាន​បង្កើត​ប្រព័ន្ធ​សុខា​ភិបាល​​មុន​គេបង្អស់​នៅ​លើពិភព​លោក ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទំនុក​បម្រុង​ពីរាជ​ការ​ និង​បង្កើ​ត​បាន​ជាមន្ទីរ​ពេទ្យ​ចំនួ​ន​ ១០២ នៅ​ទូទាំង​ចក្រភ​ព​ខ្មែរ​។ នេះ​បើតាម​ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​​អន្តរ​ជាតិ​។​

លោក អ៊ឹម សុខរិទ្ធី ប្រធាន​នាយក​ដ្ឋាន អភិរក្ស​ប្រាសាទក្នុង​ឧទ្យាន​អង្គរ និង​បុរាណ​វិទ្យា​បង្ការ នៃ​អាជ្ញា​ធរ​ជាតិ​អប្សរាប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នៅថ្ងៃ​ទី ២១ កក្កដា​ថា ក្រុម​អ្នក​ជំនាញ​អន្តរ​ជាតិ​មកពី​អង់​គ្លេស អាមេរិក និង​អាស៊ី បាន​ម​កធ្វើបទ​បង្ហាញ​ក្នុង​សិក្ខា​សាលា​មួយ​​ក្រោម​ប្រធាន​បទ «​ព្រះពុទ្ធសាស​នា និង​វិស័យ​វេជ្ជសាស្ត្រ​បុរាណ» នៅ​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សររា កាល​ពីថ្ងៃ​ទី ២០ ខែ​កក្កដា​។

លោក​បាន​ឱ្យដឹងទៀត​ថា ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវដែល​ធ្វើការងារ​ក្នុង​តំបន់​អាស៊ី​ទាំង​មូល រួមមាន​ទីបេ នេប៉ាល់​ ឥណ្ឌា អាស៊ី​អាគ្នេយ៍​ ចិន និង​ជប៉ុន បាន​ស្រាវជ្រាវ​ក្នុង​វិស័យ​ព្រះពុទ្ធសាស​នា និង​វេជ្ជសាស្ត្រ​បុរាណ​​​ និងបាន​ធ្វើការ​ពិភាគ្សា​គ្នា​ទៅវិញ​ទៅ​មក ជាមួយ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ ​ដែលធ្វើការ​ស្រាវ​ជ្រាវ​ចក្រភព​បុរាណ នៅប៉ែក​អឺរ៉ុប អំពី​វិស័យ​សុខាភិបាល​ ហើយបាន​សរុ​បលទ្ធផល​​ថា ចក្រ​ភព​ខ្មែរ​បុរាណ គឺជា​អ្នក​បាន​បង្កើត​ប្រព័ន្ធ​សុខាភិ​បាល​មុន​គេ​បង្អស់​នៅលើពិ​ភព​លោក​នេះ​។

លោក​ថ្លែង​ថា​៖ «មិនមែន​យើង​និយាយ​ទេ​រឿង​អស់ហ្នឹង គឺ​ដោយ​សារអ្នក​ប្រាជ្ញដែល​គេស្រាវ​ជ្រាវរាប់​សិប​ឆ្នាំ​មកហើ​យ។ គេ​ប្រមូល​ផ្តុំ​គ្នា តាំងពី​ទីបេ នេប៉ាល់ រហូត​ដល់​ជប៉ុន កូរ៉េ សិក្សា​ពីប្រព័ន្ធ​សុខាភិបាល​តាម​ស្រុក​ទាំង​អស់ អាណាចក្រ​ចិន​បុរាណ​ដ៏ធំផ​ង ឥណ្ឌា​ដ៏ធំ​ផង អាស៊ី​អាគ្នេយ៍ទាំង​មូល​ផង បាន​គេអាច​មក​ធ្វើ​សិក្ខាសា​លាផ្សព្វ​ផ្សាយ​ពីម្សិល​មិញ​ [២០កក្កដា]​ ប្រាប់​យើង​ឱ្យដឹង​ថា ខ្មែរ​យើង​​ទេ​ដែល​នាំមុខ​គេបំផុត​លើលោក​ទី១ បង្កើត​បាន​ប្រព័ន្ធ​សុខាភិបាល​ដែល​ត្រឹម​ត្រូវ​តាម​ក្បួន​ច្បាប់​» ។

បើ​តាម​លោក សុខរិទ្ធី ​ក្នុង​សិក្ខា​សាលា​នោះ ក្រុម​អ្នក​ជំនាញ​អន្តរ​ជាតិ បង្ហាញ​ថា ​មន្ទីរ​ពេទ្យ​នីមួយៗ​ ដែល​ចក្រ​ភព​ខ្មែរ​បុរាណ បាន​បង្កើត​មាន​ប្រព័ន្ធ​គ្រប់​គ្រង​ត្រឹម​ត្រូវ មាន​គ្រូពេទ្យ​ជាវេ​ជ្ជបណ្ឌិត មាន​គិលា​នុប្បដ្ឋា​កយិកា ឧសថការី មាន​ជំនួយ​ការ​ពេទ្យ​ជាដើម សរុប​ចំនួន​មាន​ចន្លោះ​ពី ៩០ ទៅ ៩៨ នាក់ រួម​នឹង​នាយក​មន្ទីរ​ពេទ្យ​ម្នាក់ ក្នុង​មន្ទីរ​ពេ​ទ្យនីមួយៗ​។ ប្រព័ន្ធ​សុខាភិបា​ល​បាលដែល​បានលើក​ឡើង​នេះ គឺស្ថិត​នៅ​ក្នុង​រាជ​ស្តេច​ព្រះបាទ​ជ័យវ្ម័ន​ទី៧ ចាប់​ពី​ចុង​សតវ​ត្ស​រ៍ទី១២ បន្ត​រហូត​មក។​

លោក​ អ៊ឹម សុខរិទ្ធី បាន​លើក​ឡើង​ថា តា​រយៈ​លទ្ធផល​នៃការ​ស្រាវជ្រាវ​បង្ហាញ​ពី​ភាព​រីករាយ​និងក្តីរំ​ភើប​ដល់​កម្ពុជា ​ដែល​​នេះ គឺជាទុ​ន​សម្រាប់​ការ​បណ្តុះ​បណ្តាល​បន្ត​ដល់អ្នក​បន្តវេន​ក្រោយៗ​ទៀត ជាពិសេស​និស្សិត​ផ្នែកខាង​វិទ្យា​សាស្ត្រ ​ប្រវ​ត្តិសាស្ត្រ និង​បុរា​ណវិទ្យា​​ ដើម្បី​អាច​ធ្វើការ​ស្រាវ​ជ្រាវ​លម្អិត​បន្ថែម​ទៀត អំពី​ប្រភេទ​ថ្នាំ នាសម័យ​នោះ តាម​រយៈការ​ធ្វើកំណាយ​ផ្សេងៗ​ នៅថ្ងៃ​អនាគត​។

លោក​ថ្លែង​ថា៖ «ផ្លូវ​បាន​បើក​ហើយ​នៅឡើយ​តែយើង​ដើរ ហើយ​បន្ថែម មាន​ន័យ​ថា ស្រាវ​ជ្រាវ​បន្តទៀត​ ហើយ​​ចែក​រំលែក​ចំណេះ​ដឹង​ហ្នឹង​បន្ត​ទៀត ក្នុង​ផ្នែក​អប់រំ ហើយ​លើស​ពីហ្នឹង​ទៀត ចំពោះ​ផ្នែក​ទេសច​រណ៍ ក៏ជា​គោលដៅ​ថ្មី ផលិត​ផលថ្មី​សម្រាប់​វិស័យ​ទេស​ចរណ៍ យក​ទៅ​ប្រើប្រាស់​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ផង​ដែរ​» ។

លោក​បញ្ជាក់​ទៀត​ថា អ្នក​ដែល​បាន​ចាប់ផ្តើម​ការស្រាវ​ជ្រាវ​មុន​គេ គឺជន​ជាតិ​បារាំង​ ដែលបាន​បកប្រែសិលាចា​រឹកនៅមន្ទីរ​ពេទ្យ ក្នុង​ឆ្នាំ ១៩០៣ នៃ​គ្រិស្តសករាជ ដែល​អាច​បញ្ជាក់​ថា ខ្មែរ​មាន​មន្ទីរ​ពេទ្យ​នៅ​ក្នុង​សម័យ​បុរាណ ប៉ុន្តែ តាមរយៈលទ្ធផល​នោះ​​មាន​អ្នក​ស្រាវ​ជ្រាប​ន្តបន្ទាប់​ទៀត​រហូត​ជាង ១០០ ឆ្នាំមក​នេះ ទើប​អ្នកស្រាវ​ជ្រាវ​អាចប្រៀប​ធៀប​ដឹង ពី​​ប្រព័ន្ធ​សុខាភិបាល​បុរាណដូច​គ្នា​លើ​ពិភព​លោក​នេះ គឺកម្ពុជា​នាំមុខ​គេ រួច​ទើប​អ្នកជំនាញ​ទាំង​នោះ យក​ដំណឹង​នេះ មក​ធ្វើបទ​បង្ហាញ​ឱ្យដឹង​នៅថ្ងៃ​ទី ២០ ខែ​កក្កដា​៕