
តំណាងគណបក្សទាំង ៤ ពេលទៅដាក់ញត្តិនៅរដ្ឋសភានៅថ្ងៃទី ២១ កក្កដា។ ហេង ជីវ័ន
ភ្នំពេញៈ គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន ៤ គឺគណបក្សភ្លើងទៀន គណបក្សប្រជាធិតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា នៅថ្ងៃទី ២១ ខែកក្កដា បានដាក់ញត្តិទៅរដ្ឋសភា ដើម្បីស្នើសូមឱ្យស្ថាប័នជាតិមួយនេះ ពិនិត្យពិចារណាកុំឱ្យអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ប៉ុន្តែគណបក្សកាន់អំណាចលើកឡើងថា ការស្នើរបស់គណបក្សទាំង ៤ នេះ មិនអាចផ្អាកដំណើការរបស់រដ្ឋសភា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះបានទេ។
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិតេយ្យមូលដ្ឋាន ប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខរដ្ឋសភាបន្ទាប់ពីដាក់ញត្តិរួចថា ការអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ មានផលអវិជ្ជមានមួយចំនួនពាក់ព័ន្ធទៅនឹងការបន្ថយអំណាចរដ្ឋសភា ដែលប្រទេសកម្ពុជា បានប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងរបបសភានិយម។
លោកបន្តថា មាត្រា ១១៩ ថ្មីនៃរដ្ឋធម្មនុញ្ញ ដែលកំពុងត្រូវបានស្នើធ្វើវិសោធនកម្មនេះ បានផ្តល់សិទ្ធិអំណាចទៅដល់គណ បក្សនយោបាយដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ និងជាស្ថាប័ន ក្រៅរដ្ឋសភាក្នុងការធ្វើសេចក្តីស្នើដោយផ្ទាល់ទៅព្រះមហាក្សត្រ តែងតាំងបេក្ខជននាយករដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាល។ នៅក្នុងមាត្រា រដ្ឋធម្មនុញ្ញ នៅជាធរមាន ដែលបានធ្វើវិសោធនកម្មលើកទី៩ គឺប្រធានរដ្ឋសភា ដោយមានការឯកភាពពីអនុប្រធានទាំង ២ គឺជាអ្នកធ្វើសេចក្តីស្នើតែងតាំងឥស្សរជនក្នុងការបង្កើតរាជរដ្ឋាភិបាល ប៉ុន្តែវិសោធនកម្មនេះ ទៅជាបើកសិទ្ធិអំណាចទៅឱ្យគណបក្សនយោបាយវិញ។
លោកបន្ថែមថា មួយទៀត នៅក្នុងការធ្វើវិសោធនកម្មមាត្រា ៩៨ នៃរដ្ឋធម្មនុញ្ញ ដែលពាក់ព័ន្ធនឹងញត្តិបន្ទោសរដ្ឋាភិបាលត្រូវបានបង្កើនពីសំឡេង ៣០ ទៅ ៤២ សំឡេងដែលនេះ ក៏ធ្វើឱ្យប៉ះពាល់ដល់ការកាត់បន្ថយសិទ្ធិ និងតួនាទីតំណាងរាស្ត្រផងដែរ។ ដូច្នេះ គោលបំណងនៃការដាក់ញត្តិរបស់គណបក្សទាំ ៤ ជូនរដ្ឋសភានេះ គឺដើម្បីស្នើសុំឱ្យស្ថាប័ននេះ កុំអនុម័តការស្នើធ្វើវិសោធនកម្មច្បាប់កំពូលនេះ។
លោក យ៉េង វីរៈ ថ្លែងថា៖«គណបក្សទាំង ៤ មើលឃើញ គឺមានមាត្រា ១១៩ ថ្មី ដែលឱ្យសិទ្ធិទៅគណបក្សដែលទទួលបានសំឡេងច្រើនជាងគេ ធ្វើលិខិតស្នើឈ្មោះផ្ទាល់ទៅព្រះមហាក្សត្រ ដើម្បីឱ្យព្រះអង្គតែងតាំង គឺជាការរំលោភទៅដល់សិទ្ធិអំណាចរបស់រដ្ឋសភា និងទី២ មាត្រា ៩៨ ទាក់ទងទៅនឹងញត្តិបន្ទោសរដ្ឋាភិបាលបង្កើនសំឡេងពី ៣០ ទៅ ៤២ ធ្វើឱ្យប៉ះពាល់សិទ្ធិអំណាចរបស់តំណាងរាស្ត្រ»។
បើតាមលោក យ៉េង វីរៈ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នឺងធ្វើឱ្យប៉ះពាល់ទៅដល់គោលការណ៍សេរីពហុបក្ស ដែលអាចឱ្យគណបក្សដែលទទួលបានសំឡេងនៅក្នុងរដ្ឋសភាជជែកគ្នាក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ មិនមែនឱ្យទៅគណបក្ស ដែលឈ្នះឆ្នោតនោះតែមួយនោះទេ។
លោក ចេប គឹមអ៊ាង អនុប្រធានគណបក្សភ្លើងទៀន ក៏បានថ្លែងដែរថា ការមកដាក់ញត្តិនៅរដ្ឋសភានេះ របស់គណបក្សទាំង ៤ គឺធ្វើឡើងក្នុងនាមតំណាងឱ្យប្រជាពលរដ្ឋ ដោយក្នុងនោះគណបក្សភ្លើងទៀន មានពលរដ្ឋគាំទ្រជិត ២ លាននាក់ ហើយបូកជាមួយនឹងគណបក្ស ៣ ផ្សេងទៀត ក៏មានចំនួនច្រើនដែរ នៅក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ កាលពីខែមិថុនា។
លោកបន្តថា វាជាការព្រួយបារម្ភរបស់ពួកលោក ពីព្រោះពីមុនមានតែតំណាងរាស្ត្រ ៣០ រូបទេ ដែលអាចធ្វើញត្តិស្តីបន្ទោសទៅរាជរដ្ឋាភិបាល ប៉ុន្តែ ត្រឹមតែ ៣០ នាក់មិនទាន់មានផង។ ឥឡូវបង្កើនរហូតដល់ ៤២ នាក់ទៀត ដែលការធ្វើបែបនេះ វាជាការកាត់បន្ថយអំណាចរបស់រដ្ឋសភាដែលជាតំណាងរបស់ប្រជាពលរដ្ឋ។
លោក ឡុង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២១ ខែកក្កដាថា រដ្ឋសភាបានទទួលញត្តិនេះ រួចហើយ និងបន្តអនុវត្តទៅតាមនីតិវិធីដោយបញ្ជូនទៅគណៈកម្មការទី១ នៃរដ្ឋសភា ដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ ប៉ុន្តែការសម្រេចយ៉ាងណា ជាសិទ្ធិអំណាចនៃគណៈកម្មការនេះ រួចហើយបញ្ជូនទៅ ប្រធានសភាជាតិ ។
លោកថ្លែងថា៖ «ញត្តិនេះ មិនមែនជាច្បាប់ទេ។ ដូច្នេះហើយ គឺរដ្ឋសភា នឹងអនុវត្តដូចបងប្អូនប្រជាពលរដ្ឋធម្មតា។ ដោយឡែកវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ស្ថិតនៅគណៈកម្មការជំនាញកំពុងធ្វើការសិក្សា»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២១ ខែកក្កដាថា ទោះបី គណបក្សទាំង ៤ នេះ មានសំណើឬមតិយោបល់យ៉ាងណា ក៏មិនអាចផ្អាកដំណើការ របស់រដ្ឋសភា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ បានដែរ ព្រោះពេលនេះ គណៈកម្មការអាចិន្ត្រៃយ៍នៃរដ្ឋសភា បានយកទៅពិនិត្យ និងប្រគល់ទៅឱ្យគណៈកម្មការជំនាញ ក៏កំពុងពិនិត្យ និងសិក្សាខ្លឹមសាររួចហើយដែរ។
លោកបញ្ជាក់ថា៖«គាត់ដាក់វាគ្រាន់តែចាត់ទុកជាការបញ្ចេញមតិប៉ុណ្ណោះទេ ប៉ុន្តែស្តាប់ ឬមិនស្តាប់វាស្ថិតនៅលើ រដ្ឋសភាទាំងមូលឯណោះទេ»។
បើតាម លោក សុខ ឥសាន គណបក្សប្រជាជនកម្ពុជា ក្នុងសមាជរបស់ខ្លួន កាលពីពេលថ្មីនេះ ក៏បានគាំទ្រ ចំពោះការធ្វើវិសោធន កម្មច្បាប់នេះ រួចហើយដែរ ហើយការធ្វើវិសោធនកម្មច្បាប់នេះ ជាសិទ្ធិសម្រេចរបស់រដ្ឋសភា ដែលវាគ្មានអ្វីដែលត្រូវរាំងស្ទះទេ ទោះបីមានអ្នកនៅក្នុងប្រទេស ឬក្រៅប្រទេស រារាំងក៏ដោយ ក៏ដំណើការនៅតែបន្តទៅមុខដែរ៕